ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​កម្លាំង​ជាតិ​ធ្វើ​បាតុកម្ម​នៅ​ទីស្នាក់ការ​បក្ស​ទាមទារ​ឱ្យ​ដោះលែង​ថ្នាក់​ដឹកនាំ​បក្សនិង​សកម្មជន


ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ និងអ្នកគាំទ្រ ជួបជុំគ្នាសម្តែងមតិដោយលើកបដានិងស្រែកទាមទារឱ្យដោះលែងសកម្មជននយោបាយ នៅមុខទីស្នាក់ការគណបក្សកម្លាំងជាតិ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)
ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ និងអ្នកគាំទ្រ ជួបជុំគ្នាសម្តែងមតិដោយលើកបដានិងស្រែកទាមទារឱ្យដោះលែងសកម្មជននយោបាយ នៅមុខទីស្នាក់ការគណបក្សកម្លាំងជាតិ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

គណបក្ស​កម្លាំង​ជាតិ ​ទាមទារតុលាការ​ និង​មន្ត្រី​រដ្ឋា​ភិបាល​ឱ្យដោះលែង​ថ្នាក់​ដឹកនាំ​បក្ស​របស់​ខ្លួន​ សកម្មជននយោ​បាយ ក៏ដូចជា​សកម្មជន​សង្គម​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ឱ្យ​មាន​សេរី​ភាព ដោយគណបក្ស​ប្រឆាំង​មួយ​នេះ​ចាត់​ទុកថា ការ​ចាប់​ខ្លួនជា​បន្ត​បន្ទាប់​កន្លងមក​នោះ​ ជា​ការគំរាមកំហែង ​បំភិត​បំភ័យ​ ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ និង​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។

ការ​ទាមទារនោះ​ធ្វើ​ឡើងនៅ​ទី​ស្នាក់​ការ​គណ​បក្ស​កម្លាំង​ជាតិ​ ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មាន​ជ័យ​ នៅ​ព្រឹក​ថ្ងៃចន្ទនេះ ដោយ​មាន​ការ​ជួបជុំ​សមាជិក ​សមាជិកា​គណបក្ស​ ក្រុម​ស្ត្រី​ថ្ងៃសុក្រ ​និង​អ្នកគាំទ្រ​ដែល​មកពី​តាម​បណ្តា​រាជធានី ​ខេត្ត​ប្រមាណ ១៥០ ​នាក់​។

ប្រធាន​គណបក្ស​កម្លាំង​ជាតិ​ លោក ​ស៊ុន ចន្ធី​ បាន​ថ្លែង​ថា​ ការ​ប្រមូល​ផ្តុំ​គ្នា​នេះ​ធ្វើឡើង​ក្នុងគោល​បំណង​ទាមទារ​ឱ្យ​តុលាការ និង​រដ្ឋា​ភិបាល ដោះលែង​សកម្មជន​នយោបាយ​របស់​គណបក្ស​ ដែល​រួមមាន​លោក អ៊ុំ វីរៈ​រដ្ឋ ​និង​លោក​ មឺ សេងហ៊ ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនា​គារ​កាល​ពី​ខែ​មីនា​កន្លង​ទៅ​។

លោកចាត់ទុក​ការ​ចាប់​ខ្លួនថ្នាក់​ដឹកនាំគណបក្ស​កម្លាំង​ជាតិ​គឺ ​លោក អ៊ុំ វីរៈរដ្ឋ ​និង​លោក មឺ សេងហ៊ ​ហៅ គា វិសាល ​គឺជា​រូបភាព​នៃ​ការគំរាម​កំហែង ​បំភិត​បំភ័យ រឹត​ត្បិត​សិទ្ធិ​សេរីភាព​នយោ​បាយ និង​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​។ លោក​ស្នើទៅ​រដ្ឋាភិបាល​ប្រើ​យន្តការ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ដើម្បី​សម្រប​សម្រួល​ដោះ​ស្រាយ​បញ្ហា​វិវាទ​នយោបាយ​។

លោក ​ស៊ុន ចន្ធី ​ថ្លែង​ថា៖ ​«គណ​បក្ស​កម្លាំង​ជាតិ​ស្នើ​ឱ្យ​រាជរដ្ឋា​ភិបាល​ជ្រើស​យក​ជម្រើស​ ជ្រើស​យក​យន្តការ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ដើម្បី​សម្រប​សម្រួល​ដោះ​ស្រាយ​បញ្ហា​វិវាទ​នយោបាយ​របស់​អ្នក​នយោ​បាយ ជា​ជាង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ ដើម្បី​គាប​សង្កត់​ និង​ចាប់ឃុំ​ខ្លួន​សកម្មជន​នយោបាយ ដូចសព្វ​ថ្ងៃ​នេះ មែន​អត់​បង​ប្អូន?​(មែន)​»។

ការ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅទីស្នាក់​ការ​គណបក្ស​កម្លាំង​ជាតិ​ក្នុងខណ្ឌ​មានជ័យ​ បាន​កើត​ឡើង​ ​បន្ទាប់​ពីសាលា​រាជធានី​ភ្នំពេញ ​មិន​អនុញ្ញាតឱ្យ​គណបក្ស​ជំទាស់​មួយ​នេះ​ មានការ​ជួប​ជុំសមាជិក​ និង​អ្នកគាំ​ទ្រ​បក្ស​ ​សម្តែង​មតិ​ដោយ​សន្តិ​វិធី​នៅ​ទីលាន​ប្រជាធិប​តេយ្យ​។ ​

ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ និងអ្នកគាំទ្រ ជួបជុំគ្នាសម្តែងមតិដោយលើកបដានិងស្រែកទាមទារឱ្យដោះលែងសកម្មជននយោបាយ នៅមុខទីស្នាក់ការគណបក្សកម្លាំងជាតិ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)
ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ និងអ្នកគាំទ្រ ជួបជុំគ្នាសម្តែងមតិដោយលើកបដានិងស្រែកទាមទារឱ្យដោះលែងសកម្មជននយោបាយ នៅមុខទីស្នាក់ការគណបក្សកម្លាំងជាតិ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)
អ្នកគាំទ្រគណបក្សកម្លាំងជាតិ កាន់រូបថត បដា និងស្រែកទាមទារឱ្យដោះលែងសកម្មជននយោបាយ នៅខាងមុខទីស្នាក់ការគណបក្សកម្លាំងជាតិ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)
អ្នកគាំទ្រគណបក្សកម្លាំងជាតិ កាន់រូបថត បដា និងស្រែកទាមទារឱ្យដោះលែងសកម្មជននយោបាយ នៅខាងមុខទីស្នាក់ការគណបក្សកម្លាំងជាតិ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

បើតាម​លោកស៊ុន ចន្ធី​ គណបក្ស​កម្លាំង​ជាតិ​ ​ប្តេជ្ញា​ជួបជុំនៅទី​លាន​ប្រជាធិបតេយ្យ​ឱ្យទាល់​តែបាន ដើម្បី​សម្តែង​មតិ​ដោយ​សន្តិវិធី និង​ទាមទារ​ឱ្យមានការដោះលែង​ថ្នាក់​ដឹកនាំ​គណបក្ស​កម្លាំង​ជាតិ ​គឺ​លោក ​អ៊ុំ វីរៈរដ្ឋ ​និង​លោក មឺ សេងហ៊​ និង​សកម្មជន​ដទៃ​ទៀត​។

លោក​លើក​ឡើង​ថា​៖ «​ទីលាន​ប្រជាធិបតេយ្យ​ គឺជា​ទីតាំង​ដើម្បី​ជួបជុំ​សម្តែង​មតិ​ដោយសន្តិវិធី​ មែន​ទេ​បងប្អូន? ​(​មែន) ចុះបើរដ្ឋា​ភិបាល​បង្កើត​ទីលាន​ប្រជាធិបតេយ្យ​ ហើយ​មកទុកចោល​ អ៊ីចឹង​ បង្កើត​មកធ្វើអី ​មែនទេ​បងប្អូន? (មែន) ​បើថា​ពិបាក​ពេក ​លក់​ឱ្យចិន​តែម្តង​ទៅ មិន​អ៊ីចឹង​បងប្អូន? ឬក៏​ជួល​ឱ្យចិន​ទៅ​វាចំណេញ​ជាង​ គ្រាន់បើ​ជាង​បង្កើត​ទីលាន​ប្រជាធិប​តេយ្យ​យកមក​ទុកចោល​»។​

ជាមួយ​គ្នា​នេះ​ ​ភរិយា​របស់​លោក​គា វិសាល ​គឺ​អ្នក​ស្រី ញ៉ែ សុខឿន ​អាយុ​ ៤៤ ​ឆ្នាំ​ ​បាន​ស្នើ​ឱ្យ​តុលាការ​ដោះលែង​ស្វាមី​របស់​អ្នកស្រី និង​ដោះលែង​អ្នកទោស​មន​សិការជា​ច្រើន​នាក់​ទៀត​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។

អ្នក​ស្រី ញ៉ែ សុខឿន ថ្លែង​យ៉ាង​ដូច្នេះ​៖​ «សូម​ទាមទារ​ឱ្យ​តុលាការ​ ពិនិត្យ​មើលឡើងវិញ​ សូមដោះ​លែង​ពួកគាត់​ឱ្យមាន​សេរីភាព​ឡើងវិញ មិន​ចំពោះតែ​គ្រួសារ​ខ្ញុំទេ​ គឺជា​ទូទៅ អ្នក​ទោស​មនសិការ​ទាំង​អស់​ហ្នឹង សូម​ដោះលែង​ពួកគាត់​មកវិញ​មក​»។

លោក មឺ សេងហ៊ ហៅ​ គា វិសាល អនុ​ប្រធាន​បណ្តោះ​អាសន្ន​នៃ​គណ​បក្ស​កម្លាំង​ជាតិ​ខេត្ត​កំពង់​ចាម​ ត្រូវ​បានសមត្ថកិច្ច​ចាប់​ខ្លួន​ពីបទ​ញុះញង់ កាលពី​ពាក់​កណ្តាល​ខែមីនា​ ចំពោះ​ការ​បង្ហោះសារ​លើ​ហ្វេស​ប៊ុក​ឈ្មោះ ​Kea Visal និយាយអំ​ពី​របប​ផ្តាច់​ការ​ឆ្ពោះ​ទៅ​ប្រជាធិប​តេយ្យ​។ ចំណែក​លោក អ៊ុំ វីរៈរដ្ឋ ​ត្រូវបាន​អាជ្ញាធរចាប់​ខ្លួនកាលពី​ខែ​មីនា​ដែរ​នោះ​ ​ពី​បទ​រួមគំនិតក្បត់​ដែល​ពាក់​ព័ន្ធ​នឹង​ផែន​ការ​មាតុភូមិ​និវត្តន៍​មិន​ជោគ​ជ័យ​របស់​មេដឹកនាំ​នយោបាយ​ជំទាស់​លោក​ សម រង្ស៊ី​ កាល​ពី​ឆ្នាំ ​២០១៩​។

វីអូអេ​មិនទាន់​អាច​សុំការអត្ថា​ធិប្បាយ​ពីអ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ​អ៊ី រិន្ទ បាន​នៅ​ឡើយទេ​។ ចំណែក​ឯ លោក​ ផេង ស៊ីភ័ណ អ្នកនាំពាក្យ​សាលា​ដំបូង​ខេត្តកំពង់​ស្ពឺ​ បដិសេធ​មិន​ផ្តល់​ការ​អត្ថា​ធិប្បាយ ដោយថា ​លោកមិន​បាន​ទាន់​ទទួល​បាន​ព័ត៌​មាន​អ្វីឡើយ ទាក់ទងការ​ទាមទារ​របស់​គណបក្ស​កម្លាំង​ជាតិ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក ​ប៉ែន បូណា​ ប្រាប់វីអូអេ​នៅថ្ងៃ​ចន្ទនេះថា សេរីភាព​សម្តែង​មតិ ​គឺ​ស្ថិត​នៅក្រោម​ក្រប​ខណ្ឌ​ច្បាប់​ ដោយ​គ្មាន​នរណា​ម្នាក់ចេះ​តែធ្វើ​ការអត្ថា​ធិប្បាយ​ដើម្បី​ការពារ​អ្នក​ល្មើស​ច្បាប់​បាន​ទេ​។

លោក​បញ្ជាក់​ថា៖ ​«នៅពេល​អនុវត្ត​ច្បាប់ គឺថា​មានតែ​តុលាការ​មួយ​គត់ ដែលជា​អ្នក​សម្រេច​ថា ​អ្នក​ណាមាន​ទោស ឬ​គ្មាន​ទោស ហើយ​ទោស​កម្រិត​ណា​ គឺ​មាន​តែ​ស្ថាប័ន​តុលាការ​ទេ​ដែល​អាច​មាន​ឆន្ទានុ​សិទ្ធិ​សម្រេច​រឿងនេះ។ អត់​មាន​បុគ្គលណា ឬ​មួយ​ក៏ក្រុមណាមួយ​ទៅ​បញ្ជា​តុលាការ​ឱ្យ​ធ្វើ​តាម​ចិត្ត​របស់​ខ្លួនចង់​បាន​នោះ​បាន​ឡើយ​»។

​អំឡុង​ពេល​មាន​ការជួបជុំ​ដែល​មាន​រយៈពេល​ជាង​ ១ ម៉ោង​ នៅទីស្នាក់ការ​គណបក្ស​កម្លាំងជាតិ​នាថ្ងៃ​ចន្ទនេះ​ ​អ្នកតវ៉ា​បាន​លើក​ផ្ទាំង​បដា​ ​រូបថត​ និង​ស្រែក​ទាមទារ​ឱ្យ​មានការ​ដោះលែង​សកម្មជននយោ​បាយ​ និង​សកម្មជន​សង្គម​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ឱ្យ​មាន​សេរីភាព​ជាបន្ទាន់។ ​

នៅ​លើ​ផ្ទាំង​បដា​ទាំង​នោះ បានសរសេរ​ថា «​យុត្តិ​ធម៌​ត្រូវតែ​មាន​ដល់អ្នក​ជាប់​ឃុំ​នយោ​បាយ​» «​ដោះ​លែង​លោក អ៊ុំ វីរៈរដ្ឋ ​លោក មឺ សេងហ៊ ឱ្យ​មាន​សេរីភាព​» «ដោះលែង​អ្នកទោស​នយោ​បាយ​នៅ​កម្ពុជា​» «បញ្ឈប់​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ ដើម្បី​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ​ និង​សកម្មជន​គណ​បក្ស​កម្លាំង​ជាតិ» ​និង​«បើក​លម្ហ​សិទ្ធិ​សេរីភាព​នយោ​បាយ​ពេញលេញ ​ដើម្បី​លើក​កម្ពស់​លទ្ធិ​ប្រជា​ធិប​តេយ្យ​ពិត​ប្រាកដ​នៅ​កម្ពុជា​»​ ជាដើម៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG