ភ្នំពេញ —
ក្រុមប្រជាពលរដ្ឋមួយចំនួនក្នុងខេត្តក្រចេះនិងខេត្តពោធិ៍សាត់បានបន្តរស់នៅទីតាំងចាស់របស់ខ្លួនដដែលក្រោយពីការដុតបំផ្លាញរបស់អាជ្ញាធរ។ ដោយឡែកប្រជាពលរដ្ឋមួយចំនួនផ្សេងទៀត បានផ្លាស់ទៅជម្រកបណ្តោះអាសន្ននៅកន្លែងជិតនោះ។
កាលពីថ្ងៃពុធ មានលំនៅដ្ឋានប្រជាពលរដ្ឋប្រហែល៣០០ខ្នង ក្នុងនោះ២០០ខ្នងនៅក្នុងស្រុកស្នួលខេត្តក្រចេះនិង១០០ខ្នងទៀតនៅស្រុកវាលវែងខេត្តពោធិ៍សាត់ត្រូវបានអាជ្ញាធរដុតបំផ្លាញចោលទាំងស្រុង។ នេះបើតាមការអះអាងពីមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនិងប្រជាពលរដ្ឋមូលដ្ឋាន។ ដោយឡែកក្រុមអាជ្ញាធរបានការពារចំណាត់ការរបស់ខ្លួនថានេះដោយសារប្រជាពលរដ្ឋទាំងនោះបានរស់នៅក្នុងព្រៃអភិរក្សរបស់រដ្ឋ។
អ្នកស្រី ស មុំ អាយុ៤៥ឆ្នាំ ជាពលរដ្ឋដែលបានរានដីព្រៃក្នុងស្រុកស្នួលកាលពីឆ្នាំ២០១១រៀបរាប់ពីព្រឹត្តិការណ៍នៃការដុតបំផ្លាញនេះ។
«គេយកឡានដំរីរុញផងឈូសផងខ្ទេចខ្ទី។ អត់មានសល់ទេរាបដូចកន្ទេលអញ្ចឹង ហើយអ្នកខ្លះកូនខ្ចី ក៏វាដុតផ្ទះគេដែរ។ អាគ្នាកំពុងកាន់បាយស៊ី ក៏វាមិនឱ្យស៊ីវាកញ្ឆក់ចានបាយបោកទៅដី មិនឱ្យស៊ី គ្រវែងចោលអស់»។
ក្រុមប្រជាពលរដ្ឋអះអាងថាពួកគេបានរានដីនៅទីនោះចន្លោះពី៣ទៅ៧ឆ្នាំ ដោយសារពួកគេគ្មានដីធ្វើស្រែចំការ ហើយមានជីវភាពខ្សត់ខ្សោយពេក។
នៅពេលនេះ ពួកគេមួយចំនួនបានសម្រេចចិត្តរស់នៅទីនោះបន្តទៀត ដោយគ្រាន់តែក្រាលកន្ទេលនិងចងមុងកណ្តាលវាលលើទីតាំងចាស់ ពីព្រោះពួកគេគ្មានគោលដៅនិងដីសង់លំនៅដ្ឋានជារបស់ខ្លួនទេ។
លោក គង់ គឹមលី អភិបាលស្រុកស្នួលដែលបានដឹកនាំកម្លាំងចុះបង្ក្រាបនៅទីនោះឱ្យដឹងថានេះដោយសារប្រជាពលរដ្ឋទាំងនោះទន្ទ្រានដីព្រៃដែលជាដែនជម្រកសត្វព្រៃដោយខុសច្បាប់ហើយកងកម្លាំងមានសមត្ថកិច្ចបានដុតបំផ្លាញតែជាង៥០ខ្ទមតែប៉ុណ្ណោះ ពោលគឺមិនដូចការចោទប្រកាន់របស់ប្រជាពលរដ្ឋទេ។ លោក គឹមលីបន្ថែមថាខាងអាជ្ញាធរបានជូនដំណឹងពួកគាត់ចំនួន២ដងរួចមកហើយ ប៉ុន្តែពួកគាត់នៅតែមិនស្តាប់ហើយថែមទាំងបន្តរានដីព្រៃយកបន្ថែមទៀត។
«វាខុសច្បាប់ វាខុសនឹងកន្លែងត្រូវការពារ តំបន់អភិរក្ស។ យើងមិនអាចធ្វើតាមគាត់ចង់ តាមគាត់ចង់ គាត់ចេះតែកាប់ទន្ទ្រានពេញទឹកពេញដី»។
លោកគង់ គឹមលីស្នើឱ្យពលរដ្ឋទាំងនោះដាក់ពាក្យសុំដីសម្បទានសង្គមកិច្ចទៅអាជ្ញាធរខេត្ត ព្រោះខាងអាជ្ញាធរខេត្តមានដីសម្បទានបម្រុងទុកសម្រាប់ចែកឱ្យពលរដ្ឋក្រីក្រ។ ប៉ុន្តែបើតាមអ្នកស្រី ស មុំ ពួកអ្នកស្រីបានដាក់សំណើនេះទៅអាជ្ញាធរជាង៣ឆ្នាំមកហើយ ប៉ុន្តែនៅតែមិនទទួលបានដីសម្បទានតាមការសន្យា។
លោក ហេង ភារៈ មន្ត្រីស៊ើបអង្កេតសិទ្ធិមនុស្សអង្គការអាដហុកប្រចាំខេត្តក្រចេះយល់ថាការបណ្តេញចេញគួរធ្វើឡើងដោយសន្តិវិធី ហើយអាជ្ញាធរគួររកដីសម្បទានសង្គមកិច្ចសមរម្យដើម្បីផ្តល់ឱ្យប្រជាពលរដ្ឋក្រីក្រទាំងនោះ មុនការបណ្តេញចេញ។
«ការការពារដីរដ្ឋរបស់សមត្ថកិច្ច ជាការត្រឹមត្រូវហើយ ប៉ុន្តែការការពារដីរដ្ឋនោះគួរតែមានវិធីទប់ស្កាត់មុនពេលដែលប្រជាពលរដ្ឋចូលទៅរស់នៅ ហើយពេលពលរដ្ឋចូលទៅនៅហើយ ហើយបង្ក្រាបដោយហិង្សាហ្នឹង វាធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សង្គមធ្ងន់ធ្ងរ»។
ដោយឡែក នៅឯខេត្តពោធិ៍សាត់វិញ ក៏មានការបង្ក្រាបក្នុងហេតុផលដូចគ្នានេះដែរ ទៅលើប្រជាពលរដ្ឋជាងមួយរយគ្រួសារ ដែលបានរានដីព្រៃយកសង់លំនៅដ្ឋាននិងដាំដំណាំ ក្នុងស្រុកវាលវែង ចម្ងាយប្រមាណ៨០គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់។ ការចុះបង្ក្រាបនេះក៏បាននាំឱ្យមានការចាប់ខ្លួនមនុស្សម្នាក់ផងដែរ។ ហើយនៅថ្ងៃនេះពលរដ្ឋប្រហែល៥០នាក់កំពុងតវ៉ាខាងមុខតុលាការខេត្តដើម្បីទាមទារឱ្យដោះលែងអ្នកដែលបានចាប់ខ្លួននិងទាមទារដំណោះស្រាយសម្រាប់ពួកគេ។ យ៉ាងណាក៏ដោយ ពួកគេមិនទាន់បានទទួលការឆ្លើយតបជាវិជ្ជមាននៅឡើយទេ។
លោកព្រះរាជអាជ្ញារង ប៉ង់ ចាន់សុធារា ជាអ្នកដឹកនាំការចុះបង្ក្រាបនេះ៖ «នេះជាការអនុវត្តរបស់សមត្ថកិច្ចដើម្បីទប់ស្កាត់ការរុករានរបស់រដ្ឋ។ រដ្ឋបានចាត់ចែងឱ្យដីកន្លែងផ្សេងដើម្បីឱ្យគាត់ចេញពីព្រៃមកវិញ ប៉ុន្តែយកដីដែលរដ្ឋប្រគល់ឱ្យហើយ មកយកដីកន្លែងដើមវិញ»។
អាជ្ញាធរនាពេលកន្លងមកធ្លាប់បានដេញពួកគេចេញពីទីនោះពីរដងរួចមកហើយ ដោយបានផ្តល់ដីសម្បទានសង្គមកិច្ចនៅកន្លែងផ្សេង។ ប៉ុន្តែប្រជាពលរដ្ឋទាំងនោះអះអាងថាពួកគេមិនអាចរស់នៅលើដីសម្បទានដែលចែកឱ្យបានទេ ដោយសារដីនោះគ្មានជីវជាតិនិងទឹកសម្រាប់ធ្វើកសិកម្មដាំដុះ ទើបពួកគាត់បង្ខំចិត្តត្រឡប់មករស់នៅកន្លែងដើមវិញ។
កញ្ញា មិត្ត សាមួន អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការលីកាដូប្រចាំខេត្តពោធិ៍សាត់ដែលបានចុះទៅអង្កេតនៅកន្លែងកើតហេតុយល់ថាអាជ្ញាធរគួរតែផ្តល់ដីសម្បទានសង្គមកិច្ចនៅកន្លែងណាដែលអាចបង្កបង្កើនផលបានដល់ពលរដ្ឋក្រីក្រទាំងនោះ ជាជាងការបណ្តេញដោយហិង្សានិងទុកឱ្យពួកគេរស់នៅដោយអាណាថាបែបនេះ៕