ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បក្ស​ប្រឆាំង​គ្រោងហៅ​លោក​ហោ ណាំហុង​ និង​លោក​វ៉ា គឹមហុង​មក​ពន្យល់​ពី​បញ្ហា​ព្រំដែន


នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung កាន់រូបសំណាក​តំណាង​ឲ្យ​ដែន​កំណត់​ព្រំដែន​រវាង​ខេត្ត​កំពត​នៃ​ប្រទេស​កម្ពុជា និង​ខេត្ត Kien Giang នៃ​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃទី២៤ ខែ​មិថុនា ឆ្នាំ២០១២។

ក្រុមតំណាង​រាស្រ្តនៃ​គណបក្ស​ប្រឆាំង​ នឹង​ស្នើឲ្យមន្ត្រីរដ្ឋាភិបាល​ពីររូបដាក់​បង្ហាញ​ជា​សា​ធារណៈ​នូវ​ផែន​ទី​ប្រទេសកម្ពុជា​ ​ដែល​ដម្កល់​ទុក​នៅ​ក្នុង​អង្គការ​សហ​ប្រជា​ជាតិ​ ដើម្បី​ការពារ​លំនៅ​ដ្ឋាន​ និង​ដី​ស្រែ​ចំការ​របស់​ពលរដ្ឋ​កម្ពុជា​ ដែល​រស់នៅ​តាម​ខ្សែ​ក្រវាត់​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​ និង​វៀត​ណាម​ នៅមុន​ពេល​ធ្វើការ​កោះ​ហៅ​មន្រ្តី​ពីររូប​នេះ​មកបំភ្លឺ​នៅ​រដ្ឋសភា​ជាតិ​។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុម​តំណាង​រាស្រ្ត​នៃ​គណ​បក្ស​សង្រ្គោះ​ជាតិ​នៅ​ថ្ងៃ​ច័ន្ទនេះ។​

ការស្នើ​ឲ្យ​បង្ហាញ​ផែនទី​របស់​ប្រទេស​កម្ពុជា​ និង​ការ​ត្រៀម​កោះហៅ​សមាជិក​រដ្ឋាភិបាល​ ដើម្បី​បំភ្លឺ​ពី​បញ្ហា​ព្រំដែន​នេះ​ គឺ​ធ្វើឡើង​នៅ​ក្រោយ​ពេល​ដែល​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការ​គណៈរដ្ឋមន្រ្តី​បង្ហោះវីដេអូ​ក្លីប ​ដែល​មាន​រយៈពេល​ជិត​មួយ​ម៉ោង​កាល​ពី​ចុង​សប្តាហ៍​មុន ​បង្ហាញ​លោក​រដ្ឋមន្ត្រី​ការបរទេស​ ហោ​ ណាំហុង និង​លោក​ វ៉ា​ គឹមហុង​ ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា​ថ្លែង​ការពារ​ជំហរ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​កំណត់​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម​ក្នុង​ខេត្ត​ត្បូងឃ្មុំដោយ​ឈរ​លើ​ផែនទី១/១០០.០០០ដែល​បាន​ដម្កល់​ទុក​នៅ​អង្គការ​សហប្រជាជាតិ​ បន្ទាប់​ពី​ប្រទេស​កម្ពុជា​បាន​ឯករាជ្យ​ពី​អាណានិគម​និយម​បារំាង​ឆ្នាំ១៩៥៣។

លោក​ ម៉ៅ មុនីវណ្ណ​ តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​មណ្ឌល​ខេត្ត​កំពង់ចាម​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ខេមរភាសាថា​ លោក​ត្រៀម​នឹង​ដាក់​សំណើ​ឲ្យ​មាន​ការ​បង្ហាញ​ផែនទី​កម្ពុជា​ជា​សាធារណៈ​នៅ​ក្នុង​សប្តាហ៍ បន្ទាប់​ពី​សមាជិក​រដ្ឋាភិបាល​ទាំងពីរ​គឺ​លោក ហោ ណាំហុង​ និង​លោក វ៉ា គឹមហុង មាន​ប្រតិកម្ម​លើ​ភាព​ចម្រូងចម្រាស់​នៃ​បញ្ហា​ព្រំដែន​នៅក្នុង​ឃុំ​ជាំ ​ខេត្តត្បូងឃ្មុំ ដែល​បាន​កើត​ឡើង​នាពេល​ថ្មីៗ​នេះ និងការ​ចោទ​ប្រកាន់​ថា​ មាន​ការ​រុល​ចូល​ទឹកដី​កម្ពុជា​ពី​ខាង​ភាគី​វៀតណាម​នៅ​ខេត្តកំពត​។​

​លោក​មាន​ប្រសាសន៍​ថា៖ «យើង​មិន​ទាន់​ មិន​ទាន់​កោះ​ហៅ​ទេ​ ដោយ​សារ​ថា​តែ​គាត់​បក​ស្រាយ​បែប​នេះ​ យើង​ធ្វើ​លិខិត​សិន យើង​ធ្វើ​លិខិត​មួយទៀត​ ដើម្បី​សុំ​ឲ្យ​គាត់​បង្ហាញ​ផែនទី​ជា​សាធាណៈ​ ហើយ​និង​បង្ហាញ​អំពី​នីតិ​វិធី​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ហ្នឹង​មក​ជូន​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​អស់គ្នា ព្រោះ​លោក​គាត់​អះ​អាង​ច្បាស់​ណាស់​ គាត់​ថា​ទាក់ទង​ទៅ​នឹង​បញ្ហា​បូរណភាព​ទឹកដី​នេះ​ វា​មិន​មែន​រឿង​របស់​គណបក្ស​ណា​មួយ ក៏​មិន​មែន​រឿង​របស់​ខ្មែរ​ណា​តែ​ម្នាក់​ឯង​ដែរ គឺជា​រឿង​របស់​ខ្មែរ​ទាំង​អស់​គ្នា​ ដូច្នេះ​ត្រូវតែ​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដឹង​ឮ​ទាំង​អស់​គ្នា អត់​មាន​រឿង​អ្វីដែល​លាក់​អាថ៌កំបាំង​នោះ​ទេ»។​

នៅ​ក្នុង​វីដេអូ​ក្លីប​របស់​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស លោក​ ហោ ណាំហុង​ ដែល​អម​ដោយ​មន្ត្រី​រដ្ឋាភិបាល​បីរូប​ផ្សេង​ទៀត​ក្នុង​កិច្ច​ពិភាក្សា​តុមូល​មួយ​នោះ​ បាន​បកស្រាយ​ពី​ការ​ចោទ​ប្រកាន់​របស់​អ្នក​តំណាង​រាស្រ្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ពី​ភាព​មិន​ច្បាស់​លាស់​ទាក់​ទង​នឹង​ការ​កំណត់​ព្រំប្រទល់​រវាង​ប្រទេស​កម្ពុជា​ និង​វៀត​ណាមនៅ​ក្នុង​ឃុំជាំ​ ស្រុក​មេមត់​ ខេត្តត្បូង​ឃ្មុំ។

លោក​លើក​ឡើង​ដូច្នេះថា‍៖​«គណៈកម្មការ​ព្រំដែន​កម្ពុជា​វៀតណាម​បាន​បោះ​បង្គោល​ព្រំ​ដែន ​ហើយ​នៅ​ស្រុក​មេមត់​នេះ​គឺ​បង្គោល​ព្រំដែន​៩៤​ និង៩៥​ ដោយ​ឃើញ​ប្រជាជន​យើង​នៅ​តំបន់​នោះ​ធ្វើ​ស្រែ​ចំការ​ចំនួន​១០០ហិកតា​ ក្រៅពី​ខ្សែ​បន្ទាត់​ព្រំដែន​ស្រប​តាម​ផែន​ទី១/១០០.០០០នេះ​ ក៏​ឯកឧត្តម​ទេសរដ្ឋ​មន្រ្តី​ វ៉ា គឹមហុង​ ពិភាក្សា​ចរចាជាមួយ​វៀតណាម​ទុក​ឲ្យ​ប្រជាជន​យើង​ធ្វើ​ស្រែ​ចំការ​នៅ​១០០​ហិកតា​នេះ​ ក្រៅ​ពី​ខ្សែ​បន្ទាត់​ព្រំដែន​១/១០០.០០០នេះ។ ក៏ប៉ុន្តែ​នៅពេល​ថ្មីៗ​ ឯកឧត្តម​ទេសរដ្ឋ​មន្ត្រី​នឹង​បញ្ជាក់តាម​ក្រោយ​ ប្រជាជន​យើង​បាន​ទៅ​ដាំ​ដំណាំ​ធើ្វ​ស្រែ​ហួស​ពី១០០ហិកតា​នេះ​ ចូល​ទៅ​ក្នុង​ដី​វៀត​ណាម​ចំនួន​១៦,៦ហិកតា​»។​

លោក​រដ្ឋមន្ត្រី​សង្កត់​ធ្ងន់ថា​៖ «បញ្ហា​នេះ​ខ្ញុំ​បាន​ឆ្លើយ​ទៅ​ឯកឧត្តម​តំណាង​រាស្រ្ត និង​សមា​ជិក​ព្រឹទ្ធសភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាងច្បាស់​លាស់​យ៉ាង​ដូច្នេះ​ហើយ​។ ក៏ប៉ុន្តែ​បើ​សិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​នូវ​វប្បធម៌​សន្ទនា​ ក្រោយ​ពេល​ដែល​ទទួល​លិខិត​របស់​ខ្ញុំ​ ហើយ​មិនយល់​ស្រប ​ឬ​មាន​ការ​សង្ស័យ​កន្លែង​ណា​មកសួរ​ខ្ញុំ ​ឬសួរ​ឯកឧត្តម​ វ៉ា គឹមហុង​ យើង​ខ្ញុំ​នឹង​ពន្យល់​ច្បាស់លាស់​ថែម​ទៀត​ដោយ​មាន​ផែនទី​បញ្ជាក់​ ជា​ជាង​ដើរ​ញុះញង់​នៅមូល​ដ្ឋាន​ ជាមួយ​ជនខ្លះ​លើ​បញ្ហា​នេះ»។

ការ​ឆ្លើយ​បំភ្លឺ​របស់​លោក​រដ្ឋមន្រ្តី​ការបទេស​ ហោ ណាំហុង គឺ​ត្រូវបាន​ធ្វើឡើង​ផង​ដែរ​បន្ទាប់​ពីការ​ចោទប្រកាន់​ពី​តំណាង​រាស្រ្ត​នៃ​គណបក្ស​សង្គ្រោះជាតិ​ពីររូប​គឺ​លោក ម៉ៅ មុន្នីវណ្ណ តំណាង​រាស្រ្ត​មណ្ឌល​កំពង់​ចាម​ ដែល​ថា​រដ្ឋាភិបាល​កម្ពុជា​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀត​ណាម ​ដោយ​ផ្អែក​លើ​សន្ធិសញ្ញា​បន្ថែម ​ដែល​អនុម័ត​ដោយ​សភាជាតិ​កម្ពុជា​នៅ​ឆ្នាំ​២០០៥ បាន​ធ្វើ​ឲ្យ​កម្ពុជា​បាត់​ដី​ចូល​ទៅ​ក្នុង​ប្រទេស​វៀតណាម ខណៈពេល​ដែល​លោក អ៊ុំ សំអាន​ អ្នក​តំណាងរាស្រ្ត​មណ្ឌល​សៀមរាប​ចោទ​ថា​វៀតណាម​បាន​បង្ខិត​ព្រំ​ប្រទល់​ចូល​ទឹក​ដី​កម្ពុជា​ប្រមាណ​មួយ​គីឡូម៉ែត្រ​នៅ​ច្រក​ទាន់​ហន់​ក្នុង​ខេត្ត​កំពត។​

លោក​ អ៊ុំ​ សំអាន​ អ្នក​តំណាង​រាស្រ្ត​មណ្ឌល​សៀម​រាប​ បាន​ឲ្យ​ដឹង​ថា​លោក​នឹង​ពិភាក្សា​ជាមួយ​តំណាង​រាស្រ្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត​ ដើម្បី​កោះហៅ​សមាជិក​រដ្ឋាភិបាល​ទាំងពីរ ​ ទាក់ទង​ការរុល​ចូល​មក​ទឹកដី​កម្ពុជា​ប្រមាណ​មួយ​គីឡូម៉ែត្រ​ដោយ​ភាគីវៀត​ណាម​ នៅ​ច្រក​ព្រំដែន​ទាន់​ហន់​ក្នុង​ស្រុក​កំពង់​ត្រាច ​ខេត្ត​កំពត នៅ​ពេល​ទ័ព​វៀតណាម​ចូល​មក​កម្ពុជា​នៅ​ឆ្នាំ​១៩៧៩​។​

លោក​និយាយ​ថា៖ «យើង​នឹង​ធ្វើ​ឆាប់ៗ​ហ្នឹង​ដែរ​ ប៉ុន្តែ​យើង​ត្រូវ​ការ​ពិភាក្សា​ជាមួយ​អ្នក​តំណាង​រាស្រ្ត​ដទៃទៀត ​ដើម្បី​ឲ្យ​កិច្ចការ​បាន​ច្រើន​។ អាច​ក្នុង​ប្រហែល​ជា​ដល់​ដើម​ខែ​ក្រោយ»។​

នៅ​ក្នុង​វីដេអូ​ក្លីប​របស់​អង្គភាព​ព័ត៌មាន ​និង​ប្រតិកម្ម​រហ័ស​ដដែល​នោះ​ លោក វ៉ា គឹមហុង​ ដែល​អង្គុយ​កៀក​នឹង​លោក​ ហោ ណាំហុង បាន​បដិសេធ​ចោល​ផង​ដែរ​ចំពោះ​ការ​ចោទប្រកាន់​របស់​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​គឺលោក​ អ៊ុំ សំអាន​ ដែល​ចោទ​ថា​វៀតណាម​បាន​បង្ខិត​ចូល​ទឹកដី​កម្ពុជា​ប្រមាណ​មួយ​គីឡូម៉ែត្រ​ នៅច្រក​ទាន់ហន់​ខេត្ត​កំពត។​

«យើង​ខ្ញុំ​ចង់​បញ្ជាក់​ ថា​សុំ​ឲ្យ​ឯកឧត្តម​តំណាង​រាស្រ្ត​ អ៊ុំ សំអាន​ ហ្នឹង​សូម​បញ្ឈប់​ឃោសនា​អកុសល​របៀប​នេះ​ទៅ​ បើ​ថា​គាត់​យល់​ផែនទី​ទេ គាត់​មិន​ស្គាល់​ផែនទី​ទេ​ ឬ​គាត់​មិនមាន​ផែន​ទី​ផ្លូវ​ការ​ទេ ​សុំ​ឲ្យ​គាត់​មក​យក​ផែនទី​ពី​យើង​ គណៈកម្មការ​ព្រំដែន​យើង​អត់​មាន​កំណាញ់​នឹង​ពន្យល់​គាត់​ទេ»។

ទោះបី​ជា​មាន​ការ​ស្នើ​ឲ្យ​បញ្ឈប់​និយាយ​ពី​ច្រក​ទាន់​ហន់​នេះ​ លោក​ អ៊ុំ សំអាន​ ឲ្យដឹង​ទៀត​ថា​ លោក​ប្រកាន់​ជំហរ​មិន​រាថយ​នោះ​ទេ​ ដោយ​លោក​អះអាង​ថា៖ «យើងខ្ញុំ​នៅប្រកាន់​ជំហរ​អញ្ចឹង​ហើយ ​ព្រោះ​អាហ្នឹង​វាជា​រឿង​ពិត​។​ បាត់ដី​ទៅ​ខាង​ប្រទេសយួន​នោះ ​វា​រឿង​ពិត​យួន​ចូល​មក​មែន»៕

XS
SM
MD
LG