ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​៩​នាក់​រង​របួស​ពេល​អាជ្ញាធរ​បណ្តេញ​ពលរដ្ឋ​ដែល​តវ៉ា​សុំ​លំនៅដ្ឋាន


ពលរដ្ឋ​នៅ​តំបន់​បូរី​កីឡា មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ផានីមិច (Phanimex) តាំងពី​ឆ្នាំ២០០៧។
ពលរដ្ឋ​នៅ​តំបន់​បូរី​កីឡា មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ផានីមិច (Phanimex) តាំងពី​ឆ្នាំ២០០៧។
មនុស្ស​ចំនួន​ប្រាំ​បួន​នាក់បាន​រង​របួសក្នុង​នោះ​បី​នាក់​របួស​ធ្ងន់​នៅថ្ងៃ​សុក្រ​នេះ ក្នុង​ការបណ្តេញប្រជា​ពល​រដ្ឋនៃ​សហគមន៍​បុរី​កីឡា​ចេញ​ពី​ការប៉ុនប៉ង​ស្នាក់​នៅ​ក្នុង​អគារ​មួយ​ដែល​កំពុង​សាងសង់។ នេះ​បើ​យោង​តាម​ប្រភព​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​និង​តំណាង​ប្រជា​ពលរដ្ឋ​រងគ្រោះ។

សាក្សី​បញ្ជាក់​ថាកង​កម្លាំង​សន្តិសុខ​ដែល​មាន​ឯកសណ្ឋាន​ពណ៌​ទឹក​ប៊ិក​ចាស់​ ពាក់​មួក​ឃ្លុបដែល​បិទ​មុខជិត ​និង​កង​កម្លាំង​ប៉ូលិស​ប្រមាណ​ជា​១០០​នាក់បាន​បាន​បណ្តេញ​ប្រជាពល​រដ្ឋ​ប្រមាណ​ជា​៥០​នាក់​ចេញ​ពី​អគារ​ទី​៩​ដែល​ជា​អគារមួយ​របស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច​ដែល​កំពុង​សាង​សង់​នៅប្លុក​សហគមន៍​បុរី​កីឡា​ដែល​មាន​ទំនាស់​រ៉ាំរ៉ៃ។

ប្រជា​ពលរដ្ឋទាំងនេះអះអាង​ថា​ខ្លួន​តំណាង​ឲ្យ​គ្រួសារ​ចំនួន​៣០​ដែល​មិន​បាន​ទទួលចំណែក​អគារ​ពី​ក្រុមហ៊ុន​ឯកជន​មាន​ឥទ្ធិពល​នេះក្រោយ​ពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។

​ពួក​គាត់​បាន​ឡើងស្នាក់​នៅ​លើ​អគារ​ថ្មី​នេះ​ចំនួន​ពីរថ្ងៃ​មក​ហើយ​ដោយ​សង្ឃឹម​ថា​នឹង​ទទួល​បានចំណែក​ផ្ទះ​សម្រាប់​ការ​រស់​នៅ។

​ក្រុម​កងកម្លាំង​មាន​សមត្ថកិច្ច​និង​កងសន្តិសុខ​បានរុញ​ច្រានក្រុម​អ្នក​ភូមិ​ទាំង​នេះ​ក្រោយ​ពី​ជូន​ដំណឹង​ឲ្យ​ពួក​គេ​ចាក​ចេញ​ពី​អគារ​កាល​ពីល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ដោយ​សំអាង​ថា​ការ​ស្នាក់​នៅ​នេះ​ជា​អំពើ​ខុស​ច្បាប់។ការ​បណ្តេញ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​យ៉ាង​ហិង្សា​មួយ​ឈុត។
​អ្នកស្រី​ស ស៊ន ​តំណាង​ម្នាក់​នៅ​សហគមន៍​បុរី​កីឡា​អធិប្បាយ​ក្រោយ​ពី​ការ​ប៉ះ​ទង្គិច​ថា៖

«មកដល់​ចាប់វាយ ​ចាប់​សែង ​វាយ​គ្រប់​គ្នា​ចឹងទៅ»។

​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​រងរបួស​ធ្ងន់​ទាំង​បីនាក់​មាន​ស្ត្រីមាន​ផ្ទៃ​ពោះ​ម្នាក់។

អ្នកស្រី​បន្ថែមថា​ការ​ប៉ុន​ប៉ង​ស្នាក់​នៅ​លើ​អគារ​នេះ​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ផ្តល់​ជំរក​សម្រាប់​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​បណ្តេញ​ចេញ​ដោយ​មិន​មាន​ដំណោះ​ ស្រាយ។

«យើង​នៅ​នេះ​ដើម្បី​រក​ដំណោះ​ស្រាយ​ឲ្យ​ក្រុម​ហ៊ុន​សង់​ដប់​អគារ​ឲ្យ​ពួក​យើង​ជាង​១០០​គ្រួសារដែល​មិន​ទាន់​បាន​ទី​ជម្រក​ហ្នឹង។​ប៉ុន្តែ​អជ្ញា​ធរ​ជូន​ដំណឹង​នេះ​ថា​យើង​ខុស​ច្បាប់​តែ​ប្រជា​ពលរដ្ឋ​ថា​អត់​ខុស​ច្បាប់​ទេ​ពី​ព្រោះ​ជា​កិច្ច​សន្យា​រវាង​រដ្ឋា​ភិបាល​ជាមួយ​ក្រុម​ហ៊ុន​ដើម្បី​សាងសង់​ដប់​អគារ។បើ​គាត់​ថា​ខុស​ច្បាប់​ចឹង​រដ្ឋា​ភិបាល​ខុស​ច្បាប់​ដែរ​ពី​ព្រោះ​អភិវឌ្ឍន៍​នេះ​មិន​ព្រម​ព្រៀង​តាម​កិច្ច​សន្យា​ផង​ហ្នឹង»។

​ទំនាស់​ដី​ធ្លី​រវាង​ក្រុម​ហ៊ុន​ផាន​អ៊ីម៉ិច​ជាមួយ​ក្រុម​ប្រជា​ពលរដ្ឋ​នៃ​សហគមន៍​បុរី​កីឡា​កើត​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​២០០៧​មក​ម្ល៉េះ។​ក្រុមហ៊ុន​ដ៏​មាន​ឥទ្ធិ​ពល​នេះ​សន្យា​សង់​អគារ​ចំនួន​១០​សម្រាប់​ចែក​ជូន​ប្រជា​ពល​រដ្ឋក្រី​ក្រ​ជាង​១.៧០០​គ្រួសារ​ប៉ុន្តែ​ក្រោយ​មក​ក្រុម​ហ៊ុន​នេះ​បាន​សង់អគារ​ត្រឹម​តែ​៨​ប៉ុណ្ណោះ​ហើយ​ប្រជា​ពល​រដ្ឋ​មួយ​ចំនួនមិន​បាន​ទទួល​ចំណែក​ផ្ទះ​នោះទេ។

លុះដល់​ខែ​មករា​ឆ្នាំ​២០១២អាជ្ញាធរ​បាន​បណ្តេញប្រជា​ពលរដ្ឋ​ដែល​នៅ​សេស​សល់​ចុង​ក្រោយ​គេ​នេះ​ដោយ​បង្ខំ​ដោយ​ឈូស​រំលំ​ទីជម្រក​របស់​ពួកគេ។​ពលរដ្ឋ​មួយ​ចំនួន​ត្រូវ​បញ្ជូន​ឲ្យ​ទៅរស់​នៅ​នៅ​ទួល​សំបូរ​ជាយ​ទីក្រុង​ភ្នំពេញ​និង​នៅ​ភ្នំបាត ​ខេត្ត​កំពង់ស្ពឺ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៥០​គីឡូម៉ែត្រ​ខាង​លិច​ក្រុងភ្នំពេញ។​រីឯ​មួយ​ចំនួន​ទៀត​កំពុង​សង់​ខ្ទម​តូចៗ​រស់​ក្នុង​កន្លៀត​អគារ​របស់​ក្រុម​ហ៊ុន​ផានអ៊ី​ម៉ិច។

​លោកអំ សំអាត ​ប្រធាន​គ្រប់​គ្រង​ផ្នែក​បច្ចេក​ទេស​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​ថ្កោល​ទោស​អំពើ​ហិង្សា​កាល​ពីព្រឹក​ថ្ងៃ​សុក្រ​នេះ។

«វិធី​នៃ​ការ​បង្រ្កាប​ជា​ពិសេស​ការ​ប្រើប្រាស់​កម្លាំង​សន្តិសុខ​ជា​វប្បធម៌​នៃ​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ជា​ហូរហែរ។​ មិន​អាច​បញ្ចប់​បញ្ហា​ដែល​កើត​ឡើង​ទាំង​ឡាយ»។

លោកឡុង ឌីម៉ង់ ​អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ចាត់​ទុក​ថាប្រជា​ពលរដ្ឋ​បាន​តាំង​លំនៅ​ខុស​ច្បាប់​លើ​អគារ​របស់​ក្រុមហ៊ុនឯកជន។​ លោក​ចាត់ទុក​ថា​អំពើ​ហិង្សា​ដែល​បាន​កើត​ឡើង​មិនធ្ងន់​ធ្ងរ​នោះ​ទេ។

«នេះ​ជាការ​តាំង​លំនៅ​ខុសច្បាប់​ហើយ។ យើង​អាច​ចាត់​ទុក​ថា​គឺ​ជា​ការ​រំលោភ​ទៅ​លើ​កម្មសិទ្ធិ​ស្រប​ច្បាប់​ឯកជន។​គេ​ជាម្ចាស់​កម្មសិទ្ធិ​គេ​អាច​ប្តឹង​យើង​បាន។ យើង​មិន​ចង់​ឲ្យ​មាន​ការប៉ះពាល់​ដល់​អ្នក​សហគមន៍​ទេ​ទើប​យើង​ប្រាប់​ថា​ឲ្យ​គាត់​រុះរើ។ ​ព្រឹក​មិញ​មានការ​ប្រទូសរាយគ្នា​តែ​មិន​ធ្ងន់ធ្ងរទេ»។

​ការ​បណ្តេញ​ចេញ​ប្រជាពល​រដ្ឋ​ដោយ​បង្ខំ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​បន្សល់​ទុក​នូវ​បញ្ហា​ជាច្រើន​ដែល​ដោះ​ស្រាយ​រាប់​ឆ្នាំ​មិនទាន់ចប់​នៅឡើយ។​

យោង​តាម​របាយការណ៍​នានា​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​បង្ហាញ​ថា​មាន​ប្រជាពលរដ្ឋ​យ៉ាងហោច​ណាស់​ចំនួន​១៥០.០០០​នាក់​បានទទួល​រង​ការបណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ​ក្នុងរយៈ​ពេល​២០​ឆ្នាំ​ចុងក្រោយ​នេះ​ដោយសារ​តែ​ការអភិវឌ្ឍ​ក្រុងភ្នំពេញ៕
XS
SM
MD
LG