ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​គណបក្ស​ភ្លើង​ទៀន​បួន​នាក់​ទៀត​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា


រូបឯកសារ៖ សកម្មភាព​ជួបជុំគ្នា​នៃ​សកម្មជន​និង​មន្រ្តី​របស់​គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​សំបួរ ក្រុង​សៀមរាប នៅ​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ (រូបថត៖ គណបក្ស​ភ្លើង​ទៀន)
រូបឯកសារ៖ សកម្មភាព​ជួបជុំគ្នា​នៃ​សកម្មជន​និង​មន្រ្តី​របស់​គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​សំបួរ ក្រុង​សៀមរាប នៅ​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ (រូបថត៖ គណបក្ស​ភ្លើង​ទៀន)

មន្ត្រី​គណបក្ស​ភ្លើង​ទៀន​បួន​នាក់​ទៀត​បាន​សម្រេច​ចិត្ត​សុំ​ចូល​រួម​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​អះអាង​ថា​ កា​រដឹកនាំ​គណបក្ស​ភ្លើង​ទៀន​មាន​ការ​ប្រកាន់​បក្ខ​ពួក និង​មាន​អំពើ​ពុករលួយ​ជា​ដើម។ ប៉ុន្តែ​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ភ្លើង​ទៀន​អះអាង​ថា​ ការ​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច​តែង​តែ​កើត​ឡើង នៅ​មុន​ការ​បោះ​ឆ្នោត។

មន្ត្រី​គណបក្ស​ភ្លើង​ទៀន​បួន​រូប​នោះ​បាន​ផ្ញើ​សារ​ជា​សំឡេង​មួយ ដែល​មាន​រយៈពេល​ប្រមាណ​ជា​ ៨​នាទី ទៅ​កាន់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាល​ពី​ថ្ងៃ​ចន្ទ ដោយ​សុំ​ចូល​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

ពួកគេ​ទាំង​បួន​នាក់​នោះ រួមមាន​លោក ​ម៉ៃ ហុង​សៀង និង​លោក អ៊ុំ សោភ័ណ ដែល​ទាំង​ពីរ​នាក់​ជា​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​ខេត្ត​ព្រះសីហនុ។ ចំណែក​លោក ឌឹម សារឿន និង​លោក ឡី សុខុន ជា​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ខេត្ត​បាត់ដំបង។

តាម​រយៈ​វីដេអូ​នោះ លោក អ៊ុំ សោភ័ណ លើក​ឡើង​ថា៖ «ពួក​ខ្ញុំ​ចូល​រួម​បម្រើ​ជីវភាព​នយោបាយ​នៅ​ក្នុង​គណបក្ស​ប្រឆាំង​ឃើញ​ថា​ មាន​ការ​ចាញ់​បោក​នូវ​មនោគម​វិជ្ជា​ ដែល​តែង​តែ​គិត​ថា​ ការ​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​មិន​ត្រូវ​ តែ​ពេល​នេះ​ខ្ញុំ​បាទ​យល់​យ៉ាង​ច្បាស់​អំពី​គោល​នយោបាយ​ល្អ​ និង​ការ​ដឹកនាំ​ដ៏​ត្រឹម​ត្រូវ​របស់​សម្តេច​ ដែល​យើង​ខ្ញុំ​ជា​កូន​ ជា​ចៅ​សូម​មក​រួប​រួម​ជីវភាព​នយោបាយ​ជាមួយ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ចាប់​ពី​ពេល​នេះ​តទៅ»។

ចំណែក​លោក ម៉ៃ ហុងសៀង បាន​ថ្លែង​ក្នុង​វីដេអូ​នោះ​ដែរ​ថា​៖ «ថ្ងៃ​នេះ​ខ្ញុំ​បាទ ព្រម​ទាំង​បង​ប្អូន​ទាំង​បួន​នាក់​ ដែល​យើង​ស្ម័គ្រ​ស្មោះ​ជាមួយ​គ្នា​ តាំង​ពី​រួម​រស់​នៅ​ក្នុង​គុក​ ទាំង​រួម​ជីវភាពនយោបាយ​នៅ​ក្នុង​គណបក្ស​ប្រឆាំង​រាប់​ឆ្នាំ​មក​ហើយ​ ហើយ​បាន​សម្រេច​ចិត្ត​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ​ ដោយ​ទទួល​រង​នូវ​ភាព​អយុត្តិធម៌​ ពី​សំណាក់​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​ធ្វើ​ឱ្យ​យើង​គ្មាន​ទំនុក​ចិត្ត​តទៅ​ទៀត​ទេ»។

រីឯ​លោក ឌឹម សារឿន អតីតមន្ត្រី​គណបក្ស​ភ្លើង​ទៀន​ប្រចាំខេត្ត​បាត់ដំបង​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ការ​សម្រេច​ចិត្ត​ចូល​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​មាន​ហេតុ​ផល​ច្រើន​ តែ​មិន​មែន​ចង់​បាន​អំណាច ឬ​តួនាទី​អ្វី​ឡើយ។ លោក​លើក​ឡើង​ថា​ គណបក្ស​ភ្លើង​ទៀន​បាន​ប្រព្រឹត្ត​អំពើ​អយុត្តិធម៌​ច្រើន​ក្នុង​គណបក្ស ហើយ​លោក​មិន​ពេញ​ចិត្ត​នឹង​អ្វី​ដែល​កំពុង​កើត​ឡើង​ក្នុង​គណបក្ស។

លោក​បញ្ជាក់​ថា​៖ «ខ្ញុំ​បាទ​ ជា​ថ្នាក់​ដឹកនាំ​កំពូល​របស់​គណបក្ស​ភ្លើង​ទៀន​ដែរ​ អ៊ីចឹង​អ្វី​ដែល​មើល​ឃើញ​ថា​មាន​កំហុស​ឆ្គង​ច្រើន​នៅ​ក្នុង​ផ្ទៃ​ក្នុង​គណបក្ស​ភ្លើង​ទៀន​ បច្ចុប្បន្ន​អត់​អព្យាក្រឹត អត់​ត្រឹម​ត្រូវ​ ហេតុ​អី​បាន​ដោយ​សារអ៊ីចឹង​ ព្រោះ​ពាក្យ​ថា​អចិន្ត្រៃយ៍ គឺ​មាន​ន័យ​ថា​សមធម៌ យុត្តិធម៌ ប៉ុន្តែ​អចិន្ត្រៃយ៍​នេះ​បែង​ចែក​ជា​បក្ខ​ពួក​ គឺ​វា​អត់​ល្អ​ ហើយ​អ្នក​ប្រឹង​ប្រែង​តស៊ូ​ គឺ​បាន​តែ​ការ​ឈឺ​ចាប់»។
លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​ក្នុង​ប្រព័ន្ធ​តេឡេក្រាម​របស់​លោក ដោយ​បង្ហាញ​ការ​ស្វាគមន៍​ចំពោះ​ការ​ចូលរួម​របស់​ពួកគេ​ជាមួយ​គណបក្ស​កាន់​អំណាច។

លោក ហ៊ុន សែន សរសេរ​ថា៖ «សូម​អរគុណ​ដែល​អស់​លោក​បាន​ផ្តល់​យុត្តិធម៌​ជូន​គណបក្ស​ប្រជាជន​និង​បាន​វាយ​តម្លៃ ភាពអ​យុត្តិធម៌​ក្នុង​បក្ស​ប្រឆាំង​ដែល​មាន​ក្នុង​វីដេអូ​នេះ​ស្រាប់។ សូម​គណៈ​កម្មាធិការបក្សខេត្ត​បាត់ដំបង​និង​ខេត្ត​ព្រះសីហនុ​រៀប​ចំ​បែប​បទ​បញ្ចូល​អស់​លោក​ទាំង​បួន​នាក់ ស្រប​តាម​នីតិវិធី​របស់​គណបក្ស​ប្រជាជន​កម្ពុជា»។

អ្នក​នាំពាក្យ​គណបក្ស​ភ្លើង​ទៀន លោក​ គីមសួរ ភិរិទ្ធ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ការ​ចុះ​ចូល​ជីវភាព​នយោបាយ​របស់​មន្ត្រី​គណបក្ស​ភ្លើង​ទៀន គឺ​តែង​តែ​កើត​មាន​ជា​រៀង​រាល់​លើក ឱ្យ​តែ​ការ​បោះ​ឆ្នោត​ខិត​ជិត​មក​ដល់។

លោក​ថ្លែង​ថា​៖ «ចរន្ត​អស់​ហ្នឹង​គឺ​ វា​តែង​តែ​អ៊ីចឹង​ ឱ្យ​តែ​ជិត​បោះ​ឆ្នោត​ ខ្លាច​តែ​ជិត​បោះឆ្នោត​ហើយ​ទេ​ បោះ​ឆ្នោត​ហើយ​ចេញ​លទ្ធផល​ហើយ ​ស្រាប់​តែ​មន្ត្រី​បក្ស​ ឬ​ក៏​អ្នក​គាំទ្រ​បក្ស​ប្រកាស​ចេញ​ហូរ​ហែ​ជា​បន្ត​បន្ទាប់​រហូត​ អាហ្នឹង​គួរ​ឱ្យ​ភ័យ​មែន​ទែន»។

លោក​បន្ត​ទៀត​ថា​ ដំណើរការ​បោះឆ្នោត​អាណត្តិ​មុនៗ​ ក៏​មាន​អ្នក​ចូលរួម​ជាមួយ​គណបក្ស​កាន់​អំណាចយ៉ាង​ច្រើន​ជា​ហូរហែ ប៉ុន្តែពេល​បោះ​ឆ្នោត​មក​ដល់ បែរ​ជា​សំឡេង​គាំទ្រ​គណបក្ស​ជំទាស់​កាន់តែ​កើន​ឡើង​ច្រើន​ជាង​មុន​ទៅ​វិញ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG