ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ក្រុង​ភ្នំពេញ​នឹង​ប្រកាស​សាលក្រម​ក្នុង​សំណុំរឿង​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង​នា​ពាក់​កណ្ដាល​ខែ​វិច្ឆិកា


រូបឯកសារ៖ ស្រ្តី​ម្នាក់​អង្គុយ​និយាយ​ទូរស័ព្ទ​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ​​២០១៦ ក្រោយ​ពេល​ដែល​មន្ត្រី​ផ្នែក​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​សិទ្ធិ​​មនុស្ស​អាដហុក​ចំនួន​បួន​រូប និង​អគ្គ​លេខា​ធិការ គ.ជ.ប. នី ចរិយា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បញ្ជូន​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តំណាង​អយ្យការ។
រូបឯកសារ៖ ស្រ្តី​ម្នាក់​អង្គុយ​និយាយ​ទូរស័ព្ទ​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ​​២០១៦ ក្រោយ​ពេល​ដែល​មន្ត្រី​ផ្នែក​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​សិទ្ធិ​​មនុស្ស​អាដហុក​ចំនួន​បួន​រូប និង​អគ្គ​លេខា​ធិការ គ.ជ.ប. នី ចរិយា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បញ្ជូន​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តំណាង​អយ្យការ។

លោក​ លី​ សុផាណា​ ព្រះរាជ​អាជ្ញា​រង​ និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​តាម​សារ​អេឡិចត្រូនិក​តេឡេក្រាម​ ក្រោយ​បញ្ចប់​សវនាការ​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​នេះ​ថា​ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ នឹង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​ទី​១៧​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៦​ នា​ម៉ោង​២​រសៀល។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ពុធ​នេះ​បាន​បញ្ចប់​សវនាការ​ជំនុំជម្រះ​ក្តី​សំណុំ​រឿង​លោក​ស្រី​ ថាក់​ ឡានី​ សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រឆាំង​ពី​បទ​ «បរិហារកេរ្តិ៍​ជា​សាធារណៈ​ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ ចលាចល​ដល់​សន្តិ​សុខ ​សណ្ដាប់​ធ្នាប់​សង្គម»​ ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា​កន្លង​ទៅ​នេះ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

លោក​ លី​ សុផាណា​ ព្រះរាជ​អាជ្ញា​រង​ និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​តាម​សារ​អេឡិចត្រូនិក​តេឡេក្រាម​ ក្រោយ​បញ្ចប់​សវនាការ​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​នេះ​ថា​ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ នឹង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​ទី​១៧​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៦​ នា​ម៉ោង​២​រសៀល។​ ប៉ុន្តែ លោក​មិន​ផ្ដល់​ការ​អធិប្បាយ​បន្ថែម​ទៀត​ទៅ​លើ​ការ​ចេញ​សាលក្រម​នោះ​ទេ។

លោកស្រី​ ថាក់​ ​ឡានី​ គឺ​ជា​សមាជិក​ព្រឹទ្ធិ​សភា​មក​ពី​គណបក្ស​ សម​ រង្ស៊ី​ ក្នុង​នីតិ​កាល​ទី​បី។​ នៅ​ក្នុង​តំណែង​ជា​សមាជិក​ព្រឹទ្ធ​សភា​ លោក​ស្រី​កាន់​កាប់​ភូមិ​ភាគ​ទី​២។

លោក​ស្រី ថាក់​ ​ឡានី ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បរិហារកេរ្តិ៍ បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ បាន​ប្ដឹង​លោក​ស្រី​កាល​ពី​ថ្ងៃទី​១​ ខែ​សីហា។

លោក ហ៊ុន សែន​ តាម​រយៈ​មេធាវី​តំណាង​របស់​លោក បាន​ប្ដឹង​លោកស្រី​⁣ ថាក់​ ឡានី​ ពី​បទ​ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​ថា​ លោក​ ហ៊ុន សែន គឺ​ជា​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​លោក ​កែម​ ឡី។

លោកស្រី​ ថាក់ ឡានី ​បាន​បដិសេធ ហើយ​ប្រាប់​ទៅ​សារ​ព័ត៌មាន​ក្នុង​ស្រុក​ថា​ ពាក្យ​សម្ដី​របស់​លោក​ស្រី​ត្រូវ​បាន​គេ​កាត់ត។

VOA ​មិន​ទាន់​អាច​ទាក់​ទង​លោក​ សំ​ សុខគង់​ មេធាវី​ការពារ​ក្ដី​លោក​ ស្រី​ ថាក់​ឡានី​ បាន​ទេ​ នា​ល្ងាច​ថ្ងៃ​ពុធ​នេះ។​

ក្រៅពី​ប្ដឹង​លោក​ស្រី​ ថាក់ ឡានី លោក​ ហ៊ុន សែន ​ក៏​បាន​ប្ដឹង​លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ថា ​រដ្ឋាភិបាល​លោក ​ហ៊ុន សែន ​ជា​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​លោក​ កែម ឡី។

បណ្ដឹង​នោះ​ បាន​ទាមទារ​ឲ្យ​តុលាការ​ដាក់​ទោស​លោក ​សម រង្ស៊ី ​និង​លោកស្រី ​ថាក់ ឡានី​ ឲ្យ​ជាប់​ពន្ធនាគារ ​និង​ពិន័យ​ជា​ប្រាក់​១០០​រៀល​ក្នុង​ម្នាក់ៗ ។

នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​លោក ​ហ៊ុន សែន ​ប្ដឹង​ស្ត្រី​អ្នក​នយោបាយ​របស់​គណបក្ស​ប្រឆាំង ​បន្ទាប់​ពី​លោកស្រី​ មូរ សុខហួរ ​ត្រូវ​បាន​លោក​ ហ៊ុន សែន ​ប្ដឹង​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០០៩​ពី​បទ​បរិហារ​កេរ្តិ៍ ​ បន្ទាប់ពី​លោក​ស្រី​ធ្វើ​សន្និសីទ​កាសែត​ ចោទ​ប្រកាន់​ចំពោះ​កំហុស​របស់​លោក ​ហ៊ុន សែន ​មុន​ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​លោក​ ហ៊ុន សែន ​ដែល​ថ្លែង​ថា ​មាន​ស្ត្រី​ជើង​ខ្លាំង​ម្នាក់​ពូកែ​រក​រឿង​គេ ​គឺ​រត់​ទៅ​អោប​គេ​សោះ ​តែ​ថា ​គេ​ប្រឡេះ​ឡេវ​អាវ​របស់​ខ្លួន៕

XS
SM
MD
LG