អស់រយៈពេលជិតពីរឆ្នាំហើយដែលបណ្ដាញក្រុមហ៊ុនដ៏ធំមួយរបស់ឥណ្ឌាបានរងការចោទប្រកាន់ពីការប្រព្រឹត្តកំហុសដោយក្រុមហ៊ុនវិនិយោគមួយរបស់សហរដ្ឋអាមេរិក។ នៅពេលនេះ ក្រុមហ៊ុនដដែលកំពុងប្រឈមនឹងការចោទប្រកាន់ពីបទឆបោក ដែលអ្នកវិភាគយល់ថា មានសភាពធ្ងន់ធ្ងរជាងករណីលើកមុន។
ការចោទប្រកាន់ចុងក្រោយដោយសហរដ្ឋអាមេរិក អាចធ្វើ ឱ្យវិនិយោគិនបាត់បង់ទំនុកចិត្ត នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី៣នៅអាស៊ី នៅពេលដែលប្រទេសឥណ្ឌាកំពុងព្យាយាមទាក់ទាញវិនិយោគទុនពីបរទេស។ ការចោទប្រកាន់ទាំងនេះក៏ជំរុញឱ្យមានព្យុះនយោបាយផងដែរនៅក្នុងប្រទេសឥណ្ឌា ដោយគណបក្សប្រឆាំងទាមទារ ឱ្យមានការស៊ើបអង្កេតទៅលើការចោទប្រកាន់នានាទៅលើសេដ្ឋីពាណិជ្ជករដ៏មានឥទ្ធិពលដែលបណ្តុំក្រុមហ៊ុនតម្លៃ១៣៥ពាន់លានដុល្លាររបស់លោកមានជំនួញរាប់ចាប់ពីកំពង់ផែ អាកាសយានដ្ឋាន និងថាមពល។ ក្រុមហ៊ុនទាំងនេះមានឥទ្ធិពលយ៉ាងខ្លាំងលើសេដ្ឋកិច្ចរបស់ឥណ្ឌា។
បទចោទប្រកាន់ផ្លូវការនៅតុលាការទីក្រុង New York (ញូវយ៉ក) សហរដ្ឋអាមេរិក កាលពីចុងខែវិច្ឆិកា បានចោទលោក Gautam Adani ដែលជាស្ថាបនិកក្រុមហ៊ុន Adani Group ពីការប្រើល្បិចកេងចំណេញពីអ្នកវិនិយោគតាមរយៈការលាក់បាំងអំពី គម្រោងថាមពលពន្លឺព្រះអាទិត្យដ៏ធំមួយត្រូវបានសម្របសម្រួលដោយផែនការមានទឹកប្រាក់ ២៥០លានដុល្លារ ដែលពាក់ព័ន្ធនឹងសូកប៉ាន់មន្ត្រីឥណ្ឌាដើម្បីទទួលបានកុងត្រាគម្រោងធំៗ។
ក្រុមហ៊ុនដែលពាក់ព័ន្ធនេះមានឈ្មោះថា Adani Energy Green។ ក្រុមហ៊ុននេះកំពុងសាងសង់រោងចក្រថាមពលពន្លឺព្រះអាទិត្យដ៏ធំមួយនៅរដ្ឋ Gujarat ស្ថិតនៅភាគខាងលិចនៃប្រទេសឥណ្ឌា ដើម្បីផលិតថាមពលផ្គត់ផ្គង់អគ្គិសនីទៅគេហដ្ឋានរាប់លានខ្នង។ បណ្ដាញក្រុមហ៊ុន Adani Group បានច្រានចោលការចោទប្រកាន់របស់អាជ្ញាធរសហរដ្ឋអាមេរិកទៅលើលោក Gautam Adani និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។
ការចោទប្រកាន់នេះកើតមានបន្ទាប់ពីបណ្ដាញក្រុមហ៊ុននេះបានរងការចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងការកេងចំណេញលើទីផ្សារភាគហ៊ុន និងការឆបោក។ ការចោទប្រកាន់ទាំងនោះត្រូវបានធ្វើឡើងកាលពីឆ្នាំ២០២៣ ដោយក្រុមហ៊ុនវិនិយោគមួយរបស់សហរដ្ឋអាមេរិក គឺក្រុមហ៊ុន Hindenburg Research។ និយតករឥណ្ឌា ដែលស៊ើបអង្កេតលើការចោទប្រកាន់ទាំងនេះ បានថ្លែងថា ពួកគេរកមិនឃើញថាក្រុមហ៊ុននេះបានប្រព្រឹត្តអ្វីខុសនោះទេ។
ក្រុមអ្នកវិភាគនិយាយថា ការចោទប្រកាន់ថ្មីនេះនៅសហរដ្ឋអាមេរិក បង្កជាបញ្ហាប្រឈមកាន់តែធំសម្រាប់បណ្ដាញក្រុមហ៊ុននេះ។
លោក Michael Kugelman នាយកវិទ្យាស្ថានអាស៊ីខាងត្បូងនៃមជ្ឈមណ្ឌល Wilson នៅរដ្ឋធានីវ៉ាស៊ីនតោន បានថ្លែងថា៖ «វាជារឿងមួយប្រសិនបើការចោទប្រកាន់ទាំងនេះកើតចេញពីក្រុមហ៊ុនទិញលក់ភាគហ៊ុនរយៈធ្លាក់ថ្លៃ short seller ឬពីសារព័ត៌មាន។ ប៉ុន្តែ ករណីនេះគឺរដ្ឋាភិបាលសហរដ្ឋអាមេរិកចេញមុខចោទប្រកាន់តែម្ដង ដោយមានបទចោទយ៉ាងលម្អិត។ នេះគឺជាទំហំនៃការចោទប្រកាន់ផ្សេងមួយទៀត»។
លោក Gautam Adani អាយុ ៦២ឆ្នាំ គឺជាអ្នកដែលបានបោះបង់ការសិក្សានៅមហាវិទ្យាល័យ មកពីគ្រួសារវណ្ណៈកណ្ដាល ហើយបានលេចមុខគួរ ឱ្យភ្ញាក់ផ្អើលតាមរយៈទ្រព្យសម្បត្តិនៃបណ្ដាញក្រុមហ៊ុនរបស់លោក ជាពិសេសចាប់តាំងពីលោកបានចាប់ផ្ដើមពង្រីកក្រុមហ៊ុននេះចូលក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទសវត្សរ៍១៩៩០។ លោកបានសាងសង់រោងចក្រថាមពល អាកាសយានដ្ឋាន ផ្លូវ និង គម្រោងថាមពលកកើតឡើងវិញ នៅប្រទេសឥណ្ឌា នៅពេលប្រទេសនេះព្យាយាមតភ្ជាប់ចំណុចខ្វះខាតនៃហេដ្ឋារចនាសម្ព័ន្ធដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
ក្រៅពីចង់បង្ហាញវត្តមានដ៏ធំនៅក្នុងប្រទេសឥណ្ឌា មហិច្ឆតារបស់លោក Adani គឺនាំយកក្រុមហ៊ុនរបស់លោកទៅប្រទេសផ្សេងទៀត រួមមានអូស្ត្រាលី ឥណ្ឌូណេស៊ី និងអ៊ីស្រាអែល។ បន្ទាប់ពីជ័យជម្នះរបស់លោក Donald Trump (ដូណាល់ ត្រាំ) នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ លោក Adani បានបង្ហោះសារនៅលើបណ្ដាញសង្គម X ដោយបានអបអរសាទរលោក Trump និងបានប្រកាសពីផែនការវិនិយោគដែលមានទឹកប្រាក់ ១០ពាន់លានដុល្លារទៅលើគម្រោងថាមពល និងហេដ្ឋារចនាសម្ព័ន្ធ នៅសហរដ្ឋអាមេរិក។
ការចោទប្រកាន់របស់សហរដ្ឋអាមេរិកបានប៉ះពាល់រួចហើយទៅលើកិច្ចប្រឹងប្រែងរបស់បណ្ដាញក្រុមហ៊ុននេះក្នុងការពង្រីកអាជីវកម្មថាមពល និង ហេដ្ឋារចនាសម្ព័ន្ធនៅក្រៅប្រទេស។ មួយថ្ងៃក្រោយការចោទប្រកាន់ត្រូវបានដឹងឭជាសាធារណៈ ប្រទេសកេនយ៉ាបានប្រកាសថា ខ្លួននឹងលុបចោលកិច្ចព្រមព្រៀងពង្រីកអាកាសយានដ្ឋាន និង កិច្ចព្រមព្រៀងអគ្គិសនី ដែលមានតម្លៃប្រមាណ ២,៥ ពាន់លានដុល្លារ ជាមួយក្រុមហ៊ុន Adani Group។
ការចោទប្រកាន់នេះក៏បានធ្វើ ឱ្យបាត់ទំនុកចិត្តទៅលើគម្រោងដែលបានរៀបចំផែនការរួចហើយនៅប្រទេសស្រីលង្កាផងដែរ។ មន្ត្រីរដ្ឋាភិបាលបានថ្លែងកាលពីចុងខែវិច្ឆិកាថា ក្រសួងហិរញ្ញវត្ថុ និងក្រសួងការបរទេសនឹងពិនិត្យឡើងវិញទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលបានប្រគល់ជូនបណ្ដាញក្រុមហ៊ុនឥណ្ឌានេះ។ ក្រុមហ៊ុន Adani ទទួលបានកិច្ចសន្យាអភិវឌ្ឍកំពង់ផែសមុទ្រទឹកជ្រៅនៅទីក្រុងកូឡុំបូ។
អ្នកវិភាគនិយាយថា ភាពចម្រូងចម្រាសនេះនឹងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន Adani Group។
លោក Shriram Subramanian គឺជាស្ថាបនិកក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអភិបាលសាជីវកម្មឈ្មោះថា InGovern Research Services។ លោកថ្លែងដូច្នេះថា៖ «ពិតណាស់ ការចោទប្រកាន់ទាំងនេះនឹងឆ្កឹះឱ្យមានការបាត់ទំនុកចិត្តលើក្រុមហ៊ុន Adani Group។ វាក៏នឹងនាំឱ្យមានកំណើនអត្រាកម្ចីខ្ពស់សម្រាប់ពួកគេផងដែរ ដូច្នេះពួកគេត្រូវតែធ្វើការងារកាន់តែខ្លាំងជាងមុន។ ប៉ុន្តែ វានឹងមិនធ្វើឱ្យពួកគេចុះខ្សោយនោះទេក្នុងរយៈពេលវែង ពីព្រោះពួកគេមានប្រវត្តិល្អក្នុងការអនុវត្តគម្រោងនានា»។
ការចោទប្រកាន់របស់សហរដ្ឋអាមេរិកនឹងបង្កើតបានជាសំណួរពាក់ព័ន្ធនឹងការអនុវត្តអាជីវកម្ម និង បទដ្ឋាននៅប្រទេសឥណ្ឌា ហើយក៏អាចធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងរបស់ប្រទេសនេះក្នុងការទាក់ទាញពាណិជ្ជកម្មដែលស្វែងរកបង្កើតរោងចក្រ ឬ ក្រុមហ៊ុននានានៅក្រៅប្រទេសចិន។
លោក Kugelman ថ្លែងថា៖ «ក្នុងរយៈពេលខ្លី វាអាចធ្វើឱ្យវិនិយោគិនមានការបារម្ភ ពីព្រោះពួកគេមិនចង់ប្រថុយប្រថានកេរ្តិ៍ឈ្មោះរបស់គេក្នុងការវិនិយោគនៅក្នុងប្រទេសដែលរងឥទ្ធិពលពីលោក Adani យ៉ាងទូលំទូលាយនៅក្នុងវិស័យសេដ្ឋកិច្ចនោះទេ។ នេះជាពេលវេលាដ៏អាក្រក់មួយសម្រាប់ទីក្រុងញូវដែលី ដែលចង់ទាញយកផលប្រយោជន៍ពីអ្នកវិនិយោគជាច្រើនដែលប្រាថ្នាចង់ប្ដូរទីតាំងផលិតកម្ម និងមុខជំនួញផ្សេងទៀតចេញពីប្រទេសចិន»។
លោក Kugelman ចង្អុលបង្ហាញថា ការធ្លាក់ចុះនៃបរិយាកាសវិនិយោគនៅឥណ្ឌាទំនងជាកើតមានជាបណ្ដោះអាសន្នប៉ុណ្ណោះ ពីព្រោះកត្តាជំរុញដ៏មានឥទ្ធិពលសម្រាប់ការវិនិយោគពីបរទេសនៅឥណ្ឌា ដែលរួមមានវិស័យមានកំណើនខ្ពស់ជាច្រើន ទីផ្សារអ្នកប្រើប្រាស់ធំ និង សេដ្ឋកិច្ចធំដែលមានកំណើនខ្ពស់ នៅតែមានវត្តមាននៅទីនោះ»។
ការចោទប្រកាន់របស់សហរដ្ឋអាមេរិកក៏ទាក់ទាញចាប់អារម្មណ៍ជាថ្មីទៅលើការចោទប្រកាន់ជាច្រើនដែលធ្វើឡើងជាច្រើនឆ្នាំកន្លងទៅដោយគណបក្សសមាជ (Congress Party) ដែលជាគណបក្សប្រឆាំង និងអ្នករិះគន់ជាច្រើន ដោយពួកគេបានចោទប្រកាន់ថា ការពង្រីកធុរកិច្ចដ៏មហិមារបស់មហាសេដ្ឋីរូបនេះ ធ្វើឡើងស្របពេលជាមួយនឹងការកាន់អំណាចរបស់នាយករដ្ឋមន្ត្រី Narendra Modi។
រដ្ឋសភាឥណ្ឌាត្រូវបានរំខានជាលើកទី២ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា នៅពេលដែលគណបក្សប្រឆាំងទាមទារ ឱ្យមានការជជែកដេញដោលគ្នាលើការចោទប្រកាន់នេះ។ លោក Rahul Gandhi មេដឹកនាំគណបក្សសមាជ បានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅរដ្ឋសភាដូច្នេះថា៖ «គាត់គួរតែនៅក្នុងពន្ធនាគារ ហើយរដ្ឋាភិបាលកំពុងតែការពារគាត់»។
នៅក្នុងការតវ៉ាមួយកាលពីថ្ងៃទី១៥ ខែវិច្ឆិកា សកម្មជនគណបក្សសមាជ បានកាន់បដាដែលសរសេរថា «លោក Modi និងលោក Adani គឺជាមនុស្សតែមួយ» និងបដា ដែលសរសេរថា «មិត្តភាពរបស់លោក Modi ធ្វើ ឱ្យខាតប្រយោជន៍ជាតិ»។
រដ្ឋាភិបាលមិនមានប្រតិកម្មទៅលើបទចោទទាំងនោះទេ។ គណបក្សកាន់អំណាច Bharatiya Janata Party បានចង្អុលបង្ហាញថា ការចោទប្រកាន់ទាំងនោះពាក់ព័ន្ធនឹងការសូកប៉ាន់មន្ត្រីនៅក្នុងរដ្ឋចំនួន ៤ ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ប៉ុន្តែ ស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រឆាំង។
អ្នកវិភាគនយោបាយនិយាយថា ភាពចម្រូងចម្រាសចុងក្រោយទៅលើករណីរបស់លោក Adani ទំនងជាមិនប៉ះពាល់ដល់លោក Modi នោះទេ។
លោក Nilanjan Mukhopadhyay អ្នកវិភាគនយោបាយថ្លែងថា៖ «បញ្ហានេះត្រូវបានលើកឡើងមកជាយូរមកហើយ ប៉ុន្តែវាមិនដែលបង្កផលប៉ះពាល់ដល់លោកនាយករដ្ឋមន្ត្រីម្ដងណាទេ។ គណបក្សប្រឆាំងមិនទាន់ធ្វើឱ្យប្រជាជនជឿបានក្នុងករណីទាំងនេះទេ។ បច្ចុប្បន្ននេះ ប្រជាជនមើលឃើញបញ្ហានេះថា ជាករណីដែលក្រុមមួយទទួលបានផលប្រយោជន៍ច្រើនជាងក្រុមមួយទៀតពីសំណាក់រដ្ឋាភិបាល ហើយករណីបែបនេះ មនុស្សជាច្រើននៅឥណ្ឌាចាត់ទុកថាជារឿងធម្មតាទៅហើយ»៕
ប្រែសម្រួលដោយលោក សឹង សុផាត