ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង ធ្វើ​មហា​បាតុកម្ម​ដើម្បី​អំពាវនាវ​ឲ្យ​ប្រទេស​ក្រៅ​ដាក់​សំពាធ​លើ​រដ្ឋាភិបាល​ខ្មែរ


អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ផ្តុំគ្នា​ហើយគ្រវី​ទង់ជាតិ​​ក្នុង​ពេល​ពួក​គេ​តវ៉ា​នៅ​ក្នុង​​សួន​ប្រជាធិបតេយ្យ នៅ​រាជធានី​ភ្នំពេញ។​
អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ផ្តុំគ្នា​ហើយគ្រវី​ទង់ជាតិ​​ក្នុង​ពេល​ពួក​គេ​តវ៉ា​នៅ​ក្នុង​​សួន​ប្រជាធិបតេយ្យ នៅ​រាជធានី​ភ្នំពេញ។​
ភ្នំពេញ៖ បាតុករ​រាប់​ម៉ឺន​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​រាជធានី​ភ្នំពេញ​នៅ​សប្តាហ៍​នេះ ដើម្បី​អំពាវនាវ​ឲ្យ​មាន​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​មួយ​ទៅ​លើ​លទ្ធផល​បោះឆ្នោត​ដែល​ត្រូវ​បាន​គេ​ចោទ​ថា​មាន​ការលួច​បន្លំ ហើយ​អំពាវនាវ​ឲ្យ​សហរដ្ឋ​អាមេរិក ប្រទេស​អង់គ្លេស និង​បណ្តា​ប្រទេស​ដទៃ​ទៀត ធ្វើ​អន្តរាគមន៍​ក្នុង​បញ្ហា​គាំង​ស្ទះ​នយោបាយ​ក្រោយ​ការបោះឆ្នោត​នៅ​ប្រទេស​កម្ពុជា។ បាតុករ ដែល​មក​រាជធានី​ភ្នំពេញ​នេះ គឺ​មក​ពី​គ្រប់​ខេត្ត​ក្រុង​ទាំងអស់។

មហា​បាតុកម្ម​រយៈពេល​បី​ថ្ងៃ ដែល​ធ្វើ​ឡើង​នៅ​សួន​ប្រជាធិបតេយ្យ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​កម្ពុជា ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា CNRP។

បាតុករ ចង់​ឲ្យ​មាន​ការស៊ើបអង្កេត​ឯករាជ្យ​មួយ ទៅ​លើ​លទ្ធផល​បោះឆ្នោត​ដែល​បាន​ធ្វើ​ឡើង​នៅ​ខែកក្កដា​កន្លង​ទៅ​នេះ ហើយ​ពួកគេ​បន្ត​សង្កត់ធ្ងន់​ទៅ​លើ​ការប្រឆាំង​របស់ពួកគេ​ចំពោះ​រដ្ឋាភិបាល​ដែល​ទើប​បាន​បង្កើត​ថ្មី​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដែល​ពួកគេ​នៅតែ​ចោទ​ថា ជា​រដ្ឋាភិបាល​ខុស​ច្បាប់។

កាលពី​ថ្ងៃពុធ​ដែល​ជា​ថ្ងៃទី១​នៃ​ការតវ៉ា មាន​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​ ១០,០០០ នាក់ បាន​ដើរ​ដង្ហែ​ញត្តិ​ដែល​ទាមទារ​ឲ្យ​មាន​ការស៊ើបអង្កេត​ជាថ្មី​ទៀត ដែល​មាន​ស្នាម​ផ្តិត​មេដៃ​របស់​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង ២ លាន​នាក់ ទៅ​ការិយាល័យ​អង្គការ​សហ​ប្រជា​ជាតិ​នៅ​ទីក្រុង​ភ្នំពេញ។

នៅ​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ​នេះ ប្រជា​ពលរដ្ឋ​រាប់​ពាន់​នាក់​បាន​ដើរ​ដង្ហែរ​ទៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស ដើម្បី​ដាក់​សំបុត្រ​ស្នើ​ឲ្យ​ប្រទេស​ទាំង​នោះ ធ្វើ​អន្តរាគមន៍​ក្នុង​ការដោះស្រាយ​ការជាប់​គាំង​នយោបាយ​នៅ​ប្រទេស​កម្ពុជា។

បាតុករ រួន សម្បត្តិ ជា​កសិករ​វ័យ​៦៧​ឆ្នាំ បាន​ថ្លែង​ថា អ្វី​ដែល​លោក​ព្រួយ​បារម្ភ​នោះ គឺ​គណបក្ស​គ្រប់គ្រង​អំណាច​របស់​លោក ហ៊ុន សែន គឺ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បំភ្លៃ​លទ្ធផល​បោះឆ្នោត។ លោក​ចង់​ឲ្យ​អង្គការ​សហ​ប្រជាជាតិ និង​ប្រទេស​នានា​ដូចជា​សហរដ្ឋ​អាមេរិក ជំរុញ​ឲ្យ​មាន​ការស៊ើប​អង្កេត​មួយ។

«នេះ គឺ​ជា​បញ្ចេញ​ឆន្ទៈ​របស់​រាស្រ្ត​ខ្មែរ​ជា​ម្ចាស់​ឆ្នោត ដែល​លោក​បាន​សម្រេច​ចិត្ត​ចង់​ប្តូរ​អ្នកដឹកនាំ​ថ្មី ហើយ​តែ​វា​ក្លាយ​ទៅ​ជា​អ្នក​ដែល​ចាញ់​ហ្នឹង នៅតែ​កាន់​អំណាច​តទៅ​ទៀត»។

នៅក្នុង​ការបោះឆ្នោត​នៅ​ខែកក្កដា​កន្លង​ទៅ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​កៅអី​ ៦៨ អាសនៈ​នៅ​ក្នុង​សភា​ដែល​មាន ១២៣ អាសនៈ គ្រា​ដែល​គណបក្ស​ប្រឆាំង​វិញ បាន​ទទួល​បាន​អាសនៈ​ជិត​ទ្វេដង​នឹង​លើ​កមុន គឺ ៥៥ អាសនៈ។ ក៏ប៉ុន្តែ ទោះជា​ដូច្នេះ​ក៏ដោយ គណបក្ស​ប្រឆាំង​ បាន​បដិសេធ​មិន​ព្រម​ទទួល​យក​កៅអី​របស់​ខ្លួន​នៅក្នុង​សភា​នោះ​ទេ ដោយសារតែ​ខ្លួន​បាន​ចោទ​ថា លទ្ធផល​នៃ​ការបោះឆ្នោត​នោះ មាន​ការលួច​បន្លំ។ ចំណែក​ឯ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ នៅតែ​អះអាង​ថា ខ្លួន​បាន​ឈ្នះ​ឆ្នោត​នេះ ដោយ​ភាពត្រឹមត្រូវ​ ហើយ​បាន​ច្រាន​ចោល​ការអំពាវនាវ​ឲ្យ​មាន​ការចូល​ពាក់ព័ន្ធ​ពី​សំណាក់​បរទេស។

សហរដ្ឋ​អាមេរិក និង​បណ្តា​បស្ចិម​ប្រទេស​ដទៃ​ទៀត បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំងពីរ​ដោះស្រាយ​តាម​រយៈ​កិច្ចសន្ទនា​ដោយ​សន្តិវិធី ក៏ប៉ុន្តែ ប្រទេស​ទាំងនេះ មិន​ទាន់​ចេញ​មុខ​គាំទ្រ​ភាគី​ណា​មួយ​ជា​សាធារណៈ​នៅ​ឡើយ​ទេ នៅ​ក្នុង​ជម្លោះ​រឿង​បោះឆ្នោត​នេះ។​ ​

បាតុករ គីម សាន ដែល​មាន​វ័យ​ប្រមាណ​ជា​៦០​ឆ្នាំ បាន​ថ្លែង​ថា អ្នកស្រី​និង​កូន​ទាំង​៤​របស់​អ្នកស្រី មិន​អាច​បោះឆ្នោត​បាន​ឡើយ ក្រោយពី​ឈ្មោះ​របស់​ខ្លួន​ត្រូវ​បាន​គេ​ដក​ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត។ នេះ ជា​ការត្អូញត្អែរ​ដែល​កើត​មាន​ច្រើន​នៅ​ក្នុង​ការបោះឆ្នោត​នេះ។

បុរស​ម្នាក់​មក​ពី​ខេត្ត​កំពង់ស្ពឺ ដែល​ជា​ខេត្ត​ស្ថិត​នៅ​កណ្តាល​ប្រទេស​កម្ពុជា បាន​និយាយ​ថា លោក​បាន​បាត់បង់​ដី​របស់​លោក ទៅ​លើ​គ្រួសារ​ដែល​មាន​ខ្នង​បង្អែក​ធំ ហើយ​តុលាការ​បាន​កាត់​ឲ្យ​លោក​ចាញ់ក្តី។ លោក​ថ្លែង​ថា ប្រទេស​ជាតិ​ត្រូវការ​ មេដឹកនាំ​ដែល​ប្រជា​ពលរដ្ឋ​អាច​ទុក​ចិត្ត​បាន។

«ចង់​បាន​រដ្ឋមន្រ្តី​ដែល​ជួយ​រាស្រ្ត អព្យាក្រិត្យ​ហើយ​មិន​ប្រកាន់​បក្ស​ពួក មិន​ប្រកាន់​ឧកញ៉ា ចង់​ឲ្យ​មាន​រដ្ឋាភិបាល​ជួយ ហើយ​តុលាការ​មាន​យុត្តិធម៌ ហើយ​ខ្ញុំ​មក​នេះ គឺ​មក​ដើម្បី​ឆន្ទៈ​របស់​ខ្ញុំ ខ្ញុំ​រក​សន្លឹក​ឆ្នោត​ខ្ញុំ។ ខ្ញុំ​បាន​បោះឆ្នោត​ឲ្យ​ឯកឧត្តម កឹម សុខា តែ​គណបក្ស​ប្រជាជន​បាន​យក ខ្ញុំ​មិន​សុខ​ចិត្ត​ទេ ប្លន់​ឆន្ទៈ​របស់ខ្ញុំ។ ខ្ញុំ​ទាមទារ​រក​យុត្តិធម៌​វិញ»។

បាតុករ​ជាច្រើន​ដែល​ចូលរួម​នៅ​ក្នុង​មហា​បាតុកម្ម​នេះ បាន​និយាយ​ថា ពួកគេ​មិន​អាច​ទ្រាំ​នឹង​ការគ្រប់គ្រង​អំណាច​ដ៏​យូរ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន តទៅ​ទៀត​បាន​ទេ។ គ្រាដែល គេ​រំពឹង​ថា មាន​ការគិត​ដូច្នេះ នៅ​ក្នុង​មហា​បាតុកម្ម​នេះ ការបញ្ចេញ​មតិ​ដូច​នេះ​ជា​សាធារណៈ គឺ​ជា​រឿង​មួយ​ដែល​សូម្បី​តែ​ការគិត​ក៏​គ្មាន​ឡើយ​កាលពី​៥​ឆ្នាំ​មុន។ ឥឡូវ​នេះ នេះ​ជា​ការគិត​រួម​មួយ។

អាន ឆយ អាយុ ៥៨​ឆ្នាំ បាន​ធ្វើ​ដំណើរ​ពី​ខេត្ត​មណ្ឌលគីរី ដែល​ស្ថិត​នៅ​ភាគ​ឦសាន​នៃ​ប្រទេស។ លោក​ថ្លែង​ថា ខេត្ត​របស់​លោក​ធ្លាប់​មាន​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​ដូច​ជា មាស​ជាដើម។ តែ ឥឡូវនេះ ធនធាន​ធម្មជាតិ​ទាំងនេះ លែង​មាន​ទៀត​ហើយ។

«រ៉ែ​មាស​និង​ព្រៃឈើ​ហ្នឹង គឺ​ខ្ទិចខ្ទី​អស់​ហើយ រ៉ែ​មាស​នៅ​ក្នុង​ខេត្តមណ្ឌលគីរី​នៅ​ក្នុង​ស្រុក​កែវសីមា មាន​មួយ​កន្លែង​ហ្នឹង គឺ​រលាយ​អស់​ហើយ»។

ប្រជា​ពលរដ្ឋ​ដូចជា លោក អាន ឆយ លោក​ រួន សម្បត្តិ និង​អ្នកស្រី​ គីម សាន ជាដើម គឺ​ជា​កសិករ ដែល​ស្ថិត​ក្នុង​វ័យ ៥០ និង​៦០​ឆ្នាំ ហើយ​ពួកគេ​ធ្លាប់​ជា​អ្នកគាំទ្រ​គណបក្ស​កាន់​អំណាច​យ៉ាងរឹងមាំ។ ក៏ប៉ុន្តែ ការកាន់​អំណាច​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ និង​ការចោទ​ប្រកាន់​ថា គ្រប់គ្រង​ប្រទេស​មិន​បាន​ល្អ​នោះ មាន​សញ្ញា​បង្ហាញថា ក្រុម​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តាម​ជនបទ​ ហាក់​ដូចជា​បាន​រលាយ​បន្តិច​ម្តងៗ៕

ប្រែសម្រួល​ដោយ លី ម៉ូរីវ៉ាន់
XS
SM
MD
LG