ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក រ៉ុង ឈុន សម្រេច​ដក​ខ្លួន​ចេញ ក្រោយ​ គ.ជ.ប មិន​អនុញ្ញាត​ឱ្យ​លោក​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្រ្ត


រូបឯកសារ៖ លោក រ៉ុង ឈុន ថ្លែងក្នុងពិធីបង្សុកូលរំឭកវិញ្ញាណ​ក្ខន្ធ​ជនរងគ្រោះ​​​​ដោយសារ​របបខ្មែរក្រហមនៅ​សារមន្ទីរជើងឯក​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​​២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ លោក រ៉ុង ឈុន ថ្លែងក្នុងពិធីបង្សុកូលរំឭកវិញ្ញាណ​ក្ខន្ធ​ជនរងគ្រោះ​​​​ដោយសារ​របបខ្មែរក្រហមនៅ​សារមន្ទីរជើងឯក​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​​២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន បាន​សម្រេច​ដក​ឈ្មោះ​របស់​លោក​ចេញ​ពី​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​តំណាងរាស្រ្ត ក្រោយ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា ​គ.ជ.ប សម្រេច​មិន​ចុះ​ឈ្មោះ​របស់​លោក​តាម​ការ​ស្នើ​សុំ​របស់​គណបក្ស​ជំទាស់។

ក្រោយ​ពិនិត្យ​មើល​សំណុំ​ឯកសារ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ​ និង​បញ្ជី​បេក្ខជន​ដែល​គណបក្ស​ភ្លើង​ទៀន​ដាក់​ទៅ​កាន់​ស្ថាប័ន​ គ.ជ.ប កាល​ពី​សប្តាហ៍​មុន គ.ជ.ប នៅ​ថ្ងៃ​ទី​ ៩ ខែ​ឧសភា បាន​ចេញលិខិត​មួយ​ជូន​ដំណឹង​ទៅ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ថា ​ឯកសារ​របស់​គណបក្សមិន​ទាន់​គ្រប់​គ្រាន់ ហើយ​តម្រូវ​ឲ្យ​ដក​ឈ្មោះ​របស់​លោក រ៉ុង ឈុន ដែល​ឈរ​ឈ្មោះ​តំណាងរាស្រ្ត​សម្រាប់​មណ្ឌល​ខេត្ត​កណ្តាល ប្រកួត​ប្រជែង​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លិខិត​ គ.ជ.ប បញ្ជាក់​ថា​ សំណុំ​លិខិត​សុំ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត នីតិកាលទី​៧ «ពុំ​ទាន់​បាន​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់» ដូច​ជា​ខ្វះ​លិខិត​បញ្ជាក់​ចុះ​បញ្ជី​គណ​បក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ​ ដែល​មាន​បញ្ជាក់​នីត្យានុកូល​កម្ម​ដោយ​រដ្ឋបាល​រាជធានី ខេត្ត ក្រុង​ ស្រុក​ខណ្ឌ​ចំនួន​មួយ​ច្បាប់។

បន្ថែម​ពី​នេះ គ.ជ.ប បញ្ជាក់​ថា​ បេក្ខ​ជន​ពេញ​សិទ្ធិ​ឈរ​លេខ​រៀង​ទី​ ១ មណ្ឌល​ខេត្ត​កណ្តាល ឈ្មោះ ​រ៉ុង ឈុន ត្រូវ​បាន​តុលាការ​ផ្តន្ទា​ទោស​ពី​បទ​មជ្ឈិម ហើយមិន​ទាន់​មាន​នីតិសម្បទា​ឡើង​វិញ។ គ.ជ.ប បញ្ជាក់​ថា៖ «ដូចនេះ គណបក្ស​ភ្លើង​ទៀន​ត្រូវ​ប្តូរ​បេក្ខជន​ថ្មី​បំពេញ​បន្ថែម​ជំនួស​ត្រង់​បេក្ខជនពេញ​សិទ្ធិ​លេខ​រៀង​ទី ១ មណ្ឌល​ខេត្ត​កណ្តាល»។

ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត ក៏​ត្រូវ​តម្រូវ​ឲ្យ​គណបក្ស​ភ្លើង​ទៀន​ផ្តល់​បង្កាន់​ដៃ​បង់​ប្រាក់​តម្កល់​ចំនួន​ ១៥ ​លាន​រៀល ដែល​ចេញ​ដោយ​អគ្គនាយក​ដ្ឋាន​រតនាគារ​ជាតិ​ផងដែរ។

លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ​ គ.ជ.ប ប្រាប់​វីអូអេ​ថា​ ការ​ទាមទារ​ឯកសារ​ខាង​លើ​ជា​ការ​អនុវត្ត​តាម​ច្បាប់​ដែល​មាន​ចែង។

លោក​ថ្លែង​ថា៖ «យើង​ពិនិត្យ​ទៅ​លើ​ផ្លូវ​ច្បាប់ ខ្ញុំ​មិន​ថា​ វា​ខុស​ឬ​មិន​ខុស​អី​ទេ»។
លោក​បន្ថែម​ថា ​គណបក្ស​ភ្លើង​ទៀន​មាន​ពេល​ ៥ ថ្ងៃ​ក្នុង​ការ​ផ្តល់​ឯកសារ​ពេញ​លេញ ដើម្បី​អាច​ចុះ​ឈ្មោះ​គណបក្ស​ចូលរួម​ប្រកួត​ប្រជែង​បាន។

គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​ ហេតុ​អ្វី​បាន​ជា​គណបក្ស​ភ្លើង​ទៀន​អាច​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​បាន កាល​ពី​ខែ​មិថុនា ឆ្នាំ​ ២០២២ ដោយ​មិន​មាន​ឧបសគ្គ​អ្វី ប៉ុន្តែ​ទើប​តែ​ពេល​នេះ ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​តម្រូវ​ឲ្យ​គណបក្ស​មួយ​នេះ​ប្រគល់​ឯកសារ​មួយ​ចំនួន​ទៀត។

លោក រ៉ុង ឈុន ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​រឿង​រិះគន់​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ លោក​មិន​ភ្ញាក់​ផ្អើល​ទេ​ចំពោះ​ការ​សម្រេច​របស់​ គ.ជ.ប ហើយ​លោក​នឹង​ដក​ខ្លួន​ចេញ ដើម្បី​ធានា​ថា​ គណបក្ស​អាច​ចូល​រួម​ការ​បោះ​ឆ្នោត​ នា​ថ្ងៃ​ទី​ ២៣ ខែកក្កដា ឆ្នាំ​ ២០២៣​ បាន។

លោក​ថ្លែង​ថា៖ «យើង​មិន​គិត​អំពី​ផល​ប្រយោជន៍​របស់​បុគ្គល​ខ្លួន​ម្នាក់ យើង​ធ្វើ​ឲ្យ​ខូច​ផល​ប្រយោជន៍​បក្ស ផល​ប្រយោជន៍​ជាតិ ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​ដែល​គាត់​ចង់​ផ្លាស់​ប្តូរ គាត់​គាំទ្រ​គណបក្ស​ភ្លើង​ទៀន។ ដូច្នេះ​យើង​នឹង​ដក​ថយ​មួយ​ជំហាន ដើម្បី​រក្សា​ធ្វើ​ម៉េច​ឲ្យ​បញ្ជី​បោះ​ឆ្នោត​ហ្នឹង​ទៅ​រលូន ហើយ​មាន​វត្តមាន​គណ​បក្ស​ភ្លើង​ទៀន​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ»។

បើ​តាម​លោក រ៉ុង ឈុន បើ​បុគ្គល​ម្នាក់​មាន​សិទ្ធិ​បោះ​ឆ្នោត​បាន បុគ្គល​នោះ​ក៏​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេបោះ​ឆ្នោត​ដូច​គ្នា។ លោក​បញ្ជាក់​ថា​ ករណី​របស់​លោក​ជា​រឿង​នយោបាយ​ច្រើន​ជាង។

ពាក់ព័ន្ធ​នឹង​កង្វះ​ឯកសារ​ដែល​តម្រូវ​ដោយ​ គ.ជ.ប លោក រ៉ុង ឈុន បញ្ជាក់​ថា​គណបក្ស​នឹង​បន្ត​ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ហើយ​សង្ឃឹម​ថា ​គ.ជ.ប នឹង​ទទួល​យក​លិខិត​របស់​ក្រសួង​មហា​ផ្ទៃ ​ចុះ​ថ្ងៃ​ទី​ ៥ ខែ​ឧសភា ដែល​បញ្ជាក់​ថា​ គណបក្ស​ភ្លើង​ទៀន​ពិត​ជា​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​គណបក្ស​នយោ​បាយ​នៅ​ក្រសួង​មហាផ្ទៃ។ លោក​បន្ថែម​ថា​ បើ​ស្ថាប័ន​ គ.ជ.ប មិន​ចុះ​ឈ្មោះ​គណបក្ស​ភ្លើង​ទៀន ដើម្បី​អាច​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ ដូច្នេះ​នឹង​មាន​ចរន្ត​នៃ​ការ​ប្រមូល​ផ្តុំ​តស៊ូ​មតិ។

លោក​ថ្លែង​ថា៖ «យើង​នឹង​ធ្វើ​ការ​ស្នើ​សុំ​បន្ត បើ​សិន​ជា​ គ.ជ.ប មិន​ព្រម​ទទួល​យក​ការ​ប្រថាប់​ត្រា​របស់​ក្រសួង​មហាផ្ទៃ ដែល​ចេញ​ឲ្យ​ថ្ងៃ​[ទី] ៥​ ហ្នឹង ហើយ​វា​នឹង​មាន​ចរន្ត នឹង​ធ្វើ​ការ​ប្រមូល​ផ្តុំ​នៅ​ពេល​ខាង​មុខ​ហ្នឹង បើ​សិន​ជា​ គ.ជ.ប បដិសេធ​មិន​ទទួល​យក»។

លោក រ៉ុង ឈុន ​ធ្លាប់​ត្រូវបាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​នៅ​ឆ្នាំ​ ២០២០​ ​ពី​បទ​ញុះញង់ ពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​របស់​លោក​លើ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​នៅ​ខេត្ត​ត្បូង​ឃ្មុំ។ ប៉ុន្តែ​លោក​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរី​ភាព​វិញ​នៅ​ឆ្នាំ​ ២០២១ តាម​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​ដែល​សម្រេច​ព្យួរ​ទោស​សេស​សល់​របស់​លោក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG