ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ថា​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ហ៊ុន សែន​ត្រូវ​បាន​​លួច​ចូល(Hack)


រូបឯកសារ៖ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប smartphone មួយ​ចុច​មើល​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយរដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ទទួល​អាន​អាហារ​ពេល​ព្រឹក​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥។
រូបឯកសារ៖ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប smartphone មួយ​ចុច​មើល​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយរដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ទទួល​អាន​អាហារ​ពេល​ព្រឹក​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥។

ប៉ុន្មាន​ម៉ោង​​ក្រោយ​ពី​មាន​ការ​លួច​ចូល​ក្នុង​ទំព័រ​ហ្វេសប៊ុក​​ផ្លូវការ​របស់​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ គេ​សង្កេត​ឃើញ​​ថា​ ​ទំព័រ​ហេ្វសប៊ុក​របស់​លោក​​បាន​វិល​មក​ស្ថានភាព​ប្រក្រតី​ឡើង​វិញ។

អាជ្ញាធរ​កម្ពុជា​នៅ​ថ្ងៃ​ចន្ទ​នេះអះអាង​ថា​ ​ជន​អនាមិក​ ​ឬ​ ​Hacker​ ​បានចូល​កាន់កាប់​ទំព័រ​ហេ្វសប៊ុក​ផ្លូវ​ការ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន ​ដោយ​បានបង្ហោះ​សារ​គំរាម​បិទ​ហ្វេសប៊ុក​នៅ​កម្ពុជា។​

ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្រ្តី​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ​បានបង្ហោះ​សារ​គំរាម​ក្នុង​ន័យ​ដើម​ថា៖​

​«ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​លុប​ ​និង​ព្យាយាម​បិទ​គណនី​របស់​ខ្ញុំ។ ​តែ​ខ្ញុំ​ ​ហ៊ុន សែន​ ​សូម​ប្រាប់​ទៅ​វិញ​ថា៖​ បើ​អ្នក​ឯង​ហ៊ាន​បិទ​ហ្វេសប៊ុក​របស់​ខ្ញុំ!​ ខ្ញុំ​នឹង​បិទ​លែង​ឲ្យ​ប្រើ​ហ្វេសប៊ុក​នៅ​ស្រុក​ខ្មែរ»។​

​ប៉ុន្មាន​ម៉ោងក្រោយ​ពី​មាន​ការ​បង្ហោះ​សារ​ខាង​លើ​នេះ​ គេ​សង្កេត​ឃើញថា​ ​ទំព័រ​ហេ្វសប៊ុក​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​បាន​វិល​មក​ស្ថានភាព​ប្រក្រតី​ឡើង​វិញ​ហើយ​មាន​ការបង្ហោះ​សារក្នុង​ន័យ​ដើម​ថា៖​

«នៅ​មុន​នេះ​បន្តិច​ មាន​ក្រុម​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​ (Hacker) បាន​ចូល​មក​លួច​ Account Facebook ខ្ញុំ​ ហើយ​បាន​លុប​ទិន្នន័យ​អស់​មួយ​ចំនួន​ធំ។ ពេល​នេះ​ខាង​ក្រុមហ៊ុន Facebook កំពុង​ស៊ើប​អង្កេត​ជន​អគតិ​ ដែល​មាន​ចេតនា​អាក្រក់​បំពុល​ និង​បំផ្លាញ​ព័ត៌មាន​នៅ​ក្នុង​សង្គមជាតិ​យើង»។​

លោក​ឌួង តារា ​អ្នក​កាន់​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​បញ្ជាក់​ពី​ករណី​លួច​ចូល​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​ដល់​ VOA​ ​ហើយ​លោក​បាន​សង្កត់​ធ្ងន់​ថា​ សារគំរាម​នេះ​ជា​សារ​បង្ហោះ​ដោយ​ជន​អនាមិកដែល​បាន​លួច​ចូល​ទៅក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន។​

លោក​ ឌួង តារា​ ​បាន​បន្ត​ថា​ លោក​បាន​ស្នើ​ទៅ​ខាង​ក្រុមហ៊ុន​ហ្វេសប៊ុក​ឲ្យ​ស្វែងរក​ប្រភព​ច្បាស់លាស់​នៅ​ពី​ក្រោយ ​និង​ថា​ ខាង​លោក​ទទួល​បាន​តម្រុយ​ពី​ករណី​លួច​ចួល​ក្នុង​ទំព័រ​ហេ្វសប៊ុក​ខាង​លើ​ខ្លះៗ​មក​ហើយ​ ​មុន​ពេលហេតុការណ៍​លួចចូល​នេះ​បាន​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។​

មន្ត្រី​កាន់​ទំព័រ​ហ្វេសប៊ុក​របស់លោក​នាយករដ្ឋមន្ត្រី​ រូប​នេះ​បាន​បន្ថែម​ថា៖​

​«យើង​បាន​ដឹង​តម្រុយប្រហែល​ជា​ ​បួន​ប្រាំ​ថ្ងៃ​មុន​ហើយ​បាទ​ដែល​ថា​ មាន​រឿង​ហ្នឹង​កើត​ឡើង​ណា។ ប៉ុន្តែ​យើង​គ្រាន់​ឲ្យ​ច្បាស់​ថា អ្នក​ហ្នឹង​ជា​នរណា​ចូល​តាម​ច្រក​ណា​ មក​ធ្វើ​អី​ហ្នឹង។ ​យើង​ប្រគល់​ព័ត៌មាន​ហ្នឹង​ទៅ​ឲ្យ​ខាង​ក្រុមហ៊ុន​គេ​ស្រាវជ្រាវ»។​

ទាក់​ទិន​នឹង​សារ​បង្ហោះ​បែប​គំរាម​ដោយ​ជន​អនាមិក លោក​ឌួង តារា​ បាននិយាយ​ថា៖​

«នៅ​ពេល​ដែលការ​ស្រាវជ្រាវ​របស់​គេ​វា​ Take Time (ចំណាយ​ពេល​វេលា) បុគ្គល​ហ្នឹង​ប្រហែល​ជា មាន​ការ​តាម​ស៊ើប​អង្កេត​អី​អញ្ចឹង​ក៏​គាត់​ព្យាយាម​ផុស​ (ចុះ​ផ្សាយ) ចុង​ក្រោយ​ហ្នឹង​ ដើម្បី​បំបែក​ព័ត៌មាន​ហ្នឹង​ចេញ​ទៅ​ ទើប​តែ​ព្រឹក​មិញ​ហ្នឹង​បាទ»។​

អ្នក​ទទួល​បន្ទុក​រ៉ាប់រង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​ ដដែល​ ​ក៏​បាន​បញ្ជាក់​ផង​ដែរថា ​ប្រភព​លួច​ចូល​នោះ​ស្ថិត​នៅ​ក្នុង​ស្រុក។​

លោក​ ​ឆាយ គីមឃឿន​ ​អ្នក​នាំ​ពាក្យ​ស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ​ បាន​ប្រាប់​ ​VOA​ ​ថា​ មក​ទល់​ពេល​នេះ​ ក្រសួង​មហាផ្ទៃ​កំពុង​តែ​ពិនិត្យ​ស្រាវជ្រាវ​លើ​ករណី​លួចចូល​ក្នុង​ទំព័រ​ហេ្វសប៊ុក​របស់​លោក​ហ៊ុន សែន។​

​លោក​បញ្ជាក់យ៉ាង​ដូច្នេះ​ថា៖​

«បច្ចេកទេស​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​បាទ។ មិនមែន​ចុច​ផាច់​ទៅ​រក​ឃើញ​ភ្លាមៗ​ទេ​លោក។ បាទ កំពុង​ស្រាវជ្រាវ​លោក។ បាន ជូន​ព័ត៌មាន​បាន​ប៉ុណ្ណឹង»។​

គួរ​រំឭក​ផង​ដែរ​ ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ធ្លាប់​ត្រូវជន​អនាមិក​លួច​ចូល​ម្តង​រួច​មក​ហើយ​ ​ប៉ុន្តែ​បាន​វិល​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ។​ ​យ៉ាងណា​ក៏​ដោយ ​មក​ដល់​ពេល​នេះ​មិន​មាន​ការ​ចាប់ខ្លួន​ ​ជន​ដៃ​ដល់​ណាមួយ​ មក​ដាក់​ទោស​ទណ្ឌ​នៅ​ឡើយ​នោះ​ទេ៕

XS
SM
MD
LG