ភ្នំពេញ៖ អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សក្នុងស្រុកមួយទៀតបានបន្តដាក់ទម្ងន់រឿងរំលោភសិទ្ធិមនុស្សក្រោមការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនថាស្ថានភាពសិទ្ធិមនុស្សនៅឆ្នាំ២០១២កន្លងទៅនេះកាន់តែមានភាពអាប់អួរថែមទៀតបើប្រៀបធៀបទៅនឹងឆ្នាំ២០១១។
ការអាប់អួរនៃស្ថានភាពសិទ្ធិមនុស្សនេះបានបង្កឱ្យមានការព្រួយបារម្ភចំពោះអំពើហិង្សាក្នុងពេលដែលកម្ពុជាកំពុងរៀបចំការបោះឆ្នោតនៅក្នុងខែកក្កដាខាងមុខនេះ។
នៅក្នុងរបាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូដែលបានចេញផ្សាយកាលពីចុងសប្តាហ៍នេះបានលោកឡើងថាឆ្នាំ២០១២កន្លងទៅនេះគឺជាឆ្នាំដែលមានការកើនឡើងខ្ពស់នៃការរំលោភសិទ្ធិមនុស្ស។ អង្គការនេះបានលើកយកករណីបាញ់សម្លាប់ចំនួន៤ករណីធំៗដែលរួមមានការបាញ់សម្លាប់សកម្មជនការពារបរិស្ថានគឺលោកឈុតវុទ្ធី ការបាញ់សម្លាប់អ្នកការសែតនៅក្នុងខេត្តរតនៈគិរីនិងការបាញ់កម្មការិនីចំនួនបីនាក់ឱ្យរងរបួសនៅក្នុងខេត្តស្វាយរៀង។
លោកឈូក បណ្ឌិតអតីតអភិបាលក្រុងបាវិតជាជនសង្ស័យនៅក្នុងអំពើបាញ់ប្រហារនេះត្រូវបានតុលាការទំលាក់ចោលការចោទប្រកាន់ទាំងស្រុង។
ការចាប់ខ្លួនលោកម៉ម សុណង់ដូ ប្រធានស្ថានីយវិទ្យុសំបុកឃ្មុំដាក់ពន្ធនាគារហូតដល់២០ឆ្នាំពីបទបង្កើតតំបន់អបគមន៍ប្រឆាំងនឹងរដ្ឋាភិបាល និងការចាប់ខ្លួនសកម្មជនដីធ្លីនៅតំបន់បឹងកក់ដាក់ពន្ធនាគារក៏ត្រូវបានរំលេចនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់អង្គការសិទ្ធិមនុស្សលីកាដូដែរ។
លោកអំ សំអាតមន្ត្រីផ្នែកស៊ើបអង្កេតរបស់អង្គការលីកាដូបាននិយាយថានៅក្នុងអំឡុងរយៈពេលមួយខែគឺចាប់ពីខែមេសាដល់ខែឧសាភាឆ្នាំ២០១២មានសកម្មជនការពារដីធ្លីចំនួន៥នាក់បានជាប់ពន្ធនាគារជាពិសេសតំបន់បឹងកក់។
លោកបាននិយាយថាការចេញរបាយការណ៍នេះគឺដើម្បីទប់ស្កាត់អំពើហិង្សាក្នុងពេលដែលកម្ពុជាកំពុងរៀបចំការបោះឆ្នោតជាសកលដែលគ្រោងធ្វើក្នុងខែកក្កដាខាងមុខនេះ។
«អ្វីដែលយើងព្រួយបារម្ភទៅទៀតនៅក្នុងឆ្នាំ២០១៣នេះនឹងមានការបោះឆ្នោតជាតិនាពេលខាងមុខផងដែរ។អញ្ចឹងអ្វីដែលយើងព្រួយបារម្ភយើងខ្លាចមានកើតមាននូវអំពើហិង្សាឬក៏ករណីនៃការរំលោភសិទ្ធិមនុស្សបន្តទៅទៀត»។
លោកឱម យិនទៀង ប្រធានគណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលមិនអាចស្នើសុំដើម្បីទំនាក់ទំនងបានទេ ដោយទូរស័ព្ទរបស់លោកពុំមានអ្នកទទួល។ក៏ប៉ុន្តែលោកផៃ ស៊ីផានអ្នកនាំពាក្យគណរដ្ឋមន្ត្រីបានហៅការចេញរបាយការណ៍នេះថាគ្រាន់តែជាការបំពងឱ្យឮសំឡេងចំពោះអ្វីៗដែលបានកើតកន្លងមកហើយតែប៉ុណ្ណោះ។ លោកបាននិយាយថារបាយការណ៍នេះមិនមានគុណភាពគឺមានតែបរិមាណតែប៉ុណ្ណោះ។
លោកបានមានប្រសាសន៍ថារដ្ឋាភិបាលកម្ពុជាកំពុងតែខិតខំឱ្យមានកាន់តែប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្ស។
«រាជរដ្ឋាភិបាលលោកបានខិតខំប្រឹងប្រែងកំណែទម្រង់លើវិស័យយុត្តិធម៌ហើយនឹងការហ្វឹកហ្វឺនបង្រៀនមនុស្សឱ្យផ្លាស់ប្តូរឥរិយាបទក្នុងការគោរពគ្នាទៅវិញទៅមកមិនមែនគ្រាន់តែជាការគោរពច្បាប់ទេគឺយើងយកគុណធម៌តាមរយៈវប្បធម៌របស់យើងគឺធ្វើល្អឬអាក្រក់មិនមែនគ្រាន់តែយកខុសនិងត្រូវយកមកពិចារណានោះទេ»។
សមាគមសិទ្ធិមនុស្សអាដហុកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនបានចេញរបាយការណ៍របស់ខ្លួនមួយថា យ៉ាងតិចមានមនុស្សចំនួន២៣២នាក់កំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារ ដោយសាររឿងទំនាស់ដីធ្លី ក្នុងនោះមាន៣៨នាក់កំពុងជាប់ឃុំ ហើយ៥០នាក់ផ្សេងទៀតកំពុងរត់គេចខ្លួន៕