ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តាមដាន​ជំរុញ​អាជ្ញាធរ​ពង្រឹង​ច្បាប់​ជា​ប្រចាំ ខណៈ​គ្រោះថ្នាក់​ចរាចរណ៍​នា​ថ្ងៃបុណ្យ​ចូលឆ្នាំ​នៅតែ​ជា​បញ្ហា​ព្រួយ​បារម្ភ


រូបឯកសារ៖ អ្នកបើកបរ​កំពុង​ធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម​​ រាជធានី​ភ្នំពេញ នៅ​ព្រឹក​​ថ្ងៃទី​៨ ខែ​កក្កដា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ អ្នកបើកបរ​កំពុង​ធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម​​ រាជធានី​ភ្នំពេញ នៅ​ព្រឹក​​ថ្ងៃទី​៨ ខែ​កក្កដា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

ខណៈប្រជា​ពលរដ្ឋ​ជិត ​៤០​ នាក់​ បាន​ស្លាប់ ​និង​រង​របួស​ធ្ងន់​ស្រាល​ជិត​ ៩០ ​នាក់ ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​អំឡុង​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ ​ អ្នក​តាម​ដាន​សម្តែង​ការ​សោក​ស្តាយ​និង​ជំរុញ​ឱ្យ​អាជ្ញាធរ​បន្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ ទោះ​ក្នុង​ឱកាស​បុណ្យ​ទាន​ក៏​ដោយ ​និង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​ផល​លំបាក​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​បន្ថែម​ទៀត ​ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ឱ្យ​បាន​ដល់​កម្រិត​ទាប​បំផុត។​

ក្នុង​រយៈ​ពេល​ ៤ ​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ​ដែល​រាប់​ចាប់​ពី​ថ្ងៃទី​ ១៣​ដល់​ថ្ងៃ​ទី ១៦​ ខែ​មេសា ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​ ៦៤ ​ករណី ​ដែល​បណ្តាល​ឱ្យ​ពលរដ្ឋ​ស្លាប់​ចំនួន​ ៣៧ ​នាក់ ​និង​រង​របួស​ធ្ងន់​ស្រាល​ចំនួន ​៨៨ ​នាក់។​ តួលេខ​នេះ ​ប្រហាក់​ប្រហែល​ទៅ​នឹង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ ២០២៣ ​ដែរ។​ នេះ​បើ​តាម​លោក ទូច សុខៈ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ។​

ដោយ​ឡែក​រយៈ​ពេល​ ៣ ​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ ឆ្នាំ​ ២០២៣ ​វិញ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​ចំនួន ​៤៥ ​ករណី ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន ​២៥ ​នាក់​និង​រង​របួស​ធ្ងន់​ស្រាល​ចំនួន​ ៩២ ​នាក់។​ នេះ​បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​រូប​នេះ។​

អាជ្ញាធរ​បាន​ឱ្យ​ដឹង​ថា​ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​នោះ​បណ្តាល​មក​ពី​ការ​បើក​បរ​ក្នុង​ស្ថាន​ភាព​ប្រជែង​គ្រោះ​ថ្នាក់ ល្មើស​ល្បឿន​ មិន​គោរព​សិទ្ធិ ​មិន​ប្រកាន់​ស្តាំ ​និង​ស្រវឹង​ជាដើម។​

បើ​តាម​លោក​ ទូច សុខៈ​ ស្ថានភាព​គ្រោះ​ថ្នាក់​ចរាចរណ៍​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ​ មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុនៗ ​ដែល​អាច​គ្រប់គ្រង​បាន។​

លោក​ថ្លែង​ថា៖ ​«បងប្អូន​ប្រជា​ពលរដ្ឋ​យើង​មាន​ការ​យល់​ដឹង​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត​នៅ​ក្នុង​ការ​បើកបរ​ ការ​យោគ​យល់​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ​ការ​អធ្យាស្រ័យ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ មាន​ការ​ប្រុង​ប្រយ័ត្ន​អំពី​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ ​ដែល​នាំ​ឱ្យ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​យើង​អាច​គ្រប់​គ្រង​បាន​ មិន​កើន​ឡើង​គំហុក​ទេ»។​

ប៉ុន្តែ​អ្នក​តាម​ដាន​នៅ​តែ​សម្តែង​ការ​ព្រួយ​បារម្ភ ​និង​ចង់​ឃើញ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ត្រូវ​បាន​កាត់​បន្ថយ​ដល់​កម្រិត​ទាប។​

លោក​ គង់ រតនៈ ​អ្នក​ជំនាញ​ និង​អ្នក​ពិគ្រោះ​យោបល់​លើ​បញ្ហា​ចរាចរណ៍​ផ្លូវ​គោក​ សម្តែង​ការ​សោក​ស្តាយ​នៅពេល​ឃើញ​តួលេខ​អ្នក​ស្លាប់​ជិត​ ១០ ​នាក់ ​ក្នុង​មួយ​ថ្ងៃ​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី​នេះ ​ដែល​កើន​ឡើង​ពាក់​កណ្តាល ​បើ​ធៀប​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​ប្រចាំ​ថ្ងៃ។​

លោក ​គង់ រតនៈ ​សង្កេត​ឃើញ​ថា ​ឥរិយា​បថ​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​របស់​ប្រជា​ពលរដ្ឋ​មាន​សេរីភាព​ខ្លាំង​ ជា​ពិសេស​ក្រុម​យុវជន​តែ​ម្តង​ ដែល​បើក​បរ​លឿន ​និង​មិន​ពាក់​មួក​សុវត្ថិភាព ​និង​ខ្លះ​ទៀត ​ប្រើប្រាស់​គ្រឿង​ស្រវឹង ​រួច​បើកបរ​ជាដើម ​ដែល​ជា​កត្តា​បណ្តាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍។​

លោក​បន្ថែម​ថា​ ​សមត្ថ​កិច្ច​ក៏​មាន​ការ​បន្ធូរ​បន្ថយ​ ដោយ​មិន​ត្រួត​ពិនិត្យ​ការ​ធ្វើ​ចរាចរណ៍​តាម​ដង​ផ្លូវ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ​ទេ។ ​លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​តាម​ដង​ផ្លូវ​ជា​ប្រចាំ ​ដូចជា​ការ​លើក​ស្លាក​សញ្ញា ​និង​បដា​តាម​ដង​ផ្លូវ​ដែល​បង្ហាញ​រូបភាព​នៃ​ហានិភ័យ ​និង​ផល​លំបាក​ដោយ​សារ​ការ​បើកបរ​លឿន ​ឬ​សេព​គ្រឿង​ស្រវឹងរួច​បើកបរ​ជា​ដើម​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ពលរដ្ឋ​បាន​ឃើញ​ និង​យល់​ដឹង ​និង​ឈាន​ទៅ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដល់​កម្រិត​មួយ​ទាប​បំផុត។​

លោក​ថ្លែង​ថា៖ ​«ចុះ​ទម្រាំ​គាត់​ជា​អាជ្ញាធរ ​គាត់​គ្រាន់​តែ​ស្រែក​សូម​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា​ ពាក្យ​មួយ​ម៉ាត់​តែ​ប៉ុណ្ណឹង ​អត់​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​កែ​ប្រែ​ឥរិយាបថ​របស់​មនុស្ស​ទេ។ ​អ៊ីចឹង​សម្រាប់​ខ្ញុំ ​ខ្ញុំ​នៅ​តែ​ទាមទារ​ថា​ ឱ្យ​មាន​ការ​ធ្វើ​ជាប់​ជា​ប្រចាំ​ហើយ​ឱ្យ​ដល់​គោល​ដៅ ​អ្នក​ដែល​ត្រូវ​ទទួល​ចំណេះ​ដឹង​ហ្នឹង​ទៀត​ផង»។​

លោក​ក៏​ស្នើ​ឱ្យ​ប្រជា​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ដោយ​ផ្ទាល់​ ព្រោះ​ថា​ ការ​សប្បាយ​ដោយ​ភ្លេច​ខ្លួន ​គឺ​អាច​បង្ក​ជា​ទុក្ខ​លំបាក ​និង​ប៉ះពាល់​អាយុ​ជីវិត។​

លោក​ប្រាប់វី​អូអេ​ថា៖ ​«តម្លៃ​នៃ​ជីវិត​គឺ​មិន​អាច​គិត​គូរ​ជា​លុយ​ជា​កាក់​ទេ។​ អត់​មាន​ពីណា​យក​លុយ​ទៅ​ទិញ​ជីវិត​បាន​ទេ។​ អ៊ីចឹង​ការ​បាត់​បង់​នេះ ​គឺ​ជាការ​ខាតបង់​ដ៏​ធំ​មួយ​របស់​ក្រុម​គ្រួសារ ​ក៏​ដូចជា​សង្គម​ជាតិ។ ​អ៊ីចឹង​សម្រាប់​ខ្ញុំ ​យុទ្ធនា​ការ​ហ្នឹង​គឺ​ត្រូវ​តែ​ធ្វើ​ការ​អប់រំ​ផ្សព្វ​ផ្សាយ​ត្រូវ​តែ​ធ្វើ​ ហើយ​ប្រជា​ពល​រដ្ឋ​ ត្រូវ​តែ​ស្វែង​រក​វិធី​សាស្ត្រ​ដើម្បី​ធ្វើ​ម៉េច​ឱ្យ​ខ្លួន​ឯង​មាន​សុវត្ថិភាព​រាល់​ពេល​ធ្វើ​ដំណើរ​ទាំង​អស់​គ្នា»។​

លោក ​យង់ គិមអេង ​ប្រធាន​មជ្ឈមណ្ឌល​ប្រជាជន​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ក៏​កត់​សម្គាល់​ស្រដៀង​គ្នា​នេះ​ផង​ដែរ។ ​លោក​ថា​ កត្តា​ចម្បង​ដែល​បណ្តាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ ​គឺ​ដោយ​សារ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ​ការ​យក​ដង​ផ្លូវ​សាធារណៈ​សម្រាប់​ការ​កម្សាន្ត ដូចជា​ជះ​ទឹក​ ប៉ាត​ម្សៅ ​និង​បើក​បរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ជា​ដើម។​

លោក​ប្រាប់​វីអូអេ​នា​ថ្ងៃ​ពុធ​នេះ​ថា៖ ​«បើ​សិន​ជា​យើង​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន [គឺ]​អាច​កាត់​បន្ថយ​ការ​ខាត​បង់​របស់​ពលរដ្ឋ ​[និង​]​អាច​កាត់​បន្ថយ​ការ​ខាត​បង់​របស់​រដ្ឋ​ដែរ»។​

លោក​បន្ថែម​ថា​ អាជ្ញាធរ​ត្រូវ​តែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ជា​ប្រចាំ ​ដោយ​មិន​គួរ​លើក​លែង​នៅ​ថ្ងៃ​បុណ្យ​នោះ​ទេ ​ដើម្បី​កុំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ច្រើន​បែប​នេះ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG