ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា​នឹង​បញ្ជូន​កងទ័ព​ជើងទឹក​៩​ពាន់​នាក់​ចេញ​ពី​កោះ​អូគីណាវ៉ា​របស់​ជប៉ុន


យន្ត​ហោះ​ចំបាំង​សហរដ្ឋ​អាមេរិក​ FA-18 ប្រុង​ប្រៀប​ហោះ​ចេញ​ពី​នាវា​ផ្ទុក​យន្ត​ហោះ​ U.S. George Washington ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នៅ​ជិត​កោះ Minamidaito Island ​ក្នុង​ខេត្ត​អូគីណាវ៉ា។​
យន្ត​ហោះ​ចំបាំង​សហរដ្ឋ​អាមេរិក​ FA-18 ប្រុង​ប្រៀប​ហោះ​ចេញ​ពី​នាវា​ផ្ទុក​យន្ត​ហោះ​ U.S. George Washington ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នៅ​ជិត​កោះ Minamidaito Island ​ក្នុង​ខេត្ត​អូគីណាវ៉ា។​

កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក​ប្រមាណ​៩​ពាន់​នាក់ នឹង​ត្រូវ​បញ្ជូន​ចេញ​ពី​កោះ​អូគីណាវ៉ា (Okinawa) នៃ​ប្រទេស​ជប៉ុន ទៅ​កាន់​ទីកន្លែង​ផ្សេង​ៗ​ទៀត​ក្នុង​តំបន់​មហាសមុទ្រ​ប៉ាស៊ី​ហ្វិក​នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​រួម​គ្នា​មួយ​រវាង​សហរដ្ឋ​អាមេរិក​និង​ជប៉ុន។

កិច្ច​ព្រមព្រៀង​នោះ​បាន​ត្រូវ​ប្រកាសកាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ​រវាង​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ទីក្រុង​តូក្យូ។ កងទ័ព​ជើងទឹក​ទាំងនោះ នឹង​ត្រូវ​រើ​ទៅ​កាន់​កោះហាវ៉ៃ (Hawaii) នៃ​ដែនដី​ហ្គាម (Guam) របស់​សហរដ្ឋ​អាមេរិក​និ​ង​ប្រទេស​អូស្រ្តាលី។ សេចក្តី​ប្រកាស​នោះ មិន​បាន​ប្រាប់​ថា​តើ​ពេល​ណា​កងទ័ព​ជើងទឹក​ទាំងនោះ នឹង​ត្រូវ​ចាក​ចេញ​ទេ។

រដ្ឋាភិបាល​ទីក្រុង​តូក្យូ ត្រូវ​បង់​ប្រាក់​៣​ពាន់​១​រយ​លាន​ដុល្លារ​សម្រាប់​សោហ៊ុយ​ដែល​គេ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​ទំហំ​ទឹក​ប្រាក់​៨.៦​ពាន់​លាន​ដុល្លារ​ដើម្បី​រើ​ទៅ​កាន់​ទី​តាំង​ថ្មីនៅ​កោះ​ហ្គាម។

កិច្ច​ព្រម​ព្រៀង​នោះ មាន​គោល​បំណង​សម្រាល​ភាព​តាន​តឹង​រវាងសម្ព័ន្ធ​មិត្ត​ទាំង​២​លើ​បញ្ហា​វត្តមាន​យោធា​ដ៏​យូរ​អង្វែង​របស់​សហរដ្ឋ​អាមេរិក​នៅ​លើ​កោះ​អូគីណាវ៉ា ដែល​បាន​ក្លាយ​ជា​ប្រភព​នៃ​ការ​ខឹង​សម្បា​កាន់​តែ​ខ្លាំង​ឡើង​ដល់​ពួក​ប្រជាជន​ក្នុង​តំបន់​ដែល​និយាយ​ថា​ទីតាំង​កងទ័ព​នេះ បាន​ធ្វើ​ឲ្យ​មាន​សំឡេង​រំខាន ការ​បំពុល​និង​ឧក្រិដ្ឋកម្ម។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេងទៀត៖

ទោះ​បី​មាន​បទ​ឈប់​បាញ់​គ្នា​ក៏ដោយ​ ក៏​ការ​ប្រយុទ្ធ​រវាង​កងទ័ព​រដ្ឋាភិបាល​និង​ពួក​ប្រឆាំង​ស៊ីរី​នៅ​តែ​បន្ត។
ទោះ​បី​មាន​បទ​ឈប់​បាញ់​គ្នា​ក៏ដោយ​ ក៏​ការ​ប្រយុទ្ធ​រវាង​កងទ័ព​រដ្ឋាភិបាល​និង​ពួក​ប្រឆាំង​ស៊ីរី​នៅ​តែ​បន្ត។
ស៊ីរី៖ ការ​ផ្ទុះ​យ៉ាង​ខ្លាំង​បាន​ធ្វើ​ឲ្យ​រង្គើ​រដ្ឋធានី​នៃ​ប្រទេស​ស៊ីរី​នៅ​ថ្ងៃ​សុក្រ​នេះ នៅ​ពេល​ដែល​ពួក​មន្រ្តី​អង្គការ​សហប្រជាជាតិ រង់​ចាំ​ពួក​អ្នក​សង្កេតការណ៍​បទ​ឈប់​បាញ់​គ្នា​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​ដែល​នឹង​មក​ដល់​ក្នុង​ប្រទេស​នេះ។

អាហ្រ្វិកខាងលិច៖ ប្លុក​តំបន់​អាហ្វ្រិកខាង​លិច (ECOWAS) ប្រាប់​ឲ្យ​ដឹង​ថាខ្លួន នឹង​បញ្ជូន​កងទ័ព​ទៅ​កាន់​ប្រទេស​ម៉ាលី​និង​ប្រទេស​ហ្គីណេប៊ីស្សូ (Guinea Bissau) ដើម្បី​ឃ្លាំមើល​អន្តរកាល​ត្រឡប់​ទៅ​កាន់​ការ​គ្រប់​គ្រង​ស៊ីវិល​វិញ បន្ទាប់​ពី​មាន​រដ្ឋ​ប្រហារ​យោ​ធា​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

ស.រ.អា៖ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ សេតវិមាន​ប្រាប់​ឲ្យ​ដឹង​ថា ខ្លួន​មិន​មាន​ព័ត៌មានអំពី​ការ​គម្រាម​កំហែង​ធំ​ដុំ​ដែល​សហរដ្ឋអាមេរិក​ប្រឈមមុខ​មុនពេល​ខួប​លើក​ទី​មួយ​នៃ​ការ​សម្លាប់អតីត​មេដឹកនាំ អាល កៃដា (al–Qaida) លោក អូសាម៉ា ប៊ីន ឡាដេន (Osama bin Laden) នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​នោះ​ទេ។

កូរ៉េខាងជើង៖ អ្នក​វិភាគ​ជាតិ​អាល្លឺម៉ង់២​នាក់ និយាយ​ថា​កាំជ្រួច​ផ្លោង​អន្តរ​ទ្វីប​ដែល​បាន​បញ្ចេញ​ក្នុង​ក្បួន​ព្យុះហយាត្រា​កូរ៉េ​ខាងជើង​នៅ​ដើម​ខែ​នេះជា​របស់​ក្លែង​ក្លាយ។

ប៉ាគីស្ថាន៖ នាយក​រដ្ឋមន្រ្តី​ប៉ាគីស្ថាន លោក យ៉ូស៊ឺប រ៉ាហ្សា ហ្គីឡានី (Yousuf Raza Gilani) បាន​បដិសេធ​នៅ​ថ្ងៃ​សុក្រ​នេះ ពី​ការ​ចុះ​ចេញ​ពី​តំណែង​មួយ​ថ្ងៃ​បន្ទាប់​ពី​តុលាការ​កំពូល​បាន​រក​ឃើញកំហុសរបស់​លោក ពី​ការ​មិន​គោរព​តុលាការចំពោះ​ការ​មិន​បើករឿង​ក្តី​ពុករលួយ​ឡើង​វិញ​ប្រឆាំង​នឹង​ប្រធានាធិបតី លោក អាសីហ្វ អាលី ហ្សាដារី (Asif Ali Zardari)។

លីបេរីយ៉ា៖ សហគមន៍អន្តរជាតិ​កំពុង​ស្វាគមន៍​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដែល​កាត់​ក្តី​ឲ្យ​អតីត​ប្រធានាធិបតីនៃ​ប្រទេស​លីបេរីយ៉ា លោក ឆាលីស ថេឡឺ (Charles Taylor) ជាប់​ទោស​ពី​បទ​ផ្តល់​ជំនួយ​និង​ជំរុញ​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ផ្សេង​ទៀត​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ក្នុង​ប្រទេស សៀរ៉ាឡេអូន (Sierra Leone)។

ដាណឺម៉ាក៖ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​នៃ​ប្រទេស​ដាណឺម៉ាក ប្រាប់​ឲ្យ​ដឹង​ថា​បុរស​៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ជិត​រដ្ឋធានី​នេះ ពី​បទ​សង្ស័យ​រៀប​ចំ​ផែនការ​វាយ​ប្រហារ​ភេរវកម្ម។

XS
SM
MD
LG