ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden អំពាវនាវឱ្យការពារលទ្ធិប្រជាធិបតេយ្យនៅក្នុងសុន្ទរកថាប្រចាំឆ្នាំ


ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក Joe Biden ថ្លែង​សុន្ទរកថាប្រចាំឆ្នាំស្តីពី​ស្ថានភាព​សហព័ន្ធ នៅវិមាន​សភា​ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤។
ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក Joe Biden ថ្លែង​សុន្ទរកថាប្រចាំឆ្នាំស្តីពី​ស្ថានភាព​សហព័ន្ធ នៅវិមាន​សភា​ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Joe Biden​ បាន​បញ្ចប់​សុន្ទរកថា​ប្រចាំ​ឆ្នាំ​របស់​លោក នៅ​ក្នុង​សភា​អាមេរិក​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ម៉ោង​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​ ដោយ​លោក​បាន​ចាប់​ផ្តើម​គូស​បញ្ជាក់ពី​សារៈសំខាន់ក្នុង​ការ​ការពារ​លទ្ធិ​ប្រជាធិបតេយ្យក្នុង​សហរដ្ឋអាមេរិក និង​នៅ​ជុំវិញ​ពិភពលោក។

លោក​បាន​ថ្លែងនៅ​ជិត​បញ្ចប់​សុន្ទរកថា​របស់​លោក​ថា៖​ «ខ្ញុំ​ឃើញ​អនាគត​មួយ​ ដែល​យើង​ការពារ​ប្រជាធិបតេយ្យ​ មិនមែន​បំផ្លាញ​វា​ទេ។ ខ្ញុំ​ឃើញ​ពី​អនាគត​មួយ​ ដែល​យើង​ស្តារ​ឡើង​វិញ​នូវ​សិទ្ធិ​ដើម្បី​ជ្រើសរើសនិង​ការពារ​សេរីភាព​ ​មិន​មែន​ដក​វា​ចេញនោះ​ឡើយ»។

លោក Biden បាន​ចាប់​ផ្តើម​សុន្ទរកថា​របស់​លោក​ ដោយ​សង្កត់​ធ្ងន់​ទៅ​លើ​អ្វី​ដែលលោកនិយាយ​ថា​ ជា​ការ​គំរាមកំហែង​ដល់​លទ្ធិប្រជាធិតេយ្យ​នៅ​ជុំវិញ​ពិភពលោក និង​បាន​អំពាវនាវ​ដល់​សភា​អាមេរិក ឱ្យ​បោះឆ្នោត​អនុម័ត​យល់​ព្រម​ទៅ​លើ​ជំនួយ​បន្ថែម​ដល់​ប្រទេស​អ៊ុយក្រែន​ដើម្បី​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​រុស្ស៊ី។

សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ​កំពុង​រាំងខ្ទប់​ច្បាប់ផ្តល់​ជំនួយ​បរទេស​ដែល​មាន​ទឹកប្រាក់​ចំនួន​ ៩៥ ពាន់លានដុល្លារ​អាមេរិក​ ដែលរួម​មាន​ទឹក​ប្រាក់​ ៦១​ ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស​អ៊ុយក្រែន​ ដើម្បីជួយ​ដល់​រដ្ឋាភិបាល​ក្រុង​កៀវ​ ប្រយុទ្ធ​ប្រឆាំង​នឹង​រុស្ស៊ី។

ជារួម លោក​ Biden និយាយ​ថា​ លទ្ធិ​ប្រជាធិបតេយ្យ​និង​សេរីភាព​ កំពុង​រង​ការគំរាមកំហែង​នៅ​ជុំវិញ​ពិភពលោក។

លោកប្រធានាធិបតី​ក៏​បាន​សរសើរអង្គការ​អូតង់​ផង​ដែរ​ ​ដែល​លោក​ហៅ​ថា​ជា​«សម្ព័ន្ធភាព​យោធា​ដ៏​ខ្លាំង​បំផុត​មួយ ​ដែល​ពិភពព​លោក​មិន​បានធ្លាប់ឃើញ»។​

លោក​ក៏​បាន​ចង្អុល​ទៅនាយក​រដ្ឋមន្ត្រី​ប្រទេស​ស៊ុយអែត​ លោក​ Ulf Kristersson​ ដែល​បាន​ចូល​រួម​ស្តាប់​ការ​ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​របស់​លោកនៅ​ក្នុង​សភា​អាមេរិក ​ក្នុង​នាម​ជា​ភ្ញៀវ​របស់ស្ត្រី​ទី ​១ ​អាមេរិក ​គឺ​អ្នក​ស្រី Jill Biden។ ​ប្រទេស​ស៊ុយអែត​ ទើប​បាន​ក្លាយ​ជាសមាជិក​អង្គការ​អូតង់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ​នេះ​ផង​ដែរ។​

គណបក្ស​សាធារណរដ្ឋ​បាន​ជ្រើសរើសសមាជិក​ព្រឹទ្ធសភា​ដែល​មាន​វ័យក្មេង​បំផុត​របស់​ខ្លួន ​គឺអ្នក​ស្រី​ Katie Britt មក​ពី​រដ្ឋ​ Alabama ដើម្បីថ្លែង​សារ​ឆ្លើយ​តបទៅ​នឹងសុន្ទរកថា​ប្រចាំ​ឆ្នាំ​របស់​លោក​ប្រធានាធិបតី Biden​ ដោយ​អ្នក​ស្រី​បាន​គូស​បញ្ជាក់ក្នុង​សុន្ទរកថាឆ្លើយ​តប​ដែល​មាន​រយៈ ​១៥ ​នាទីលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​ ដោយ​ហៅ​លោក ​Biden ថា​ជា​មេដឹកនាំ ដែល​មាន​ភាព«​រួញរា​ស្ទាក់ស្ទើរ​និង​ដើរ​ថយក្រោយ​»​ ខណៈ​លើក​ឡើង​ពី​ភាព​ភ័យខ្លាច​នៃ​គោល​នយោបាយ​របស់​លោក ស្តី​ពី​ជន​អន្តោប្រវេសន៍​ និង​បាន​រិះគន់ចំណាត់​ការ​លើ​បញ្ហា​សេដ្ឋកិច្ច យុត្តិធម៌​ និង​កិច្ចការ​បរទេស​របស់​លោក​ផង​ដែរ៕

ព័ត៌មាន​មួយ​ចំនួននៅ​ក្នុង​របាយការណ៍​នេះ​ត្រូវ​បាន​ដក​ស្រង់​ពី​ទី​ភ្នាក់ងារ​សារព័ត៌មាន AP និង​ AFP

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG