ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្សកម្លាំងជាតិស្នើរដ្ឋាភិបាលទប់ស្កាត់ការធ្លាក់ចុះតម្លៃសត្វចិញ្ចឹមនិងរឹតបន្តឹងការនាំសាច់បង្កកចូល


រូបឯកសារ៖ ស្ត្រីម្នាក់កំពុង​លក់​មាន់​នៅ​ក្នុង​ផ្សារមួយ​នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។
រូបឯកសារ៖ ស្ត្រីម្នាក់កំពុង​លក់​មាន់​នៅ​ក្នុង​ផ្សារមួយ​នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

គណបក្ស​កម្លាំង​ជាតិ​ដែល​ជា​គណបក្ស​ថ្មី​មួយ​បង្កើត​ឡើង​ដោយ​អតីត​មន្រ្តី​នៃ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ចាត់​វិធាន​ការ​ទប់​ស្កាត់​ការ​ធ្លាក់​ចុះ​តម្លៃ​សត្វ​ចិញ្ចឹម​ក្នុង​ស្រុក​ជា​បន្ទាន់ ​និង​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ស្តីពី​ការ​ត្រួត​ពិនិត្យ​គុណ​ភាព​សាច់​បង្កក​ដែល​នាំ​ចូល​ពី​ក្រៅ​ប្រទេស។​ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​កម្លាំង​ជាតិ​ដែល​បាន​ស្នើ​សុំ​ទៅ​រដ្ឋាភិបាល​ ចុះ​ថ្ងៃ​ទី​ ៣​ ខែ​មករា ឆ្នាំ​ ២០២៤។​

សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ថា​ ​គណ​បក្ស​កម្លាំង​ជាតិ​ទទួល​បាន​នូវ​ការ​ត្អូញ​ត្អែរ​របស់​ប្រជា​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ​ដែល​ជា​អ្នក​ចិញ្ចឹមសត្វ​ក្នុង​ស្រុក​ពាក់ព័ន្ធ​នឹង​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​តម្លៃ​សត្វ​ចិញ្ចឹម​ក្នុង​ស្រុក​នៅ​លើ​ទីផ្សារ ​ដូច​ជាសត្វ​ក្របី ​គោ ​និង​សត្វ​ជ្រូក​រស់​ជា​ដើម។ ​

គណបក្ស​កម្លាំង​ជាតិ​លើក​ឡើង​ថា​ ការ​ធ្លាក់​ចុះ​នេះ​បាន​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ដែល​ជា​ អ្នក​ចិញ្ចឹម​សត្វ ​រួម​ទាំង​កសិដ្ឋាន​ចិញ្ចឹម​សត្វ​គ្រប់​ប្រភេទ​នៅ​ក្នុង​ស្រុក ​ប្រមាណ ​៩០% ​រង​គ្រោះ​ខាត​បង់​ប្រាក់​យ៉ាង​ធ្ងន់ធ្ងរ​ ប្រឈម​មុខ​នឹង​ការ​បោះ​បង់​មុខ​របរ​ចិញ្ចឹម​សត្វ​រស់​ក្នុង​ស្រុក​តែ​ម្តង។​

គណបក្ស​បាន​ស្នើ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​មាន​វិធានការ​ជាក់លាក់​ជា​បន្ទាន់ ​ដើម្បី​ទប់​ស្កាត់​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​តម្លៃ​សត្វ​ចិញ្ចឹម​ក្នុង​ស្រុក​នៅ​លើ​ទីផ្សារ ​ដោយ​ត្រូវ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់ ​ពិសេស​បង្កើន​វិធាន​ការ​ត្រួត​ពិនិត្យ​គុណភាព​សាច់​បង្កក​នាំ​ចូល​ពី​ក្រៅ​ប្រទេស​តាម​បទដ្ឋាន​ស្តង់ដារ​បច្ចេក​ទេស ​ឬ​ (GAP Standard) ​ដែល​ជា​វិធាន​ការ​ដ៏​សំខាន់​សម្រាប់​ទប់ទល់​ការ​ខាតបង់​ប្រាក់​យ៉ាង​ធ្ងន់ធ្ងរ​ជា​បន្ត​បន្ទាប់​ទៅ​មុខ​ទៀត​របស់​ប្រជា​ពលរដ្ឋ​អ្នក​ចិញ្ចឹម​សត្វ ​រួម​ទាំង​កសិដ្ឋាន​ចិញ្ចឹម​សត្វ​គ្រប់​ប្រភេទ​នៅ​ក្នុង​ស្រុក។

​លោក ​រ៉ុង ឈុន ​ទីបឹ្រក្សា​គណបក្ស​កម្លាំង​ជាតិ ​និង​ជា​អតីត​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ ថ្លែង​ថា​ ការ​ធ្លាក់​ចុះ​តម្លៃ​សត្វ​ចិញ្ចឹម​របស់​ប្រជា​ពលរដ្ឋ​ដូច​ជា​សត្វ​ជ្រូក ​គោ​ ក្របី​ និង​គ្មាន​ទីផ្សារ​នេះ​ បណ្តាល​មក​ពី​រដ្ឋាភិបាល​មិន​បាន​គិត​គូរ​រក​ទីផ្សារ ​ហើយ​ថែម​ទាំង​នាំ​ចូល​សាច់​បង្កក​គ្មាន​គុណភាព​ជា​ច្រើន​ ដោយ​សេរី​មក​ពី​ក្រៅ​ប្រទេស។ ​ការណ៍​នេះ​លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​មាន​វិធាន​ការ​ទប់​ស្កាត់​ជា​បន្ទាន់​ចំពោះ​ករណី​នេះ។

លោក​ប្រាប់​វីអូអេ​ថា៖ ​«សុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ ជា​ពិសេស​លោក​នាយក​រដ្ឋ​មន្រ្តី​ត្រូវ​តែ​មាន​វិធានការ​បន្ទាន់​ធ្វើ​ម៉េច​ ត្រូវ​ពិនិត្យ​ឡើង​វិញ​ទាក់ទង​នឹង​[ការ]​នាំ​សាច់​បង្កក​ចូល​មក​នេះ។​ បើ​សិន​ជា​យើង​គិត​ឱ្យ​វា​មាន​ការ​នាំចូល​បាន​ត្រឹមត្រូវ​ ពេល​នោះ​អ្នក​ចិញ្ចឹម​សត្វ​នៅ​ក្នុង​ស្រុក​ក៏​ត្រូវ​មាន​តម្លៃ​ទីផ្សារ​ឡើង​វិញ​ផង​ដែរ​បាទ»។​

កត្តា​ចម្បង​ដែល​បណ្តាល​ឱ្យ​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​នៅ​លើ​ទីផ្សារ​ គឺ​ដោយ​សារ​ការ​នាំ​សាច់​បង្កក​ចូល​ពី​ក្រៅ​ប្រទេស​គ្មាន​គុណភាព ​និង​គ្មាន​ការ​ត្រួត​ពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវតាម​បទដ្ឋាន​ស្តង់ដារ​បច្ចេក​ទេស ​ឬ​សម​ស្រប​តាម​បទដ្ឋាន​អនុវត្ត​កសិកម្ម​ល្អ ​(GAP Standard)​ រួម​ទាំង​ការ​ឃុប​ឃិត​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​របស់​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ ហើយ​ថែម​ទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព​របស់​ប្រជា​ពលរដ្ឋ។​ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​កម្លាំង​ជាតិ។​

អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម ​កញ្ញា ​អ៊ឹម រចនា​ ប្រាប់​វីអូអេ​តាម​រយៈ​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ក្រសួង​និង​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​កំពុង​តែ​សហការ​គ្នា​ក្នុង​ការ​ដោះស្រាយ។ ​កញ្ញា​បដិសេធ​មិន​អត្ថាធិប្បាយ​អ្វី​លើស​ពី​នេះ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​មាស សុខសេនសាន ​អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​បាន​នៅ​ឡើយ​ទេ។ ​ប៉ុន្តែ​លោក​ធ្លាប់​បញ្ជាក់​ប្រាប់​វីអូអេ​ថា​ រដ្ឋាភិ​បាល​កំពុង​រៀប​ចំ​កែ​សម្រួល​អនុក្រឹត្យ​លេខ​ ១៧ ​ដោយ​តម្រូវ​ឱ្យ​ការ​នាំ​ចូល​សាច់​សត្វ​គ្រប់​ប្រភេទ ​ទាំង​សាច់​បង្កក​ ស្រស់ ​ក្លាស្សេ ​ឬ​ប្រឡាក់​អំបិល ​ត្រូវ​មាន​លិខិត​អនុញ្ញាត​នាំ​ចូល​ពី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ ​ដោយ​រដ្ឋាភិបាល​នឹង​ទុក​រយៈ​ពេល​ ៣ ​ទៅ​ ៤ ​ខែ ​សម្រាប់​ផ្សព្វ​ផ្សាយ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ ​ជាពិសេស​ដើម្បី​ឱ្យ​ធុរជន​ អាច​មាន​ពេល​គ្រប់​គ្រាន់ ​ដើម្បី​រៀបចំ​ទិសដៅ​អាជីវ​កម្ម ​និង​ដើម្បី​ធានា​ប្រសិទ្ធ​ភាព​នៃ​ការ​អនុវត្ត។

​លោក​បន្ត​ថា​ ការ​នាំចូល​សាច់​បង្កក​ក៏​ត្រូវ​បំពេញ​លក្ខខណ្ឌ​បន្ថែម​មួយ​ចំនួន​ទៀត​ ដូច​ជា​អ្នក​នាំចូល​ត្រូវ​មាន​ឃ្លាំង​ត្រជាក់​ដើម្បី​រក្សា​សាច់​ត្រឹមត្រូវ ​និង​នាំចូល​បានតែ​តាម​ច្រក​កំណត់​មួយ​ចំនួន​ប៉ុណ្ណោះ។​

បើ​តាម​លោក ​មាស សុខសេនសាន ​អគ្គ​នាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា​ដែល​ជា​ស្ថាប័ន​ក្រោម​ក្រសួង​សេដ្ឋកិច្ច​សង្ឃឹម​ថា​ វិធានការ​ថ្មី​នេះ​នឹង​រឹត​ត្បិត​បន្ថែម​នូវ​ការ​នាំ​ សាច់​បង្កក​ចូល​ពី​បរទេស៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG