ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​ប្រឆាំង ស្នើ ​គ.ជ.ប ឲ្យ​ពន្យារពេល​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត


មន្ត្រី​ចុះ​ឈ្មោះ​បោះឆ្នោត​ ជួយ​ណែ​នាំ​ដល់​ពលរដ្ឋឲ្យ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ ក្នុង​ពេល​ចុះ ឈ្មោះ​បោះឆ្នោត ​ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៦។​ (ហ៊ាន សុជាតា/VOA)
មន្ត្រី​ចុះ​ឈ្មោះ​បោះឆ្នោត​ ជួយ​ណែ​នាំ​ដល់​ពលរដ្ឋឲ្យ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ ក្នុង​ពេល​ចុះ ឈ្មោះ​បោះឆ្នោត ​ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៦។​ (ហ៊ាន សុជាតា/VOA)

ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​បញ្ជី​អ្នក​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦​ គ្រោង​នឹង​ត្រូវ​បិទ​បញ្ចប់ នៅ​ថ្ងៃ​ទី​២៩​ខែ​វិច្ឆិកា​នេះ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ស្នើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)​ ពន្យារ​ពេល​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​បង្កើត​ឲ្យ​មាន​ការិយាល័យ​ចល័ត​ដល់​តំបន់​ដាច់​ស្រយាល ស្រប​ពេលដែល​ប្រជា​ពល​រដ្ឋជាង​២លាន​នាក់​ទៀត នៅ​មិន​ទាន់​បាន​ចុះ​ឈ្មោះ ខណៈ​ការ​បិទ​បញ្ចប់​ការ​ចុះ​ឈ្មោះ​កាន់តែ​ខិត​ជិត​មក​ដល់ ។

របាយ​ការណ៍​បណ្ដោះ​អាសន្ន​របស់ ​គ.ជ.ប បង្ហាញ​ថា ​ការ​ចុះឈ្មោះ​បោះឆ្នោត​របស់​ពលរដ្ឋ​ដែល​មាន​អាយុ​១៨​ឡើង​នៅ​ទូទាំង​ប្រទេស​ គិត​រហូត​មក​ល្ងាច​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា មាន​ជាង​៧​លាន​នាក់ ឬ​ស្មើ​នឹង​៧៧% ដែល​បានចុះ​ឈ្មោះ ខណៈ​ពលរដ្ឋជាង​២លាន​នាក់​ទៀត​ នៅ​មិន​ទាន់​ចុះ​ឈ្មោះ​នៅ​ឡើយ។

ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​បញ្ជី​អ្នក​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦​ គ្រោង​នឹង​ត្រូវ​បិទ​បញ្ចប់ នៅ​ថ្ងៃ​ទី​២៩​ខែ​វិច្ឆិកា​នេះ។

ថ្លែង​ក្នុង​សន្និសីទ​នៅ​ទី​ស្នាក់​ការ​គណ​បក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃពុធ ទី​២៣ ខែ​វិច្ឆិកា​នេះ លោក យឹម សុវណ្ណ តំណាងរាស្ត្រ​គណបក្ស​ប្រឆាំងលើកឡើង​ថា វិធានការ​ក្នុង​ការ​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​ចុះឈ្មោះ​បោះ​ឆ្នោត​របស់ គ.ជ.ប មិន​ទាន់​មាន​ប្រសិទ្ធ​ភាព​គ្រប់គ្រាន់​នៅឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋជាង​២លាន​នាក់ ​មិនទាន់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ឡើយ។

លោក យឹម សុវណ្ណ បន្ថែម​ថា គ.ជ.ប ត្រូវ​ចាត់​វិធានការ​បន្ថែម​ទៀត ​ដើម្បី​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​កាន់​តែ​ច្រើន តាម​រយៈ​ការ​ពន្យារថ្ងៃ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ការ​ដាក់​ការិយាល័យ​អចិន្ត្រៃយ៍ និង​ការ​បង្កើត​ឲ្យ​មាន​ការិយាល័យ​ចល័ត​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​តំបន់​ដាច់​ស្រយាល​ ឲ្យ​បាន​ចុះ​ឈ្មោះគ្រប់ៗ​គ្នា។

«សុំ​ឲ្យ​ពន្យារ​ការ​ចុះ​ឈ្មោះ។ កន្លែង​ខ្លះ ឧទាហរណ៍​ឃុំ​សង្កាត់​ខ្លះ​ដែល​រៀងរាល់​ថ្ងៃ​មាន​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​លើស​ពី៥០​នាក់ យើង​ត្រូវ​តែ​ពន្យារ​ពេល​មួយ​រយៈ។ មួយ​សប្ដាហ៍ ពីរ​សប្ដាហ៍ ឲ្យ​គាត់​ចុះ​ទាំងអស់។ សូម​ឲ្យ​ដាក់​ការិយាល័យ​ចុះ​ឈ្មោះ​អចល័ត នៅ​តែ​មួយ​កន្លែងទៅ​ដាក់​ទៅ តាម​ស្រុក និង​តាម​ខេត្ត។ ហើយ​ឥឡូវបញ្ចប់​ការ​ចុះ​ឈ្មោះ​តាម​ឃុំ​សង្កាត់​ហើយ ក៏​ប៉ុន្តែ​ត្រូវ​មាន​ចល័ត មាន​ជា​អចិន្ត្រៃយ៍ មាន​ការិយាល័យ​ជា​អចិន្ត្រៃយ៍។ បើ​អ្នក​ខ្លះ ​គាត់​មិន​ទាន់​បាន​ចុះ​ឈ្មោះ ឲ្យ​គាត់​អញ្ជើញ​ទៅចុះ​ឈ្មោះ​ទៅ»។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ប្រាប់ VOA ថា ការ​ពន្យារ​ពេល​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត នឹង​ត្រូវ​សម្រេច​ថា​ពន្យារ ឬ​មិន​ពន្យារ បន្ទាប់ពី​ថ្ងៃ​បិទ​បញ្ចប់​មក​ដល់ ដើម្បី​ឲ្យ​ដឹង​ពី​ចំនួន​សរុប​នៃ​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​ជា​មុន​សិន។

លោក​បន្ថែម​ថា សម្រាប់​ការបង្កើត​ការិយាល័យ​ដើម្បី​សម្រួល​ដល់​ការ​ចុះ​ឈ្មោះ​របស់​ប្រជា​ពលរដ្ឋ​នេះ គឺជា​គោលការណ៍​រួម​មួយ​ដែល​ គ.ជ.ប បាន​និង​កំពុង​ណែនាំ​ទៅ​គ្រប់​ការិយាល័យ​បោះ​ឆ្នោត ដើម្បីអាច​រក​ចំណុច​រួម​មួយ ក្នុង​ការ​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​អាច​ទៅ​ចុះ​ឈ្មោះ​បាន​គ្រប់​គ្នា។​

«សប្ដាហ៍​ចុង​ក្រោយ​នេះ​គឺជា​ពេល​វេលា​មួយ​ទៀត​ដែល​អាច​ថា​ពួកគាត់​មិន​បាន​ចុះ​ឈ្មោះ​ហ្នឹង ​គាត់​នឹង​បាន​រួសរាន់​មក​ចុះ​ឈ្មោះ។ ហើយ​បើសិនជា​ពន្យារ ហើយ​ចេះ​តែ​ពន្យារ​ទៅ អ្នក​ដែល​អត់​មាន​បំណង​ចុះ​ឈ្មោះ​ផង ហើយ​ច្បាប់​ក៏​មិន​តម្រូវ​ឲ្យ​គាត់​មាន​កាតព្វកិច្ច​ត្រូវតែ​ចុះ​ឈ្មោះ​ដែរ។ អញ្ចឹង​ការ​ពន្យារ​របស់​ គ.ជ.ប នឹង​ក្លាយ​ទៅ​ជា​ឥតប្រយោជន៍​ទៅ​វិញ ហើយ​ការ​ចំណាយ​ក៏​ប៉ះ​ពាល់ដល់​ថវិកា​ចំណាយ​សម្រាប់​បោះ​ឆ្នោត​ដែរ»។

លោក ហង្ស ពុទ្ធា បន្ថែម​ថា ការដែល​ប្រជាពលរដ្ឋ​ជាង​ពីរ​លាន​នាក់មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​មិន​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដោយសារ​មាន​បញ្ហា​មួយ​ចំនួន​ដែល​ពួកគេ​កំពុង​ជួប​ប្រទះ ជា​ពិសេស​ការ​ចំណាក​ស្រុក​របស់​ពលករ​ដែល​មាន​ចំនួន​ជាង​មួយ​លាន​នាក់។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល ប្រាប់ VOA ថា ការ​ពន្យារ​ពេល​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​គឺ​ជា​វិធីសាស្ត្រ​ល្អ​ដែល​អាច​ជំរុញ និង​ផ្ដល់​ឱកាស​ដល់​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ បាន​កាន់​តែ​ច្រើន។

លោក​បន្ថែម​ថា អង្គការ​របស់​លោក​និង​សម្ព័ន្ធ​កំណែ​ទម្រង់​ការបោះឆ្នោត​ (ERA) ក៏​កំពុង​តែ​ជំរុញ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​ស្វែង​រក​វិធីសាស្ត្រ​ផ្សេងៗ​ ​ដើម្បី​ដោះ​ស្រាយបញ្ហា​របស់​ប្រជាពលរដ្ឋ​ដែល​មិនបាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។

លោក គល់ បញ្ញា បន្ថែម​ថា គ.ជ.ប គួរតែ​ធ្វើ​វិសោធនកម្ម​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ចុះ​ឈ្មោះ និង​ការ​បោះ​ឆ្នោត​របស់​ពលករ​ចំណាក​ស្រុក អ្នក​ជាប់ឃុំ​ដែល​មិនទាន់​ក្លាយ​ជា​ទណ្ឌិត និង​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត​ដែល​មាន​បញ្ហា​ប្រឈម​ ដើម្បី​ឲ្យ​ពួកគេ​អាច​ក្លាយ​ជា​ពលរដ្ឋ​ដែល​មាន​សិទ្ធិ និង​កាតព្វកិច្ចពេញ​លេញ។

«រដ្ឋាភិបាល​ ត្រូវតែ​ខិតខំ​រក​មធ្យោបាយ ការ​ទទួល​ខុស​ត្រូវ​ដើម្បី​ធានា​ដល់​ប្រជា​ពលរដ្ឋ​ទាំងពីរ​ភេទ​ហ្នឹង​ បាន​មាន​សិទ្ធិ​បោះ​ឆ្នោត។ ហើយ​បើ​គាត់​អត់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត មាន​ន័យ​ថា​គាត់​អត់​បាន​បោះ​ឆ្នោត​ទេ។ អញ្ចឹង​រដ្ឋាភិបាល​យើង ​អត់​បាន​បំពេញ​ការ​អនុវត្តរដ្ឋធម្មនុញ្ញ​យើង​បាន​ពេញ​លេញ អា​ហ្នឹង​ជា​ចំណុច​មួយ​ដែល​យើង​ខ្វះខាត។ ទី២ ប្រជាពលរដ្ឋ​នឹង​បាត់​បង់​សិទ្ធិ​បោះ​ឆ្នោត ជា​ម្ចាស់ អំណាច ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ អ្នក​តំណាងរាស្ត្រ ឬក៏​ការ​បោះ​ឆ្នោត​ផ្សេងៗ​ទៀត»។

កន្លង​មក​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល តែង​ទាមទារ​ចង់​ឲ្យ​រដ្ឋាភិបាល​បង្កើត​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​ព្រំដែន​ និង​តាម​ស្ថាន​ទូត​ និង​ស្ថាន​កុងស៊ុល​ប្រទេស​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ដែល​ពលករ​កម្ពុជា​បាន​ចេញ​ទៅ​បំពេញ​ការងារ។ ប៉ុន្តែ ការ​ទាមទារ​នេះ​ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់​គ.ជ.ប លើក​ឡើង​ថា អាច​សម្រេច​ទៅ​បាន​លុះ​ត្រា​តែ​កម្ពុជា​ធ្វើ​វិសោធនកម្មច្បាប់​បោះឆ្នោត​ថ្មី៕

XS
SM
MD
LG