គណបក្សជំទាស់ ព្រមទទួលយកលទ្ធផលសម្រាប់តំណែងក្រុមប្រឹក្សាអាណត្តិទី ៤ដែលទទួលបានជាង ៣៥០ អាសនៈ ប៉ុន្តែខកចិត្តចំពោះការជាប់គាំងនៃការផ្លាស់ប្តូរអង្គបោះឆ្នោតចំនួន ១៦៥ នាក់ និងបញ្ហាប្រឈមមួយចំនួនទៀត ដែលធ្វើឱ្យគណបក្សបាត់បង់អាសនៈជិតពាក់កណ្តាល បើធៀបអង្គបោះឆ្នោតរបស់ខ្លួន។
នេះបើតាមតំណាងគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ដែលធ្វើសន្និសីទសារព័ត៌មានរួមគ្នាស្តីពី«ដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា» នាថ្ងៃចន្ទនេះ នៅទីស្នាក់ការកណ្តាលគណបក្សឆន្ទៈខ្មែរ ស្ថិតក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គណបក្សប្រឆាំង ក៏ទាមទារឱ្យក្រសួងមហាផ្ទៃ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ពន្លឿនការផ្លាស់ប្តូរអង្គបោះឆ្នោតទាំងនោះ បើទោះបីជាការបោះឆ្នោតអសកលបានបញ្ចប់ហើយក្តី។
គណបក្សប្រឆាំងថា ការទទួលយកលទ្ធផលបោះឆ្នោតអសកលនាពេលនេះ គឺសម្រាប់ធ្វើជាទុននយោបាយ និងធ្វើជាតំណាងពលរដ្ឋនៅតាមមូលដ្ឋាន។
លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន បានលើកឡើងក្នុងសន្និសីទសារព័ត៌មាននោះថា៖ «នេះគឺជាការចាប់ផ្តើមមួយរបស់គណបក្សឆន្ទៈ[ខ្មែរ] គណបក្សភ្លើងទៀន ដែលមានតំណាងរបស់ខ្លួននៅថ្នាក់ក្រោមជាតិនេះ ព្រោះយើងអត់មានសមាជិករដ្ឋសភាទេ យើងមានតែព្រឹទ្ធសភា ៣ រូប យើងមានតែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ២.១៩៨។ ឥឡូវយើងថែម ៣៥៩ ទៀត បានន័យថាយើងមានទុននយោបាយ។ ក្រៅពីទុននយោបាយនេះ យើងមានតំណាងរបស់យើងនៅថ្នាក់ក្រោមជាតិបំរើការពារផលប្រយោជន៍ឱ្យពលរដ្ឋនៅក្នុងមូលដ្ឋានរបស់គាត់»។
គណបក្សជំទាស់ សម្តែងការខកចិត្តចំពោះលទ្ធផលបោះឆ្នោតអសកលមួយនេះ ដោយសារគណបក្សបាត់បង់សំឡេងជិតពាក់កណ្តាលនៃអង្គបោះឆ្នោតរបស់ខ្លួន ដោយបញ្ហាប្រឈមមួយចំនួន។
បើតាមលោក លី សុធារ៉ាយុត្តិ គណបក្សឆន្ទៈខ្មែរដែលតំណាងឱ្យគណបក្សសម្ពន្ធភាពឆ្ពោះទៅអនាគត ទទួលបានតែ ៥៩% ប៉ុណ្ណោះនៃចំនួនអង្គបោះឆ្នោតសរុប២១៩៨នាក់។
អគ្គលេខាធិការគណបក្សភ្លើងទៀនរូបនេះបញ្ជាក់ថា បញ្ហាប្រឈមដែលធ្វើឱ្យបាត់បង់សំឡេងឆ្នោត គឺដោយសារតែមុនការបោះឆ្នោត គណបក្សមិនអាចដោះដូរអង្គបោះឆ្នោតចំនួន ១៦៥នា ក់បាន បូករួមបញ្ហាផ្សេងទៀត ដូចជាអង្គបោះឆ្នោតគណបក្សភ្លើងទៀនមួយចំនួនរងការបំភិតបំភ័យពីអ្នកមានអំណាច និងការកោះហៅទៅសួរនាំ និងការចាប់ខ្លួនសមាជិកគណបក្សភ្លើងទៀន ដែលរាប់ចាប់តាំងពីខែមករា ដល់ខែឧសភាមានចំនួន ១៨ នាក់ ដែលរូបភាពទាំងនេះ បានធ្វើឱ្យប៉ះពាល់សិទ្ធិគណបក្សនយោបាយ ប៉ះពាល់សតិអារម្មណ៍អង្គបោះឆ្នោត ធ្វើឱ្យអង្គបោះឆ្នោតព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគេ និងសមាជិកមួយចំនួនបានភៀសខ្លួនទៅក្រៅប្រទេសជាដើម។
លោក លី សុធារ៉ាយុត្តិ សង្ឃឹមថា ក្រសួងមហាផ្ទៃ និងអាជ្ញាធរថ្នាក់ក្រោមជាតិ នឹងពន្លឿននិតីវិធីនៃការផ្លាស់ប្តូរអង្គបោះឆ្នោតទាំងនោះ ឱ្យស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់។
ក្រៅពីនេះ គណបក្សភ្លើងទៀន នឹងស្វះស្វែងដោះស្រាយបញ្ហាប្រឈមរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យគណបក្សភ្លើងទៀន អាចឈរឈ្មោះចូលរួមប្រកួតប្រជែងការបោះឆ្នោតបាន សម្រាប់ឆ្នាំ ២០២៧ និងឆ្នាំ ២០២៨។ នេះបើតាមលោក លី សុធារ៉ាយុត្តិ។
ជាមួយគ្នានេះលោក គង់ មុនីកា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ លើកឡើងក្នុងសន្និសីទសារព័ត៌មាននោះថា អង្គបោះឆ្នោតមួយចំនួន បានប្រឈមបញ្ហាមួយចំនួន ដូចជាអត្តសញ្ញាណបណ្ណផុតកំណត់សុពលភាពដែលមិនអាចយកទៅបោះឆ្នោតបាន និងខ្លះទៀតមិនទទួលបានបណ្ណសម្គាល់សម្រាប់បោះឆ្នោតជាដើម។
ទោះជាយ៉ាងណា លោកថា គណបក្សឆន្ទៈខ្មែរ ក៏ព្រមទទួលយកលទ្ធផលនេះ ហើយសមាជិកក្រុមប្រឹក្សាដែលជាប់ឆ្នោតរបស់គណបក្សឆន្ទៈខ្មែរជាង ៣៥០ នាក់នោះ នឹងទៅធ្វើជាតំណាងរបស់ប្រជាពលរដ្ឋ ដើម្បីពាំនាំទុក្ខលំបាក និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ យកមកដាក់លើតុ ដើម្បីពិភាក្សាដោះស្រាយ និងអភិវឌ្ឍនៅមូលដ្ឋានតាមបែបប្រជាធិបតេយ្យ។
លោកថ្លែងថា៖ «បើទោះបីជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតរបស់គណបក្សឆន្ទៈខ្មែរ មានចំនួនតិចតួច នៅតាមស្រុកនីមួយៗក៏ដោយ ក៏ប៉ុន្តែពួកគាត់ត្រូវតែដើរតួនាទីជាសំឡេងមួយជួសមុខឱ្យប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហានៅក្នុងមូលដ្ឋាន ក្នុងដែនសមត្ថកិច្ចរបស់គាត់»។
លោកបន្ថែម ក្នុងនាមលោកជាសមាជិកព្រឹទ្ធសភាមួយរូប លោកនឹងយកបញ្ហាដែលប្រឈមទាំងអស់នេះ ទៅជជែកស្វែងរកដំណោះស្រាយជាមួយស្ថាប័នពាក់ព័ន្ធបន្ថែមទៀត។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ស្ថាប័ន គ.ជ.ប តែងតែសម្របសម្រួលដោះស្រាយបញ្ហាជាមួយគណបក្សនយោបាយទាំងអស់ ដូច្នេះដំណើរការបោះឆ្នោតអសកលមួយនេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
លោកថា៖ «បើសិនជាការដោះដូរមន្ត្រីរបស់ខ្លួន អង្គបោះឆ្នោតរបស់ខ្លួន ហេតុអ្វីមិនធ្វើឱ្យហើយទៅ ហើយទុកចាំដល់កៀកថ្ងៃបានធ្វើ ហើយតាំងធ្វើមិនទាន់»។
លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លើកឡើងថាការបាត់បង់សំឡេងឆ្នោតរបស់គណបក្សប្រឆាំង គឺដោយសារការបែកបាក់ផ្ទៃក្នុងបក្ស និងសមាជិកខ្លះទៅបង្កើតគណបក្សថ្មី ដែលនាំឱ្យមានបញ្ហានៃផ្លាស់ប្តូរអង្គបោះឆ្នោតនេះ។ លោកបន្តថា ការលើកឡើងអំពីបញ្ហាប្រឈមរបស់គណបក្សប្រឆាំង គឺជាលេសតែប៉ុណ្ណោះ។
លោកប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា៖ «ហើយចំពោះដែលថាមានការបំភិតបំភ័យ មុនការបោះឆ្នោតហូរហែទាំងអស់ហ្នឹង វាដដែលជាដដែល គឺជាលេស ឬរបៀបវីរៈនយោបាយរបស់គណបក្សនយោបាយ ដែលបាត់បង់សំឡេង ឬដែលមិនឈ្នះឆ្នោតនៅក្នុងការបោះឆ្នោត»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៤ ស្ថាប័នរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ជាផ្លូវការ ដោយក្នុងនោះសម្រាប់តំណែងក្រុមប្រឹក្សារាជធានីខេត្ត ដែលមានអាសនៈសរុបចំនួន៥៥៩ គឺគណបក្សប្រជាជនកម្ពុជាទទួលបានចំនួន៥០៤អាសនៈ គណបក្សឆន្ទៈខ្មែរទទួល៤៧អាសនៈ និងគណបក្សកម្លាំងជាតិទទួលបាន៨ អាសនៈ។
ចំណែកអាសនៈក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌនៅទូទាំងប្រទេស ដែលមានសរុប ៣.៦៤១ អាសនៈ គឺគណបក្សប្រជាជនកម្ពុជាទទួលបានចំនួន ៣.២៥៧ អាសនៈ គណបក្សឆន្ទៈខ្មែរទទួលបានចំនួន ៣១២ អាសនៈ គណបក្សហ្វ៊ុនស៊ិនប៉ិចបានទទួលបានចំនួន ២ អាសនៈ គណបក្សកម្លាំងជាតិទទួលបានចំនួន ៦៩ អាសនៈ និងគណបក្សខ្មែររួបរួមជាតិ ទទួលបានចំនួន ១ អាសនៈ៕
វេទិកាបញ្ចេញមតិ