ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​អាមេរិក​និយាយ​ថា ទំហំ​នៃ​ការ​ប៉ះពាល់​សេដ្ឋកិច្ច​ពី​ការ​បាក់​រលំ​ស្ពាន​មិន​ទាន់​អាច​សន្មត​បាន


រូបភាពបង្ហាញពី​គ្រោះថ្នាក់​នាវាដឹកទំនិញ​បុក​ស្ពាន​ Francis Scott Key នៅ​ទីក្រុង Baltimore រដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។
រូបភាពបង្ហាញពី​គ្រោះថ្នាក់​នាវាដឹកទំនិញ​បុក​ស្ពាន​ Francis Scott Key នៅ​ទីក្រុង Baltimore រដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

មនុស្ស​យ៉ាង​តិច​ ៦នាក់​ត្រូវ​បានគេជឿ​ថា​បាន​ស្លាប់​ បន្ទាប់​ពីកប៉ាល់​ដឹកទំនិញ​មួយ​គ្រឿង​ដែល​ចាក​ចេញ​ពី​កំពង់ផែ Baltimore ​ក្នុង​រដ្ឋម៉ារីឡែន​ (Maryland) បាន​បុក​នឹងស្ពាន Francis Scott Key Bridgeដោយធ្វើ​ឱ្យ​ស្ពាន​នេះ​បាក់​រលំ​ ហើយ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​ធ្វើ​ការរុករកអ្នក​បាត់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី២៧​ ខែ​មីនា។

រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​សហរដ្ឋ​អាមេរិក​លោក Pete Buttigieg បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាននៅ​សេតវិមានកាល​ពី​ថ្ងៃ​ពុធ ទី​២៧​ ខែ​មីនា​ថា​ ស្ពាន Francis Scott Key Bridge ក្នុង​ក្រុង Baltimore ត្រូវបាន​បុក​ខ្ទិចខ្ទី​ដោយ​សារ​តែ​កម្លាំងប៉ះទង្គិច​ដ៏​ខ្លាំង ដែល​ស្មើ​នឹង​កម្លាំងនាវា​ផ្ទុក​យន្តហោះមួយ​គ្រឿង​បុក​ទៅ​លើតួស្ពាន។

លោក​ថ្លែង​ដូច​នេះ​ថា៖ «កម្លាំង​បុក​ដ៏​ខ្លាំង​ដែល​យើង​ឃើញគឺ​មាន​ទំហំ​ស្មើ​នឹងអគារ​មួយ​ជួរ​របស់ទីក្រុង ដែល​មាន​កម្លាំង​ទម្ងន់ ​១សែនតោន បុកក្នុង​ពេល​តែ​មួយ​ទៅ​លើ​តួស្ពាន​របស់កំពង់​ផែ​នេះ»។

មន្ត្រី​អាមេរិក​និយាយ​ថា ​វា​លឿន​ពេក​ដើម្បី​ដឹង​ថាតើ​ពេល​ណា​ទើប​បំណែក​ស្ពាន​ដែល​បាក់​បែក​ទាំង​នេះ​នឹង​ត្រូវ​ស្រង់​ចេញ​ពី​ទន្លេ Patapsco ​ហើយ​នៅ​ពេល​ណា​ទើប​កំពង់ផែ​ក្រុង Baltimore នឹង​វិល​តត្រឡប់​ទៅ​រក​ប្រតិបត្តិការ​ដូច​ដើម​វិញនោះ។

ក្រុម​ការងារ​ទទួល​បន្ទុក​សង្វាក់​ផ្គត់ផ្គង់​ថ្នាក់​ជាតិនៃ​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក​កំពុង​ជួប​ប្រជុំ​ ដើម្បី​វាយតម្លៃ​ទៅ​លើ​ការ​បាក់​រលំ​នៃស្ពាន​នេះ ក៏​ដូច​ជា​ការ​បិទ​កំពង់ផែ​នេះ​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​របស់រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក​លោក​ស្រី Janet Yellen។

រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​សហរដ្ឋអាមេរិក​លោក Buttigieg និយាយថា​ ខណៈពេល​ដែល​វា​នៅ​ថ្មីពេក​ដើម្បីដឹងឱ្យ​ពិតប្រាកដពី​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​នោះ​ ទំហំ​នៃ​ការ​ប៉ះពាល់​គឺ​មិន​តូចឡើយ»៕

ប្រែសម្រួល​ដោយ​លោក ជ្រា វណ្ណរិទ្ធ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG