ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphyនឹងបញ្ចប់អាណត្តិការងាររបស់លោកនាចុងខែឧសភានេះ។ អ្នកតាមដានមួយចំនួនក្នុងប្រទេសកម្ពុជាកត់សម្គាល់ថាការបំពេញការងារការទូតជិត៥ឆ្នាំកន្លងមកនេះ លោក Patrick Murphy បានព្យាយាមរក្សាទំនាក់ទំនងល្អជាមួយកម្ពុជា និងតែងតែបារម្ភអំពីបញ្ហាលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។
លោក Murphy បានមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញអាណត្តិការងាររបស់លោក កាលពីខែកញ្ញា ឆ្នាំ២០១៩ នៅចំពេលស្ថានភាពនយោបាយរបស់កម្ពុជាកំពុងតែតានតឹង ដោយរដ្ឋាភិបាលកម្ពុជារបស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ប្រកាសត្រៀមកម្លាំងចាប់ខ្លួនលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលគ្រោងវិលចូលប្រទេស បន្ទាប់ពីនិរទេសខ្លួនរស់នៅក្រៅប្រទេសតាំងពីឆ្នាំ២០១៥។
មុនពេលលោក Murphy ចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោកជាមន្ត្រីការទូតអាមេរិកជាន់ខ្ពស់ម្នាក់ ដែលមានបទពិសោធន៍អំពីតំបន់អាស៊ី។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតដែលជាអង្គការស្រាវជ្រាវគោលនយោបាយ កត់សម្គាល់ថាលោក Murphyគឺជាអ្នកការទូតម្នាក់ដែលមាន«អត្តចរិតចាស់ទុំ» និងមានបទពិសោធន៍ច្រើនក្នុងការងារទំនាក់ទំនង ទាំងក្នុងតំបន់អាស៊ាន និងអន្តរជាតិ។ លោកមើលឃើញថាលោក Murphyបានព្យាយាមបង្កើនទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលកម្ពុជា និងតែងតែគិតគូរបញ្ហាធំៗ ដូចជាបញ្ហាមូលដ្ឋានកងទ័ពជើងទឹករាមដែលកំពុងមានភាពចម្រូងចម្រាស និងបញ្ហាក្នុងតំបន់អាស៊ានមួយចំនួនទៀត។
បើតាមលោក អ៊ូ វីរៈ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាហាក់មិនទាន់ដោះស្រាយបានល្អប្រសើរនៅឡើយ ដោយហេតុថាលោក Murphy ផ្តោតច្រើនជាងលើទំនាក់ទំនងរវាងកម្ពុជា និងចិន។
លោក អ៊ូ វីរៈ ប្រាប់វីអូអេថា៖«អាមេរិកនៅតែព្យាយាម នៅតែរុញពីបញ្ហាសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យ។ ហើយយើងដឹងហើយនូវដំណើរការប្រជាធិបតេយ្យរបស់យើង គឺមានភាពតានតឹងតាំងពីការរំលាយគណបក្សសង្រ្គោះជាតិនៅឆ្នាំ២០១៧មក»។
ទោះជាយ៉ាងណា លោក អ៊ូ វីរៈ បង្ហាញការពេញចិត្តចំពោះការខិតខំប្រឹងប្រែង និងការបំពេញការងាររបស់លោក Murphy ក្នុងការជួយជ្រោមជ្រែងកម្ពុជា ក្នុងរយៈពេលជិត៥ឆ្នាំមកនេះ។
ចាប់តាំងពីឆ្នាំ២០១៩ សហរដ្ឋអាមេរិកសង្ស័យថា មូលដ្ឋានកងទ័ពរាមក្នុងខេត្តព្រះសីហនុដែលកងទ័ពចិនធ្វើទំនើបកម្ម អាចត្រូវបានប្រើប្រាស់ដោយកងទ័ពចិន ដើម្បីពង្រីកអំណាចរបស់ប្រទេសមហាអំណាចកុម្មុយនីស្តមួយនេះ។ ការចោទប្រកាន់របស់អាមេរិក ត្រូវបានបដិសេធដោយភាគីកម្ពុជាជាបន្តបន្ទាប់ ហើយវាត្រូវបានមើលឃើញថាវាអាចធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែលំបាក។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ចន្ទរឿន មើលឃើញថាក្នុងអាណត្តិរបស់លោក Murphy កម្ពុជាកំពុងតែមានភាពតានតឹងជុំវិញភូមិសាស្រ្តនយោបាយ។ លោកបន្ថែមថាលោកMurphy ជាមន្រ្តីទូតម្នាក់ដែលមានជំនាញ និងសកម្មបំផុត និងបានធ្វើការងារច្រើន ទាំងការកាត់បន្ថយភាពរកាំរកូសរវាងប្រទេសកម្ពុជាជាមួយអាមេរិក និងការភ្ជាប់ទំនាក់ទំនងរវាងកម្ពុជានិងអាមេរិក ជួយលើកកម្ពស់ការងាររបស់អង្គការសង្គមស៊ីវិល ព្រមទាំងជួយសម្របសម្រួលបញ្ហាចម្រូងចម្រាសនៃមូលដ្ឋានកងទ័ពជើងទឹករាម ដែលចិនកំពុងជួយធ្វើទំនើបកម្ម។
លោកថ្លែងថា៖ «ការងាររបស់គាត់មិនជាស្រួលប៉ុន្មានទេ ជាពិសេសគឺក្នុងអាណត្តិរបស់គាត់នេះឥទ្ធិពលនិងសម្ពាធក៏ដូចជាកម្តៅនៃការប្រកួតប្រជែងក៏ដូចជាការប្រឈមមុខដាក់គ្នាផ្នែកភូមិសាស្រ្តនយោបាយរវាងអាមេរិកនិងចិន នៅអាស៊ាន នៅអាស៊ីប៉ាស៊ីហ្វិក មានលក្ខណៈក្តៅជាងពេលមុន។ ហើយគាត់មកឈរជើង និងធ្វើកិច្ចការនៅក្នុងប្រទេសកម្ពុជាដែលជាដែនដីនៃការប្រកួតប្រជែងរបស់មហាយក្សទាំងពីរ ដូច្នេះគាត់ធ្វើបានប៉ុននេះ ខ្ញុំគិតថាជារឿងល្អបំផុតហើយសម្រាប់ការងារការទូត»។
ចំណែកអ្នកធ្វើការលើផ្នែកសិទ្ធិមនុស្សវិញមើលឃើញថាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោកMurphy ហ៊ានរិះគន់ និងលើកឡើងចំៗអំពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា៖«ការងាររបស់គាត់ក្រៅពីកិច្ចសហប្រតិបត្តិការ និងការទូត គឺការចូលរួមក្នុងការជំរុញឱ្យមានការកែលម្អទៅលើលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សសម្រាប់កម្ពុជាយើង ដែលជាប្រទេសប្រកាន់ប្រជាធិបតេយ្យ និងសេរីពហុបក្ស ក៏ដូចជាបានទទួលស្គាល់បទដ្ឋានអន្តរជាតិស្តីពីសិទ្ធិមនុស្ស។ ប៉ុន្តែគ្រាន់ថាកម្ពុជាយើងមកទល់ពេលនេះ សហគមន៍អន្តរជាតិហ្នឹង នៅតែសម្តែងការព្រួយបារម្ភ ហើយនិងទទូចឱ្យមានការបើកលំហបន្ថែមសម្រាប់លទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស»។
លោក អំ សំអាត ចង់ឃើញឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកបន្តរក្សាកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងអាមេរិក និងធានាថាកម្ពុជាដើរតាមលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សពេញលេញ។
បើតាមសកម្មភាពមួយចំនួនរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Murphy ជារឿយៗតែងតែតាមដាន និងចូលរួមឃ្លាំមើលការសវនាការរបស់មេដឹកនាំគណបក្សជំទាស់ ដូចជាករណីលោក កឹម សុខា ជាដើម ទាំងនៅសាលាដំបូងរាជធានីភ្នំពេញ និងនៅសាលាឧទ្ធរណ៍។
នៅថ្ងៃដែលសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមលើសំណុំរបស់លោក កឹម សុខា កាលពីខែមីនា ឆ្នាំ២០២៣ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជារូបនេះ ប្រាប់អ្នកកាសែតនៅខាងមុខតុលាការថាការផ្តន្ទាទោសលោក កឹម សុខា គឺជាចេតនាបិទសិទ្ធិធ្វើនយោបាយរបស់លោក កឹម សុខា និងមានភាពខ្វះចន្លោះទាក់ទិនភស្តុតាងនៅក្នុងដំណើរការកាត់ក្តី។
ក្រៅពីការតាមដានសំណុំរឿងរបស់លោក កឹម សុខា លោក Murphy ក៏ជំរុញទៅកាន់អាជ្ញាធរកម្ពុជាបើកលំហរសិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិនយោបាយ ជាពិសេសទៅក្រុមអ្នកនយោបាយជំទាស់ និងសកម្មជនសង្គមមួយចំនួនដែលត្រូវបានចោទប្រកាន់និងជាប់ឃុំក្នុងពន្ធនាគារ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋកម្ពុជា ចូលរួមក្នុងការកសាងប្រព័ន្ធប្រជាធិបតេយ្យពិតប្រាកដមួយ។
លោក Murphy ក៏តែងតែជំរុញឱ្យអាជ្ញាធរកម្ពុជាលើកកម្ពស់សេរីភាពសារព័ត៌មាន ឱ្យមានភាពល្អប្រសើរផងដែរ។
ខណៈជិតបញ្ចប់តួនាទីរបស់លោកក្នុងប្រទេសកម្ពុជា លោក Murphy ប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងថ្ងៃប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣១ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ថា សហរដ្ឋអាមេរិកបានលើកឡើងពីសារៈសំខាន់នៃសេរីភាពព័ត៌មាន ពីព្រោះសេរីភាពសារព័ត៌មាននៅទូទាំងពិភពលោកបច្ចុប្បន្ននេះបានធ្លាក់ចុះ និងរងសម្ពាធជាខ្លាំង។ លោកសង្ឈឹមថាភាគីពាក់ព័ន្ធទាំងអស់ រួមទាំងរដ្ឋាភិបាលកម្ពុជា អាចគាំទ្រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ គាំទ្រដល់សេរីភាពសារព័ត៌មាន និងពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មានក្នុងការរាយការណ៍ព័ត៌មាន ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ។
ក្រៅពីនោះ លោក Murphy ថ្លែងថា ក្នុងរយៈពេលជិត៥ឆ្នាំដែលលោកបានបំពេញការងារការទូតនៅក្នុងប្រទេសកម្ពុជា ប្រជាជនកម្ពុជានិងអាមេរិក មានសហប្រតិបត្តិការល្អរវាងគ្នា ដើម្បីជំរុញភាពរុងរឿង ស្ថិរភាព សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។
កាលពីថ្ងៃទី៧ ខែឧសភា លោក Murphy បានជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព ដើម្បីសម្តែងការគួរសម និងជម្រាបលា។ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាល ឱ្យដឹងថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានបង្ហាញនូវសុទិដ្ឋិនិយម និងវាយតម្លៃខ្ពស់ចំពោះការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងសហរដ្ឋអាមេរិក និងកម្ពុជា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកនៅកម្ពុជា។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៅកាន់លោក Murphy ថារដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជានិងអាមេរិក ក្នុងអាណត្តិការទូតរបស់ឯកអគ្គរដ្ឋទូតថ្មី ហើយកម្ពុជានៅតែរក្សាគោលនយោបាយទំនាក់ទំនងជាមួយបណ្តាប្រទេសទាំងអស់ ដោយឈរលើមូលដ្ឋានសង្គតិភាព និងនិរន្តរភាព។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ប្រាប់វីអូអេថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេអាចកត់សម្គាល់ឃើញនូវការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើនរវាងកម្ពុជានិងសហរដ្ឋអាមេរិក រួមទាំងនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល វប្បធម៌ និងការអប់រំជាដើម។
លោកបន្ថែមថានៅក្នុងជំនួបជម្រាបលា រវាងលោក Murphy និងលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស កាលពីថ្ងៃទី៨ ខែឧសភា ភាគីកម្ពុជា«បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានកន្លងមកក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសហរដ្ឋអាមេរិកនិងបានសម្តែងការកោតសរសើរចំពោះការរួមចំណែកដ៏គួរឱ្យកត់សម្គាល់របស់ឯកឧត្តមឯកអគ្គរដ្ឋទូតនិងក្រុមការងាររបស់ឯកឧត្តម»។
គួរបញ្ជាក់ថាលោក Robert Forden ដែលនឹងចូលកាន់តំណែងជំនួសលោក Murphy ក្នុងពេលដ៏ឆាប់ខាងមុខនេះ គឺជាសមាជិកនៃផ្នែកកិច្ចការបរទេសជាន់ខ្ពស់ដែលមានឋានៈជាទីប្រឹក្សាយោបល់របស់រដ្ឋមន្ត្រី។ បច្ចុប្បន្ននេះ លោកកំពុងបំពេញតួនាទីជាទីប្រឹក្សាជាន់ខ្ពស់នៅការិយាល័យ កិច្ចការអាស៊ីខាងកើត និងប៉ាស៊ីហ្វិកនៃក្រសួងការបរទេសអាមេរិក។ លោក Robert Forden បានប្រាប់គណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសព្រឹទ្ធសភាអាមេរិក កាលពីខែមីនាថា សហរដ្ឋអាមេរិកមានក្តីបារម្ភជាខ្លាំងអំពីបំណង លក្ខណៈ និងទំហំការសាងសង់នៅមូលដ្ឋានកងទ័ពជើងទឹករាម ព្រមទាំងតួនាទីរបស់កងទ័ពចិនដែលកំពុងមាននៅក្នុងដំណើរការនេះ ហើយនិងការប្រើប្រាស់នាពេលអនាគតនៅទីតាំងនេះ។ លោកថាសហរដ្ឋអាមេរិកនឹងបន្តគាំទ្រកិច្ចខិតខំទាំងឡាយ ដើម្បីរក្សានិងការពារអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា៕
វេទិកាបញ្ចេញមតិ