ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គម្រោង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ចិន​នៅតំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​ប៉ះពាល់​ប្រជាជន​រាប់​ពាន់​នាក់


រថយន្ត​របស់​ក្រុមហ៊ុន​ចិន​កំពុង​​ធ្វើការ​​ក្នុង​គម្រោង​អភិវឌ្ឍ​​​តំបន់​លំហែកាយ​ទេសចរណ៍​ខ្នាត​ធំ​​​​នៅ​ខេត្ត​កោះកុង​លើ​ដីសម្បទាន​ដែល​បណ្តេញ​ពល​រដ្ឋ​ច្រើន​ពាន់​គ្រួសារ​​ពីលំនៅឋាន និង​ស្រែ​ចម្ការ។​
ប្រជា​ពលរដ្ឋ​ជាង​មួយ​ពាន់​គ្រួសារ​នៅ​ក្នុង​ខេត្ត​កោះកុង​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​ផ្ទះ​សម្បែង​ និង​ដី​ស្រែ​ចម្ការ​របស់​ខ្លួន ដើម្បី​បើក​ផ្លូវ​ឲ្យ​ក្រុមហ៊ុន​ចិន​មួយ​ធ្វើ​ការ​អភិវឌ្ឍ​តំបន់​លំហែកាយ​ទេសចរណ៍​ខ្នាត​ធំ។​ គ្រួសារ​ភាគច្រើន​បាន​បង្ខំ​ចិត្ត​ផ្លាស់​ទៅ​រស់​នៅ​ទីតាំង​ថ្មី ខណៈ​ដែល​ខ្លះ​ទៀត​បាន​ប្រកែក​មិន​ព្រម​ចាកចេញ​ពី​ភូមិករ​របស់ពួកគេ ដោយ​និយាយ​ថា ​ពួក​គេ​សុខចិត្ត​ស្លាប់​នៅ​ក្នុង​ភូមិ​កំណើត​របស់​ខ្លួន​វិញ។​

លោក​ពៀវ លាវ​ទើប​នឹង​វិល​ត្រឡប់​មក​ពី​នេសាទ​ត្រី​នៅ​ក្នុង​ស្ទឹង​មួយ​ក្បែរ​ផ្ទះ​ នៅ​ក្នុង​ភូមិ​តានី​នេះ​ ស្ថិត​ក្នុង​ស្រុក​គីរី​សាគរ​ ក្នុង​តំបន់​ឆ្នេរ​នៃ​ខេត្ត​កោះកុង។​

បុរស​វ័យ​៦៣​ឆ្នាំ​នេះ​មាន​ចម្ការ​ស្វាយ ​ស្វាយ​ចន្ទី​និង​ដូង​ជុំវិញ​ផ្ទះ ​ហើយ​ក៏​មាន​ដី​ស្រែ​ជាង​១​ហិកតា​ដែល​លោក​ពឹង​អាស្រ័យ​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​របស់​លោក​អស់​ជា​ច្រើន​ជំនាន់​មក​ហើយ។​

ប៉ុន្តែចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក ដី​ភូមិ​និង​ដីស្រែ​របស់​លោក​បាន​ស្ថិត​នៅ​ក្នុង​ផ្ទៃដី​ទំហំ​៣៦០០០​ហិកតា​ដែល​រដ្ឋាភិបាលបាន​សម្រេច​ជួល​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ​យូនៀន ឌីវែលឡប់មិន​ហ្គូប​ Union Development Group Co., Ltd រយៈ​ពេល​៩៩​ឆ្នាំ​ដើម្បី​អភិវឌ្ឍ​តំបន់​រមនីដ្ឋាន​លំហែ​កាយ​ទេសចរណ៍​ខ្នាត​ធំ​មួយ។​

ដូច​អ្នក​ភូមិ​ដទៃ​ទៀត​ដែរ លោក​ពៀវ លាវ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ​ទៅ​តាំង​ទី​លំនៅ​ថ្មី​ដែល​ស្ថិត​នៅ​ចម្ងាយ​រាប់​សិបគីឡូម៉ែត្រ​ក្នុង​តំបន់​ខ្ពង់រាប​ ដើម្បី​បើក​ផ្លូវ​ឲ្យ​ក្រុមហ៊ុនចិនធ្វើ​ការ​អភិវឌ្ឍ។​

ប៉ុន្តែ​ខុសពី​អ្នកភូមិ​ភាគ​ច្រើន​ទៀត​ លោក​ពៀវ​ លាវ​បាន​បដិសេធ​មិន​ព្រម​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​និង​ភូមិករ​របស់​លោក​ឡើយ។​

លោក​និយាយថា៖​ «ទៅ​នៅអា​ផ្ទះ​ថ្មី​គេ​ហ្នឹង វា​យ៉ាប់ អត់​មាន​ស្អី​សោះ តាំង​ពី​ដូង​ក៏​អត់មាន ​ស្វាយ​ក៏​អត់​មាន​ ស្រែក៏អត់​មាន ​ស្អី​ក៏​អត់​មាន មាន​តែ​ព្រៃ»។​

ប្រជាជន​ជាង​១១០០​គ្រួសារ​នៅក្នុង​ភូមិ​ចំនួន​១៣​នៃ​ស្រុក​ពីរ​គឺ​ស្រុក​គីរីសាគរ​ និង​បូទុមសាគរ​របស់​ខេត្ត​កោះកុង​នេះ ​បាន​រង​ផល​ប៉ះពាល់​ដោយសារ​គម្រោង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ចិន​ ដែល​មាន​ទឹកប្រាក់​ជាង​៣​ពាន់​លាន​៨​សែន​ដុល្លារ​អាមេរិក​ នេះ​បើ​យោង​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​ធ្វើ​ការងារ​ខាង​វិស័យ​ដីធ្លី។​

រហូត​មក​ដល់​ពេល​នេះ ​គ្រួសារ​ភាគ​ច្រើន​បាន​បង្ខំ​ចិត្ត​ចាកចេញ​ទៅ​រស់​នៅ​ទី​តាំង​ថ្មី​ដែល​ក្រុមហ៊ុន​រៀប​ចំ​ឲ្យ។​ នៅ​សល់​តែ​គ្រួសារ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែលបន្ត​ប្រកែក​មិន​ព្រម​ចេញ ដោយ​លើក​ឡើង​ថា សំណង​របស់​ក្រុមហ៊ុន​មិន​សមស្រប​ទៅ​នឹង​អ្វី​ដែល​ពួកគេ​នឹង​ត្រូវ​បាត់បង់​នោះ​ទេ។​

អ្នក​ស្រី​យី លីនដា​គឺ​ជា​អ្នក​ភូមិ​ម្នាក់​ទៀត​ដែល​នៅ​សល់​ក្នុង​ភូមិ​ជាមួយ​លោក​ពៀវ លាវ។​ អ្នកស្រី​និយាយថា៖ «ខ្ញុំ​ចង់​នៅ​ភូមិ​ខ្ញុំ​ ស្រុក​ខ្ញុំ។ កន្លែង​កើត​របស់​ខ្ញុំ​ មាន​គោ​ មាន​ក្របី។ ប៉ុន្តែ​បើ​ក្រុម​ហ៊ុន​អភិវឌ្ឍ​មែន ខ្ញុំ​ត្រូវ​តែ​ចេញ។​ ក៏​ប៉ុន្តែ​ត្រូវ​តែ​មាន​សំណង​ឲ្យ​ប្រជាជន។ ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាជន​ចេញ​ពី​តានី​ ទឹក​ដី​ស្រែ​ចម្ការ ឲ្យ​មាន​លុយ​ មាន​កាក់​ទិញ​អង្ករ​ហូប​ដែរ មិន​មែន​ឲ្យ​២៥០​ដុល្លារ​ ទិញ​អង្ករ​ហូប​មិន​បាន​១ខែ​ផង។ គ្រួសារ​ខ្ញុំ​៧​ឬ៨​នាក់។ អង្ករ​មួយ​ខែ​មួយ​បាវ អត់​គ្រាន់​ទេ​ ហើយ​ដំណាំ​ ខ្ញុំ​ខំ​ធ្វើ​តាំង​ពី​កើត​មក​នេះ​ទៅជា​ខ្ញុំ​ឲ្យ​គេ​ទទេរៗ​អញ្ចឹង។​ តំណ​ត​ទៅ​ តើ​កូន​ចៅ​ខ្ញុំ​បាន​អី​ហូប?»​

បច្ចុប្បន្ន​ ​ក្រុមហ៊ុន​ចិន​នេះ​កំពុង​មមាញឹក​សាងសង់​ផ្លូវ​សំខាន់​មួយ​ខ្សែ​នៅ​ក្នុង​គម្រោង​របស់​ខ្លួន​ ដែល​នឹង​រួម​បញ្ចូល​សណ្ឋាគារ​ និង​បនល្បែង​លំដាប់​ខ្ពស់ ព្រមទាំង​កំពង់​ផែ​សមុទ្រ​មួយ​ផង​ដែរ។ នេះ​បើ​យោង​តាម​ផែនការ​មេ​របស់​ក្រុមហ៊ុន​នេះ។​

ដោយ​មាន​ការ​ព្រមព្រៀង​ពី​រដ្ឋាភិបាល ​ក្រុមហ៊ុន​នេះត្រូវ​ចេញ​សំណង​ដល់​គ្រួសារ​នីមួយៗ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ដោយ​សារ​គម្រោង​នេះ។ ​សំណង​នេះត្រូវ​មាន​ទឹក​ប្រាក់​ពី​ពីរ​បី​រយដុល្លារ​រហូត​ដល់​៨​ពាន់​ដុល្លារ​ចំពោះ​ដី​ស្រែ​ចម្ការ​ក្នុងមួយ​ហិកតា អាស្រ័យ​ទៅ​លើ​ប្រភេទ​ដី​ដែល​មាន​ដំណាំ​ច្រើន ​ឬ​តិច​ ឬ​អត់។​

វីអូអេ​បាន​ព្យាយាម​ទាក់ទង​តំណាង​ក្រុមហ៊ុន​ចិន​ Union Development Group Co., Ltd ប្រចាំ​នៅ​កម្ពុជា​ឈ្មោះ​ Li Zhi Xuan ​ដើម្បី​ស្នើ​សុំ​ការ​អធិប្បាយ​ តែ​មិន​អាច​ទាក់​ទង​បាន​ទេ។ ជំនួយ​ការ​ម្នាក់​របស់​លោក​នៅ​ទីក្រុង​ភ្នំពេញ​និយាយ​ថា លោក​មិន​អាច​ផ្តល់​បទ​សម្ភាសន៍​ណាមួយ​បាន​ទេ។​

ទោះ​ជាយ៉ាង​នេះ​ក្តី លោក​ស្រី​អ៊ិន សុភី អភិបាល​រង​ស្រុក​គីរី​សាគរ និយាយ​ថា សំណងរបស់​ក្រុមហ៊ុន​ចិន​គឺ​អាច​ទទួល​យក​បាន។​

អ្នកស្រី​និយាយ​ថា៖​ «និយាយ​ទៅ វា​សមស្រប​ដែរ ព្រោះ​ថា បើ​គាត់​អត់​មាន​ដំណាំ​អី​ផង​ ជា​ដី​ទទេរ ជា​គោល​ការណ៍​រដ្ឋាភិបាល​កំណត់​មក​អញ្ចឹង​ហើយ។ ​បើ​ដី​គាត់​មាន​ដំណាំ​ គេឲ្យ​តាម​ស្តង់​ដារ​ហ្នឹង​ហើយ»។​

ក្រៅ​ពី​សំណង​នេះ គ្រួសារ​នីមួយៗ​ទទួល​បាន​ផ្ទះ​ឈើ​មួយ​ខ្នង​ និង​ដី​ទំហំ​សរុប​២​ហិកតា​កន្លះ។​

ប៉ុន្តែ​អ្នក​ភូមិ​ខ្លះ​នៅ​តែ​មិន​អាច​ទទួល​យក​បាន​នូវ​កញ្ចប់​សំណង​នេះ ​ដោយ​និយាយថា ​ទីតាំង​ថ្មីខ្វះ​ទឹក ​ខ្វះ​ភ្លើង​និង​ខ្វះ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចាំបាច់​ផ្សេងៗ​ទៀត​ ដូចជា​សាលា​រៀន វត្ត​អារាម​និង​មន្ទីរពេទ្យ​ជាដើម។​

លោក​យាន នៅ​គឺ​ជាអ្នក​នេសាទ​និង​កសិករ​ម្នាក់​នៅ​ក្នុង​ភូមិ​ចម្លងគោ ដែល​រង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ដែរ។​

លោក​និយាយ​ថា៖​ «ខ្ញុំ​អត់​យល់ មិន​ដឹង​ថា​ អាជ្ញាធរ​កសាង​ប្រទេស​យ៉ាង​ម៉េច​យក​ប្រជា​ពលរដ្ឋ​ទៅ​អត់​ឃ្លាន​អញ្ចឹង​ ហើយ​យក​ដី​ខ្មែរ ដី​ប្រជា​ពលរដ្ឋ​កសាង​ដោយ​ខ្លួន​ឯង រស់​នៅ​ដោយ​ខ្លួនឯង​ យក​ទៅ​ឲ្យ​គេ។ ខ្ញុំ​ វា​អត់​យល់ មិន​ដឹង​ថា​រដ្ឋាភិបាល​គិត​យ៉ាង​ម៉េច​អារឿង​ហ្នឹង។​ គេ​ថា ​រីក​ចម្រើន។​ ​បួន​ដប់​២០​ឆ្នាំ​ទៀត​សម្បូរ​សប្បាយ​ ប៉ុន្តែ​ទម្រាំ​ដល់​ពេល​ហ្នឹង​ ខ្ញុំ​ស្លាប់​បាត់​ទៅ​ហើយ»។​

លោក​ប្រាក់​ ធួន​ក៏​ជា​អ្នក​នេសាទ​ម្នាក់​ទៀត​ដែរ​ ដែល​រង​ការ​បណ្តេញ​ចេញ​ពី​ភូមិ​កររបស់​លោក​នៅ​ក្នុង​ភូមិ​ពាមកាយ​នេះ។​

លោក​និយាយ​ថា ​«ខ្ញុំ​ចង់​រស់នៅ​ទី​នេះ​តែ​ម្តង​ ស្រុក​ភូមិ​ អាកេរ្ត៍អាករ​ហ្នឹង​តែ​ម្តង។​ ទោះ​ស្លាប់​ ក៏​ស្លាប់​នៅទីនេះ​ចុះ​ កុំ​ឲ្យ​ទៅ​ស្លាប់​នៅ​លើ​ដី​ថ្មី អត់​ចំណី​ហូប​នោះ»។​

អ្នក​ភូមិ​ទាំង​នេះ​និយាយ​ថា ពួកគេ​នៅតែ​ទន្ទឹង​រង់ចាំ​មើល​ ​ថា​តើមាន​នរណា​អាច​ជួយ​ពួក​គេ​បាន​ដែរ​ឬទេ ដើម្បី​ឲ្យ​ពួក​គេ​អាច​បន្ត​ជីវភាព​រស់​នៅបាន​ដូច​ធម្មតា​តទៅទៀត ដោយ​មិន​ចាំបាច់​ត្រូវ​ផ្លាស់​ទៅ​ទី​លំនៅ​ដ្ឋាន​ថ្មី​នោះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG