ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​អាមេរិក អបអរសាទរ ចំពោះ​ខួប​លើក​ទី៦៥ ​នៃ​បុណ្យ​ឯករាជ្យ​កម្ពុជា


រូបឯកសារ៖ ប៉ោងប៉ោង ដែល​គេ​ហៀបនឹង​បង្ហោះ​ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ឆ្នាំ២០១៧។
រូបឯកសារ៖ ប៉ោងប៉ោង ដែល​គេ​ហៀបនឹង​បង្ហោះ​ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ឆ្នាំ២០១៧។

នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​រៀបចំ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​ប្រចាំឆ្នាំ ​សហរដ្ឋ​អាមេរិក​ អបអរសាទរ​ ចំពោះ​ខួបលើក​ទី៦៥ ​នៃបុណ្យ​ឯករាជ្យ​កម្ពុជា​នេះ។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ បាន​អបអរសាទរ​ចំពោះ​កម្ពុជា​ ក្នុង​ពេល​ដែល​កម្ពុជា រៀបចំ​បុណ្យ​ខួបលើក​ទី៦៥​ ដែលជា​ថ្ងៃ​ឯករាជ្យ​ជាតិ ​ដែល​កម្ពុជា​ក្រោមការ​ដឹកនាំ របស់​សម្តេចឳ​សម្តេច​ព្រះនរោត្តម ​សីហនុ​ បាន​ដណ្តើម​ពី​បារាំង។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោក​រដ្ឋមន្ត្រីក្រសួងការ​បរទេស​អាមេរិក ម៉ៃខល បុំប៉េអូ​ (Michael Pompeo)​ បាន​សរសេរ​ថា៖

«ក្នុងនាម​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ខ្ញុំសូម​អបអរសាទរ​ជាមួយ​ពលរដ្ឋ​កម្ពុជា​នៅ ថ្ងៃបុណ្យ​ខួបលើក​ទី៦៥ ​នៃទិវា​ឯករាជ្យ​ជាតិ​ថ្ងៃទី​៩ វិច្ឆិកា‍។​ ទំនាក់​ទំនង​រឹងមាំ​រវាង សហរដ្ឋអាមេរិក ​និង​ប្រជាជន​កម្ពុជា​ ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រទេស​យើង​ទាំងពីរ»។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ដូច្នេះ គឺ​ដោយ​យោង​ថា ​មាន​ទេសចរណ៍​អាមេរិកាំងជាង​ ១៧០ ០០០​ នាក់​ (១សែន​៧ម៉ឺននាក់) ​ក្នុង​មួយ​ឆ្នាំៗ​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា​ ក្នុង​ពេល​សហរដ្ឋអាមេរិក​រីករាយ​ជាមួយ​ការ​ចូលរួម​ចំណែកដោយ​ភាព​ចម្រុះ ​និង​សម្បូណ៍​បែប​ពី​ពលរដ្ឋ​ខ្មែរ​ ក្នុង​សហគមន៍​នានានៃសង្គម​អាមេរិកាំង។

«យើង​សូម​ចូលរួម​ក្នុងក្តី​សង្ឃឹម​ចំពោះ​ការ​អភិវឌ្ឍន៍​សង្គម​ដែលមាន​សេរីភាព ​ការរីក​ចម្រើន​ មាន​ប្រជាធិបតេយ្យ ​និង​យុត្តិធម៌‍»។

សហរដ្ឋ​អាមេរិក​ មាន​ទំនាក់​ទំនងល្អ​ និង​ល្អក់​កករ​ខ្លះ​ដោយសារ​តែ​បញ្ហ​ប្រជធិបតេយ្យ ​និង​សិទ្ធិមនុស្ស​កម្ពុជា​ជាពិសេស​ចុង​ក្រោយ​នេះ​ ដែល​គណបក្ស​ជំទាស់​ត្រូវ​តុលាការ​រំលាយ ​ហើយ​មិន​បាន​ចូលរួម​ការ​បោះឆ្នោត​ដែល​ផ្តល់​ជ័យជន្នះ​ទាំង​ស្រុង ទៅដល់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ ​សែន។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នៃ​ប្រទេស​កម្ពុជា ​បាន​ថ្លែង​ប្រាប់​ពីការ​ប្រុង​ប្រៀប​ធ្វើ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​នៅថ្ងៃ​ទី៩ ​វិច្ឆិកា​ខាងមុខ ​និង ​ការ​អរគុណ​ដល់​សម្តេចឳ​ដែល បាន​ដណ្តើម​ឯករាជ្យ​កាល​ពីឆ្នាំ​១៩៥៣​ ពី​បារាំង។

«យើង​ពិត​ជា​មានការ​ដឹងគុណ​ អរព្រះគុណ​ចំពោះ​សម្តេច​ព្រះ​បិតាជាតិ​របស់​យើង ដែល​ព្រះអង្គ​បាន​ប្រឹងប្រែង​តស៊ូ​ដើម្បី​នាំមក​នូវ​ឯករាជ្យ​សម្រាប់​កម្ពុជា​របស់​យើង ហើយ​ដែល​នៅថ្ងៃ​សុក្រ​ខាង​មុខ​នេះ​ក៏ជា​ថ្ងៃ​ដែល​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស ទទួល​ការ​អបអរសាទរ​នូវ​ខួប​ថ្ងៃ​ឯករាជ្យ​ជាតិ​របស់​កម្ពុជា​ដែល​ដណ្តើម​យក​មក​ដោយ លំបាក​ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​សម្តេច​ព្រះបិតា​ជាតិ​ ព្រះបាទ​ព្រះ​នរោត្តម សីហនុ ​ព្រះ​បរមរតនកោដ‍»។

លោក​នាយក​រដ្ឋមន្ត្រី​បាន​បង្ហាញ​ឲ្យដឹង​អំពីការ​បំផ្លាញ​ឯករាជ្យ​និង​សន្តិភាព​របស់ កម្ពុជា​កាលពី​ឆ្នាំ​១៩៧០​ ដែលមាន​រដ្ឋប្រហារ​ទម្លាក់​សម្តេចឳ ​ហើយនឹង​ការ​ដែល កម្ពុជា​ត្រៀម​រៀបចំ​ខួប​លើក​ទី២០​ឆ្នាំ​នៅចុង​ឆ្នាំ​នេះ ​ដែល​កម្ពុជា​ទទួល​បាន​សន្តិភាព និង​បញ្ចប់​សង្គ្រាម​ពេញ​លេញ​សម្រាប់​ការអភិវឌ្ឍន៍​ប្រទេស​ផងដែរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG