ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖ លោក​ហ៊ុន សែន​ចូលរួម​ឃោសនា​​ដោយ​បារម្ភ​ពី​ការធ្លាក់​ចុះ​ការគាំទ្រ


រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​កម្មពិធី​បុណ្យ​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧។ (រូបថត​ដកស្រង់​ចេញ​ពី​ហ្វេសប៊ុក​នាយក​រដ្ឋមន្ត្រី)
រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​កម្មពិធី​បុណ្យ​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧។ (រូបថត​ដកស្រង់​ចេញ​ពី​ហ្វេសប៊ុក​នាយក​រដ្ឋមន្ត្រី)

«​គណបក្ស​ប្រជាជន​ ហាក់​ដូច​ជា​លែង​ធ្វេស​ប្រហែស​ ដូច​ពីមុន​ ព្រោះ​ការ​ប្រុងប្រយ័ត្ន​ មាន​ការ​ទប់​ទល់​ ជាមួយ​នឹង​ការ​បង្ហាញ​គោលនយោបាយ​របស់​គណបក្ស​ផ្សេងៗ​ចឹង​»។

មិន​ដូច​កាល​ពីពេល​មុនៗ​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក ហ៊ុន សែន​ ដែល​គេ​ស្គាល់​ថា​ ជា​បុរស​ខ្លាំង​ បាន​ផ្តល់​តម្លៃ​ដល់​ការចូលរួម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​ ដោយ​លោក​បាន​ប្រកាស​ថានឹង​ចូលរួម​ធ្វើ​យុទ្ធនា​ឃោសនា​បោះឆ្នោត​នេះ។​

​អ្នកវិភាគ​ និង​អ្នក​សង្កេតការណ៍​ការបោះឆ្នោត​នៅ​កម្ពុជា​ និយាយ​ថា​ ​លោក​ ​ហ៊ុន សែន​ ​មាន​ការប្រុង​ប្រយ័ត្ន​ជាង​រាល់​ដង​ ​សម្រាប់​ការ​បោះឆ្នោតឃុំ​-សង្កាត់​ ដែលនឹង​ត្រូវ​រៀបចំ​ឡើង​ នៅ​ថ្ងៃ​ ទី៤​ ខែ​ មិថុនា​ ​ខាងមុខ។​ ឯអ្នក​នយោបាយ​បក្ស​ប្រឆាំង​និយាយ​ថា​ វា​គឺ​ជា​រឿង​ដ៏កម្រ​ សម្រាប់​លោក​ ហ៊ុន សែន​ ក្នុង​ការ​សម្រេច​ចូលរួមយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ ដោយ​ហេតុ​ថា​លោក​មិន​ដែល​ចូល​រួម​យុទ្ធនាការ​ឃោសនា​នេះ​ តាំងពី​ឆ្នាំ​១៩៩៨​មក​ម្ល៉េះ។​

លោក​ មាស នី​ អ្នកសិក្សា​ស្រាវជ្រាវ​កិច្ច​អភិវឌ្ឍន៍​សង្គម​ ថ្លែង​ថា​ តាំងពីមុន​អាណត្តិ​បោះឆ្នោត​ឆ្នាំ​ ២០១៣ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ពុំ​បាន​ផ្តល់​តម្លៃ​ដល់​ការ​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោស​នា​បោះឆ្នោត​ នោះឡើយ​ ដោយលោក​ ហ៊ុន សែន​យល់​ថា​ គណបក្ស​កាន់​អំណាច​របស់​លោក​ឈ្នះ​ ដោយ​មិន​បាច់​មាន​លោក​ក្នុង​យុទ្ធនាការឃោសនា​បោះឆ្នោត។​ ក៏ប៉ុន្តែ​ក្រោយ​លទ្ធផល​បោះឆ្នោត​ឆ្នាំ ២០១៣​ បង្ហាញ​ថា​ បក្ស​កាន់​អំណាច​បាន​បាត់​បង់​អាសនៈជាង​២០​ នៅ​រដ្ឋសភា​ គណបក្ស​កាន់​អំណាច​ រួម​ទាំង​ប្រធាន​គណបក្ស​កាន់​អំណាច​លោក​ ហ៊ុន សែន​ មាន​ការ​ប្រយ័ត្ន​ប្រយែង​ ហើយ​ជារឿយៗ​ ព្រមាន​គូរ​ប្រជែង​ខ្លួន។​

លោក​ មាស នី ​ថ្លែង​ថា៖​

«​គណបក្ស​ប្រជាជន​ ហាក់​ដូច​ជា​លែង​ធ្វេស​ប្រហែស​ ដូច​ពីមុន​ ព្រោះ​ការ​ប្រុងប្រយ័ត្ន​ មាន​ការ​ទប់​ទល់​ ជាមួយ​នឹង​ការ​បង្ហាញ​គោលនយោបាយ​របស់​គណបក្ស​ផ្សេងៗ​ចឹង​»។

រូបឯកសារ៖ លោក​ មាស នី​ អ្នកសិក្សា​ស្រាវជ្រាវ​កិច្ច​អភិវឌ្ឍន៍​សង្គម​។
រូបឯកសារ៖ លោក​ មាស នី​ អ្នកសិក្សា​ស្រាវជ្រាវ​កិច្ច​អភិវឌ្ឍន៍​សង្គម​។

អ្នកវិភាគ​រូប​នេះ​បន្ថែម​ថា​ អ្វី​ដែល​ជា​ការ​បារម្ភ​ដល់​បក្ស​ប្រជាជន​កម្ពុជា​នោះ​គឺ​ កម្លាំង​នៃការ​ហែ​ក្បួន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ របស់​គណបក្ស​ជំទាស់​ និង​គណបក្ស​កាន់​អំណាច​មាន​ប្រហាក់​ប្រហែល​គ្នា​ផងដែរ។

​«ឥឡូវ​នេះ​ បើយើង​មើល​ចំនួន​អ្នកចូលរួម​ហែបក្ស​ គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​និង​អ្នកហែ​គណបក្ស​ប្រជាជន​ហ្នឹង​ មិនសូវ​ខុស​គ្នា​ប៉ុន្មាន​ទេ។ អញ្ចឹង​នៅ​ក្នុង​លក្ខខ័ណ្ឌ​បែប​ហ្នឹង​គឺ​អ្នកប្រដាល់​ទាំង​សងខាង​ហ្នឹង​ គឺ​ត្រូវ​តែ​មាន​ការ​ព្រួយបារម្ភ​រៀង​ខ្លួន​ហើយ​ ព្រោះ​អី​មិន​ដូច​ពីមុន​ មិន​ដូច​ពីដើម​មក ដែល​យើង​គិត​ថា​យើង មាន​តែ​យើង​ យើង​ជិះសេះ​លែង​ដៃ​បាន​»។​

លោក​ សំ គន្ធាមី​ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត​ ​និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ ដោយ​សេរី ​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ (និកហ្វិច)​ ថ្លែងប្រាប់​ VOA ​កាលពី​សប្តាហ៍​មុន​ថា​ ការបាត់​បង់​កៅអី​ជាង​ ២០​ របស់​បក្ស​ប្រជាជន​កម្ពុជា​ ​បាន​កា្លយ​ជា​មេរៀន​សម្រាប់​លោក​ ហ៊ុន សែន​ ដែល​បាន​បង្ខំឲ្យ​លោក​ចូលរួម​ការ​ឃោសនា​នយោបាយ​នៅ​ថ្ងៃ​បញ្ចប់​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោតឃុំ-សង្កាត់​ នាថ្ងៃ​ទី​ ២​ ខែមិថុនា។​

«​គាត់​ចូលរួមការ​បោះឆ្នោត​ល្អ​ហើយ​ ដោយសារ​ គាត់​ឃើញ​ឧទាហរណ៍​ មុន​ៗ​ហើយ​ ថ្មី​ៗនេះ​។ ដូច្នេះ​គាត់​មិន​អាច​ នៅ​ឆ្ងាយ​ពី​ការ​ឃោសនា​បាន​ លើក​មុន​គាត់​នៅ​ឆ្ងាយ​ដក​ខ្លួន​ពី​ការ​ឃោសនា​។ គាត់​ប្រហែល​ជា​មាន​ lesson-learned (មេរៀនដែលបានរៀនហើយ) ថ្មី​ៗនេះ​ កាលពី​ ២០១៣​ ដូច្នេះ​ គាត់​ត្រូវ​ចូលរួម​សកម្ម​ហើយ​បាទ»។​

រូបឯកសារ៖ លោក​ សំ គន្ធាមី​ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត​ ​និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ ដោយ​សេរី ​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ (និកហ្វិច)។
រូបឯកសារ៖ លោក​ សំ គន្ធាមី​ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត​ ​និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ ដោយ​សេរី ​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ (និកហ្វិច)។

ដោយ​មិន​បាន​បញ្ជាក់​ពី​តំបន់​ដែល​លោក​នឹង​ចូលរួម​ឃោសនា​ ​លោក​ ហ៊ុន សែន​ ក៏​បាន​អំពាវនាវ​ដល់​សមាជិក​បក្ស​រាប់​លាន​នាក់​នៅ​គ្រប់ ខេត្ត​ ស្រុក​ ខណ្ឌ​ ក្រុង​ ឃុំ​ សង្កាត់​នៅ​ទូទាំង​ប្រទេស​ ឲ្យ​ចាត់​ទុក​រូប​លោក​ថា បាន​ចូលរួម​ជាមួយ​អ្នក​ឃោសនា​ឲ្យ​បក្ស​ប្រជាជន​កម្ពុជា​នៅ​គ្រប់​ទីកន្លែង។​

​លោក​ថា​ ចូលរួម​ហែ​ក្បួន​ និង​បោះឆ្នោត​ឲ្យ​គណបក្ស​របស់​លោក​ ដើម្បី​បន្ត​រក្សា​សនិ្តភាព​ និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ។​

​កាល​ពីថ្ងៃ​ អង្គារ​ សប្តាហ៍​មុន​ លោក​ ហ៊ុន​ សែន​ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់លោក​ ក្នុង​ន័យ​ដើម​ថា៖​

​«បងប្អូន​មួយ​ចំនួន​បាន​ចូល​មក​សួរ​តាម​ហ្វេស​ប៊ុក​(Facebook) ថា​អត់​ឃើញ​ សម្ដេច​តេជោ​ ចេញ​ ហែ​ក្បួន។ ដើម្បី​សាមគ្គីភាព​ និង​ការ​គាំទ្រ​ដល់​បេក្ខជន​ ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស​ក្នុង​ឋានៈ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ខ្ញុំ​និង​ចូលរួម​ហែ​ក្បួន​បិទ​យុទ្ធនាការ​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ»។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ គឺនៅ​ថ្ងៃទី​ ២៥ ​ខែឧសភា​ លោក ហ៊ុន សែន​ បាន​ប្រកាស​ជាថ្មី​ទៀតក្នុង​ពិធី​ជួបជុំ​ជាមួយ​អ្នកកាន់​សាសនា​គ្រឹស្ត​ថា​ លោក​នឹង​ចូលរួម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ ឃុំ​-សង្កាត់​ នៅ​ថ្ងៃទី​ ២​ ខែ មិថុនា​។​ ​ក្នុង​ពេល​ថ្លែង​សារ​នយោបាយ​ ​ប្រហែល​បី​ម៉ោង​ នាពេល​នោះ​ លោក​ ហ៊ុន សែន​ ​បាន​និយាយ​ជា​ដដែលៗ​ថា​ ​បក្សន​យោបាយ​របស់​លោក​ត្រូវ​តែ​ឈ្នះ​ការបោះឆ្នោត​ ដើម្បី​ភាព​សុខដុម​រមនា​ក្នុង​ប្រទេស។

លោក​ ហ៊ុន​ សែន​ ថ្លែងថា៖​

«​គណបក្ស​ប្រជាជន​ឈ្នះ​ អ្នកណា​ បក្ស​ណា​ក៏នៅ​ជាមួយ​បាន​ សាសនា​ណា​ក៏​នៅ​ជាមួយ​បាន​ នេះ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ រួចមក​ហើយ​ និង​បង្ហាញ​នៅពេលនេះ​។ ប៉ុន្តែ​បក្ស​ដទៃ​ មិន​ទាន់​ប្រាកដ​ទេ»។

​លោក​ ​សុខ ឥសាន​ ​អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​របស់​លោក​ នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ថ្លែង​ប្រាប់​ VOA ​កាលពី​សប្តាហ៍​មុន​ថា​ ​ការ​ចូលរួម​យុទ្ធនាការ​របស់​លោក​ នាយក​រដ្ឋមន្ត្រី​ ជា​ការ​លើក​ទឹកចិត្ត​ដល់​ក្រុម​អ្នកគាំទ្រ​គណបក្ស​កាន់​អំណាច។ ​លោក​ថា​ ​បក្ស​ប្រជាជន​កម្ពុជា​ មិន​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​កម្លាំង​គាំទ្រ​គណបក្ស​នយោបាយ​ផ្សេង​ទៀត​នោះ​ទេ​ ​ដោយ​ហេតុ​ក្នុង​ចំណោម​អ្នក​បោះ​ឆ្នោត​ ៧​,៨លាននាក់​ មាន​ ៦៨​ភាគរយ​ ជា​សមាជិក​របស់​បក្ស​ប្រជាជន​កម្ពុជា។​

«​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ យើង​ទាមទារ​ត្រូវ​មាន​ការ​ខិត​ខំ​ប្រឹងប្រែង​ យើង​មិន​ត្រូវ​សន្តិភាព​និយម​ នៅ​ក្នុង​អារម្មណ៍​របស់​យើង​ទេ​។​ អញ្ចឹង​ការណ៍​ដែល​ចេញ​មុខ​របស់​សម្តេច​តេជោ​ហ៊ុន​ សែន​ គឺ​ជា​កិត្តិយស​មួយ​ឲ្យ​គណបក្ស​ កិត្តិយស​មួយ​ឲ្យ​ប្រជាជន​យើង។ ​អញ្ចឹង​ទេ​ ក៏​ជា​ការ​លើក​ទឹកចិត្ត​ ដល់​ប្រជាជន​ដល់​គណបក្ស​ ដើម្បី​កាន់​តែ​ឲ្យ​ប្រជាពល​រដ្ឋ​បង្កើន​ការ​ជឿទុកចិត្ត​ និង​បង្កើន​ប្រជា​ប្រិយភាព​ឲ្យ​គណបក្ស​ប្រជាជន»។​

រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)
រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)

លោក​ ​សុខ ឥសាន​ មាន​ប្រសាសន៍​បន្ថែម​ថា​ គណបក្ស​កាន់​អំណាច​នឹង​បន្ត​ឈ្នះ​ការបោះឆ្នោត​ នៅ​ក្នុង​ពេល​ខាង​មុខ​ដដែល​ ​ហើយ​អ្វី​ដែល​បក្ស​ប្រជាជន​កម្ពុជា​បារម្ភ​នោះ​គឺ​ ការ​តវ៉ា​លទ្ធផល​បោះឆ្នោត​ពី​គណបក្ស​ជំទាស់។

​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​រយៈពេល​ ១៤ថ្ងៃ​ គណបក្ស​នយោបាយ​នីមួយៗមាន​សិទ្ធិ​ហែ​ក្បួន​យុទ្ធនា​ការ​ឃោសនា​បោះឆ្នោត​ធំៗ​ ចំនួន​ពីរ​លើក។​ កាលពី​ថ្ងៃ​អាទិត្យ​កន្លងទៅ​នេះ​ បក្ស​ជំទាស់​បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោតទ្រង់​ទ្រាយ​ធំរបស់ខ្លួន​ ​លើក​ចុង​ក្រោយ​ ​ដោយមាន​អ្នកគាំទ្រ​រាប់​ពាន់​នាក់​បាន​ចូល​រួម។

​លោក​ ​សុន​ ឆ័យ​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ​ បាន​ប្រកាស​ប្រាប់​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ប្រមូល​ម្តុំគ្នា​នៅ​មុខ​វត្ត​ចាស់​ ​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វា ​ថា​ តាម​សន្ទុះ​នៃកម្លាំង​គាំទ្រ​ ដែល​បាន​កើនឡើង​ក្នុងអំឡុងពេលយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ បក្សប្រឆាំង​នឹង​អាច​យក​ឈ្នះ​ ទាំង​ក្នុង​រាជធានី​ភ្នំពេញ​ និង​ឃុំ-សង្កាត់​នា​នា​នៅ​ទូទាំង​ប្រទេស។

​លោក​ ​សុន​ ឆ័យ​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ​ថ្លែងថា៖​

​«នរណា​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​មិន​ឈ្នះ​។ គណបក្ស​សង្គ្រោះ​ជាតិ​ មិន​មែន​ឈ្នះ​តែទីក្រុង​ភ្នំពេញ​ទេ​ តាមសន្ទុះ​នៃ​ការ​គាំទ្រ​ប៉ុន្មាន​ថ្ងៃនេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ ឈ្នះទូទាំង​ប្រទេស»។ ​

រូបឯកសារ៖ លោក​សុន ឆ័យ តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាននៅ​ព្រឹកថ្ងៃច័ន្ទ ទី​០៥​ ខែ​កញ្ញា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​ អំពី​ខណៈ​ការដង្ហែរញតិ្ត​របស់​គណបក្សសង្រ្គោះជាតិ​ទៅដាក់តាមស្ថានទូតនានា​ប្រចាំ​នៅកម្ពុជា។​(ឡេង ឡែន/VOA)
រូបឯកសារ៖ លោក​សុន ឆ័យ តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាននៅ​ព្រឹកថ្ងៃច័ន្ទ ទី​០៥​ ខែ​កញ្ញា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​ អំពី​ខណៈ​ការដង្ហែរញតិ្ត​របស់​គណបក្សសង្រ្គោះជាតិ​ទៅដាក់តាមស្ថានទូតនានា​ប្រចាំ​នៅកម្ពុជា។​(ឡេង ឡែន/VOA)

​លោក​បន្ថែម​ថា​ មេឃុំ​គណបក្ស​ប្រឆាំង​ នឹង​ធ្វើការ​បម្រើ​រាស្ត្រ​ ការពារ​ផល​ប្រយោជន៍​រាស្ត្រ​ និង​រក្សា​សន្តិសុខ​ជូន​រាស្ត្រ។​

​«យើង​នឹង​មាន​មេឃុំ​ ចៅសង្កាត់​ ដែល​ការពារ​សន្តិសុខ​ កុំ​ឲ្យ​មាន​គ្រឿង​ញៀន​ និង​អំពើ​ហិង្សា​នៅ​គ្រប់​ឃុំ-សង្កាត់​ទាំងអស់»។​

គណបក្ស​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​១២ ​កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ​ ដើម្បី​ប្រជែង​យក​តំណែង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ទូទាំង​ប្រទេស។​ ក្នុង​ការបោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី៤​នេះ ​មាន​ឃុំ​សង្កាត់​ចំនួន​១.៦៤៦។ការ​បោះឆ្នោត​លើក​នេះ​ ត្រូវ​គេ​ដឹ​ង​ថា​ មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​ជាង​រាល់​ដង​ ដោយ​សារ​កម្លាំង​គាំទ្រ​បក្ស​កាន់​អំណាច​ និង​បក្ស​ប្រឆាំង​ មាន​ប្រហាក់​ប្រហែល​គ្នា។​

​លោក​ ហ៊ុន សែន​ បាន​ព្រមាន​ផ្ទួនៗ​គ្នា​ នៅ​មុន​ ​និង​ក្នុង​ថ្ងៃ​នៃ​ការ​ធ្វើយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ថា​ប្រសិន​បើ​បក្ស​ប្រជាជន​កម្ពុជា​លោក​មិន​បាន​បន្ត​អំណាច​ទៀតនោះ ​នោះ​សង្គ្រាម​នឹង​ផ្ទុះឡើង។ អ្នកវិភាគ​យល់​ថា​ ការ​ព្រមាននេះ​ ​គ្រាន់តែជា​ការ​បំភិត​បំភ័យ​ស្មារតី​អ្នក​បោះឆ្នោតប៉ុណ្ណោះ។​

​ដោយ​ធុញទ្រាន់​នឹង​ការព្រមាន​នេះ​ សមាជិក​សភា​បី​រូប​របស់​សហរដ្ឋ​អាមេរិក​ ​បាន​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍​កាល​ពី​សប្តាហ៍​មុន​ អំពាវនាវ​ ​ឲ្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ ​និង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ បង្ហាញ​ការ​គាំទ្រ​ជា​សាធារណៈ​ដល់​នីតិរដ្ឋ​ និង​ស្នើ​ដល់​រដ្ឋាភិបាល​ឲ្យ​គោរព​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ នៅ​មុន​ការ​បោះឆ្នោត៕

XS
SM
MD
LG