ក្រុមអ្នកសង្កេតការណ៍របស់បណ្ដាញអាស៊ីដើម្បីការបោះឆ្នោតដោយសេរី ហៅកាត់ថា (Anfrel) ដែលបានឃ្លាំមើលដំណើរនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ ២០១៧នេះ ស្នើឱ្យភាគីពាក់ព័ន្ធក្នុងការរៀបចំការបោះឆ្នោត បង្កើតក្របខ័ណ្ឌច្បាប់ ដើម្បីទប់ស្កាត់ការទិញសន្លឹកឆ្នោត និងការធ្វើឲ្យមានភាពតម្លាភាពនៃហិរញ្ញវត្ថុ សម្រាប់ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនីមួយៗ។
លោក រ៉ូហាណា ហេទីយ៉ារ៉ាជី (Rohana Hettiarachchie) អគ្គលេខាធិការ និងជាសង្កេតការណ៍អន្តរជាតិជាន់ខ្ពស់ នៃបណ្ដាញអ្នកសង្កេតការណ៍បោះឆ្នោត Anfrelឲ្យដឹងថា ការបោះឆ្នោតឃុំ-សង្កាត់នៅកម្ពុជា ដែលបានរៀបចំឡើងកាលពីថ្ងៃអាទិត្យ មិនទាន់ត្រូវបានចាត់ទុកថា ល្អឥតខ្ចោះនោះទេ តែជាការចម្រើនលូតលាស់ដ៏ធំមួយ ព្រោះការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន ពុំមានអំពើហិង្សាជាដុំកំភួនកើតឡើង បើធៀបទៅនឹងការបោះឆ្នោតកាលពីពេលមុនៗ។
លោកថ្លែងថា អ្នកបោះឆ្នោតភាគច្រើននៃចំនួនអ្នកបោះឆ្នោតជាង ៧លាននាក់ បានចេញទៅបោះឆ្នោត ហើយប្រព័ន្ធនៃការរៀបចំបោះឆ្នោត ក៏មានប្រសិទ្ធភាពជាងមុន។
លោកបន្តថា តម្លាភាពនៃការរាប់សន្លឹកឆ្នោត ក៏មិនទាន់ត្រូវបានចាត់ទុកថាល្អឥតខ្ចោះ តែវាអាចទុកចិត្តបាន និងទទួលយកបាន។សម្រាប់ផ្នែកអវិជ្ជមានដែលត្រូវបានរកឃើញក្នុងដំណើរការរៀបចំការបោះឆ្នោតនេះ លោក រ៉ូហាណា ហេទីយ៉ារ៉ាជី បានកត់សម្គាល់ឃើញបាតុភាពនៃការទិញសន្លឹកឆ្នោត ក្នុងអំឡុងមុនពេលការបោះឆ្នោតចាប់ផ្ដើម។ លោកថា ការណ៍នេះ អាចមានឥទ្ធិពលមិនល្អ ដល់លទ្ធផលបោះឆ្នោត និងភាពត្រឹមត្រូវនៃការបោះឆ្នោតផងដែរ។
លោក រ៉ូហាណា ហេទីយ៉ារ៉ាជី (Rohana Hettiarachchie) នៃ Anfrel៖
«ប៉ុន្តែនិយាយដោយស្មោះទៅ យើងមិនបានឃើញការទិញសន្លឹកឆ្នោតដោយផ្ទាល់នោះទេ។ ប៉ុន្តែយើងបានកត់សម្គាល់ឃើញនៅទូទាំងប្រទេសនៅមុនអំឡុងពេលបោះឆ្នោតថា មានវិធីផ្សេងៗនៃការទិញសន្លឹកឆ្នោត ដូច្នេះយើងត្រូវមានក្របខណ្ឌច្បាប់សម្រាប់រឿងនេះ»។
អ្នកសង្កេតការណ៍បោះឆ្នោតជាន់ខ្ពស់រូបនេះ បានឲ្យដឹងទៀតថា កង្វះនៃបទបញ្ញត្តិស្ដីពីហិរញ្ញវត្ថុសម្រាប់ការចំណាយលើយុទ្ធនាការឃោសនាបោះឆ្នោត បានប៉ះពាល់ដល់គោលការណ៍សមភាពនៃការប្រកួតប្រជែងក្នុងការធ្វើយុទ្ធនាការឃោសនារបស់គណបក្សនយោបាយនីមួយៗ។
លោកនិយាយថា កម្ពុជា ត្រូវគិតគូរបង្កើតក្របខ័ណ្ឌច្បាប់មួយ ដើម្បីដោះស្រាយបញ្ហានេះឲ្យបានឆាប់តាមតែអាចធ្វើទៅបាន នៅមុនការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនាពេលខាងមុខ។
«ហិរញ្ញវត្ថុសម្រាប់ធ្វើយុទ្ធនាការ គឺពិតជាសំខាន់ណាស់ ពិតជាសំខាន់ណាស់ នៅមុនការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាពេលខាងមុខ។ ជាការពិត នេះមិនមែនមានតែនៅកម្ពុជានោះទេ ប៉ុន្តែភាគច្រើននៃប្រទេសក្នុងតំបន់អាស៊ី យើងមិនមានបទបញ្ញត្តិស្ដីពីហិរញ្ញវត្ថុសម្រាប់ធ្វើយុទ្ធនាការ»។
លោកបានបន្ថែមថា នេះគឺជាក្តីបារម្ភមួយសម្រាប់ធ្វើឲ្យដំណើរការបោះឆ្នោត ប្រព្រឹត្តដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
កាលពីថ្ងៃអាទិត្យកន្លងទៅ ប្រជាពលរដ្ឋខ្មែរជាង ៧លាននាក់ក្នុងចំណោមអ្នកដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត ជាង៧.៨លាននាក់ បានចេញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ដែលជាការបោះឆ្នោតមួយដ៏សំខាន់ ក្នុងការផ្លាស់ប្ដូរ ឬរក្សាទុកមេដឹកនាំថ្នាក់មូលដ្ឋាន។ នេះបើយោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ទោះជាយ៉ាងណា លទ្ធផលបោះឆ្នោតក្រៅផ្លូវការដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានបង្ហាញរៀងៗខ្លួនកាលថ្ងៃចន្ទនេះ មានភាពប្រហាក់ប្រហែលគ្នា។ ក្នុងចំណោមឃុំ-សង្កាត់សរុបចំនួន១.៦៤៦ ទូទាំងប្រទេស គណបក្សប្រជាជនកម្ពុជាប្រកាសថា ខ្លួនទទួលបានឃុំ-សង្កាត់ចំនួន១.១៥៨ ដែលថយចុះពី ១.៥៩២ឃុំ-សង្កាត់កាលពីការបោះឆ្នោតឆ្នាំ២០១២ រីឯគណបក្សសង្គ្រោះជាតិប្រកាសថា ខ្លួនទទួលបានឃុំសង្កាត់ជិត៥០០ បើធៀបនឹងការបោះឆ្នោតក្នុងឆ្នាំ២០១២ ដែលគ្រានោះគណបក្សជំទាស់ បានត្រឹមតែចំនួន៤០ឃុំ-សង្កាត់ប៉ុណ្ណោះ។
បណ្ដាញអ្នកសង្កេតការណ៍បោះឆ្នោត Anfrel បានចេញសេចក្ដីថ្លែងការណ៍ថ្ងៃអង្គារនេះ ដោយបានបង្ហាញពីភាពប្រសើរឡើងសំខាន់ៗសម្រាប់ការបោះឆ្នោតក្នុងឆ្នាំនេះ ធៀបនឹងការបោះឆ្នោតកន្លងមក គឺការបង្កើតបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មី ដែលជួយដល់ការបញ្ចៀស ការមានឈ្មោះត្រួតគ្នា និងការបោះឆ្នោតទ្វេដង និងការអនុម័តច្បាប់ គ.ជ.ប ថ្មី នៅឆ្នាំ ២០១៥។ យ៉ាងណាក៏ដោយ Anfrel មានការបារម្ភ ចំពោះភាពយឺតយ៉ាវរបស់ គ.ជ.ប ក្នុងការចេញលិខិតផ្ដល់សិទ្ធិដល់អ្នកបោះឆ្នោត ដែលគ្មានអត្តសញ្ញាណប័ណ្ណ។
លើសពីនេះទៀត Anfrel បានទទួលរបាយការណ៍ពីភាគីពាក់ព័ន្ធមួយចំនួន ស្ដីពីកងទ័ពទំនេរពីភារកិច្ចដែលបោះឆ្នោតនៅក្រៅឃុំដែលពួកគេរស់នៅ ពេលខ្លះមានចំនួនច្រើនលើសលប់ និងស្ថានីយបោះឆ្នោតដែលពោរពេញ ដោយកងទ័ព។
Anfrel បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងចំពោះការចុះខ្សោយផ្លូវច្បាប់ ការបៀតបៀនលើអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិល និងការវាយប្រហារលើសេរីភាពបញ្ចេញមតិ និងសេរីភាពប្រមូលផ្ដុំ។ សកម្មភាពទាំងនេះសុទ្ធតែធ្វើឡើងដើម្បីរាំងស្ទះ សុចរិតភាពក្នុងដំណើរការបោះឆ្នោត។
Anfrel បានបន្តអំពាវនាវឲ្យមានការកំណែទម្រង់ការបោះឆ្នោត បន្ថែមទៀត ដូចជាការជំរុញឲ្យមានទីលានប្រកួតដោយស្មើភាព ការពង្រឹងស្ថាប័ន គ.ជ.ប ការធានាអព្យាក្រឹតភាពរបស់អាជ្ញាធររដ្ឋទាំងអស់ ការប្រើប្រាស់បទបញ្ញត្តិស្ដីពីហិរញ្ញវត្ថុ និងសវនកម្មយុទ្ធនាការឃោសនាគ្រប់ជ្រុងជ្រោយ គោលការណ៍មិនលម្អៀង និងការវិនិច្ឆ័យដោយឯករាជ្យលើការប្រព្រឹត្តទៅនៃការបោះឆ្នោត។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា ដែលបានឃ្លាំមើលសកម្មភាពពុករលួយខាងនយោបាយ ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន នៅថ្ងៃអង្គារនេះថា ក្រុមអង្គការសង្គមស៊ីវិល ធ្លាប់បានស្នើឲ្យមានបទបញ្ញត្តិស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុ របស់គណបក្សនយោបាយ តែអ្នកនយោបាយហាក់មិនសូវអើពើចំពោះការស្នើនោះទេ។
លោកថាបទបញ្ញត្តិនេះ នឹងរួមចំណែកដល់ការបង្កើតបានតម្លាភាពសម្រាប់ការបោះឆ្នោត ដោយឈរលើគោលការណ៍ស្មើភាពគ្នា។
«នៅស្រុកគេប្រជាធិបតេយ្យមែនទែន សូម្បីតែបោះឆ្នោតខិត្តប័ណ្ណ ក៏គេកំណត់ទំហំដែរ ទំហំហ្នឹងឲ្យប៉ុនគ្នា។ គ្រាន់តែពង្រីកទំហំ poster ហ្នឹងធំជាងគ្នាហ្នឹង ក៏ខុសច្បាប់ដែរ គេចង់ឲ្យស្មើភាពគ្នាណា៎។ អញ្ចឹងលុយចាយ គេមានកំណត់ថា ចាយត្រឹមប៉ុន្មានដែលចំនួនកំណត់»។
លោក សំ គន្ធាមី នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត Nicfec ក៏បានប្រាប់ VOA ដែរថា អង្គការសង្គមស៊ីវិល បានលើកជាអនុសាសន៍ឲ្យបង្កើតបទបញ្ញត្តិនេះជាច្រើនលើកទៅគ.ជ.ប ប៉ុន្តែអាជ្ញាធរជាតិបោះឆ្នោតមួយនេះ មិនបានបង្ហាញចេតនាចង់ឲ្យមានបទបញ្ញត្តិនេះឡើយ។
លោកថាបទបញ្ញត្តិនេះ នឹងជំរុញឲ្យគណបក្សនយោបាយប្រើប្រាស់ថវិកា ឈរលើគោលការណ៍ស្មើភាព សម្រាប់ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។
«វាពាក់ព័ន្ធគោលការណ៍ស្មើភាពគ្នា គ្រប់គណបក្សដែលមានថវិកា ត្រូវបង្ហាញថវិកាថា ថវិកាឃោសនាអស់ប៉ុន្មានៗ ត្រូវធ្វើ report ។ ថវិកាហ្នឹងត្រូវបានមកពីណា ព្រោះអីច្បាប់ បោះឆ្នោត ឬNGO ក៏ដោយ ក៏គេថា ថវិកាយើងទទួលបានមកពីប្រភពណាហ្អេះ» ។
ពាក់ព័ន្ធនឹងការទិញសន្លឹកឆ្នោត លោក សំ គន្ធាមី បានឲ្យដឹងថា មានសកម្មភាពទិញសន្លឹកឆ្នោត នៅខេត្តកំពត ដោយអាជ្ញាធរមូលដ្ឋាន បានផ្តល់លុយសុទ្ធទៅអ្នកក្រីក្រមួយចំនួន មុនការបោះឆ្នោត។
លោកក៏ចង់ឃើញមានច្បាប់ដាច់ដោយឡែកមួយ ដើម្បីដាក់ទោសទណ្ឌដល់អ្នកដែលដើរទិញសន្លឹកឆ្នោត។
VOA ព្យាយាមសុំសេចក្ដីអធិប្បាយពីលោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា តែនៅមិនទាន់អាចទាក់ទងបាននៅថ្ងៃអង្គារនេះ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ថ្លែងប្រាប់ VOA ថា បក្សប្រឆាំងគាំទ្រឲ្យមានការបង្កើតបទបញ្ញត្តិ ឬច្បាប់សម្រាប់គ្រប់គ្រងការចំណាយរបស់គណបក្សនយោបាយផងដែរ។
លោកថា ក្រុមមន្ត្រីនៃបក្សប្រឆាំង នឹងខិតខំជំរុញឲ្យមានច្បាប់នេះ នៅមុនការបោះឆ្នោតជាតិឆ្នាំ ២០១៨។
«គាំទ្រទាំងស្រុងថា ឲ្យមានការកំណត់នូវការ នូវលុយកាក់សម្រាប់ចាយវាយទៅលើការឃោសនា។ បើមិនអញ្ចឹងទេ ការចាយវាយខ្លះវាអត់មានប្រយោជន៍។ ចំពោះគណបក្សសង្គ្រោះជាតិ មិនអីទេពីព្រោះ យើងមិនមានថវិកាចាយ ហើយការចាយរបស់យើង ក៏យើងត្រូវឲ្យមាន យើងមិនចាយអ្វីឲ្យលើសហួសហេតុពីត្រឹមតែការឃោសនា»។
លោក យឹម សុវណ្ណ ក៏បានបញ្ជាក់ថា មានសកម្មភាពទិញសន្លឹកឆ្នោត តែលោកមិនបានផ្តល់ព័ត៌មានលម្អិតទាក់ទិនសកម្មភាពទាំងនោះឡើយ។
តាមលទ្ធផលបណ្ដោះបឋមក្រៅផ្លូវការ គណបក្សប្រជែងធំៗពីរ គឺបក្សកាន់អំណាច និងបក្សប្រឆាំង បានទទួលការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ពីអ្នកបោះឆ្នោត។ គណបក្សប្រជាជនកម្ពុជា បាននាំមុខគណបក្សប្រឆាំងនៅតាមបណ្ដាខេត្តជាច្រើន ខណៈដែលបក្សសង្គ្រោះជាតិនាំមុខ បក្សប្រជាជនកម្ពុជានៅរាជធានី និងខេត្តទេសចរណ៍ធំៗ ដូចជា រាជធានីភ្នំពេញ និងខេត្តសៀមរាប។
បក្សសង្គ្រោះជាតិ ក៏ដណ្ដើមអាសនៈជាច្រើននៅខេត្តកំពង់ចាម និងបាត់ដំបងដែលជាខេត្តកសិកម្ម និងពាណិជ្ជកម្មដ៏ធំរបស់កម្ពុជាផងដែរ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ប្រាប់ VOA នៅរសៀលថ្ងៃ អង្គារនេះថា អាជ្ញាធរបោះឆ្នោត មិនទទួលបានសេចក្ដីរាយការណ៍អំពីការទិញសន្លឹកឆ្នោតនោះទេ។ ចំណែកឯការធ្វើច្បាប់សម្រាប់គ្រប់គ្រងចំណូលចំណាយរបស់បក្សនយោបាយ លោក ហង្ស ពុទ្ធានិយាយថា ជាសិទ្ធិសម្រេចរបស់ក្រុមអ្នកតំណាងរាស្ត្រ។
«ការបង្កើត ឬមិនបង្កើតនូវច្បាប់ស្ដីពីហិរញ្ញវត្ថុ នយោបាយរបស់គណបក្សនោះ អាស្រ័យទៅលើសភានោះបាទ។ បើសភាលោកអនុម័ត គឺ គ.ជ.ប ជាស្ថាប័នមួយឯករាជ្យនឹងរង់ចាំអនុវត្តតាមច្បាប់បាទ»។
សេចក្ដីថ្លែងការណ៍របស់ Anfrel ក៏បានលើកឡើងពីបរិយាកាសគំរាមកំហែងនៅមុនការបោះឆ្នោតផងដែរ។ Anfrel ឲ្យដឹងថា សេចក្ដីថ្លែងការណ៍របស់អាជ្ញាធរមួយចំនួន ដែលបានធ្វើឡើងមុនថ្ងៃបោះឆ្នោត បានបង្កបរិយាកាសបំភិតបំភ័យ ដែលជះឥទ្ធិពលលើទំនុកចិត្តរបស់អ្នកបោះឆ្នោត ក្នុងការប្រើប្រាស់សិទ្ធិនយោបាយរបស់ខ្លួន។
សេចក្ដីថ្លែងការណ៍ទាំងនោះរួមបញ្ចូល ប៉ុន្តែមិនកំណត់ត្រឹមមតិយោបល់ពីរដ្ឋមន្ត្រីការពារជាតិ ទៀ បាញ់ ដែលព្រមានថា អ្នកតវ៉ាប្រឆាំងនឹងត្រូវវាយបាក់ធ្មេញ អគ្គសេនាធិការរងនៃកងកម្លាំងប្រដាប់អាវុធ ជា តារា ដែលបានប្រកាសថា កងទ័ព នឹងគាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន «ជារៀងរហូត» និងលោកនាយករដ្ឋមន្ត្រីផ្ទាល់ដែលបានបញ្ជាក់ថា គាត់ហ៊ាន «កម្ចាត់មនុស្ស ១០០ ឬ២០០នាក់»ជាដើម៕