ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​ការពារក្តី​ជំរុញ​ឱ្យ​ដោះលែង​លោក ថាច់ សេដ្ឋា អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន


រូបឯកសារ៖ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បង្ហាញខ្នោះដៃពីក្នុងឡាន នៅពេលលោកត្រូវបានដឹកចេញពីតុលាការកំពូលទៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បង្ហាញខ្នោះដៃពីក្នុងឡាន នៅពេលលោកត្រូវបានដឹកចេញពីតុលាការកំពូលទៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

ម្តង​ហើយ​ម្តងទៀត​ មេធាវី​ការពារក្តី​ឱ្យលោក​ ថាច់ សេដ្ឋា​ អនុប្រធាន​គណបក្ស​ភ្លើងទៀន​ ទទូច​ឱ្យ​តុលាការ​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​ និង​ដោះ​លែង​កូន​ក្តី​ខ្លួន​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ។​ នេះ​បើ​តាម​សេចក្តី​សន្និដ្ឋាន​ការពារ​ក្តី​ចុះ​ថ្ងៃ​ទី៦​ខែ​កញ្ញា​ ឆ្នាំ​២០២៣។​

លោក ​ថាច់ សេដ្ឋា ​ត្រូវ​បាន​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ចាប់​ខ្លួន ​និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ នៅ​ថ្ងៃ​ទី១៦​ ខែ​មករា ​ឆ្នាំ​ ២០២៣ ​ក្រោម​ការ​ចោទ​ប្រកាន់ទាក់​ទិន​ការ​ចេញ​សែក​អត់​ប្រាក់​ដែល​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៩។

បើ​តាម​មេធាវី​ការពារក្តី​លោក ជូង ជូងី​ កូន​ក្តី​របស់​លោក​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ជុំវិញ​ការ​«មិន​បំពេញ​កាតព្វ​កិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញ​ដូរ​បាន»​ដូច​ការ​ចោទ​ប្រកាន់​របស់​ដើម​បណ្តឹង​ឡើយ​ ហើយ​លោក​ ថាច់​ សេដ្ឋា​ ក៏​មិន​បាន​ចេញ​មូលប្បទាន​ប័ត្រ​អ្វី​នោះ​ដែរ។

លោក​បន្ថែម​ថា៖ ​«ដើម​ចោទ​ ក៏​ដូច​ជា​ចៅក្រម​ស៊ើបសួរ​ មិន​មាន​ភស្តុតាង​ដាក់​បន្ទុក​ ជា​មូល​ប្បទាន​ប័ត្រ​ច្បាប់​ដើម​ សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការ​ចោទ​ប្រកាន់​លោក​ ថាច់​ សេដ្ឋា​ ទេ​ គឺ​ផ្អែក​តែ​លើ​ឯកសារ​ចម្លង​តែ​ប៉ុណ្ណោះ។​ ​ដូច្នេះ​ការ​ចោទ​ប្រកាន់​ក្នុង​ករណី​នេះ​គឺ​គ្មាន​ភស្តុតាង»។​

វីអូអេ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​ប្លង់ សុផល​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​លោក​អ៊ី រិន្ទ ​អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​ប្រព័ន្ធ​តេឡេក្រាម​បាន​នៅ​ឡើយ​ទេ។​ ​

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​បាន​ដាក់​លោក​ ថាច់ សេដ្ឋា ​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ជុំវិញ​រឿង​ចេញ​សែក​គ្មាន​សាច់​ប្រាក់​ចំនួន​ ៥​ សន្លឹក​ ដែល​លោក​ចេញ​ឱ្យ​ក្រុមហ៊ុន ​រិនឆាយ​ផនសប។ ​តុលាការ​បញ្ជាក់​ថា ​លោក​ ថាច់ សេដ្ឋា ​មិន​បាន​ចូល​ខ្លួន​បំភ្លឺ​តាម​ដីកា​ចំនួន​ពីរ​លើក ​ដោយ​ពុំ​មាន​មូល​ហេតុ​ ក្រោយ​ការ​ប្តឹង​ផ្តល់​របស់​ក្រុមហ៊ុន ​រិនឆាយ ផនសប។

ក្នុង​សវនាការ​តុលាការ​កំពូល​កាល​ពី​កន្លង​ទៅ​ លោក​ ថាច់ សេដ្ឋា ​បាន​បញ្ជាក់​ថា​ លោក​មិន​ដែល​ទទួល​បាន​ដីកា​កោះ​ឱ្យ​ចូល​បំភ្លឺ​ម្តង​ណា​ឡើយ​ ស្រាប់​តែ​មាន​ការ​ចាប់​ខ្លួន​តែ​ម្តង។​ ហើយ​មេធាវី​របស់​លោក​មួយ​រូប​គឺ​លោក​ សំ សុគង់​ បាន​ប្រាប់​ចៅក្រម​ថា​ កូន​ក្តី​របស់​លោក​បាន​ដាក់​ប្លង់​បញ្ចាំ​ចំនួន​៦ ​នៅ​ក្រុមហ៊ុន ​រិនឆាយ ផនសប។ ​ដូច្នេះ​បើ​កូន​ក្តី​របស់​លោក​មិន​សង​ប្រាក់ ​គួរ​ណាស់​តែ​ក្រុម​ហ៊ុន​ប្តឹង​ទៅ​តុលាការ​ក្នុង​សំណុំ​រឿង​រដ្ឋប្បវេណី ​ដើម្បី​ទាម​ទារ​រឹប​អូស​ជំនួស​ការ​ចាប់​ឃុំ​ខ្លួន។​

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ លោក ​យី សុខសាន្ត ​យល់​ថា​ សំណុំ​រឿង​របស់​លោក​ ថាច់​ សេដ្ឋា​ មាន​ចរិត​នយោបាយ​ និង​ជា​ការ​គាប​សង្កត់​ផ្នែក​នយោបាយ។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«បើ​សិន​ជា​មិន​មាន​លក្ខណៈ​ចរិត​នយោបាយ ​ឬ​ជាការ​គាប​សង្កត់​ផ្នែក​នយោបាយ​ គឺ​ថា​គ្រាន់​តែ​ជំពាក់​លុយ​ ជំពាក់​កាក់​ប៉ុណ្ណឹង ​គេ​អាច​ដោះ​ស្រាយ​បាន​ហើយ។ ​គេ​អាច​ផាក​ពិន័យ ​គេ​អាច​សង​ជំងឺ​ចិត្ត​ទៅ​លើ​ម្ចាស់​បំណុល​គឺ​គ្រប់​គ្រាន់​ហើយ​ ប៉ុន្តែ​យើង​មើល​ឃើញ​ហាក់​ដូច​ជា​ម្ចាស់​បំណុល​មិន​ទាម​ទារ​ឱ្យ​ដាក់​ទោស​ទណ្ឌ​អី​ខ្លាំង​ក្លា​ទេ ​បើ​តាម​មើល ​ តែ​វា​ទៅ​ជា​តុលាការ​លោក​អ្នក​វិនិច្ឆ័យ​វិញ»។​

លោក​បន្ថែម​ថា៖​ «ធម្មតា​ម្ចាស់​បំណុល ​នៅ​ពេល​ដែល​កូន​បំណុល​យក​លុយ​ទៅ​សង ទាំង​គេ​ទាំង​ខ្ញុំ ​គឺ​អរ​ណាស់​ឱ្យ​តែ​បាន​លុយ ​ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​ករណី​មួយ​នេះ​ ហាក់​ដូច​ជា​មិន​សូវ​ជា​សប្បាយ​ចិត្ត​ទៅ​នឹង​កូន​បំណុល ​នៅ​ពេល​គេ​យក​លុយ​ទៅ​សង?»

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​បន្ថែម​ថា​ តុលាការ​គួរ​តែ​សម្រេច​ឱ្យ​លោក ​ថាច់ សេដ្ឋា ​បាន​នៅ​ក្រៅ​ឃុំ ​ដើម្បី​បន្ធូរ​បន្ថយ​កំដៅ​នយោបាយ​ កុំ​ឱ្យ​កាន់​តែ​ឡើង​ខ្លាំង​ និង​បង្ក​ការ​បែក​បាក់​ជាតិ។
យ៉ាង​ណា​ក្តី​ លោក​មេធាវី​ជូង ជូងី​ ថា​ការ​ប្រកាស​សាលក្រម​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ចេញ​សែក​ស្អុយ​របស់​លោក​ថាច់​ សេដ្ឋា​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២១​ ខែ​កញ្ញា​ ឆ្នាំ​២០២៣​ នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ៕

XS
SM
MD
LG