ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ម្នាក់​បន្ត​ទាមទារ​​​​ក្រសួង​សុខាភិបាល ឱ្យ​​បញ្ជាក់​មូល​ហេតុ​​នៃ​ការ​​លុប​ឈ្មោះ​ខ្លួន​​​ចេញ​ពី​ក្រប​ខណ្ឌ​រដ្ឋ


រូបឯកសារ៖ អ្នកគាំទ្រ​គណបក្ស​ភ្លើង​ទៀន​ដង្ហែ​ក្បួន​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​បញ្ចប់​នៃ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២២។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ អ្នកគាំទ្រ​គណបក្ស​ភ្លើង​ទៀន​ដង្ហែ​ក្បួន​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​បញ្ចប់​នៃ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២២។ (ស៊ុន ណារិន/វីអូអេ)

បេក្ខជន​ជាប់​ឆ្នោតជា​ចៅ​សង្កាត់​រង​ទី​២ នៅ​សង្កាត់​ច្បារ​អំពៅ​ទី១​ក្នុង​រាជធានី​ភ្នំពេញ​មក​ពី​ខាងគណបក្ស​ភ្លើង​ទៀន​ បន្ត​ទាម​ទារ​ឱ្យ​ក្រសួង​សុខាភិបាល​ បញ្ជាក់​មូលហេតុ​ឱ្យ​បាន​ច្បាស់​ចំពោះ​ការ​ដក​ហូត​តំណែង​របស់​ លោក​ចេញ​ពី​ក្រប​ខណ្ឌ​រដ្ឋ។ ​លោក​ចាត់​ទុក​ថា​ករណីនេះ​អយុត្តិ​ធម៌​សម្រាប់​លោក​ និង​មាន​ចរិត​នយោបាយ​ជា​ជាង​ការ​អនុវត្ត​ច្បាប់។

កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា​ ឆ្នាំ​២០២២ ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ លោក​ ម៉ម ប៊ុន​ហេង​ ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ ដោយ​សម្រេច​ដក​ហូត​តំណែង​លោក ​កែវ​ សុមុនី ​មន្ត្រី​បម្រើ​ការ​នៅ​នាយក​ដ្ឋាន​សុខ​ភាព​ផ្លូវ​ចិត្ត​ និង​ការ​បំពាន​គ្រឿង​ញៀន​ចេញ​ពី​ក្រប​ខណ្ឌ​ក្រសួង​ ដោយ​យោង​លើ​ហេតុ​ផល​ច្បាប់​វិន័យ​ ចាប់​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ត​ទៅ។ ​ក្រសួង​មិន​បាន​បញ្ជាក់​មូល​ហេតុ​អ្វី​ឱ្យច្បាស់​ឡើយ។

​ការ​ដក​ហូត​តំណែង​នេះ កើត​ឡើង​បន្ទាប់​ពី​ ​លោក កែវ សុមុនី បាន​ឈរ​ឈ្មោះ​ជា​បេក្ខជនរបស់​គណបក្ស​ភ្លើង​ទៀន​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥ ​និង​បាន​ជាប់​ឆ្នោត​ជា​ចៅ​សង្កាត់​រង​ទី​២ នៅ​សង្កាត់​ច្បារ​អំពៅ​ទី១ ​ខណ្ឌ​ច្បារ​អំពៅ ​រាជ​ធានី​ភ្នំពេញ។

លោក កែវ សុមុនី បាន​បម្រើ​ការ​ជា​មន្ត្រី​រាជការ​អស់​រយៈពេល​២៧​ឆ្នាំ​មក​ហើយ។ ​លោក​យល់​ថា​ហេតុផល​ចម្បង​នៅ​ពី​ក្រោយ​ការ​បញ្ឈប់​លោក​ពី​ក្រប​ខណ្ឌ​ គឺ​ការ​ឈរ​ឈ្មោះ​របស់​លោក​ឱ្យ​គណបក្ស​ភ្លើង​ទៀន។ លោក​ជំរុញឱ្យក្រសួង​សុខាភិបាល​បញ្ជាក់ហេតុ​ផល​ច្បាប់​វិន័យ​របស់​ក្រសួង​សុខាភិបាល​ឱ្យច្បាស់​ ដែលលុប​ឈ្មោះ​លោក​ចេញ​ពី​ក្របខណ្ឌក្រសួង ដែល​លោក​បម្រើការ​ជិត​៣០​ឆ្នាំ​មក​ហើយ។

ក្រោយ​ពី​ទទួលបានលិខិត​បញ្ឈប់​ លោក កែវ សុមុនី ​ក៏បាន​ទៅ​ក្រសួង​សុខាភិបាល ​ដើម្បី​សុំ​ការ​បញ្ជាក់​ពី​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ លោក​ ម៉ម ប៊ុនហេង ​ប៉ុន្តែ​លោក​ថា​មក​ដល់​បច្ចុប្បន្ននេះ វាមាន​រយៈពេល​ប្រមាណ​មួយខែ​ហើយ​ ​ប៉ុន្តែ​លោក​មិន​ទាន់​ទទួលបាន​ការ​បញ្ជាក់​ច្បាស់​លាស់​អ្វី​ឡើយ។

​លោក​ទាម​ទារ​ឱ្យ​ក្រសួង​សុខាភិបាល​បញ្ជាក់​មូល​ហេតុ​ឱ្យ​បាន​ច្បាស់​លាស់​អំពី​ការ​ដក​ហូត​តំណែង​របស់​រូប​លោក។ ​លោកការ​ពារ​ខ្លួនថា​លោក​មិន​បាន​ធ្វើ​ខុស​នីតិវិធី​ច្បាប់​ណា​មួយ​ឡើយ ជាពិសេស​ពាក់​ព័ន្ធ​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។ លោក​បន្ថែម​ថា​លោក​បាន​សុំ​ច្បាប់​ពិសេស​រួច​រាល់​ហើយ មុន​នឹងធ្វើជា​បេក្ខ​ជន​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុ​ម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណ​បក្ស​នយោបាយ។

​លោក​ប្រាប់​វីអូអេ​ថា​៖ ​«តាំង​ពី​ថ្ងៃ​លុប ​មក​ដល់​ឥឡូវ​មាន​រយៈ​ពេល​១​ខែ​គត់​ហើយ។ អត់​មាន​ឃើញ​ការ​ឆ្លើយ​តប​អ្វី​ពី​ក្រសួង​សុខាភិបាល​ដែល​ខ្ញុំ​បាន​ដាក់ស្នើ​ពិនិត្យ​ឡើង​វិញ។ អ៊ីចឹង​ យ៉ាង​ហោច​ណាស់​ក៏​មាន​ការ​ឆ្លើយ​តប​ពី​ក្រសួង ថា​ការ​លុប​ហ្នឹង​វា​ខុស​វិន័យ​របៀប​ម៉េច ឱ្យ​វា​ច្បាស់​លាស់​ ដើម្បី​ឱ្យ​សាមី​ខ្លួន​ដែល​រង​ភាព​អយុត្តិធម៌​បាន​ទទួល​ការ​ដឹង​ឮ​ពិត​ប្រាកដ​ផង»។

ក្រោយ​មាន​ករណី​ដក​តំណែង​មន្ត្រី​រាជការ រដ្ឋ​លេខា​ធិការ​ក្រសួង​មហាផ្ទៃ​ លោក សក់ សេដ្ឋា ​បាន​ចេញ​សេចក្តី​ជូន​ដំណឹ​ង​មួយ កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ​អំពី​ការ​ស្នើ​សុំ​ស្ថិត​នៅ​ក្រៅ​ក្រប​ខណ្ឌ​ដើម​របស់​មន្ត្រី​រាជការ​ ដែល​បាន​ជាប់​ឆ្នោត​ជា​សមាជិ​កក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥។ សេចក្តី​ជូន​ដំណឹង​នោះបញ្ជាក់នូវច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ត្រង់​មាត្រា​៣៧ ​ដោយ​ថាមន្ត្រី​រាជការ​ស៊ីវិល​ មន្ត្រី​តុលាការ​ កង​យោធពលខេមរភូមិន្ទ​ នគរបាល​ជាតិ​ ប្រសិន​បើ​មាន​បំណង​ចង់​បម្រើ​ការ​ជា​សមាជិកក្រុម​ប្រឹក្សា ​សាមី​ខ្លួន​ត្រូវ​ធ្វើ​ពាក្យ​តាម​ឋានានុក្រម​ទៅ​សាមី​ក្រសួង​ ឬ​សាមី​អង្គ​ភាព​ ដើម្បី​ទៅ​បម្រើ​ការងារ​ក្រៅ​ក្របខណ្ឌ​ដើម​ក្នុង​រយៈពេល​នៃអាណត្តិ​របស់​ក្រុម​ប្រឹក្សា។ នៅ​ពេល​ដែល​ចប់​អាណត្តិ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ សាមី​ខ្លួន​ត្រូវ​ធ្វើ​ពាក្យ​ស្នើ​សុំ​ត្រឡប់​មក​បម្រើ​ការ​ងារ​នៅ​ក្រសួង​ ឬ​អង្គភាព​ដើម​វិញ ប៉ុន្តែ​មុខ​ងារ និង​មុខ​តំណែង​ អាស្រ័យ​សាមី​ក្រសួង​ ឬសាមី​អង្គភាព ជា​អ្នក​សម្រេច។

រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​ លោក សក់ សេដ្ឋា បញ្ជាក់​ប្រាប់​វីអូអេ​តាម​Telegram​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា៖​«មន្ត្រី​យោធា នគរបាល ​ពេល​ចប់​អាណត្តិ​[ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់] ត្រូវ​ដាក់​ពាក្យ​សុំ​ចូល​បម្រើ​ការងារ​នៅ​អង្គភាព​ដើម​វិញ ចំពោះ​មុខ​តំណែង​អាស្រ័យ​អង្គភាព​ជា​អ្នក​សម្រេច»។

​វីអូអេ​មិន​អាច​សុំ​ការ​អធិប្បាយ​ពី​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង និង​អ្នកស្រី ​ឱ វណ្ណឌីន ​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ បាន​នៅ​ឡើយ​ទេ។

លោក​ កន សាវាង្ស ​មន្ត្រី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​អង្គការ​ខុម​ហ្វ្រែល ​កត់​សម្គាល់​អំពី​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ត្រង់​ច្បាប់​ពិសេស​ ដោយ​លោក​ថា​ប្រសិន​បើ​មន្ត្រី​រាជការ​ស៊ីវិល បាន​សុំ​ច្បាប់​ពិសេស​ក្នុង​ការ​ចូលរួម​នយោបាយ ឬ​ឈរជា​បេក្ខភាព​ឱ្យ​គណបក្ស​ណា​មួយ​នោះ ​គឺ​បុគ្គល​នោះ​មិន​ប្រឈម​នឹង​បញ្ហាណា​មួយ​ចំពោះ​តួនាទី​របស់​ពួកគេ​នោះ​ទេ។ ប៉ុន្តែ​បើ​ក្រសួង​ ឬ​អង្គភាព​ មិន​បាន​បំពេញ​តាម​ច្បាប់បញ្ញត្តិ​នេះ​ទេ នោះ​មាន​ន័យ​ថា​វា​ជា​ការ​រើស​អើង​ផ្នែក​នយោបាយ។ ​

​លោក​ថ្លែង​ថា៖ ​«ហើយ​ដក​គាត់​ ដោយ​មិន​មាន​អនុវត្ត​តាម​នីតិវិធី​ទេ អាហ្នឹង​វា​ជា​ការ​រើស​អើង​ផ្នែក​នយោបាយ​មួយ ដែល​មាន​និន្នាការ​នយោបាយ ​ជាពិសេស​ការ​គំរាមកំហែង​ទៅ​លើ​អ្នក​ដែល​ធ្វើ​នយោបាយ​ ចូល​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រឆាំង​ហ្នឹង​ហើយ»។

​លោក អំ សំអាត នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​នៃ​អង្គការ​លីកាដូ ​ថ្លែង​ថា​ប្រសិន​បើ​ក្រសួងលុប​ឈ្មោះ​មន្ត្រី​រាជការ​ចេញ​ពី​ក្រប​ខណ្ឌ ដោយមិន​បាន​បញ្ជាក់​ពីមូលហេតុ​ និងមិន​បាន​បញ្ជាក់​ពីកំហុស​ឆ្គង​ តាម​លក្ខន្តិកៈ​ស្តីពី​មន្ត្រី​រាជ​ការ​ច្បាស់​លាស់​ទេ​ នោះ​វា​ប៉ះ​ពាល់​សិទ្ធិ​របស់​ប្រជាពល​រដ្ឋ។

លោក​ថ្លែង​ថា៖ ​«ខ្ញុំ​មាន​ការ​សោកស្តាយ​ដែរ​ ពីព្រោះ​បើ​សិន​ជា​ការ​បញ្ចប់​ក្របខណ្ឌ​មន្ត្រី​រាជការ​ ដោយ​សារ​តែ​ពួក​គាត់​ចូល​រួម​ជីវភាព​នយោបាយ ជា​ពិសេស​អ្នក​ដែល​ចូលរួម​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​ប្រឆាំង​ ហើយ​ត្រូវ​បាន​លុបឈ្មោះ​ចេញ​ពី​ក្របខណ្ឌ​មន្ត្រី​រាជការ​ ដោយ​មិន​មាន​មូល​ហេតុ​ច្បាស់​លាស់​ ហើយ​មិន​មាន​កំហុស​ឆ្គង​តាម​លក្ខន្តិកៈ​ស្តីពី​មន្ត្រី​រាជ​ការ​ទេ អា​ហ្នឹង​វា​ជា​ការ​ប៉ះ​ពាល់​សម្រាប់​ការ​អនុវត្ត​សិទ្ធិ​របស់​ពលរដ្ឋ ពី​ព្រោះ​ពលរដ្ឋ​នីមួយៗ មាន​សិទ្ធិ​នៅ​ក្នុង​ការ​ចូល​រួម​ជីវភាព​នយោបាយ​នៃ​គណបក្ស​នយោបាយ​ណា​មួយ»។

គួរ​បញ្ជាក់​ថា​មន្ត្រី​នគរបាល​ម្នាក់​ទៀត​ លោក អេង ស្រូយ ដែល​ជា​ប្រធាន​ក្រុម​ការងារ​បណ្តោះ​អាសន្ន​គណបក្ស​ភ្លើង​ទៀន ​ខេត្ត​ត្បូងឃ្មុំ ក៏​ត្រូវ​បាន​ដក​ហូត​មុខ​តំណែង ឋានន្តរស័ក្តិ និង​បណ្តេញ​ចេញ​ពី​ក្របខណ្ឌ​នគរបាល​ជាតិ កាល​ពី​កន្លង​ទៅ​ផងដែរ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​មួយ​ ចុះ​ហត្ថ​លេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក ស ខេង​ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា​ ឆ្នាំ​២០២២៕

XS
SM
MD
LG