ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សាលាក្តី​ខ្មែរ​ក្រហម​សម្រេច​ចោទប្រកាន់​ជនសង្ស័យ​ម្នាក់​ទៀត​ក្នុង​សំណុំរឿង​០០៤


យឹម ទិត្យ ឬ ដែល​គេ​ស្គាល់​ផង​ដែរ​ថា​ តា​ទិត្យ និង​ភរិយា​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១១។ (វ៉ាន់ថាន់​ ពៅតារា/មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

លោក យឹម ទិត្យ​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ជាច្រើន​រួម​មាន​អំពើ​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រោម​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ដែល​រួម​ទាំង​ការ​ធ្វើ​ទុក្ខ​ម្នេញ​លើ​ខ្មែរ​ក្រោម​និង​ជនជាតិ​វៀតណាម។

សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​នៅ​សាលាក្តី​ខ្មែរ​ក្រហម បាន​សម្រេច​ដាក់​លោក យឹម ទិត្យ​ ឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទ​ឧក្រិដ្ឋ​កម្ម​មួយ​ចំនួន​ដែល​ត្រូវ​ចោទ​ថា​បាន​ប្រព្រឹត្ត​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម។ នេះ​បើ​យោង​តាម​សេច​ក្តី​ថ្លែង​ការណ៍​របស់​សាលាក្តី​ខ្មែរ​ក្រហម​ដែល​បាន​ចេញ​ផ្សាយនៅ​រសៀលថ្ងៃ​ពុធ​ទី​៩​ ខែ​ធ្នូ ឆ្នាំ​២០១៥។

លោក យឹម ទិត្យ​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ជាច្រើន​រួម​មាន​អំពើ​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រោម​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ដែល​រួម​ទាំង​ការ​ធ្វើ​ទុក្ខ​ម្នេញ​លើ​ខ្មែរ​ក្រោម​និង​ជនជាតិ​វៀតណាម​ ហើយ​នឹង​អំពី​អមនុស្ស​ធម៌​ជាច្រើន​ទៀត​ដូច​ជា​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ​ជាដើម។

សេចក្តី​ថ្លែងការណ៍​ដដែល​បាន​បញ្ជាក់​ថា ឧក្រិដ្ឋកម្ម​ទាំង​នេះ​ត្រូវ​បាន​ចោទ​ថា​ប្រព្រឹត្ត​ផ្សេងៗ​គ្នា​នៅ​ខេត្ត​តាកែវ​នៅ​មន្ទីរ​សន្តិសុខ​វត្ត​ប្រធាតុ​ មន្ទីរ​សន្តិសុខ​ក្រាំង​តា​ចាន់ និង​ទី​កន្លែង​ផ្សេងៗ​ជាច្រើន​ទៀត។

លោក ​ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​ VOA ​ថា៖

«ការ​ចោទ​ប្រកាន់​នេះ​មាន​សារៈសំខាន់​ណាស់​ដោយ​សារ​តែ​វា មិន​គ្រាន់តែ​ប្រារព្ធ​នូវ​ទិវា​អន្តរជាតិ​ជា​លើក​ដំបូង​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​ការ​ចងចាំ​និង​ភាព​ថ្លៃថ្នូរ​របស់​ជន​រងគ្រោះ​ដោយ​សារ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​និង​ការ​ទប់ស្កាត់ឧក្រិដ្ឋ​កម្ម​ទាំងនេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ការ​រំលឹក​ដល់​យើង​ទាំង​អស់​គ្នា​ដែរថា​អស់​រយៈពេល​១០០​ឆ្នាំ​ហើយ​ដែលពិភពលោកពន្យារ​ពេល​ ​មិន​ដោះស្រាយ​បញ្ហា​នេះ​ចាប់​តាំង​ពី​អំពើ​ប្រល័យ​ពូជសាសន៍​បាន​កើត​មាន​ឡើង​នៅ​ប្រទេស​អាមេនី​ក្នុង​ឆ្នាំ​១៩១៥‍»៕

ការ​ដាក់​លោក យឹម ទិត្យ​ ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​របស់​តុលាការនេះ នឹង​អនុញ្ញាត​ឲ្យ​លោក​អាច​មាន​សិទ្ធិ​ចូល​ពិនិត្យមើល​សំណុំ​រឿង​ ហើយ​អាច​ចូល​រួម​កិច្ច​ស៊ើបសួរ​នៅ​ក្នុង​សំណុំ​រឿង​នេះ​បាន​តាមរយៈ​មេធាវី​របស់​លោក៕

XS
SM
MD
LG