ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ខ្មែរ​ព្រមាន​អ្នក​ប្រើប្រាស់​វ៉ាយហ្វាយ (Wifi) សាធារណៈ​ថា ​អាច​ប្រឈម​នឹង​ការ​ ​Hack​ ​លួច​យក​ព័ត៌មាន​ផ្ទាល់​ខ្លួន


រូបឯកសារ៖ បុរស​ម្នាក់​កំពុង​ប្រើ​ទូរស័ព្ទ ​ខណៈ​ពេល​កំពុង​អង្គុយ​រង់ចាំ​ ការបញ្ចាំង​ភាពយន្ត​​នៅ​ឯ​រោង​ភាពយន្ត​ Major Cineplex​ នៃ​ផ្សារ​ទំនើប​អ៊ីអន​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២១​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​។​
រូបឯកសារ៖ បុរស​ម្នាក់​កំពុង​ប្រើ​ទូរស័ព្ទ ​ខណៈ​ពេល​កំពុង​អង្គុយ​រង់ចាំ​ ការបញ្ចាំង​ភាពយន្ត​​នៅ​ឯ​រោង​ភាពយន្ត​ Major Cineplex​ នៃ​ផ្សារ​ទំនើប​អ៊ីអន​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២១​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​។​

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ ដោយ​បាន​ប្រាប់​ឲ្យ​ប្រជា​ពលរដ្ឋ​ ដែល​តែង​ប្រើប្រាស់​វ៉ាយហ្វាយ​អ៊ីនធឺណេត​តាម​ទី​សាធារណៈ​ ​ មាន​ការប្រុង​ប្រយ័ត្ន​ចំពោះ​ការ​លួច​យក​ព័ត៌មាន​ផ្ទាល់​ខ្លួន។

នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួង​មហា​ផ្ទៃ​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរឈប់​ប្រើប្រាស់​វ៉ាយហ្វាយ​ (Wifi)​ ​សាធារណៈ​ ​ដើម្បី​ចៀសវាង​ហានិភ័យ​នៃ​ការ​លួច​ព័ត៌មាន​ ដែល​អាច​នាំ​ដល់​ការ​លួច​ ​Hack​ ​គណនី​ផ្ទាល់ខ្លួន​របស់​អ្នក​ប្រើប្រាស់។​ ​

សាររបស់នាយក​ដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដែល​ត្រូវ​បានបង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១០​ខែ​មករា​ឆ្នាំ​២០១៩​នេះ​ ​បញ្ជាក់​ថា ​វ៉ាយហ្វាយ​សាធារណៈ​ (Public WiFi) ដែល​មាន​នៅ​ហាង​កាហ្វេ​ភោជនីយដ្ឋាន ​ព្រលាន​យន្តហោះ ​និង​ទី​សាធារណៈ​មួយ​ចំនួន ​អាច​នាំ​មក​នូវ​ហានិភ័យ​ផ្សេងៗ​ ដូចជា​ការ​លួច​យក​ព័ត៌មាន​ផ្ទាល់​ខ្លួន (រូបភាព​ និង​ឯកសារ)​លេខ​សម្ងាត់​ (Password)​ និង​ចែកចាយ​មេរោគ​ (Virus Malware)​ជាដើម។​

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បញ្ជាក់​អំពីការ​ប្រើប្រាស់​វ៉ាយហ្វាយ​សាធារណៈ​ប្រកប​ដោយ​សុវត្ថិភាព​ថា៖​

«បញ្ជាក់​ឲ្យ​ប្រាកដ​ថា ​វ៉ាយហ្វាយ​ដែល​បាន​ភ្ជាប់​គឺ​ជា​វ៉ាយហ្វាយ​ដែល​មាន​ប្រភព​ច្បាស់​លាស់។ ចៀសវាង​ការ​ចូល​ទៅ​ក្នុង​គណនី​សំខាន់ៗ​ ដូចជា​ ធនាគារ ​iCloud ​និង​ Email​ ជាដើម។ ​បិទ​ប្រព័ន្ធ​វ៉ាយហ្វាយ​ពេល​ដែល​លោក​អ្នក​ពុំ​ត្រូវ​ការ​ប្រើប្រាស់។ ​បិទ ​Network Sharing ​នៅ​លើ​កុំព្យូទ័រ​ដើម្បី​ចៀសវាង​កុំឲ្យកុំព្យូទ័រ​ដទៃ​ទៀត​ភ្ជាប់​ចូល​កុំព្យូទ័រ​របស់​លោក​អ្នក»។​

បច្ចុប្បន្ន​គេ​ឃើញ​ប្រជា​ពលរដ្ឋ​កម្ពុជា​ប្រើប្រាស់​អ៊ីនធឺណេត​តាម​រយៈ​វ៉ាយហ្វាយ ​ដែល​ផ្តល់​ដោយ​ទី​កន្លែង​សាធារណៈ​ជាច្រើន ​ជាពិសេស​ភោជនីយដ្ឋាន ​សណ្ឋាគារ និង​ហាងកាហ្វេ​ជាដើម។​

ចំណែក​រដ្ឋាភិបាល​ក៏​បាន​ដាក់​ពង្រាយ​វ៉ាយហ្វាយ​សាធារណៈ ​ដែល​ប្រើប្រាស់​ដោយ​មិន​គិត​ថ្លៃ​នៅ​តាម​សួនច្បារ ​និង​កន្លែង​កម្សាន្តមួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ ដូចជា​សួនច្បារ​សម្តេច​ហ៊ុន សែន ​សួនច្បារ​មុខ​ព្រះ​បរមរាជ​វាំង ​សួនច្បារ​មុខ​វត្ត​បទុម ​សួនច្បារ​វិមាន​ឯករាជ្យ​ និង​នៅ​ម្តុំ​វត្តភ្នំ ​ជាដើម។​

កន្លង​មក​ការ​លួច​ ឬ​ដែល​ហៅ​ថា ​Hack ​ចូល​ក្នុង​គណនី​បណ្តាញ​សង្គម ​តែង​កើត​មាន​ជា​រឿយៗ។ ​អ្នក​លួច​ចូល​ទាំង​នោះ ​ពេល​ខ្លះ​បាន​ប្រព្រឹត្ត​អំពើ​ល្មើស ​តាមរយៈ​ការ​ឆបោកប្រាក់ ការ​បង្ហោះ​សារ​អាស​អាភាស ​និង​ការ​គំរាម​កំហែង​ផ្សេងៗ។​

លោក​ម៉េង អេដែត ​មន្រ្តី​បច្ចេកទេស​ជាន់​ខ្ពស់​នៃ​អង្គការ​សង់ត្រាល់ ​ប្រាប់​ VOA ​ថា​ ការ​ប្រើប្រាស់​វ៉ាយហ្វាយ​សាធារណៈ​អាច​ធ្វើ​ឲ្យ​អ្នក​គ្រប់គ្រង​វ៉ាយហ្វាយ​នោះ​ចូល​ទៅ​ទាញ​យក​ព័ត៌មាន​របស់​អ្នក​ប្រើប្រាស់។ លោក​បន្ថែម​ថា ​ប្រជា​ពលរដ្ឋ​គួរ​ចៀសវាង​កុំប្រើ​វ៉ាយហ្វាយ​សាធាណៈ​ទាំង​នោះ ឬ​ប្រើ​ដោយ​មាន​កម្មវិធី​ផ្សេងៗ​សម្រាប់​ការពារ។

លោក​បញ្ជាក់​ថា៖

«តែ​កាលណា​យើង​ប្រើ​វ៉ាយហ្វាយ​របស់​គេ​ មាន​ន័យ​ថា​ ​យើង​ស្ថិត​នៅ​ក្នុង​ការគ្រប់​គ្រង​របស់​គេ​ហើយ។​ អ៊ីចឹង​ មិន​តិច​ មិន​ច្រើន​ គេ​អាច​ជ្រៀត​ចូល​នៅ​លើ ​Device ​[ឧបករណ៍​ប្រើប្រាស់]​ របស់​យើង​បាន ​បើសិន​យើង​អត់​បាន​ការពារ​ខ្លួន។ ​ទី១ ​បើ​អាច​ ​គួរកុំ​ប្រើ។ ​ទី២ ​បើសិន​ជា​យើង​ប្រើ​ហើយ​ ​យើង​គួរ​តែ​ការពារ​ខ្លួន​ឯង​ដោយ​មានកម្មវិធី​ជំនួយ ​ដែល​យើង​ហៅ​ថា ​VPN។ មាន​ន័យ​ថា​ ​យើង​បើក​ VPN ​ដើម្បី​ការពារ​ មាន​ន័យ​ថា​ ​មិន​ឲ្យ​គេ​ដឹង​ថា​ ​យើង​កំពុង​ប្រើប្រាស់​ទេ»។​

តួលេខ​ដែល​ចេញដោយ​និយត​ករ​ទូរ​គមនាគមន៍​កម្ពុជា​ កាល​ពីថ្ងៃទី​៨ខែ​មករាឆ្នាំ​២០១៩​នេះ​បញ្ជាក់​ថា ​គិត​ត្រឹម​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨ ​ស្ថិតិ​សេវា​អ៊ីនធឺណិត​ចល័តមាន​ចំនួន​ជិត​១៣​លាន​ស៊ីម​កាត​(១២.៩៧៤.៣១៩​ស៊ីម​កាត)​ ចំណែក​អ្នក​ប្រើប្រាស់សេវា​អ៊ីនធឺណិត​អចល័ត​មាន​ចំនួន ១៤៧.៥៩៦​នាក់៕

XS
SM
MD
LG