ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសករណីឆ្លងកូវីដ១៩ថ្មីចុងក្រោយបំផុតមួយកាលពីថ្ងៃអាទិត្យ ដែលត្រូវបានធ្វើតេស្តឃើញលើបុរសខ្មែរ-បារាំងម្នាក់វ័យ៣០ឆ្នាំ ក្រោយពីបុរសនេះបានធ្វើដំណើរវិលត្រឡប់ពីប្រទេសបារាំង ដោយឆ្លងកាត់តាមប្រទេសកូរ៉េខាងត្បូង។
ករណីចុងក្រោយនេះធ្វើឲ្យចំនួនករណីឆ្លងកូវីដ១៩សរុបក្នុងប្រទេសកម្ពុជាកើនដល់១២៦នាក់។ ក្នុងនោះ១២៤នាក់បានជាសះស្បើយ ដោយគ្មានអ្នកស្លាប់ និងពីរនាក់ចុងក្រោយរួមទាំងបុរសខ្មែរ-បារាំងនេះផងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតក្នុងទីក្រុងភ្នំពេញ។
អ្នកឆ្លងម្នាក់ទៀតដែលមិនទាន់ជាសះស្បើយនៅឡើយនោះគឺជាបុរសខ្មែរអាយុ២៦ឆ្នាំរស់នៅខេត្តកំពត ដែលបានធ្វើដំណើរវិលត្រឡប់មកពីប្រទេសហ្វីលីពីន។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី៧ខែមិថុនាឆ្នាំ២០២០ សរសេរថា ករណីឆ្លងចុងក្រោយបំផុតនេះត្រូវបានរកឃើញលើបុរសជនជាតិខ្មែរដែលមានសញ្ជាតិបារាំងផងដែរ ដែលបានធ្វើដំណើរមកដល់ប្រទេសកម្ពុជានៅថ្ងៃទី២៤ខែឧសភាឆ្នាំ២០២០។
បុរសរូបនេះស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មុនមកដល់កម្ពុជា បុរសរូបនេះបានធ្វើដំណើរ និងស្នាក់នៅរយៈពេល១៤ថ្ងៃក្នុងប្រទេសអង់គ្លេស អាល្លឺម៉ង់ បារាំង និងកូរ៉េខាងត្បូង។ នេះបើផ្អែកតាមក្រសួងសុខាភិបាលកម្ពុជា។
គិតត្រឹមថ្ងៃទី៨ ខែមិថុនានេះ វីរុសកូរ៉ូណាដែលបង្កជាជំងឺកូវីដ១៩បានឆ្លងទៅមនុស្សជាង៧លាននាក់ និងបានសម្លាប់មនុស្សអស់ជាង៤សែននាក់នៅទូទាំងសកលលោក។ នេះបើយោងតាមទិន្នន័យនៃមជ្ឈមណ្ឌលព័ត៌មានអំពីវីរុសកូរ៉ូណានៃសាកលវិទ្យាល័យ Johns Hopkins ក្នុងសហរដ្ឋអាមេរិក៕