ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេបក្ស​ប្រឆាំង​ថ្លែង​ថា ប្រទេស​កម្ពុជា​នឹង​មិន​ជួប​សង្គ្រាមទេ​ បើ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​ខ្លួន​ដឹកនាំ​ប្រទេស


ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ក្នុង​ពិធី​បង្សុកូល​នៅ​ស្តូប​ ក្នុង​សួនច្បារ​វត្តបុទុមវត្តី​ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណកន្ធ​អ្នក​បាត់បង់​ជីវិត​ក្នុង​ការ​វាយ​ប្រហារ​​​ដោយ​ការគប់​គ្រាប់បែក​ឆ្នាំ​១៩៩៧​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​៣០​ ខែ​មីនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ក្នុង​ពិធី​បង្សុកូល​នៅ​ស្តូប​ ក្នុង​សួនច្បារ​វត្តបុទុមវត្តី​ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណកន្ធ​អ្នក​បាត់បង់​ជីវិត​ក្នុង​ការ​វាយ​ប្រហារ​​​ដោយ​ការគប់​គ្រាប់បែក​ឆ្នាំ​១៩៩៧​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​៣០​ ខែ​មីនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

លោក​ កឹម សុខា​ មេដឹកនាំគណបក្សសង្គ្រោះជាតិ​ អះអាងថា​ប្រទេស​កម្ពុជា​នឹង​មិន​ធ្លាក់​ចូលក្នុង​ភ្លើង​សង្គ្រាម​ជាថ្មី​ម្តង​ទៀត​នោះ​ទេ ប្រសិន​បើ​ប្រជា​ពលរដ្ឋ​ខ្មែរ​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​គណបក្ស​ប្រឆាំង​ដឹកនាំប្រទេស​ ជំនួស​គណបក្ស​ប្រជាជន​កម្ពុជា។ តែ​អ្នក​នាំ​ពាក្យ​គណបក្ស​គ្រប់​គ្រង​ប្រទេស​ថ្លែង​ថា​ ភាព​វឹកវ​ក្នុង​សង្គម​នឹង​អាច​កើត​មានឡើង​ ដោយសារ​តែ​គោលនយោបាយ​បែប​រើសអើង​របស់​គណបក្ស​ប្រឆាំង​ ដូចជា​ផែនការ​រឹបអូស​ដីធ្លី​ពី​ក្រុម​អ្នក​មាន​ មក​បែង​ជា​ថ្មី​ នៅ​ពេល​ខ្លួន​ដឹក​នាំ​ប្រទេស​ជាដើម។

មេដឹកនាំគណបក្ស​ប្រឆាំង​ លោក​ កឹម សុខា​ បាន​ប្រាប់​ក្រុម​អ្នកគាំទ្រ​គណបក្ស​នៅ​ខេត្ត​តាកែវ​កាលពី​ថ្ងៃ​អាទិត្យ​ថា​ ប្រទេស​កម្ពុជា​ នឹង​មិន​ជួប​សង្គ្រាម​ នៅពេល​ដែល​គណបក្ស​ប្រឆាំងឈ្នះ​ការ​បោះឆ្នោត​ ដើម្បី​ដឹកនាំប្រទេស​ដោយ​ឈរ​លើ​គោលការណ៍​អហិង្សា។

ការ​ថ្លែង​របស់​លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ដូច្នេះ កើត​មាន​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ប្រកាស​ច្បាស់ៗថា​ បើ​សិនគណបក្ស​របស់​លោក​មិន​បាន​បន្ត​អំណាច​នោះទេ​ សង្គ្រាម​នឹង​ផ្ទុះ​ឡើង។

ទំព័រ​ហ្វេសប៊ុក​របស់​លោក​ កឹម សុខា​ បាន​សេរសេរ​កាលពីថ្ងៃ​ទី​ ២៣​ ខែមេសា​នេះ​ក្នុង​ន័យ​ដើម​ថា៖

«គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ ខ្មែរ​ទាំង​អស់​គ្នា​ជា​អ្នក​ឈ្នះ​ ខ្មែរ​តែ​មួយ​ មិន​គុំកួន​សងសឹក​គ្នា មិន​យក​ខ្មែរ​ណា​ធ្វើ​ជា​សត្រូវ(គ្មាន​សង្គ្រាម)»។

លោក​ កឹម សុខា​ បាន​លើកឡើង​បន្ថែមថា​ គណបក្សសង្គ្រោះជាតិ ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​ដោះ​ស្រាយ​បញ្ហា​ដោយ​អហិង្សា តាម​យន្តការ​ប្រជាធិបតេយ្យ​និង​តាម​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​ ជាមួយ​នឹង​ការ​ប្រកួត​ប្រជែង​គោល​នយោបាយ ដើម្បី​ដឹកនាំ​ប្រទេស​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន តាម​រយៈ​ការ​បោះឆ្នោត​ដោយ សេរី ត្រឹមត្រូវ និង​យុត្តិធម៌។​ លោក​អះអាង​ថា​ ការណ៍​នេះ​នឹង​មិន​បណ្តាល​ឲ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ចូលក្នុង​ភ្លើង​សង្គ្រាម​នោះ​ឡើយ។

ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុមកីឡាករ​ កីឡាការនី​ និង​គ្រូ​បង្វឹកកីឡា​ នៅ​រាជធានី​ភ្នំពេញ​ដែល​បាន​ធ្វើ​ឡើង​ កាលពី​ថ្ងៃ​ទី ២០​ ខែ​មេសា​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​ស្ថិត​ក្នុង​អំណាច​ជាង​បី​ទស្សវត្សរ៍​មក​នោះ​ បាន​និយាយ​ថា​ សន្តិភាព​ និង​ការ​អភិវឌ្ឍ​នឹង​បន្ត​កើត​មាន​ប្រសិន​បើ​គណបក្ស​កាន់​អំណាច​របស់​លោក​បន្តដឹកនាំ​ប្រទេស។ ហើយ​លោក​ព្រមាន​ថា សង្គ្រាម​នឹង​កើត​មាន​ឡើង​ ប្រសិន​បើ​គណបក្សរបស់​លោក​ មិន​ស្ថិត​ក្នុង​អំណាច​ទៀត​នោះ​។

«ឱកាស​សម្រាប់​ការ​រីកចម្រើន​លើ​គ្រប់​វិស័យ​ រាប់​ទាំង​វិស័យ​កីឡា​ ត្រូវ​បាន​បើក​ចំហរ។ ប៉ុន្តែ​តើ​ប្រាកដ​ទេ​ នៅពេល​ដែលគណបក្ស​ប្រជាជន​មិនកាន់​អំណាច​ តើ​ធានា​ប្រាកដ​ថា​ សន្តិភាព​នេះ​ត្រូវ​បាន​ធានា​ឬ​អត់? បើការ​លាបពណ៌​ ការ​ជេរ​ប្រទេច​ ការ​ប្រមាថ​មាក់​ងាយ​ នៅ​តែ​បន្ត​កើត​នៅ​ក្នុងចំណោម​មេដឹកនាំ​ និង​អ្នក​គាំទ្រ​របស់​ពួក​គេ»។

លោក​នាយករដ្ឋមន្ត្រី​បាន​បន្តថា​ ប្រជាពលរដ្ឋ​ខ្មែរ​គួរពិចារណា​ឲ្យ​បាន​ល្អិតល្អន់​ ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​ ថាតើ​ត្រូវបោះឆ្នោត​ដើម្បីរក្សា​សន្តិភាព​ ឬក៏បោះឆ្នោត​ជ្រើស​រើស​យក​សង្គ្រាម។

«នេះ​ជាការ​ដាស់​តឿន​មួយ​ សម្រាប់​ការ​បោះ​ឆ្នោត​នា​ពេល​ខាងមុខ​ តើ​បោះ​ដើម្បី​សន្តិភាព​បន្ត​ឬ​បោះ​ដើម្បី​សង្គ្រាម។ ជ្រើស​រើស​ទៅ​ រវាង​សន្តិភាព​និង​សង្គ្រាម។ បោះ​ឲ្យ​គណបក្ស​ប្រជាជន​ សន្តិ​ភាព នឹង​មាន​បន្ត​ឱកាស​អភិវឌ្ឍន៍​នឹង​មាន​បន្ត»។

ការ​ព្រមាន​អំពី​លទ្ធភាពនៃ​ការផ្ទុះសង្គ្រាម​នៅ​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ ត្រូវ​គេដឹង​បាន​ធ្វើ​ឡើង​ជា​បន្តបន្ទាប់​នៅមុនការបោះឆ្នោត​ឆ្នាំ​២០១៣​ ហើយ​សារ​ព្រមាន​ដដែល​នេះ​ ក៏​ត្រូវ​បាន​លោកនាយក​រដ្ឋ​មន្ត្រី​លើក​ឡើង​ជា​រឿយៗ​ នៅ​ក្រោយការ​បោះឆ្នោត​ ដែលបាន​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​បាត់​បង់​កៅអី​ជាង​២០​កៅអី​នៅ​ក្នុង​រដ្ឋសភា ទៅ​គណបក្ស​ប្រឆាំង។

ក្រុម​អ្នកវិភាគ​និយាយថា​ សារ​នយោបាយដែល​ព្រមាន​អំពី​សង្គ្រាម​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ មិនបាន​ស្ថិត​ក្នុង​ការគិត​របស់​ប្រជាពលរដ្ឋខ្មែរ​ ដែល​ជា​ម្ចាស់​ឆ្នោត​នោះ​ឡើយ​ ព្រោះ​ពួកគេ​យល់ថា​ កម្ពុជា​ពុំ​មាន​កម្លាំង​ទ័ព​ដាច់​ដោយ​ឡែក​ពីកម្លាំង​ទ័ព​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​ ដើម្បី​ធ្វើ​សង្គ្រាម​ក្នុង​ប្រទេស​នោះ​ទេ។

លោក​ មាស​ នី​ អ្នកសិក្សា​ស្រាវជ្រាវ​កិច្ចអភិវឌ្ឍសង្គម​ថ្លែង​ថា សង្គ្រាម​អាច​កើតមាន​ទៅ​បាន​ល្គឹក​ណា​ កម្ពុជា​មាន​កងទ័ព​ ចេញ​ពីភាគី​ផ្សេងៗ​គ្នា​ តែ​រហូត​មក​ដល់​ពេល​នេះ កម្ពុជា​មាន​តែ​កម្លាំង​ទ័ព​តែ​មួយ​ក្រោម​ការ​គ្រប់​គ្រងរបស់​រាជ​រដ្ឋាភិបាល​បច្នុប្បន្ន​ប៉ុណ្ណោះ។ លោក​មាន​ប្រសាសន៍​ប្រាប់​ VOA ថា​ រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ​ ជា​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ចំពោះ​ការ​ទប់​ស្កាត់​មិន​ឲ្យ​សង្គ្រាម​ផ្ទុះឡើង។

«បើ​នៅ​ប្រទេស​គេ​ គឺ​គេ​អាច​ធ្វើ​ការ​ហ្នឹង​ឲ្យ​បាន​មុន​ ដើម្បី​ការពារ​កុំ​ឲ្យ​សង្គ្រាម​ហ្នឹង​វាអាច​ផ្ទុះ​ទៅ​កើត ហើយ​រដ្ឋាភិបាល​ត្រូវ​មាន​តួនាទី​មួយ​ រក្សា​សុវត្ថិភាព​សម្រាប់​ពលរដ្ឋ​ ទោះបី​ជាថ្ងៃ​ក្រោយ​ទៅ​រដ្ឋា​ភិបាល​ហ្នឹង​មិន​បាន​ជាប់​ឆ្នោត​ មាន​អ្នក​ថ្មី​មក​ជាប់​ គឺ​រដ្ឋាភិបាល​ត្រូវ​មាន​តួនាទី​មួយ​រក​វិធីសាស្ត្រ​យ៉ាង​ណា​ដើម្បី​ផ្ទេរ​អំណាច​ហ្នឹង​ដោយ​សន្តិវិធី មិន​មែន​បណ្តោយ​ឲ្យ​សង្គ្រាម​កើតឡើង​ទេ​បាទ»។

លោក​មាស នី​ ថ្លែងបន្ថែមថា​ ការ​ព្រមាន​អំពី​ការ​កើតឡើង​នៃ​សង្គ្រាម​ច្រំដែលៗ​របស់​នាយក​រដ្ឋ​មន្ត្រី​ ទំនង​ជាធ្វើ​ឡើង​ ដោយសារ​រដ្ឋាភិបាល​បាន​មើល​ឃើញ​អំពី​តម្រុយ​នៃ​ការ​កើត​មាន​សង្គ្រាម។ លោក​ថា​ រដ្ឋាភិបាល​អាច​ផ្តើម​ការ​តាមដាន​ ទៅ​លើ​ក្រុម​យោធា​ណា​ ដែល​ប៉ុនប៉ង​បង្ក​សង្គ្រាម​ ដែល​ធ្លាប់​កើត​ឡើង​ក្នុង​ប្រទេស​នា​ពេល​កន្លងមក។​

យ៉ាងណា​ក៏​ដោយ​ លោក សុខ ឥសាន អ្នកនាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​ប្រាប់​VOA កាលពី​ថ្ងៃ​អាទិត្យ​ថា​ ភាពវឹកវ​ក្នុង​សង្គម​កម្ពុជា​ នឹង​កើតឡើង​ ដោយ​ជៀស​មិន​រួច នៅ​ពេល​បក្ស​ប្រឆាំង​ដឹកនាំ​ប្រទេស​ ព្រោះ​គោល​នយោបាយ​គណបក្ស​នេះ​ មាន​ការ​រើសអើង​រវាង អ្នកមាន​និង​អ្នកក្រ។ លោក​បាន​បន្ថែមថា​ ការ​ព្រមាន​អំពី​ការ​កើត​មាន​សង្គ្រាម​របស់​លោក នាយករដ្ឋមន្ត្រី​ គឺ​ផ្តើម​ចេញ​គោល​នយោ​បាយ​ដែល​មាន​ចរឹក​រើសអើង​នេះ។

«កើត​ដែល​គាត់​មានប្រសាសន៍ហ្នឹង​ កើតដោយសារ​គោលនយោបាយ​របស់​ សម រង្ស៊ី​ហ្នឹង​ ហើយ​គណបក្ស​សង្គ្រោះជាតិ​មាន​ដូរ​គោល​នយោបាយ​ណា នៅ​យក​គោលនយោបាយ​របស់​ សម រង្ស៊ី​មក​អនុវត្តន៍​ដដែល​ ដូចខ្ញុំ​ជម្រាប​ខាងដើម​អញ្ចឹង។ ថៅកែ​ចិត្ត​ខ្មៅ​ ឧកញ៉ា​ចិត្ត​ខ្មៅ​ អញ្ចឹង​ទេ​ ពេល​ដែល​អញ​ជាប់​ឆ្នោត​ អញ​ឈ្នះ​ឆ្នោត​ហ្នឹង​ អញ​នឹង​រឹបអូសទ្រព្យ​សម្បត្តិ​របស់​ឯង​ អ្នកមាន​ ទៅ​ចែក​អ្នកក្រ​ណា​មាន​ដី​ច្រើន​ ទៅ​យក​ទៅ​ចែក​អ្នក​អត់​ដី ហើយ​ដី​របស់​គេ​ សុទ្ធ​តែ​កម្មសិទ្ធិ​ សុទ្ធ​តែ​មាន​សំបុត្រ​ស្នាម​ត្រឹម​ត្រូវ​ទៅ​ រឹបអូស​អញ្ចឹង​ សួរ​ថា​គេសុខចិត្ត​ទេ?​ វាមិន​ច្របូកច្របល់​ក្នុង​សង្គម​ហ្នឹង​ហើយ»។

ប្រទេស​កម្ពុជា​ គ្រោង​នឹង​រៀបចំការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​នៅ​ថ្ងៃ​ទី​ ៤ ខែ មិថុនា​ ខាងមុខ​នេះ។​ ហើយ​ ការ​បោះ​ឆ្នោត​ជាតិ​ ត្រូវគេរំពឹងថា​ នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​ ២០១៨។ សហគមន៍អន្តរជាតិ​ ដែល​ជាប្រទេស​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​ កំពុង​តាមដាន​យ៉ាង​ចិត្ត​ទុកដាក់​ចំពោះ​ដំណើរ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ដ៏​សំខាន់​របស់​កម្ពុជា​នា​ពេល​ខាងមុខ​នេះ៕

XS
SM
MD
LG