ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ផលិត​ប្រេង​ជួប​ពិភាក្សា​គ្នា​អំពី​ទីផ្សារ​ប្រេងស្រប​ពេល​មាន​ភាព​តានតឹង​រឿង​អ៊ីរ៉ង់


បំពង់​ប្រេង​នៅ El Sharara កាលពី​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ២០១៤។
បំពង់​ប្រេង​នៅ El Sharara កាលពី​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ២០១៤។

ប្រទេស​ផលិត​ប្រេង​ឆៅ​ចម្បងៗ​នៃ​អង្គការ OPEC ដែល​ជា​អង្គការ​ក្រុម​ប្រទេស​នាំ​ចេញ​ប្រេង គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​អាទិត្យ​នេះ ​នៅ​ក្នុង​ទីក្រុង Jeddah ប្រទេស​អារ៉ាប៊ីសាអូឌីត ដើម្បី​ពិភាក្សា​អំពី​វិធី​ធ្វើ​ឲ្យ​ទីផ្សារ​ប្រេង​ដែល​ប្រែប្រួល​លឿន​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ស្ថិរភាព ស្រប​ពេល​ដែល​មាន​ភាព​តានតឹង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​អ៊ីរ៉ង់​កើន​ឡើង​នៅ​ក្នុង​ឈូង​សមុទ្រ​ពែក្ស ដែល​អាច​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ប្រេង។

ប្រទេស​ជា​សមាជិក​ចម្បងៗ​នៃ​អង្គការ OPEC និង​ប្រទេស​ផ្គត់ផ្គង់​ប្រេង​ចម្បងៗ​ផ្សេង​ទៀត រួម​ទាំង​ប្រទេស​រុស្ស៊ី​ផង​ដែរ នឹង​វាយ​តម្លៃ​ទីផ្សារ​ប្រេង និង​ពិនិត្យ​មើល​ថា​តើ​មាន​ស្រប​តាម​ការ​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​ដូច​ដែល​បាន​ឯកភាព​គ្នា​កាល​ពី​ឆ្នាំ​មុន​ដែរ​ឬ​ទេ។

ការ​ពិភាក្សា​នេះ​នឹង​ផ្ដោត​លើ​រឿង​អ៊ីរ៉ង់ ដែល​ប្រទេស​អ៊ីរ៉ង់​នឹង​មិន​មាន​វត្តមាន​ចូលរួម​នោះ​ទេ។

ការ​ប្រជុំ​នេះ​ធ្វើ​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​មាន​ការ​វាយ​ប្រហារ​បំផ្លាញ​កប៉ាល់​ដឹក​ប្រេង​នៅ​ក្នុង​ដែន​សមុទ្រ​នៃ​ឈូង​សមុទ្រ​ពែក្ស និង​ការ​ទម្លាក់​គ្រាប់​បែក​របស់​ពួក​ឧទ្ទាម​យេម៉ែន​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់ បំផ្លាញ​បំពង់​បង្ហូរ​ប្រេង​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត។

ការ​ប្រជុំ​នេះ​ក៏​ធ្វើ​ឡើង​ផង​ដែរ​នៅ​ចំ​ពេល​ដែល​ការ​ដាក់​ទណ្ឌកម្ម​ពេញ​ទំហឹង​ឡើង​វិញ​របស់​សហរដ្ឋ​អាមេរិក​លើ​ប្រទេស​អ៊ីរ៉ង់​ចូល​ជា​ធរមាន ដែល​ករណី​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​ប្រេង​ឆៅ​របស់​ប្រទេស​នេះ។

នៅ​មុន​ការ​ប្រជុំ​នេះ​ចូល​មក​ដល់ ប្រទេស​អារ៉ាប៊ីសាអូឌីត ដែល​ជា​អ្នក​រៀបចំ​ការ​ប្រជុំ​នេះ បាន​បញ្ជាក់​ថា ខ្លួន​គ្មាន​បំណង​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​អ៊ីរ៉ង់​ទេ ប៉ុន្តែ​ខ្លួន​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​ខ្លួន។

ការ​ប្រជុំ​នេះ​គ្រោង​នឹង​ធ្វើ​ឡើង​ដើម្បី​ផ្ដល់​អនុសាសន៍​នានា​នៅ​មុន​កិច្ច​ប្រជុំ​អង្គការ OPEC ចូល​មក​ដល់​នៅ​ចុង​ខែ​មិថុនា​ខាង​មុខ​នេះ ដែល​នៅ​ពេល​នោះ ប្រទេស​អ៊ីរ៉ង់​នឹង​ចូលរួម​ផង​ដែរ៕

XS
SM
MD
LG