លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានអញ្ជើញទៅទស្សនាប្រទេសប៉ាគីស្ថានកាលពីថ្ងៃសុក្រដើម្បីជួបជាមួយសមភាគីរបស់លោកនៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋកម្រិតខ្ពស់លើកទីមួយបែបនេះក្នុងរយៈពេល១២ឆ្នាំដោយមានរួមបញ្ចូលការឈប់នៅឯគេហដ្ឋានលោកនាយករដ្ឋមន្ត្រី Nawaz Sharif ផងដែរ។
លោក Vikas Swarup អ្នកនាំពាក្យនៃក្រសួងការបរទេសឥណ្ឌាបានសរសេរក្នុង
Twitter ថា «គ្រួសារមានសារៈសំខាន់» ហើយលោកបានភ្ជាប់ជាមួយនូវរូបថតមួយនៃនាយករដ្ឋមន្ត្រីទាំងពីរនាក់នេះនៅឯគេហដ្ឋានលោក Sharif ក្នុងក្រុង Raiwind នៅខាងក្រៅក្រុង Lahoreដែលនៅទីនោះមេដឹកនាំប៉ាគីស្ថានរូបនេះបានរៀបចំពិធីអាពាហ៌ពិពាហ៌ចៅស្រីលោក។
បើតាមលោក Swarup លោក Modi មិនបានស្ថិតនៅក្នុងពិធីនេះទេ។
កាលពីព្រឹកថ្ងៃសុក្រលោកនាយករដ្ឋមន្ត្រីនៃប្រទេសឥណ្ឌាបានប្រកាសនៅពេលលោកស្ថិតក្នុងប្រទេសអាហ្វហ្គានីស្ថានថាលោក «ចង់ជួប» ជាមួយលោក Sharif។
លោក Sharif បានអញ្ជើញទៅទទួលលោក Modi នៅឯចំណតយន្តហោះក្រុងLahore។ មេដឹកនាំទាំងពីរនាក់នេះបានឡើងជិះឧទ្ធម្ភាគចក្រមួយគ្រឿងជាបន្ទាន់ទៅកាន់ក្រុង Raiwind។
ជាដំបូងឡើយ នាយករដ្ឋមន្ត្រីទាំងពីរនាក់នេះបានធ្វើឱ្យមានការទាក់ទងកម្រិតខ្ពស់ជាថ្មីឡើងវិញរវាងប្រទេសជាតិទាំងពីរជាមួយការសន្ទនាគ្នាក្នុងរយៈពេលខ្លីមួយកាលពីពីរសប្តាហ៍មុននេះនៅក្នុងសន្និសីទអន្តរជាតិស្តីពីអាកាសធាតុនៅក្នុងក្រុងប៉ារីស៕