ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ក្រសួង​ការពារ​ជាតិ​ការពារ​តំណែង​ថ្មី​របស់​លោក​ហ៊ុន ម៉ាណែត


រូបឯកសារ៖ លោកនាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅក្នុងអំឡុងកម្មវិធីប្រកួតកីឡាយោធាប្រចាំឆ្នាំ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។
រូបឯកសារ៖ លោកនាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅក្នុងអំឡុងកម្មវិធីប្រកួតកីឡាយោធាប្រចាំឆ្នាំ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។

នាយ​ឧត្តម​សេនីយ៍​ ​ឈុំ សុជាតិ​ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ បាន​ប្រាប់​ ​VOA​ ​ថា​ ​ការ​ដំឡើង​ឋានន្តរ​ស័ក្តិ​របស់​លោក​ហ៊ុន ម៉ាណែត​ ជា​មេបញ្ជាការ​កងទ័ព​ជើងគោក​នេះ​ បាន​ធ្វើ​ឡើង​ ដោយ​ផ្អែក​លើ​បទពិសោធន៍​ការងារ​ និង​សមត្ថភាព​ក្នុង​កិច្ច​ការពារ​ប្រទេស។

មន្ត្រី​យោធា​ជាន់​ខ្ពស់​កម្ពុជា​មួយ​រូប​បាន​ថ្លែង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ​ការ​ឡើង​តំណែង​របស់​លោក​ហ៊ុន ម៉ាណែត​ ​កូន​ប្រុសច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​នឹង​មិន​បង្ក​ស្ថានភាព​រំជើប​រំជួល​ក្នុង​ជួរ​កងទ័ព​កម្ពុជា​នោះ​ទេ​ ​ដោយសារ​តែ​ការ​ឡើង​តំណែង​នេះ​ ​ត្រូវបាន​ធ្វើ​ឡើង​ ​ដោយ​យោង​ទៅ​តាម​ស្នាដៃ​ក្នុង​ការការពារ​ប្រជាជន​ ​និង​ប្រទេស​ជាតិ។​

ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ បាន​តែងតាំង​ឧត្តមសេនីយ៍​ឯក​ហ៊ុន ម៉ាណែត​ ជា​មេបញ្ជា​ការ​កង​ទ័ព​ជើង​គោក​កាលពី​ថ្ងៃ​ទី៦ ខែកញ្ញា​ ឆ្នាំ​២០១៨​ ជំនួស​នាយ​ឧត្តម​សេនីយ៍​ ​មាស សុភា​ ​ដែល​ត្រូវ​បាន​តែងតាំង​ជា​ទេស​រដ្ឋ​មន្ត្រី​ ទទួល​បន្ទុក​បេសកកម្ម​ពិសេស។ លោក​ហ៊ុន ម៉ាណែត​ ក៏ជា​អគ្គ​មេបញ្ជាការ​រង​នៃ​កង​យុទ្ធពល​ខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កង​អង្គភាព​ប្រឆាំង​អំពើ​ភេរវកម្ម។​

នាយ​ឧត្តម​សេនីយ៍​ ​ឈុំ សុជាតិ​ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ បាន​ប្រាប់​ ​VOA​ ​ថា​ ​ការ​ដំឡើង​ឋានន្តរ​ស័ក្តិ​របស់​លោក​ហ៊ុន ម៉ាណែត​ ជា​មេបញ្ជាការ​កងទ័ព​ជើងគោក​នេះ​ បាន​ធ្វើ​ឡើង​ ដោយ​ផ្អែក​លើ​បទពិសោធន៍​ការងារ​ និង​សមត្ថភាព​ក្នុង​កិច្ច​ការពារ​ប្រទេស​ ដូច្នេះ​ ការ​ដំឡើង​តំណែង​របស់​លោក​ ​ហ៊ុន ម៉ាណែត នឹង​មិន​ធ្វើ​ឲ្យ​កងទ័ព​អាក់​អន់​ស្រពន់​ចិ​ត្ត​នោះ​ឡើយ។​

លោក​មាន​ប្រសាសន៍​បន្ថែម​ថា៖​

«កងទ័ព​មាន​លក្ខណៈ​ពិសេស​ ក្នុងការ​ចាត់​តាំង​របស់​គេ​ បាន​ន័យ​ថា​ ​កន្លងមក​គឺ​ថា​ ពិនិត្យ​លើ​លក្ខណៈ​សម្បត្តិ​ បទពិសោធន៍​ការងារ​ សមត្ថភាព​ហ្នឹង​ រដ្ឋមន្ត្រី គាត់​ស្នើ​ចាត់​តាំង​ឡើង​ឋានៈ​ទៅ​ ទៅ​តាម​ឋានានុក្រម​ បាន​ន័យ​ថា​ រដ្ឋមន្ត្រី​ស្នើ​ទៅ​ នាយក​រដ្ឋមន្ត្រី​ នាយករដ្ឋមន្ត្រី​ស្នើ​ទៅ​ព្រះមហាក្សត្រ​ ទៅ​តាម​ឋាននុក្រម​អីចឹង​ការណ៍​ដែល​ចាត់​តាំង​ នាយ​ទាហាន​ណាមួយ​ក្នុង​កងទ័ព»។​

លោក​ ហ៊ុន ម៉ាណែត​ ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​មើល​ឃើញ​ថា​ កំពុង​ទទួល​ការ​បណ្តុះ​បណ្តាល​ដើម្បី​នឹង​បន្ត​តំណែង​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។ លោក​ ហ៊ុន ម៉ាណែត​ បាន​បញ្ចប់​ការ​សិក្សា​ពី​សាលា​បណ្ឌិត​សភា​យោធា​ West Point ​របស់​សហរដ្ឋ​អាមេរិក​ក្នុងឆ្នាំ​១៩៩៩ ​ហើយ​លោក​បាន​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​ខាង​សេដ្ឋកិច្ច​ពី​សាកលវិទ្យាល័យ​ Bristol របស់​ចក្រភព​អង់គ្លេស​ក្នុង​ឆ្នាំ​២០០៧។

ការណ៍​នេះ​បង្ហាញ​លក្ខណៈ​ខុស​គ្នា​ពី​ឪពុក​ដែល​កាន់​តំណែង​ជាង​៣០ឆ្នាំ​ ប៉ុន្តែ​ទទួល​បាន​ការ​សិក្សា​តិចតួច ​ហើយ​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេ​ស​វៀតណាម​ មុន​ពេល​លោក​ឡើង​កាន់​តំណែង។ ​

លោក​ ​មាស នី​ ​អ្នក​សិក្សា​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍន៍​សង្គម​ មាន​ប្រសាសន៍​ថា​ ​ការ​ដំឡើង​តំណែង​លោក​ ​ហ៊ុន ម៉ាណែត​ ​នេះ​ គឺ​ជា​ច្រក​មួយ​ ដែល​នឹង​បើក​ផ្លូវ​ឲ្យ​កូន​ប្រុស​ច្បង​របស់​លោក​ ​ហ៊ុន សែន ​រូប​នេះ​ អាច​ឈាន​ទៅ​រក​តំណែង​ខ្ពស់​ជាង​នេះ​នៅក្នុង​ជួរ​កងទ័ព​កម្ពុជា។​ ​លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទៀត​ ចំពោះ​ស្ថានភាព​របស់​កងទ័ព​ នៅពេល​លោក​ ​ហ៊ុន ម៉ាណែត​ ​ត្រូវ​បាន​បន្ថែម​តួនាទី​ថ្មី​លើ​តួនាទី​បច្ចុប្បន្ន​ ដោយ​ហេតុ​តែ​វិស័យ​កងទ័ព​ ជា​បញ្ហា​រសើប​មួយ​របស់​កម្ពុជា។​

«ការ​រុះរើ​នេះ​ វា​ជា​ផ្នែក​មួយ​ ដែល​មិន​ជា​ការ​ភា្ញក់​ផ្អើល​អី​សម្រាប់​ខ្ញុំ​ ហើយ​ដូចជា​តំណែង​របស់​ឯកឧត្តម​ហ៊ុន ម៉ាណែត​ អីហ្នឹង​ គ្រាន់តែ​ឃើញ​ថា​ វា​នឹង​អាច​ រសៀ​ទៅ​រក​ការ​កាន់​តំណែង​ខ្ពស់​ជាង​ហ្នឹង​ទៀត​នៅក្នុង​កង​យោធា។ ក៏ប៉ុន្តែ​បើ​សមត្ថភាព​របស់​ឯកឧត្តម​ហ៊ុន ម៉ាណែត​ គាត់​ទៅ​កាន់​តំណែង​នោះ​ ក៏​វា​មិនមាន​បញ្ហា​អីសម្រាប់​នៅ​ក្នុង​សមត្ថភាពរបស់​កងទ័ព​ប៉ុន្មាន​ទេ»។

ព្រះមហាក្សត្រ​ខ្មែរ​ក៏​បាន​តែងតាំង​ឧត្តម​សេនីយ៍ឯក​ ​វង្ស ពិសេន ​ជា​អគ្គមេបញ្ជាការ​នៃកង​យោធពល​ខេមរភូមិន្ទ​ផងដែរ ​ដើម្បី​ជំនួស​នាយ​ឧត្តមសេនីយ៍​ ​ប៉ុល សារឿន​ ​ដែល​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះ​សីហនុ។​ លោក​វង្ស​ ពិសេន​ក៏ត្រូវបាន​ដំឡើង​ឋានន្តរ​ស័ក្តិ ជា​នាយឧត្តម​សេនីយ៍​ផង​ដែរ។ នាយឧត្តមសេនីយ៍​ ​ឥត សារ៉ាត់​ ​ត្រូវបាន​តែង​តាំង​ជា​នាយសេនាធិការ​ចំរុះ​នៃ​កង​យោធ​ពល​ខេមរភូមិន្ទ​ ​ជំនួស​នាយឧត្តម​សេនីយ៍​ ​គន់ គីម​ ​ដែល​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ឧត្តរ​មានជ័យ។​

​នាយឧត្តមសេនីយ៍​ឈុំ សុជាតិ​ ​ដែល​ទើបតែ​ត្រូវបាន​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​នៃក្រសួង​ការពារ​ជាតិ​ផង​នោះ​ មាន​ប្រសាសន៍​បន្ថែម​ថា​ ការ​តែងតាំង​នាយឧត្តមសេនីយ៍​វង្ស ពិសេន​ ក៏ត្រូវ​បាន​ធ្វើ​ឡើង​ ដោយ​ផ្អែក​លើ​បទពិសោធន៍​ និង​ស្នាដៃ​ការងារ​របស់​មន្ត្រី​ការពារ​ជាតិ​កំពូល​រូបនេះ​ផង​ដែរ។​

​ «ដូចខ្ញុំ​ជម្រាប​ជូន​ហ្នឹង​ មា្នក់ៗ​សុទ្ធ​តែ​មាន​បទពិសោធន៍​ក្នុង​ការងារ​ប្រយុទ្ធ​ដឹកនាំ​ បញ្ជា​ កង​កម្លាំង​ប្រដាប់​អាវុធ​កន្លងមក​ សុទ្ធ​មាន​ដូចថា​ ការ​តស៊ូ​ យ៉ាង​តិច​ណាស់​ក៏​៣០​ប្លាយ​ឆ្នាំ​ដែរ​ ពី​៧៩​មក​ម្នាក់ៗ​ ហើយ​ឯកឧត្តម​វង្ស ពិសេន ហ្នឹង​ គាត់​ក៏ជា​ មេបញ្ជាការ​ គ្រប់​ជាន់​ថ្នាក់។ កន្លង​មក​ គាត់មាន​បទ​ពិសោធន៍​ច្រើន​ក្នុងការ​តស៊ូ តាំង​ពី​៧៩មក​ អីចឹង​ម្នាក់​ជិត​៤០ឆ្នាំ​ហើយ​ បទពិសោធន៍​នៃ​ការងារ​ណ៎ា! »។

ការរុះរើ​ក្បាល​ម៉ាស៊ីន​កងទ័ព​កម្ពុជា​មួយ​ផ្នែក​ធំ​នេះ​កើត​មាន​ឡើង​ ក្រោយ​ការ​ចេញ​របាយការណ៍​មួយ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ ​(Human Rights Watch) មាន​ចំណង​ជើង​ថា​ «ឧត្តមសេនីយ៍​ទុច្ចរិត​១២​នាក់​របស់​កម្ពុជា»។​ របាយការណ៍​នេះ​ បាន​ឲ្យ​ដឹង​ថា ​មាន​មន្ត្រី​យោធា​ និង​នគរបាល​សរុប​១២​រូប​ បាន​បង្កើត​នូវ​អ្វី​ដែល​ហៅថា​ «បែប​ផែន​នៃ​កង​អង្គរក្ស​ស្ម័គ្រ​ស្លាប់» ឬ​មាន​ភក្តីភាព​ចំពោះ​ និង​សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន»។

របាយការណ៍​បាន​ចោទ​ប្រកាន់​ថា​ ឧត្តមសេនីយ៍​ទាំង​នោះ​ បាន​កាន់​តួនាទី​នាំមុខ​នៅក្នុង​រាល់​ទម្រង់​ធំៗ​នៃ​អំពើ​ហិង្សា​ខាង​នយោបាយ​ នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ថ្មីៗ​នេះ។ ក្នុងនោះ​ មាន​យុទ្ធនាការ​បោះឆ្នោត​កាប់​សម្លាប់​ក្នុង​ឆ្នាំ​១៩៩៣​ ការ​វាយប្រហារ​ដោយ​គ្រាប់​បែកដៃ​នៅឆ្នាំ​១៩៩៧​ លើ​ការ​ប្រមូល​ផ្តុំ​របស់​ក្រុម​ជំទាស់​ និង​ការ​វាយ​យក​អំណាច​យោធា​យ៉ាង​ហិង្សា​របស់​លោក ហ៊ុន​ សែន​ នា​ពេល​ក្រោយមក​ទៀត​ នៅក្នុង​ឆ្នាំនោះ និង​ការ​សម្លាប់​ខាង​នយោបាយ​ជាច្រើន ​ដែល​បាន​កើត​ឡើង​ ជា​បន្ត​បន្ទាប់​មក។​

ក្នុង​ចំណោម​ឧត្តមសេនីយ៍​ទាំង​១២រូប​នោះ​ មាន​នាយ​ឧត្តម​សេនីយ៍​ ប៉ុល សារឿន និង​អតីត​មន្ត្រី​ក្រោម​បង្គាប់​លោក​ ប៉ុល សារឿន ​គឺ​នាយ​ឧត្តមសេនីយ៍​ ​គន់ គីម​ ​ដែល​អ្នក​ទាំងពីរ​បាន​លាលែង​ពី​កង​ទ័ព​ដើម្បី​ឈរ​ឈ្មោះ​បោះឆ្នោត​សភា​កាល​ពី​ខែ​កក្កដា​កន្លងទៅ៕

XS
SM
MD
LG