ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី​មូរ សុខហួរ ​រក្សា​សុទ្ទិដ្ឋិនិយម​នឹង​​ប្រជាធិបតេយ្យ​អាមេរិកាំង​ ទោះ​មាន​ការវាយ​ប្រហារ​វិមាន​សភា


រូបឯកសារ៖ លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយចោល ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយនឹងទីភ្នាក់ងារព័ត៌មាន AP ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
រូបឯកសារ៖ លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយចោល ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយនឹងទីភ្នាក់ងារព័ត៌មាន AP ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោកស្រី​ មូរ សុខហួរ​ មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​កម្ពុជា​ មើលឃើញ​ថា ​អំពើ​ហិង្សា​នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក​កាលពី​សប្តាហ៍​មុន គឺ​ជាវិបត្តិ​មួយ ​ប៉ុន្តែ​វា​នឹង​មិនប៉ះពាល់​ដល់គោលការណ៍​គ្រឹះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ទេ​ ផ្ទុយទៅវិញ​វា​បង្ហាញ​ថា ​ស្ថាប័ន​នានា​ដម្កល់​ផលប្រយោជន៍​ជាតិ​ខ្ពស់​ជាង​ផលប្រយោជន៍​បក្ស​និង​បុគ្គល។

កាលពី​ថ្ងៃពុធ ទី៦​ ខែមករា ​ក្រុមអ្នកគាំទ្រ​លោកប្រធានាធិបតី​ ដូណាល់ ត្រាំ​ ជាច្រើន​ពាន់​នាក់​បាន​សម្រុក​ចូល​និង​វាយកម្ទេច​ការិយាល័យ​នានា​ ក្នុង​វិមាន​សភា ​ក្នុង​គោលបំណង​រារាំង​អង្គ​ប្រជុំ​រួម​ ដើម្បីរាប់​សន្លឹកឆ្នោត​ដែល​បញ្ជាក់​ពីជ័យជម្នះ​ជាផ្លូវការ​របស់​លោក ចូ បៃដិន ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ជា​ប្រធានាធិបតី​ទី ៤៦។ ព្រឹត្តិការណ៍​ហិង្សា​នោះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ ៥​ នាក់​ស្លាប់​ ក្នុង​នោះ​មាន​មន្ត្រី​ប៉ូលិស​១​រូប​ផង​ដែរ។​

លោកស្រី ​មូរ សុខហួរ​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖ «នៅពេលនេះ​សហរដ្ឋ​អាមេរិក​កំពុងតែ​មាន​វិបត្តិនៅក្នុង​ការ​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ​ ដោយសារ​មាន​ការប្រព្រឹត្ត​មួយ​ដ៏​ខុស​ច្បាប់​ធ្ងន់ធ្ងរ​ពី​សំណាក់​ប្រធានាធិបតី​គឺ​លោក ត្រាំ ​នេះ​ឯង»។

លទ្ធផល​ឆ្នោត​កាលពី​ថ្ងៃទី​៣​ ខែវិច្ឆិកា ​គឺ​លោក ចូ បៃដិន ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ ទទួល​បាន​អង្គបោះឆ្នោត​ចំនួន​ ៣០៦ ​រីឯ​លោកប្រធានាធិបតី​ដូណាល់ ត្រាំ ​នៃ​គណបក្ស​សាធារណរដ្ឋ​ទទួលបាន ​២៣២ ​សំឡេង។ បេក្ខជន​នីមួយៗ​ត្រូវការ​អង្គបោះឆ្នោត​ចំនួន ២៧០​ ដើម្បី​ឈ្នះ​តំណែង​ប្រធានាធិបតី។

ប៉ុន្តែ​លោក​ ដូណាល់ ត្រាំ​ បាន​តវ៉ា​ប្រឆាំង​នឹង​លទ្ធផលឆ្នោត​នោះ​ ដោយ​ចោទ​ថា​ មាន​ការបន្លំ​និង​ទាមទារ​ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើង​វិញ​ នៅ​តាម​រដ្ឋ​មួយ​ចំនួន​ ក្នុង​នោះ​មាន​រដ្ឋចរចា​មីឈីហ្កឹន ​និង​ផឹនស៊ីលវេនៀ​ជាដើម។

ប៉ុន្តែ​ការតវ៉ា​របស់​លោក​រួម​ទាំង​បណ្តឹង​ជាង ៥០​ ត្រូវ​បាន​តុលាការ​ច្រាន​ចោល​ថា ​គ្មាន​ភស្តុតាង​ជាក់លាក់ ​និង​ដោយសារតែ​ក្រោយពី​ការរាប់​សន្លឹកឆ្នោត​ឡើងវិញ ​មិនមាន​ការប្រែប្រួល​និង​មិនមាន​ភស្តុតាង​គ្រប់គ្រាន់​ ដើម្បី​បង្ហាញ​តុលាការ​ពី​ការគៃ​បន្លំ។ សូម្បី​មន្ត្រី​ជាន់ខ្ពស់​ក្នុង​រដ្ឋបាល​របស់​លោក​ដែល​មាន​អតីត​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ក៏​អះអាង​ថា ​គ្មាន​ភាព​មិនប្រក្រតី​ទេ។

រូបឯកសារ៖ សមាជិករដ្ឋសភាសហរដ្ឋអាមេរិកក្នុងសម័យប្រជុំបញ្ជាក់ផ្លូវការលើលទ្ធផលនៃការបោះឆ្នោតរបស់អង្គបោះឆ្នោតលើជ័យជម្នះរបស់លោក Joe Biden ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែវិច្ឆិកា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖ សមាជិករដ្ឋសភាសហរដ្ឋអាមេរិកក្នុងសម័យប្រជុំបញ្ជាក់ផ្លូវការលើលទ្ធផលនៃការបោះឆ្នោតរបស់អង្គបោះឆ្នោតលើជ័យជម្នះរបស់លោក Joe Biden ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែវិច្ឆិកា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

លោកស្រី​ មូរ សុខហួរ​ បាន​សរសើរ​មន្ត្រីស្ថាប័ន​នានា​របស់​សហរដ្ឋ​អាមេរិក​ ដែល​ធ្វើការ​ដោយ​ឯករាជ្យ​មិន​រងសម្ពាធ​នយោបាយ៖ «លោក ត្រាំ​ មិន​អាច​ដាក់​សម្ពាធ​លើ​គេ​ទេ។ គេ​ទទួល​ខុសត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់​នៅ​ចំពោះ​មុខ​ពលរដ្ឋ។ គេ​យក​សម្បជញ្ញៈ។ គេ​យក​ឧត្តមគតិ​របស់​គេ​។ គេ​យក​ប្រជាធិបតេយ្យ​ជា​ធំ។ គេ​យក​ផលប្រយោជន៍​ជាតិ​ជា​ធំ»។

លោកស្រី​ មូរ សុខហួរ ដែល​មាន​សញ្ជាតិ​អាមេរិកាំង​ផងដែរ ​កំពុង​រៀបចំ​ដំណើរ​មាតុភូមិ​និវត្តន៍​ចូល​ប្រទេស​កម្ពុជា​វិញ​ នៅ​ថ្ងៃទី១៥ ​ខែមករា ​ដើម្បី​ទៅ​ប្រឈមមុខ​នឹង​តុលាការ​កម្ពុជា​ដោយរង​ការចោទ​ប្រកាន់​ពី​បទក្បត់​ជាតិ​ ដោយសារ​បាន​ធ្វើ​សកម្មភាព​ការទូត​នានា​នៅ​ក្រៅ​ប្រទេស​ ក្រោយពី​គណបក្ស​របស់​លោកស្រី​ ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ កាលពី​ចុង​ឆ្នាំ២០១៧។

លោកស្រី​ មូរ សុខហួរ​ បាន​ស្នើ​ឲ្យ​ពលរដ្ឋ​មន្ត្រី​រាជការ​និង​អ្នកនយោបាយកម្ពុជា​មើល​មក​គំរូ​របស់​សហរដ្ឋ​អាមេរិក ​ដែល​ដម្កល់​ផលប្រយោជន៍​ជាតិ​ធំ​ជាង​បុគ្គល​និង​គណបក្ស​នយោបាយ។

«យើង​កុំ​ការពារ​បុគ្គល។ យើង​កុំ​ការពារ​បក្ស​របស់​យើង។ នៅពេល​ដែល​យើង​ការពារ​ គឺ​យើង​ការពារ​យុត្តិធម៌​និង​សិទ្ធិមនុស្ស​។​ យើង​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​ ដោយ​យក​ឆន្ទៈ​យើង​ ដោយ​យក​ការវិនិច្ឆ័យ​យើង​ឲ្យ​ច្បាស់លាស់។ នេះ​មិនមែន​ជា​រឿង​ការពារ​បុគ្គល​ទេ។ អីចឹង​ហើយ​បាន​យើង​ឃើញ​ថា តំណាងរាស្ត្រ​លោក ត្រាំ​ ខាង​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន ​ក៏​គេ​មិន​អាច​ការពារ​បក្ស​បាន​ទេ។ គេ​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ។ គេ​ការពារ​យុត្តិធម៌។ គេ​ការពារ​នីតិរដ្ឋ»។

បន្ទាប់ពី​អំពើ​ហិង្សា​នៅ​វិមាន​សភា​ ក្រុម​សមាជិក​រដ្ឋសភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​បាន​ប្រើ​មធ្យោបាយ​ចុង​ក្រោយ ​ដើម្បី​ដក​លោក ដូណាល់ ត្រាំ​ ចេញ​ពី​តំណែង ​បើទោះ​បីជា​ពេលវេលា​កាន់តំណែង​របស់​លោក​នៅសល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ក៏ដោយ។

ពួកគេ​បាន​អនុម័ត​សេចក្តី​សម្រេច​ឲ្យ​យក​វិសោធនកម្ម​ទី ២៥​ មក​ប្រើ​ដែល​ផ្តល់​អំណាច​ឲ្យ​អនុ​ប្រធានាធិបតី​បង្ខំ​ឲ្យ​ប្រធានាធិបតី​ចុះចេញ​ពី​តំណែង។ បន្ទាប់ពី​មធ្យោបាយ​នេះ​បរាជ័យ​ ដោយសារ​លោក Mike Pence​ អនុ​ប្រធានាធិបតី​មិន​ព្រម​ធ្វើតាម រដ្ឋសភា​បាន​អនុម័ត​ច្បាប់​ចោទ​ប្រកាន់​និង​ដកតំណែង​ដោយ​ចោទ​លោក ​ត្រាំ ​ពី​បទ ​«ញុះញង់​ឲ្យ​មាន​ការបះបោរ»​ ហើយ​សូម្បី​សមាជិក​រដ្ឋសភា​គណបក្ស​សាធារណរដ្ឋ​ខ្លះ​ ក៏​បាន​គាំទ្រ​ដែល​ធ្វើ​ឲ្យ​លោក​ ដូណាល់ ត្រាំ​ ក្លាយ​ជា​ប្រធានាធិបតី​ទី១ ​ក្នុង​ប្រវត្តិសាស្ត្រ​ ដែល​ត្រូវ​ចោទ​ប្រកាន់​ពីរ​ដង៕

XS
SM
MD
LG