សមាជិកព្រឹទ្ធសភាជាច្រើនជឿជាក់ថា លោកមានគុណសម្បត្តិពិសេសសម្រាប់ការងារនេះ។ ការព្រួយកង្វល់អំពីសមត្ថភាពនុយក្លែអ៊ែរហើយនិងវោហាសាស្រ្តគំរាមកំហែងរបស់ប្រ ទេសកូរ៉េខាងជើង បានកើតមានឡើងជារឿយៗ ដោយពួកសមាជិកព្រឹទ្ធសភាបានចោទសួរលោក Terry Branstad អភិបាលរដ្ឋ Iowa អំពីតួនាទីរបស់ចិននៅក្នុងការជួយដើម្បីទប់ស្កាត់មេដឹកនាំកូរ៉េខាងជើង Kim Jong Un។ លោក Branstad បានមានប្រសាសន៍ថា រដ្ឋាភិបាលក្រុងប៉េកាំង បានដឹងយ៉ាងច្បាស់ពីការគំរាមកំហែងដែលបណ្តាលមកពីប្រទេសជិតខាងរបស់ខ្លួន ហើយមិនចង់ឲ្យជនភៀសខ្លួនកូរ៉េខាងជើងហូរចូលក្នុងប្រទេសចិនទេ ប្រសិនបើ មានសង្គ្រាមនោះ។
លោក Branstad បានមានប្រសាសន៍ថា៖ «ខ្ញុំក៏គិតដែរថា ចិននិងប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីទទួលស្គាល់ថា ការងប់ងល់នឹងអាវុធនុយក្លែអ៊ែរ កាំជ្រួចមីស៊ីលហើយនឹងអ្វីផ្សេងៗទៀតដែលកូរ៉េខាងជើងមាន ជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរដល់មនុស្សជាតិដែលយើងទាំងអស់គ្នាចាំបាច់រកមធ្យោបាយដែលយើងអាចធ្វើការងារជាមួយគ្នា»។
ប្រវត្តិកាន់តែយ៉ាប់យ៉ឺនឡើងរបស់ចិនស្តីពីបញ្ហាសិទ្ធិមនុស្ស ក៏ជាការផ្តោតការយកចិត្តទុកដាក់ដែរ។លោក Branstad បានស្វះស្វែងធ្វើការបញ្ជាក់ឡើងវិញប្រាប់គណៈកម្ម ការព្រឹទ្ធសភានោះថា៖ «ប្រសិនបើបានទទួលការតែងតាំងជាឯកអគ្គរដ្ឋទូត ខ្ញុំ នឹងធ្វើការជារៀងរាល់ថ្ងៃដើម្បីបង្ហាញតម្លៃអាមេរិកាំងដល់មេដឹកនាំនិងពលរដ្ឋចិន។ តម្លៃទាំងនោះរួមមានការលើកតម្កើងសិទ្ធិមនុស្សសម្រាប់មនុស្សទាំងអស់ហើយនឹងទីផ្សារសេរីនិងបើកចំហរ សណ្តាប់ធ្នាប់មហាសមុទ្រផ្អែកលើច្បាប់ជុំវិញប្រទេសចិនហើយនិងសារៈសំខាន់នៃសារព័ត៌មានសេរី»។ សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Iowa បាននិយាយថា លោក Branstad នៅពេលបច្ចុប្បន្ននេះជាជាអភិបាលរដ្ឋដែលបម្រើការងារយូរជាងគេនៅក្នុងសហរដ្ឋអាមេរិក ហើយបានសង្កត់ពីចំណងទាក់ទងដ៏ជិតស្និទ្ធរបស់លោកជាមួយមេដឹកនាំចិន។ លោកស្រី Joni Ernst សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋមកពី
រដ្ឋ Iowa និយាយថា៖ «សំខាន់បំផុត លោកអភិបាលរដ្ឋ Branstadក៏ស្គាល់ប្រទេសចិននិងមេដឹកនាំរបស់ប្រទេសនោះយ៉ាងច្បាស់។លោកបានជួបប្រធានាធិបតីស៊ី ជីនពីងជាលើកដំបូង ខណៈដែលប្រធានាធិបតិស៊ីធ្វើដំណើរទស្សនកិច្ចខាងការស្រាវជ្រាវខាងកសិកម្មនៅឆ្នាំ១៩៨៥»។
លោក Branstad បានមានប្រសាសន៍ទៀតថា ប្រសិនបើ បានទទួលការយល់ព្រមពីព្រឹទ្ធសភាពេញអង្គ លោកនឹងប្រើប្រាស់ទំនាក់ទំនងដ៏ជិតស្និទ្ធរបស់លោកជាមួយប្រធានាធិបតីស៊ីដើម្បីធ្វើឲ្យមានសន្តិភាពនិងស្ថេរភាពហើយនឹងមិនខ្មាសអៀនដើម្បីលើកឡើងនូវបញ្ហានានាដែលប្រទេសទាំង២មិនបានឯកភាពនោះទេ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន