ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ដាក់ពន្ធនាគារ១ឆ្នាំកន្លះ នៅក្នុងសំណុំរឿងចេញសែកអត់សាច់ប្រាក់ ដែលលោកត្រូវបានចាប់ខ្លួនតាំងពីដើមឆ្នាំ២០២៣ តាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនបញ្ចាំមួយ។
តុលាការបានបង្គាប់ឱ្យលោក ថាច់ សេដ្ឋា បង់ប្រាក់ពិន័យចំនួន៨លានរៀល ដោយក្នុងនោះ៣លានរៀលចូលរដ្ឋ និង៥លានរៀល បង់សងជំងឺចិត្តដល់ក្រុមហ៊ុនបញ្ចាំរិនឆាយ ផនសប(Rin Chhay Pawn Shop)។ លោកក៏ត្រូវបង់លុយជំពាក់ចំនួន៣៣.៤០០ដុល្លារអាមេរិក(បីម៉ឺនបីពាន់បួនរយ) ឱ្យក្រុមហ៊ុនបញ្ចាំនេះផងដែរ។ នេះបើតាមការប្រកាសរបស់អ្នកស្រី ឈុន ដាវី ចៅក្រមជំនុំជម្រះ នាថ្ងៃព្រហស្បតិ៍នេះ។
អ្នកស្រី ថាច់ សុខបូរ៉ានី ភរិយារបស់លោក ថាច់ សេដ្ឋា យល់ថាការសម្រេចរបស់តុលាការជារឿងអយុត្តិធម៌សម្រាប់ស្វាមី។ អ្នកស្រីស្នើសុំឱ្យតុលាការដោះលែង និងទម្លាក់បទចោទប្រកាន់។
អ្នកស្រីប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅតុលាការថា៖ «មិនយុត្តិធម៌ជាមួយប្តីខ្ញុំទេ ដោយសារអី គ្រាន់តែសែកស្អុយមួយសន្លឹកសោះចាប់គាត់ដាក់គុក រហូតដល់១ឆ្នាំកន្លះ ហើយនិយាយរួមទៅវាមិនយុត្តិធម៌ចំពោះប្តីខ្ញុំ ហើយគ្រាន់តែបង្ហាញភស្តុតាងក៏អត់មានបានបង្ហាញអីទាំងអស់»។
លោក ថាច់ សេដ្ឋា ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ដាក់ក្នុងពន្ធនាគារ កាលពីខែមករា ឆ្នាំ២០២៣ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបញ្ជាក់ថា តុលាការបានទទួលពាក្យបណ្តឹងពីក្រុមហ៊ុនរិនឆាយ ផនសប (Rin Chhay Pawn Shop) ដែលប្តឹងអ្នកនយោបាយជំទាស់រូបនោះ ពីរឿងចេញសែកគ្មានសាច់ប្រាក់ចំនួន៥សន្លឹក កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
ដោយឡែកក្នុងសវនាការនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ចៅក្រមជំនុំជម្រះក៏បានលើកយកការចោទប្រកាន់លោក ថាច់ សេដ្ឋា មួយករណីទៀត ពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឱ្យមានការរើសអើង»មកជំនុំជម្រះផងដែរ។
អ្នកស្រី ឈុន ដាវី ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ប្រាប់លោក ថាច់ សេដ្ឋា ថាការចោទពីបទញុះញង់នោះ គឺពាក់ព័ន្ធវីដេអូឃ្លីបមួយដែលត្រូវបានគេចែកចាយតាមបណ្តាយសង្គម យូធ្យូប (Youtube) កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅក្នុងប្រទេសកម្ពុជា និងកន្លែងផ្សេងទៀត ដូចជាប្រទេសកូរ៉េខាងត្បូង។
ចៅក្រមរូបនេះបានចោទសួរលោក ថាច់ សេដ្ឋា ថាតើពិតជាបាននិយាយអំពីថ្ងៃ៧មករា ឆ្នាំ១៩៧៩ និងការសង់ស្តូបមិត្តភាពកម្ពុជាវៀតណាម ធ្វើឱ្យ«បែកបាក់ជាតិ» និងនិយាយអំពីប្រវត្តិនៃការកកើតគណបក្សប្រជាជនកម្ពុជា ពិតមែនឬទេ?
លោក ថាច់ សេដ្ឋា ដែលជាប្រធានសមាគមខ្មែរកម្ពុជាក្រោម បញ្ជាក់ទៅចៅក្រមថាលោកពិតជាបានលើកឡើងអំពីប្រវត្តិសាស្ត្រទាំងនោះជាមួយពលករខ្មែរ និងសកម្មជនគណបក្សភ្លើងទៀននៅប្រទេសកូរ៉េពិតមែន។ ប៉ុន្តែលោកថាការលើកឡើងអំពីប្រវត្តិសាស្ត្រទាំងនោះ យោងតាមឯកសារប្រវត្តិសាស្ត្រជាច្រើនដែលលោកបានអាន ដែលរួមទាំងប្រវត្តិកកើតរបស់គណបក្សប្រជាជនកម្ពុជា ប្រវត្តិបក្សប្រជាជនបដិវត្តន៍ខ្មែរ ឯកសារនៃការកាត់ក្តីរបស់សាលាក្តីខ្មែរក្រហម និងឯកសារប្រវត្តិសាស្ត្រកម្ពុជាផ្សេងៗជាច្រើនទៀត បូករួមសៀវភៅ«អង្គការជានរណា» ដែលបានសរសេរអំពីប្រវត្តិសាស្ត្រកម្ពុជា។
បើតាមលោក ថាច់ សេដ្ឋា «បើអ្នកនយោបាយនិយាយអំពីនយោបាយមិនបាន បែរជាញុះញង់ អ៊ីចឹងឱ្យនិយាយរឿងកំប្លែង?»។ លោកបានឆ្លើយតបទៅតំណាងអយ្យការបន្ថែមថា«ស្គាល់ពាក្យពហុបក្សទេ? បើពហុបក្សគឺជាពហុគំនិត ដោយមិនមែនស្របតាមគណបក្សប្រជាជនកម្ពុជាទេ។ បើស្រប ខ្ញុំមិនបាច់បង្កើតគណបក្សទេ»។
ទោះជាយ៉ាងណា តំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង ចាត់ទុកថាការថ្លែងរបស់លោក ថាច់ សេដ្ឋា មានចេតនាចង់ទម្លាក់កំហុសដល់រដ្ឋាភិបាលកម្ពុជា និងដើម្បីបញ្ឆេះកំហឹងពលរដ្ឋ។
ប៉ុន្តែលោក ថាច់ សេដ្ឋា ការពារខ្លួននៅក្នុងបន្ទប់សវនាការថា ការនិយាយអំពីប្រវត្តិសាស្ត្រកម្ពុជា គឺលោកមានចេតនាប្រាប់ពលរដ្ឋឱ្យយល់ដឹង និងដាស់ស្មារតីជាតិកុំឱ្យភ្លេចតែប៉ុណ្ណោះ។ លោកអះអាងថាលោកមិនមានចេតនាញុះញង់ និងបង្កអសន្តិសុខសង្គមណាមួយឡើយ។
លោក ថាច់ សេដ្ឋា បន្ថែមថាការថ្លែងអំពីប្រវត្តិសាស្ត្របែបនេះមិនមែនជាលើកទីមួយទេ និងថាក្រោយការថ្លែងរបស់លោកត្រូវបានបុគ្គលដទៃផ្សព្វផ្សាយជាសាធារណៈនេះ ក៏មិនដែលឃើញភាពចលាចល និងអសន្តិសុខសង្គមកើតឡើង និងមិនឃើញរដ្ឋាភិបាលកម្ពុជានិងវៀតណាមឈ្លោះគ្នាដែរ។
បើតាមលោកមេធាវី សំ សុគង់ ដែលការពារក្តីឱ្យលោក ថាច់ សេដ្ឋា ភស្តុតាងជាវីដេអូដែលនគរបាលយកមកប្តឹងលោក ថាច់ សេដ្ឋា ដោយយកតាមបណ្តាញសង្គមYoutubeនោះ មិនបានបង្ហាញប្រភពច្បាស់លាស់ថាជារបស់អ្នកណាទេ ហើយវីដេអូបង្ហោះនោះបានកាត់យកខ្លី ឬបង្រួញយកមកផ្សព្វផ្សាយដែលជាធាតុផ្សំនៃការចោទប្រកាន់មិនគ្រប់គ្រាន់។ ម្យ៉ាងទៀត លោកថាភស្តុតាងដាក់បន្ទុក មិនមានអ្វីក្រៅពីសម្តីរបស់លោក ថាច់ សេដ្ឋា និងសម្តីរបស់សមត្ថកិច្ច និងរបាយការណ៍សមត្ថកិច្ចដែលយកមកពីYoutube ដែលមិនមានប្រភពច្បាស់លាស់។
ដូច្នេះលោក សំ សុគង់ ស្នើឱ្យចៅក្រមទម្លាក់ចោលការចោទប្រកាន់លើលោក ថាច់ សេដ្ឋា ក្នុងសំណុំរឿងញុះញង់នេះ។
ជាមួយគ្នានោះ សហមេធាវីការពារក្តីឱ្យលោក ថាច់ សេដ្ឋា គឺលោក សឺន ជុំជួន ថ្លែងការពារកូនក្តីនៅចំពោះមុខចៅក្រមថាលោក ថាច់ សេដ្ឋា មិនបាននិយាយអ្វីខុសពីការពិតនោះទេ ព្រោះការលើកឡើងយោងតាមឯកសារប្រវត្តិសាស្ត្រ និងសៀវភៅដែលមានចំណងជើង«អង្គការជាអ្នកណា»។
លោក សឺន ជុំជួន បញ្ជាក់ដែរថា ការចោទប្រកាន់កូនក្តីលោកពីបទចោទញុះញង់ គួរតែតុលាការផ្អែកទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិនានា ព្រោះច្បាប់ទាំងនោះសុទ្ធតែចែងអំពីសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការសម្តែងមតិ។
លោកប្រាប់អ្នកសារព័ត៌មានក្រៅតុលាការថា៖«ការចោទរបស់តំណាងអយ្យការពាក់ព័ន្ធទៅនឹងការធ្វើឱ្យមានស្ថានភាពវឹកវរដល់ស្ថានភាពសង្គម ទាក់ទងនឹងការរើសអើងពូជសាសន៍ជាដើម។ ជាសង្ខេបមកវិញ ខ្ញុំថាផ្អែកទៅតាមអ្វីដែលលទ្ធផលនៃការពិភាក្សាដេញដោលហ្នឹង គឺធាតុផ្សំមិនគ្រប់គ្រាន់ទេក្នុងការចោទកូនក្តីខ្ញុំ»។
នៅក្នុងសំណុំរឿងចែកសែកអត់លុយ លោក សឺន ជុំជួន ប្រាប់អ្នកសារព័ត៌មានថាការផ្តន្ទាទោសកូនក្តីរបស់លោក មិនបានផ្អែកលើមូលដ្ឋានគ្រប់គ្រាន់ណាមួយឡើយ។ លោកនឹងពិភាក្សាជាមួយសហមេធាវីថានឹងប្តឹងទាស់ឬយ៉ាងណា។
លោកថ្លែងថា៖ «សម្រាប់ខ្ញុំ ដោយសារយើងផ្អែកទៅតាមឯកសារភស្តុតាងកន្លងមក ដែលយើងពិភាក្សាដេញដោលនោះ ដូចថាមិនមានមូលដ្ឋានគ្រប់គ្រាន់ទេ សម្រាប់ឱ្យតុលាការគាត់ពិចារណា និងផ្តន្ទាទោសកូនក្តីខ្ញុំ។ អ៊ីចឹងមានការសោកស្តាយដែរ សម្រាប់អ្វីដែលជាការប្រកាសសាលក្រមថ្ងៃនេះ ហើយចាំមើលខ្ញុំនឹងពិភាក្សាជាមួយសហមេធាវី ថាតើយើងគួរតែប្តឹងទៅតុលាការជាន់ខ្ពស់ ឬយ៉ាងណា»។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យតុលាការ លោក ប្លង់ សុផល និងលោក អ៊ី រិន្ទ បាននៅឡើយទេ។
ក្រោយបញ្ចប់សវនាការក្នុងសំណុំរឿងញុះញង់នាថ្ងៃព្រហស្បតិ៍នេះ អ្នកស្រី ឈុន ដាវី ចៅក្រមជំនុំជម្រះបានលើកឡើងថា តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៩ព្រឹក។
លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន ថ្លែងថា នេះជារឿងអយុត្តិធម៌សម្រាប់លោក ថាច់ សេដ្ឋា ហើយវាជារឿងនយោបាយច្រើនជាង។
លោកប្រាប់អ្នកសារព័ត៌មាននៅក្រៅតុលាការថា៖ «ពីព្រោះរឿងករណីសែកស្អុយនេះ បើតាមអំណះអំណាងរបស់សាច់ញាតិគាត់ ក៏ដូចជាខ្លួនគាត់ មានន័យថាបានដោះស្រាយ បានសងគ្នារួចរាល់អស់ហើយ ហើយតុលាការ ក៏បានកាត់អីពេលកន្លងមក។ ប៉ុន្តែយកករណីហ្នឹងយកមកដាក់បន្ទុកលើគាត់វិញ។ ហើយយើងឃើញថារឿងហ្នឹងវាភ្ជាប់ទៅនឹងនយោបាយច្រើនជាង ជៀសជាងការអនុវត្តច្បាប់»។
លោក រ៉ុង ឈុន ចង់ឃើញរដ្ឋាភិបាលអាណត្តិទី៧បើកលំហសេរីភាពនយោបាយ និងត្រូវដោះលែងសកម្មជនសង្គម សកម្មជននយោបាយដែលកំពុងជាប់ឃុំទាំងអស់ ដើម្បីបង្កបរិយាកាសអំណោយផលដល់ការដឹកនាំប្រទេស និងដើម្បីទទួលបានអត្ថប្រយោជន៍នានាពីប្រព័ន្ធអនុគ្រោះពន្ធEBAរបស់សហភាពអឺរ៉ុប និងGSPរបស់សហរដ្ឋអាមេរិកឡើងវិញ៕