ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ភ្លើងទៀន៖ បើទោះ​បី​ជា​ដង្ហើម​ចុង​ក្រោយ ក៏​នៅ​តែ​មាន​ក្តី​សង្ឃឹម​ថា​​អាច​ចូល​រួម​​ប្រកួ​​ត​ការ​បោះ​ឆ្នោត


រូបឯកសារ៖ សកម្មជន និងអ្នកគាំទ្រកំពុងចូលរួមសមាជវិសាមញ្ញគណបក្សភ្លើងទៀន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ សកម្មជន និងអ្នកគាំទ្រកំពុងចូលរួមសមាជវិសាមញ្ញគណបក្សភ្លើងទៀន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ (កាន់ វិច្ឆិកា/វីអូអេ)

​អ្នក​នាំ​ពាក្យ​គណ​បក្ស​ភ្លើង​ទៀន​បាន​លើក​ឡើង​ថា​ បើទោះ​បី​ជា​ដង្ហើម​ចុង​ក្រោយ ​ក៏​នៅ​តែ​មាន​ក្តី​សង្ឃឹម​ថា គណ​បក្ស​ខ្លួន​នឹង​អាច​ចូល​រួមប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ជាតិ​បាន ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ២៣ ខែកក្កដា ឆ្នាំ ២០២៣ ​ខាង​មុខ។

​ការ​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​គណ​បក្ស​ភ្លើង​ទៀន​ជិត​អស់​ពេល​វេលា ​ដើម្បី​សុំ​ចុះ​បញ្ជី​គណបក្ស​នយោ​បាយ និង​បញ្ជី​បេក្ខជន​សម្រាប់​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ​ដែល​ថ្ងៃ​ផុត​កំណត់​ដាក់​ពាក្យ​ គឺ​នៅ​ថ្ងៃអាទិត្យ​នេះ។

បញ្ហា​ដែល​កំពុង​កើត​មាន​លើ​គណ​បក្ស​ប្រឆាំង​មួយ​នេះ​ គឺ​ដោយ​សារ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ​ទាម​ទារ​ឱ្យ​គណ​បក្ស​ដាក់​លិខិត​ដើម ​ឬ​សេចក្តី​ចម្លង​លិខិត​បញ្ជាក់​ការ​ចុះ​បញ្ជី​គណបក្ស​នយោ​បាយ​នៅ​ក្រសួង​មហាផ្ទៃ​ ដែល​បញ្ជាក់​នីត្យានុកូលកម្ម​ ដោយ​រដ្ឋបាល​រាជធានី ខេត្ត​ ក្រុង​ ស្រុក ខណ្ឌ ចំនួន​មួយ​ច្បាប់។ ​នេះ​បើ​តាម​លិខិត​ជូន​ដំណឹង​ឱ្យ​បំពេញ​លក្ខ​ខណ្ឌ​ដែល​ខ្វះ​ខាត ដែល​ផ្ញើទៅ​គណបក្ស​ភ្លើង​ទៀន កាលពី​ថ្ងៃទី ៩ ​ខែ​ឧសភា។

បន្ថែម​ពី​នេះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​តម្រូវ​ឱ្យ​គណបក្ស​មួយ​នេះដូរ​បេក្ខជន​ឈរ​ឈ្មោះ​លោក រ៉ុង ឈុន ដែល​ជា​អនុប្រធាន​គណបក្ស​ចេញ ដោយ​សារ​លោក​មិន​ទាន់​រួច​ទោស តាម​ការ​កំណត់​របស់​តុលាការ។

​អ្នក​នាំ​ពាក្យ​គណ​បក្ស​ភ្លើង​ទៀន លោក គីមសួរ ​ភិរិទ្ធ ​ថ្លែង​ថា​ គណបក្សនឹង​បន្ត​យក​លិខិត​ដែល​ក្រសួង​មហា​ផ្ទៃ​បញ្ជាក់​ថា​ គណបក្សភ្លើង​ទៀន​ពិតជា​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​គណបក្ស​នយោ​បាយ​នៅ​ក្រសួង​មហាផ្ទៃ​ ​ដែល​ចេញកាល​ពីថ្ងៃ​ទី​ ៥ ខែ​ឧសភា ទៅ​ដាក់​នៅ​ស្ថាប័ន​ គ.ជ.ប ម្តង​ទៀត ​និងរង់ចាំ​ការ​សម្រេច​របស់​ស្ថាប័ន​នេះ​បន្ថែម​ទៀត។

លោក​ប្រាប់​វីអូអេ​ថា៖ ​«តាមខ្លឹមសារ​ វិសាល​ភាព​នៃ​ច្បាប់​គ្រប់គ្រាន់ហើយ។ យើង ​ត្រង់មាន​បញ្ហា​ស្ថិត​នៅ[ត្រង់]​លិខិត​ប្រកាស​ ១៩៣​ ហ្នឹង​ អាហ្នឹង​យើង​អត់ដឹង​ធ្វើម៉េច​ទេ​។ មានតែ​ទៅ​ទាក់ទង​ក្រសួង​មហាផ្ទៃ​ម្តងទៀត​ យើង​ព្យាយាម​ទាក់ទង​ ប៉ុនយ៉ាង​ណា​ក៏​ដោយ​ យើង​នៅតែ​យក​លិខិត​ក្រសួង​មហាផ្ទៃ​បញ្ជាក់ថ្ងៃ​ ៥[ឧសភា]​ថា ​យើង​ពិត​ជា​គណបក្ស​ដែល​បាន​ចុះបញ្ជី​នៅក្រសួង​មហាផ្ទៃ​ហ្នឹង​ យក​ទៅ​ដាក់​ម្តង​ទៀត។ ចាំ​មើល​ គ.ជ.ប បដិសេធ​ម៉េច ចាំ​យើង​គិត​ត​ទៅ​ទៀត»។

​ប៉ុន្តែ​លោក​យល់​ថា បញ្ហា​ឯកសារ​នេះ គឺ​មិន​មែន​ជា​រឿង​ធំដុំ​នោះ​ទេ។​ លោក​ថា​ បើ​ស្ថាប័ន គ.ជ.ប ​ចង់​ដឹង​ច្បាស់​អំពី​ឯក​សារ​ដើម ​គួរ​តែ​ស្ថាប័ននេះ​ បញ្ជាក់​ទៅក្រសួង​មហាផ្ទៃ​ដោយ​ផ្ទាល់​ ជាពិសេស​ទាក់​ទង​លិខិតដែល​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​លោក ប៊ុន ហុន បញ្ជាក់​ឱ្យ​មក​គណបក្ស​ភ្លើង​ទៀន​ កាល​ពីថ្ងៃទី ៥ ​ខែ​ឧសភា​នោះ។ លោក​បន្ថែមថា​ «បើរឿង​តូច​ប៉ុន​ហ្នឹង​ យក​មកធ្វើ​ទៅ​ជារឿង​ធំ» នោះវា​ជា​ចេតនា​ចង់​រាំង​ខ្ទប់​មិន​ឱ្យ​គណបក្ស​ភ្លើងទៀន​មាន​វត្តមាន​សម្រាប់​ការ​បោះឆ្នោត​អាណត្តិ​ទី ៧​នេះ។

លោកបន្តថា៖ ​«អាហ្នឹង​គ្រាន់​ជា​ចេតនា​របស់​គេ ដូចជា​គ្រាន់​តែ​រឿង​តូច ​ធ្វើ​ឱ្យធំ ​គឺ​ធំហើយ។ អ៊ីចឹង​បើគេ​ថា​គេ​គ្មានចេតនា​រារាំង​ទេ វា​រឿង​ហ្នឹង​ជា​ធម្មតា​សម្រួល​បាន​ហើយ​ ពីព្រោះ​ក្រសួង​មហាផ្ទៃ ​ជាម៉ែ ជាឪ​យើង។ គ.ជ.ប ​អាច​សួរ​បញ្ជាក់​ទៅ​ថា លិខិត​បញ្ជាក់​របស់​ក្រសួង​មហាផ្ទៃ​ពេល​ថ្មីៗ​ហ្នឹង​ ប្រើ​ប្រាស់​បាន ឬអត់ ​ពីព្រោះ​ជាការ​បញ្ជាក់​ជា​ផ្លូវ​ការ​អ៊ីចឹង​ហើយ។ ហើយ​ត្រង់​រឿង​ រ៉ុង ឈុន គេ​សួរ​ទៅ​តុលាការ​បាន​ ហើយ​គ្រាន់​រឿង​លិខិត​នេះ ម៉េច​មិន​សួរ​ទៅ​ក្រសួង​មហាផ្ទៃ បញ្ជាក់​បន្ថែម​ទៅ។ អ៊ីចឹង​បានខ្ញុំ​និយាយ​ថា រឿង​ហ្នឹង​បើសិន​ជា​យើង តូច​ប៉ុនណា​ក៏ដោយ​ បើ​គេ​ចង់​ធំ ​គឺ​ធំ។ រឿង​ហ្នឹង​វា​តូច ​គេ​អាច​បំ​បាត់ [​គឺ]វា​បាត់»។​

​លោក​បាន​ឱ្យ​ដឹង​ថា ឯក​សារ​ចុះ​បញ្ជី​គណបក្ស​នយោ​បាយ​ដើម ​ដែល​ស្ថាប័ន​ គ.ជ.ប ​ទាមទារ​ គឺ​បាន​បាត់​អំឡុងពេលតុលាការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​។ ​លោក​បន្ត​ថា​ គណ​បក្ស​ភ្លើង​ទៀន​ក៏​ព្យាយាម​ស្នើ​សុំ​លិខិត​ថត​ចម្លង​នូវ​ឯកសារ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ដើម​លេខ​ ១៩៣ ​នោះ​ ពីក្រសួង​មហាផ្ទៃ​ដែរ ប៉ុន្តែ​ក្រសួង​មហាផ្ទៃថា​មិន​អាច​ថតចម្លង​សំណើ​ដើម​ឱ្យ​គណបក្ស​បាន ​ដោយ​ត្រឹម​តែ​ចេញ​នូវ​លិខិត​បញ្ជាក់​ទទួល​ស្គាល់​គណបក្ស​ ដែល​ចេញ​កាលពីថ្ងៃទី ៥ ខែ​ឧសភា​ប៉ុណ្ណោះ។

បើ​តាម​លោក ​គីមសួរ ​ភិរិទ្ធ ​គណបក្ស​ភ្លើងទៀន​នៅ​សល់​រយៈពេល​ ២ ​ថ្ងៃ​ទៀត ដើម្បី​ដាក់​លិខិតរបស់​ក្រសួង​មហា​ផ្ទៃ​ ចេញ​កាលពីថ្ងៃទី ៥ ខែ​ឧសភា ទៅ គ.ជ.ប។ លោក​ថា បើ​ករណីស្ថាប័ន​រៀប​ចំ​ការ​បោះឆ្នោត​បដិសេធ​ពាក្យ​ចុះ​បញ្ជី​គណបក្ស​នយោ​បាយ និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​តំណាង​រាស្ត្រ​របស់​គណបក្ស​ភ្លើងទៀន គឺ​គណបក្ស​មាន​រយៈពេល​ ៥ ​ថ្ងៃ​ ដើម្បី​ប្តឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ដើម្បី​សុំ​ចុះ​ឈ្មោះ​ចូលរួម​ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត។

ទោះ​ជា​យ៉ាង​នេះក្តី លោក​ គីម​សួរ ភិរិទ្ធ នៅ​តែ​សង្ឃឹម​ថា​ គណ​បក្ស​ភ្លើង​ទៀន អាច​ចូល​រួម​ប្រកួត​ប្រជែង​ការបោះឆ្នោត​បាន​ បើទោះ​បីជិត​អស់​ពេល​វេលា ឬ​សល់​ដង្ហើម​ចុង​ក្រោយ​ក្តី។

លោក​បន្ត​ថា៖ «បរិយាកា​ស​នយោបាយ​មុនកា​របោះ​ឆ្នោត​ គួរ​តែបើក​ទូលាយ​ឱ្យ​គណបក្ស​គ្រប់គូ​ប្រកួត​មិនថា ​ភ្លើងទៀន គឺ​គ្រប់​គូប្រកួត អាចធ្វើ​សកម្មភាព​ដោយស្មើ​ភាព​គ្នា។ ហើយ​បើសិនជា​យើង​ចង់​បង្កើត​ឱ្យមាន​បរិយាកាស​ប្រជាធិបតេយ្យ​ទូលំ​ទូលាយ​គឺ យើង​អាច​សម្រួល​កិច្ចការ​ទាំង​អស់​ ព្រោះ​គណបក្ស​នេះ​បាន​ចុះ​ឈ្មោះ​នៅក្នុង​បញ្ជី​គណបក្ស​នយោបាយ​ជា​ផ្លូវ​ការ​នៅ​ក្រសួង​មហាផ្ទៃ​រួច​ទៅហើយ​ អ៊ីចឹង​ទោះបី​យ៉ាង​ណា​ក៏​ដោយ​ ក៏​យើង​នៅតែមាន​សង្ឃឹម​ដែរ។ ធ្វើអី​ក៏ដោយ​នៅ​តែ​មាន​ដង្ហើមចុង​ក្រោយ ក៏​នៅតែ​មានក្តីសង្ឃឹមដែរ»។

​វីអូអេ​មិន​ទាន់​អាចសុំ​ការ​អត្ថា​ធិប្បាយពី​អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា លោក​ សោម សូរីដា លោក​ ​ឌឹម ​សុវណ្ណរុំ និងលោក​ ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​ថ្ងៃសុក្រនេះ។

លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​ គ.ជ.ប ប្រាប់​វីអូអេ​ កាល​ពី​ថ្ងៃទី ៩ ខែ​ឧសភា​ថា បើ​សិន​គណបក្ស​ភ្លើង​ទៀន​មិន​បាន​បំពេញ​ចន្លោះ​ខ្វះ​ខាត​ក្នុង​រយៈពេល ៥ ថ្ងៃ ដែល​រាប់​ចាប់​តាំង​ពីថ្ងៃ​ទី ៩ ខែ​ឧសភា ​នោះ​ស្ថាប័ន ​គ.ជ.ប នឹង​បដិសេធ​សំណើ​សុំចុះ​បញ្ជី​របស់​គណបក្ស​ភ្លើងទៀន។

លោកថា៖ ​«រយៈពេល​ ៥ ​ថ្ងៃ បើ​មិន​បាន​បំពេញ​ចំនុចខ្វះ​ចន្លោះ​ទេ ​គ.ជ.ប នឹង​បដិសេធ​ចំពោះ​ការ​ស្នើសុំ​ចុះបញ្ជី ប៉ុន្តែ​យ៉ាង​ណាក៏ដោយ​ ក៏​មិនមែន​ជា​ពេល​ចុងក្រោយ​ដែរ គណ​បក្ស​ភ្លើងទៀន អាច​ធ្វើការ​ប្តឹង​ទៅក្រុមប្រឹក្សា​ធម្មនុញ្ញ​ ដើម្បី​ទាមទារ​ការ​ចុះបញ្ជី​គណបក្ស​ និងដាក់​បេក្ខជន​របស់ខ្លួន​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​»។

វីអូអេ​មិនទាន់អាច​សុំការ​បញ្ជាក់ពី​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ប៊ុន ហុន ​និងលោក ​សក់ សេដ្ឋា​ បាន​នៅ​ឡើយ​ទេ។

លោក​ កន សាវាង្ស មន្ត្រី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល ថ្លែង​ថា ​នៅ​ពេល​ដែល​ក្រសួង​មហាផ្ទៃ​ចេញ​លិខិត​បញ្ជាក់ មានន័យ​ថា ​គណបក្ស​នយោបាយស្រប​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ។ លោកចោទ​ជា​សំណួរ​ថា​ កាល​ពីឆ្នាំ​ ២០២២ គណបក្ស​ភ្លើង​ទៀន​អាច​ចូលរួមប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​បាន តើ​ហេតុអ្វី​បាន​ជា​ស្ថាប័ន​ គ.ជ.ប សួរ​រក​ឯកសារ​នាពេល​នេះ។

លោកថ្លែងថា៖ ​«រឿងឯកសារ​នេះ ខ្ញុំគិត​ថា គ.ជ.ប គួរ​តែ​ធ្វើការ​ពិចារណា​ និង​ដោះស្រាយ​ឡើង​វិញ ក្នុង​ដំណើរការនៃការអនុវត្ត​នេះ​ ពីព្រោះ​ការ​ដែល​វា​អត់​ច្បាប់​ដើម​ វា​មិនមែន​បញ្ហា​ ជា​ឧបសគ្គទេ។ ​សំខាន់ជាង​គេ ថា​តើ​ក្រសួងមហាផ្ទៃ​ទទួល​ស្គាល់ដែរ​ឬអត់?»

អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត​ សេង​ សារី ​យល់​ឃើញ​ថា​ ឧបសគ្គ​ផ្នែក​នីតិ​វិធី​រដ្ឋបាល​កំពុង​តែ​ក្លាយ​ទៅជា​ឧប​សគ្គ​ដ៏ធំមួយ​ដែល​នឹង​អាច​បញ្ចប់​ជីវិត​នយោបាយ​របស់​គណ​បក្ស​ភ្លើង​ទៀន ​ដែល​មាន​អាយុកាល ​៣០​ ឆ្នាំ​នេះ។ លោក​បន្ថែម​ថា បច្ចុប្បន្ន​នេះ ស្ថានភាព​នយោ​បាយ ​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​តែ​ដុន​ដាប។

លោក​ថ្លែង​ថា​៖ «ស្ថានភាព​ពេល​នេះ​ ខ្ញុំ​មើល​ឃើញថា​ ឧបសគ្គខាងផ្នែក​និតិវិធី​រដ្ឋបាល​កំពុង​តែ​ក្លាយ​ទៅ​ជា​ឧបសគ្គ​ដ៏​ធំ​មួយ​ដែល​នឹង​អាច​បញ្ចប់​ជីវិត​នយោ​បាយ​របស់​គណបក្ស​ភ្លើង​ទៀន​ដែល​មាន​អ្នក​គាំទ្រ​ជិត​ ២ លាន​នាក់​។ ហើយ​បើ​សិន​ជា​រឿង​នេះ​កើត​ឡើង​មែននោះ​ វាជា​រឿង​មួយ​ដែល​គួរឱ្យ​សោក​ស្ដាយ​ដែល​ចុង​បញ្ចប់​រយៈពេល​ ៣០​ ឆ្នាំពី​ឆ្នាំ​ ១៩៩៣​ ដល់​ ២០២៣​នេះ​ ​[ដែល]៣០ឆ្នាំ​ត្រឹម គឺ​មានន័យ​ថា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក្រោយ​កិច្ច​ព្រមព្រៀង​ទីក្រុង​បារីស មាន​អាយុ​ត្រឹម​ ៣០ ឆ្នាំ​ប៉ុណ្ណោះ​ក៏កំពុង​តែ​ស្លាប់​ទៅវិញ​ដែរ»។

គួរ​បញ្ជាក់​ថា ​គណ​បក្ស​នយោ​បាយ​ចំនួន​ ២០ ​បាន​ដាក់​ពាក្យ​សុំ​ចុះ​បញ្ជី ​ដោយ​ក្នុង​នោះ​គណ​បក្ស​ចំនួន​ ១៣ ត្រូវ​បាន​ស្ថាប័ន​ គ.ជ.ប សម្រេច​ទទួល​ស្គាល់​ជាផ្លូវ​ការ៕

XS
SM
MD
LG