ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថានទូត​ស.រ.អា.​​មិន​ចាត់​វិធាន​ការ​ចំពោះ​ភាព​មិន​ត្រឹមត្រូវ​របស់​សកម្មជន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស


អ្នកស្រី ម៉ម សុម៉ាលី សកម្មជន​ប្រឆាំងការ​ជួញដូរ​មនុស្ស ចូលរួម​ពិធីលាង​សាយភោជន៍​របស់​មូលនិធិ​ម៉ម សុម៉ាលី កាលពីថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៣ នៅ​ទីក្រុងញូយ៉ក។ (រូបថត៖Andy Kropa/Invision/AP)
អ្នកស្រី ម៉ម សុម៉ាលី សកម្មជន​ប្រឆាំងការ​ជួញដូរ​មនុស្ស ចូលរួម​ពិធីលាង​សាយភោជន៍​របស់​មូលនិធិ​ម៉ម សុម៉ាលី កាលពីថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៣ នៅ​ទីក្រុងញូយ៉ក។ (រូបថត៖Andy Kropa/Invision/AP)

សារទូរលេខ​ការទូត​មួយ​បាន​បង្ហាញ​ថា ​ស្ថានទូត​ស.រ.អា.នៅ​កម្ពុជា​បាន​ដឹង​អំពី​ភាព​មិន​ត្រឹមត្រូវ​របស់​សកម្មជន​តស៊ូ​មតិ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស។​

កាសែត​ល្បីឈ្មោះ​មួយ​ក្នុង​ប្រទេស​កម្ពុជា​បាន​បោះ​ពុម្ព​ផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ​ស្ថានទូត​ស.រ.អា.ក្នុង​រាជ​ធានី​ភ្នំពេញ​បាន​ដឹង​ថា​ សកម្មជន​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​ល្បីល្បាញ​ម្នាក់​ បាន​ភូតកុហក់​អំពី​សាវតា​របស់​ខ្លួន​ ​ហើយ​គម្រោង​មួយ​របស់សកម្មជន​នេះ​ត្រូវបាន​សង្ស័យ​ថា ចំណាយលុយ​មិនត្រឹម​ត្រូវ។ ​តែ​ក្រោយ​មក​មាន​ការ​បញ្ជាក់​ច្បាស់​ថា​ ស្ថានទូត​ស.រ.អា.​សម្រេចមិន​ចាត់​វិធានការ​ទេ។​

កាសែត​ភ្នំពេញ​បុស្តិ៍​បាន​រាយការណ៍​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ស្ថានទូត​ស.រ.អា.ក្នុង​រាជធានី​នៃ​ប្រទេស​កម្ពុជា​បាន​ដឹង​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ថា​ សកម្មជន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​គឺ​អ្នកស្រី ​ម៉ម សូម៉ាលី ​នៃ​អង្គការ​ AFESIP​ ដែល​មិន​សម​នឹង​ទទួល​បាន​ការ​គោរពនោះ​ បាន​ជាប់​ទាក់ទង​នឹង​ការ​ប្រព្រឹត្ត​អំពើ​បោក​ប្រាស់។​

ស្ថានទូត​ស.រ.អា.ក៏​មាន​ការ​សង្ស័យ​ផង​ដែរ​ថា ​អង្គការ​មិន​រក​កម្រៃ​ក្នុង​ស្រុក​ឈ្មោះ​អង្គការ ​AFESIP ​ដែល​ផ្តល់​ជម្រក​ដល់​ជន​រងគ្រោះ​នៃ​ការ​ជួញដូរ​ផ្លូវ​ភេទ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ចំណាយ​ថវិកា​មិនត្រឹមត្រូវ។​ អ្នកស្រី ​ម៉ម សូម៉ាលី​ បាន​បង្កើត​អង្គការ​ AFESIP ​នេះ ​កាលពី​ឆ្នាំ​១៩៩៦។​

បន្ថែមពី​លើ​នេះ​ទៀត ​ស្ថានទូត​ស.រ.អា.បាន​ដឹង​ផង​ដែរ​ថា​ គុណភាព​នៃ​ការ​ផ្តល់​ការ​ថែទាំ​ផ្លូវ​ចិត្ត ​និង​សុខាភិបាល​នៅឯអង្គការ ​AFESIP ​នោះមិន​មានលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ និង​សភាពពោរពេញដោយ​ក្រៀមក្រំ​ ហើយ​ខ្វះខាត​ការ​គាំទ្រ ​ដែល​នាំ​ឲ្យ​បុគ្គលិក​ និង​អ្នក​ហាត់​ការ​ជា​ច្រើន​នាក់ ​ដែលមិន​បញ្ចេញ​ឈ្មោះ​ក្នុង​អង្គការ​នេះ ​បាន​លា​ឈប់​ពី​ការងារ។​

បើ​ទោះ​ជា​មានរឿង​ដូច្នោះ​ក្តី​ ស្ថានទូត​ស.រ.អា.បាន​សម្រេច​មិន​អើពើ​ចំពោះ​ការ​ចោទ​ប្រកាន់​នានា​ ដោយ​សំអាង​ថា​ ការ​ចាត់​វិធាន​ការ​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​ថវិកា​សម្រាប់​អង្គការ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​ផ្សេង​ទៀត​ ហើយ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជន​រងគ្រោះ​ដែល​ស្នាក់​នៅក្នុង​មណ្ឌល​របស់​អង្គការ ​AFESIP។​

អត្ថបទ​កាសែត​ភ្នំពេញ​បុស្តិ៍​សរសេរ​ភាគ​ច្រើន​ផ្អែក​ទៅ​លើ​សារទូរលេខ​ស្ថានទូត​ស.រ.អា.កាលពី​ខែ​ឧសភា​ឆ្នាំ​២០១២ ​ដែល​កាសែត​នេះ​ទទួល​បាន​បន្ទាប់​ស្នើ​សុំ​តាម​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ទៅ​កាន់​រដ្ឋាភិបាល​ស.រ.អា.។​

សារទូរលេខ ​ដែល​ដាក់​ចំណង​ជើង​ថា​ «ម៉ម សូម៉ាលី​ស្ថិត​នៅ​ក្រោម​ការ​ពង្រីក​មើល​ដោយ​មីក្រូទស្សន៍» ​ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា ​“Somaly Mam ​Under Microscope” ​ដែល​កាសែត​នេះ​បាន​ចែក​រំលែក​ជូន​វីអូអេ​ដើម្បី​ផ្សព្វ​ផ្សាយ​នោះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ពី​ហេតុផល​នៅពី​ក្រោយ​ការ​បន្ត​គាំទ្រ​របស់​ស្ថានទូត​ស.រ.អា.​ចំពោះ​សកម្មជន​នេះ ​បើទោះណា​ជា​ស្ថានទូត​បាន​ដឹង​ថា មាន​បញ្ហា​ក៏ដោយ។

សារទូរលេខ​នោះបាន​កត់​សម្គាល់​ថា​ អ្នកស្រី ​ម៉ម សូម៉ាលី ​ជា​កម្លាំង​វិជ្ជមាន​ក្នុង​កិច្ច​ប្រឹង​ប្រែង​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​ ហើយ​ជា​អ្នក​នាំពាក្យ​ដ៏​ទូលំទូលាយ​ និង​មាន​ប្រសិទ្ធភាព ​ដែល​បាន​ផ្សព្វផ្សាយ​ឲ្យ​យល់​ដឹង​អំពី​ការ​ជួញ​ដូរ​មនុស្ស​ ហើយនឹង​ជាអ្នក​រៃ​អង្គាស​ប្រាក់​ដ៏​សំខាន់​ សម្រាប់​អន្តរាគមន៍​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស។​

សារទូរលេខ​ដដែល​បាន​បញ្ជាក់​ទៀត​ថា ​បើ​ទោះ​ជា​មាន​ក្តី​បារម្ភ​ច្រើន​ថា​ ថវិកា​ទំនង​ជា​ត្រូវ​គេ​ចាយ​វាយ​មិនត្រឹមត្រូវ​ ​ហើយ​ជម្រក​អង្គការ ​AFESIP ​អាច​ខ្វះ​ការ​ថែទាំ​ប្រកប​ដោយ​គុណភាព​ក្តី តែ​កិច្ច​ប្រឹង​ប្រែង​របស់​អ្នកស្រី ​ម៉ម សូម៉ាលី ​នៅតែតំណាង​ឲ្យ​ជម្រើស​វិជ្ជមាន​មួយ​សម្រាប់​ជន​រងគ្រោះ​ ដែល​ត្រូវ​រំលោភ​បំពាន​ផ្លូវភេទ​ដ៏សែន​អាក្រក់​ បើ​ពុំដូច្នោះ​ទេ​ពួកគេ​នឹង​ជួប​ការ​ប្រឈម​ខ្លាំង។​

ទាក់ទង​ទៅ​នឹង​ការ​ថែទាំ​ផ្នែក​សុខាភិបាល​វិញ​ ប្រភព​ព័ត៌មាន​បាន​ប្រាប់​ស្ថានទូត​ថា​ ក្រុម​ជន​រងគ្រោះ​ដែល​ស្នាក់​នៅ​ក្នុង​មណ្ឌល​អង្គការ​ AFESIP​ បាន​ទទួល​ការ​ថែទាំ​ផ្នែក​ផ្លូវ​ចិត្ត​តែម្តង​គត់​ក្នុង​រយៈ​ពេល​បី​ខែ ​បើ​ទោះ​ណា​ជា​មាន​តម្រូវការ​ចាំបាច់​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ។​

ជា​ការណ៍​ពិត​ បុគ្គលិក​មណ្ឌល​នេះ​ត្រូវ​គេ​រាយ​ការណ៍​មក​ថា ​គ្មាន​សមត្ថ​ភាព​ជួយ​ដល់​ជន​រងគ្រោះក្នុង​ស្ថានភាព​មាន​ប្រតិកម្ម​ថ្នាំ​ជា​បន្ទាន់​នោះទេ ​សូម្បី​តែ​ក្នុង​កម្រិត​ធម្មតា​បំផុត​ក្តី។​

សារទូរលេខ​បាន​បញ្ជាក់​ច្បាស់​ថា ​បុគ្គលិក​ស្ថានទូត​បាន​ដឹង​អំពី​ការ​ចោទ​ប្រកាន់​នានា​មកលើអ្នកស្រី​ ​ម៉ម សូម៉ាលី ​ហើយ​នឹងវិបត្តិ​ក្នុង​ការ​ចំណាយលុយដែល​ពលរដ្ឋ​អាមេរិកាំង​បង់ពន្ធ​ តែ​ស្ថានទូត​បាន​ជ្រើស​រើស​មិនចាត់​វិធានការ។​

អ្នក​នាំពាក្យ​សា្ថនទូត​ស.រ.អា.​ម្នាក់​បាន​បដិសេធ​មិន​ផ្តល់​អត្ថាធិប្បាយ​ចំពោះ​ព័ត៌មាន​ក្នុង​សារទូរលេខ​ ហើយនឹង​អត្ថបទ​របស់​កាសែត​ភ្នំពេញ​បុស្តិ៍ ទាក់ទង​នឹង​ការ​ទទួលខុសត្រូវ​របស់​បុគ្គលិកស្ថានទូតចំពោះ​ករណី​នេះ​ក្នុង​ការ​ការពារ​លុយ​បង់ពន្ធ​របស់​ពលរដ្ឋ​អាមរិកាំង​នោះ​ទេ។​

អ្នកស្រី​ ម៉ម​ សូម៉ាលី ​ក្លាយ​ជា​តួអង្គ​ល្បី​ល្បាញ​រយៈពេល​ជាច្រើន​ឆ្នាំ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ជា​អន្តរជាតិ​ដើម្បី​ប្រយុទ្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស។

កាលពី​ឆ្នាំ​២០០៩ ​ទស្សនាវដ្តី ​Time ​ដែល​បោះពុម្ព​ផ្សាយ​ដំណឹង​ក្នុង​ប្រទេស​អាមេរិកបាន​ដាក់​ឈ្មោះ​អ្នកស្រី ​ម៉ម សូម៉ាលី​ ថា​ជា​មនុស្ស​ដ៏​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​បំផុត​ម្នាក់​ក្នុង​ចំណោម​មនុស្ស១០០​នាក់​ក្នុង​ពិភពលោក។​ បីឆ្នាំ​មុន​នោះ​ បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិភព​លោក​គឺ​ទូរទស្សន៍ ​CNN ​បាន​ដាក់​ឈ្មោះអ្នកស្រី ម៉ម សូម៉ាលី​ ថា​ជា​ជើង​ឯក​ក្នុង​កម្ម​វិធី Hero​ របស់​ CNN ។​

អង្គការ​មិន​រក​កម្រៃក្នុង​ប្រទេស​អាមេរិក​មួយ​បាន​យក​ឈ្មោះ​តាម​ឈ្មោះអ្នកស្រី គឺ​អង្គការ​ The Somaly Mam​ Foundation ​ ហើយបាន​រៃអង្គាស​ប្រាក់​រាប់​លាន​ដុល្លារ​ស.រ.អា.​សម្រាប់​អង្គការ​ AFESIP​ ហើយ​បាន​ទាក់ទាញ​ចំណូល​ចិត្ត​របស់​ក្រុម​តារា​ល្បីៗ​ជនជាតិ​អាមេរិកាំង​ ដូចជា ​Susan Sarandon ​និង Sheryl Sandberg​ ​នាយក​ផ្នែក​គ្រប់គ្រង​មន្ត្រី​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ Facebook ជាដើម។​

ក៏​ប៉ុន្តែ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ របាយ​ការណ៍​ព័ត៌មាន​បន្តបន្ទាប់​បាន​បង្ក​ឲ្យ​មាន​ការ​សង្ស័យ​អំពី​រឿងរ៉ាវ​ដែល​ត្រូវ​បាន​និទាន​ប្រាប់​ដោយក្រុម​ស្ត្រី​ខ្លះ​ ដែល​អង្គការ ​Foundation ​របស់​អ្នកស្រី ​ម៉ម សុមាលី​ បាន​ដាក់​ថា​ជា​ជនរងគ្រោះ​ដោយការ​ជួញ​ដូរ​មនុស្ស។​ ថ្មីៗ​នេះ​ ​សំណួរ​ជាច្រើន​ត្រូវគេ​សួរ​អំពី​ការណ៍​ពិត​ខ្លះ ​នៅ​ពីក្រោយ​រឿង​ផ្ទាល់ខ្លួន​របស់​អ្នកស្រី​ ម៉ម សុម៉ាលី ​ដែល​មាន​ការ​បោះពុម្ព​ផ្សាយ​យ៉ាង​ល្អ​ថា ​អ្នកស្រី​ជា​ជន​រងគ្រោះ​នៃ​ការ​ជួញ​ដូរ​មនុស្ស។​

សេចក្តី​រាយ​ការណ៍​អវិជ្ជមាន​ជាច្រើន​បាន​ចេញ​ផ្សាយ​កាលពី​ឆ្នាំ​២០១២ ​និង​ឆ្នាំ​ ២០១៣​ក្នុង​កាសែត ​The Cambodia Daily ​ដែល​បោះពុម្ព​ផ្សាយ​ជា​ភាសា​អង់​គ្លេស ​ហើយ​កាលពី​ឆ្នាំ​ទៅ​ នៅ​ក្នុង​ទស្សនាវដ្តី​ Newsweek។​

ការ​បោះពុម្ព​ផ្សាយ​របស់ ​The Newsweek​ នៅ​ទីបំផុត​ បាន​ធ្វើឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​អង្គការ​ The Somaly ​Mam Foundation។ ភ្លាមៗ​បន្ទាប់​នោះ​ ​ អ្នកស្រី ​ម៉ម សូម៉ាលី​ ត្រូវ​បង្ខំ​ឲ្យ​លា​ឈប់​ពី​មុខ​តំណែង។ ​កាលពី​ខែ​កញ្ញា​ The Somaly Mam Foundation ​បាន​បិទ​ទ្វារ​របស់​ខ្លួន។​

ដោយ​គ្មាន​ភាព​រអា​ចិត្ត​នោះ​ អ្នកស្រី ​ម៉ម សូម៉ាលី​ បាន​បង្កើត​អង្គការ​មួយ​ទៀត​ឈ្មោះ ​«មូលនិធិ​ថ្មី​របស់​ម៉ម សូម៉ាលី»​ឬ​ «The New Somaly ​Mam Fund» ​កាលពី​ចុង​ឆ្នាំ​ទៅ​ ដើម្បី​ជំនួស​អង្គការ​មូលនិធិ​ ដែល​មិន​ដំណើរការ​ក្នុងការ​ប្រឹងប្រែងរៃអង្គាស​ថវិកា​នោះ។​

ភាព​ចម្រូង​ចម្រាស​នៅតែ​បន្ត​នៅជុំវិញ​អ្នកស្រី ​ម៉ម សូម៉ាលី ​ដោយសារ​អ្នកស្រី​បាន​ដាក់​បង្ហោះ​រូបភាព​នៃ​ការ​ចុះ​សួរ​សុខទុក្ខ​ក្នុង​មណ្ឌល ​AFESIP ​ដែល​ស្រ្តី​ និង​ក្មេងស្រីៗ​ត្រូវ​គេ​បង្ហាញ​អត្ត​សញ្ញាណ។​ ហើយ​នៅ​ក្នុង​ចុង​សប្តាហ៍​នេះ ​កាសែត​ភ្នំពេញ​បុស្តិ៍​បាន​រាយ​ការណ៍​ថា​ អង្គការ​ថ្មី​របស់​អ្នកស្រី​ ម៉ម សូម៉ាលី​គឺ ​The New Somaly ​Mam Fund ​ត្រូវ​បាន​អង្គការ​ល្បីល្បាញ​ដ៏​គួរ​ឲ្យ​គោរព​ និង​មិន​រក​ប្រាក់កម្រៃជា​ច្រើន​ យក​ធ្វើ​ជា​ដៃគូ​ តែ​នៅ​ពេល​សារ​ព័ត៌មាន​បាន​ទាក់​ទង​សួរ​ព័ត៌មាន​ អង្គការ​មិន​រក​កម្រៃ​ទាំង​នោះ​បដិសេធ​មិន​ទទួល​ស្គាល់​ការចាត់​ចែង​ ដែល​ត្រូវ​បាន​លើកឡើងនោះ​ទេ។​

វីអូអេ​បានព្យាយាម​ទាក់ទងអ្នកស្រី​ ម៉ម សូម៉ាលី​ ដើម្បី​សុំអត្ថាធិប្បាយ​ ​តែ​មិន​អាចទាក់ទង​បាន​ទេ។​

លោក​ Sao Chhoeurth ​នាយក​កម្ម​វិធី​អង្គការ ​AFESIP ​បាន​ទម្លាក់​ទូរស័ព្ទ​ចុះ ​ពេល​វីអូអេ​ទូរស័ព្ទ​សួរអំពី​ដំណឹង ​ដែល​ចុះ​ផ្សាយ​ដោយ​កាសែត​ភ្នំពេញ​បុស្តិ៍​កាលពី​ថ្ងៃច័ន្ទ​ ដោយ​លោក​បញ្ជាក់​ថា ​លោក​ពុំ​បាន​ឃើញ​អត្ថបទ​នោះ​ទេ​ ហើយ​លោក​ថ្លែង​ថា ​លោក​មិន​អាច​ផ្តល់​អត្ថាធិប្បាយ​ចំពោះ​ការ​ចោទ​ប្រកាន់​លើ​ការ​ចំណាយថវិកា​មិន​ត្រឹមត្រូវ​នោះ​ទេ​ ដោយសារ​ថ្ងៃ​នេះ​ជា​ថ្ងៃ​សម្រាក។​

មូលនិធិ​ម៉ម សូម៉ាលី​ ឬ ​The Somaly Mam ​Foundation ​ត្រូវ​បាន​បង្កើត​កាល​ពី​ឆ្នាំ​២០០៧ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស ​និង​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​ស្ត្រី ​និង​កុមារី​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​ហើយ​ចាប់​តាំងពី​ពេល​នោះ​មក ​អង្គការ​នេះ​បាន​មាន​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​តាមរយៈ​គម្រោង​នេះ។​

ក៏​ប៉ុន្តែ​ ជាច្រើន​ឆ្នាំ​ក្រោម​មក​ ការ​អះអាង​ខ្លះ​របស់​អ្នកស្រី ​ម៉ម សូម៉ាលី ​បាន​ធ្វើ​ឲ្យ​មាន​ការ​ជ្រួញ​ងឿងឆ្ងល់​ច្រើន​ដែរដូច​ជា​ថា​ ការ​ប្រើ​ជន​រងគ្រោះរបស់​អង្គការ​នេះ ដែល​សង្ស័យ​ថា ​ជន​រងគ្រោះ​ដោយ​ការ​ជួញ​ដូរ​ផ្លូវភេទ​ ដើម្បី​ផ្សព្វផ្សាយ​ ហើយ​នឹង​ការ​ប្រើប្រាស់​ជន​រងគ្រោះ​សម្រាប់​ស្វែងរក​ថវិកា។​

ការ​សម្រេច​ចិត្ត​របស់​អង្គការ​ ដែល​បានអនុញ្ញាត​ឲ្យ​លោក ​Nicholas Kristoff ​អ្នក​កាសែត ​New York Time ​ផ្សព្វផ្សាយ​តាម​ ​Tweet ​ផ្ទាល់​ពី​បនស្រី​ ដែល​ត្រូវ​បង្ក្រាប​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​២០១១​នោះ ក៏​បាន​ទទួល​ការ​រិះគន់​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ៕

ប្រែសម្រួលដោយ លោក​សុខ ខេមរា ​និង​នាង​លី ម៉ូរីវាន់​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG