ដោយហៅការប្រកួតកីឡាអូឡាំពិករដូវរងានៅទីក្រុង Pyeongchang ថាជា «ការប្រកួតកីឡាបើកចំហជើងមេឃថ្មី» គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិបានប្រកាសថា កីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨នេះបានបញ្ចប់កាលពីថ្ងៃអាទិត្យហើយ។
នៅក្នុងសុន្ទរកថាក្នុងពិធីបិទការប្រកួតកីឡានេះ លោក Thomas Bach ដែលជាប្រធានគណៈកម្មាធិការរៀបចំការប្រកួតកីឡានេះបានកោតសរសើរប្រទេសកូរ៉េខាងជើងនិងប្រទេសកូរ៉េខាងត្បូងចំពោះការដើរដង្ហែក្បួនរួមគ្នាក្នុងពិធីបើកការប្រកួតកីឡានេះ ដោយនិយាយថា «អ្នកបានបង្ហាញថា កីឡាអាចឲ្យមនុស្សរួបរួមគ្នានៅក្នុងពិភពលោកដ៏ផុយស្រួយរបស់យើងបានយ៉ាងដូចម្តេច។ អ្នកបានបង្ហាញថា កីឡាអាចបង្កើតជាស្ពានភ្ជាប់ចំណងទាក់ទងយ៉ាងណាបាន»។
លោក Bach បានហុចទង់ជាតិកីឡាអូឡាំពិកទៅឲ្យអភិបាលក្រុង ប៉េកាំង ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២២ខាងមុខនេះ។ រដ្ឋធានីចិននេះនឹងក្លាយទៅជាទីក្រុងដំបូងបង្អស់ដែលនឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិកទាំងរដូវក្តៅនិងរដូវរងា។ ទីក្រុង ប៉េកាំង ជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអូឡាំពិកកាលពីឆ្នាំ២០០៨។
ក្រោយពីថ្លែងសុន្ទរកថាបិទការប្រកួតកីឡាអូឡាំពិកនេះ លោក Bach បានឈរថតរូបជាមួយនឹងអត្តពលិកមួយចំនួន ដោយរួមទាំងកីឡាករជិះស្គីទឹកកក Pita Taufatofua នៃដែនដី Tonga ដែលបានចូលរួមក្នុងពិធីបើកនិងបិទការប្រកួតកីឡាអូឡាំពិកដោយមិនពាក់អាវ បើទោះបីជាអាកាសធាតុត្រជាក់យ៉ាងណាក៏ដោយ៕