ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធសភា​ខ្លះ​ប្រាប់​អនាគត​ទូត​អាមេរិក​ថ្មី​នៅ​កម្ពុជា​ឲ្យ​«រឹងមាំ»​រឿង​ឥទ្ធិពល​ចិន​និង​ប្រជាធិបតេយ្យ


លោក​ Robert Forden មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​អាមេរិក ​ដែល​ទទួល​បាន​ការ​តែងតាំង​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ឱ្យ​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​។ (Web Screenshot/Foreign Relations Committee)
លោក​ Robert Forden មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​អាមេរិក ​ដែល​ទទួល​បាន​ការ​តែងតាំង​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ឱ្យ​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​។ (Web Screenshot/Foreign Relations Committee)

លោក​ Robert William Forden ដែល​ទទួល​បាន​ការ​តែង​តាំង​ពី​លោកប្រធានាធិបតី Joe Biden ឱ្យ​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បានធ្វើ​សក្ខីកម្ម​នៅចំពោះមុខ​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​ព្រឹទ្ធសភា​អាមេរិក កាលពី​ដើមខែមីនានេះ។ គណកម្មាធិការនេះ​មានតួនាទី​សម្រេច​ថា​ត្រូវ​អនុម័ត​លើការ​ជ្រើស​តាំង ​ឬ​មិន​សម្រេច។

នៅក្នុងការផ្តល់សក្ខីកម្ម​នៅចំពោះមុខ​គណកម្មាធិការ​កិច្ចការបរទេស សមាជិក​ព្រឹទ្ធសភា​ខ្លះ​ជំរុញលោក​ឲ្យ​មាន​ជំហរ​រឹងមាំ​ចំពោះ​ឥទ្ធិពល​ចិន​និង​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា ​ដែល​កំពុង​ធ្លាក់ចុះ​ដែរ​ បើសិនជាទី​បំផុត​លោក​ទទួល​បាន​ការ​អនុម័ត​ជាផ្លូវការ​ពី​ព្រឹទ្ធសភា។

លោក Robert Forden គឺជា​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​អាមេរិក មាន​ឋានៈជាទីប្រឹក្សា​ជាន់ខ្ពស់​ក្នុង​ការិយាល័យ​កិច្ចការ​អាស៊ី​ខាងកើត​នៃ​ក្រសួងការ​បរទេស​អាមេរិក។ មុន​នេះ ​លោក​ធ្លាប់​ធ្វើ​ជា​ឯកអគ្គ​រដ្ឋទូតរង ​ឬភារធារី​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​ចិន​និង​ជា​នាយករង​នៃ​វិទ្យាស្ថាន​អាមេរិក​នៅ​តៃវ៉ាន់​ផងដែរ ​ក្នុង​ចំណោមមុខ​តំណែង​ផ្សេង​ទៀត​ដែល​លោក​បាន​បម្រើ​ការងារ​ជា​អ្នក​ការទូត​អាជីព​រយៈពេល ​៣ទសវត្សរ៍​កន្លង​មក​នេះ។

កាល​ពីពាក់​កណ្តាល​ឆ្នាំ​ ២០២២ ម្តង​និងដើម​ឆ្នាំ ២០២៣​ ម្តងទៀត​ លោក​ប្រធានាធិបតី​ Joe Biden តែងតាំង​ឱ្យលោកធ្វើ​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ​ដែល​តម្រូវ​ឲ្យ​ឆ្លង​កាត់ការ​បោះឆ្នោត​ពីព្រឹទ្ធសភា​ដើម្បី​អនុម័ត​ផ្តល់​សេចក្តី​ទុកចិត្ត​លើការ​ជ្រើស​តាំង​ដែល​មាន​ការ​ជំទាស់​ច្រើន​ពី​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​នោះ។

លោក Bill Hagerty សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​សាធារណរដ្ឋ​មកពី​រដ្ឋ ​ធែនណេស៊ី ​(Tennessee) ជា​សមាជិក​គណៈកម្មាធិការ​ការបរទេស​នៃ​ព្រឹទ្ធសភា​ បាន​ចោទ​សួរ​ដេញ​ដោល​ខ្លាំង​ទៅលើ​ឥទ្ធិពល​ចិន​នៅ​កម្ពុជា។

លោក​ថ្លែងថា៖ «ប្រសិន​លោក​ទៅកាន់​ការងារ​ជា​ឯកអគ្គរដ្ឋទូត​នៅ​កម្ពុជា​ លោក​ចាំបាច់​ត្រូវតែ​មាន​សមត្ថភាព​ប្រកាន់​ជំហរ​ដើម្បី​ផលប្រយោជន៍​សហរដ្ឋ​អាមេរិក​ និង​ដើម្បី​ផលប្រយោជន៍​អ្នកការទូត​របស់​យើង។ លោក​ចាំ​បាច់​ត្រូវ​មាន​ជំហរ​រឹងមាំ​ប្រឆាំង​នឹងចិន។ មិន​ត្រូវ​អនុញាត​ឲ្យចិន​កែប្រែ​ជំហរ​លោក​សូម្បី​តែ​បន្តិច​បន្តួចក៏ដោយ»។

លោក Hagerty បាន​បន្ថែម​ថា៖ «យើង​ចាំបាច់​ត្រូវការ​អ្នកការទូត​របស់​យើង​ប្រកាន់​ជំហរ​រឹងមាំ​ប្រឆាំង​នឹង​ឥទ្ធិពល​ឃោរឃៅ​។ ដូច​លោក​បញ្ជាក់​គឺ​ឥទ្ធិពល​ចិន​គ្រប​ដណ្តប់​គ្រប់​ទិសទី​នៅ​កម្ពុជា»។

រូបឯកសារ៖ រដ្ឋមន្ត្រីការពារជាតិកម្ពុជាលោក ទៀ បាញ់ ចូលរួម​ពិធី​បឋមសិលា​សម្ពោធ​ការដ្ឋាន​ជួសជុល​មូលដ្ឋានទ័ពរាម​ដែល​ឧបត្ថម្ភគាំទ្រដោយរដ្ឋាភិបាលចិន នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។ (Cambodia's Fresh News via AP)
រូបឯកសារ៖ រដ្ឋមន្ត្រីការពារជាតិកម្ពុជាលោក ទៀ បាញ់ ចូលរួម​ពិធី​បឋមសិលា​សម្ពោធ​ការដ្ឋាន​ជួសជុល​មូលដ្ឋានទ័ពរាម​ដែល​ឧបត្ថម្ភគាំទ្រដោយរដ្ឋាភិបាលចិន នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។ (Cambodia's Fresh News via AP)

លោក Hagerty ចោទ​សួរ​យ៉ាង​តឹងតែង​ដូច​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​ទៀត​ដែរ ​ដោយ​បាន​បង្ហាញ​ចំៗ​ថា ជា​ក្តី​បារម្ភ​ចំពោះ ​លោក​ Robert Forden​ ទៅកាន់​មុខតំណែងជា​ឯកអគ្គរដ្ឋទូត​នៅកម្ពុជា​ដែល​ជាមិត្ត​ដែកថែប​របស់​ចិន​ ពឹងលើ​ជំនួយ​ចិននិង​ការវិនិយោគ​ចិន ក្រោយពេល​ដែលលោក​ Forden​ ត្រូវបាន​លោក​ព្រឹទ្ធសភា​រូបនេះ​ចោទ​សួរ​ពីការ​ដែល​លោក​ធ្លាប់​បាន​អនុញាត​ឲ្យចិន​រំលោភ​បំពាន​លើ​អ្នកកាទូត​អាមេរិក​រឿង​ធ្វើ​តេស្តកូវីដ​និង​ធ្វើ​ចត្តាឡីស័ក​លើ​អ្នកការ​ទូត​អាមេរិក ​ដែល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន​ដោយ​បំពាន​ច្បាប់​ អភ័យ​ឯកសិទ្ធិ​និង​មិន​រាយការណ៍​រឿង​ការ​ធ្វើ​តេស្ត​នេះ​ ហើយនិង​មិន​អនុវត្ត​តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​ការបរទេស​អាមេរិក​ ក្នុង​អំឡុង​ពេលលោកធ្វើជា​អនុប្រធាន​ស្ថាន​បេសកកម្ម​ការទូត​នៅ​ប្រទេស​ចិន។ ក៏ប៉ុន្តែលោក​ Robert Forden បាន​ការពារ​ខ្លួន​ថា​ នោះ​ជា​ការ​សម្រេច​របស់​មន្ត្រី​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ និងការ​សម្រេច​នៅ​ពេល​នោះ​។

លោក Jim Risch សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ​ពីរដ្ឋ​ អៃដាហូ ​(Idaho) ជា​សមាជិក​គណៈកម្មាធិការ​ការបរទេស​នៃ​ព្រឹទ្ធសភា​មួយរូបដែលជំទាស់​នឹង​ការ​ជ្រើសតាំង​ក្រុមមន្ត្រីរួម​លោក Forden ជា​ឯកអគ្គរដ្ឋទូតថ្មី​ប្រចាំ​កម្ពុជា​ដោយ​សំអាងថាគ្មានឆន្ទៈ​ប្រកាន់​ជំហរ​រឹងមាំ​នៅចំពោះមុខ​ប្រទេស​ផ្តាច់ការ​ ដើម្បី​ផលប្រយោជន៍​សហរដ្ឋអាមេរិក​និង​អ្នក​ការទូត​ខ្លួន​ ហើយ​លោក​សង្កត់ធ្ងន់​ថា ​លោក ​Robert Forden ជាមន្ត្រី​ ដែល​មិនគួរ​ត្រូវលើក​តម្កើង​និង​ដឹកនាំ​ស្ថានទូតទេ។​

លោក Jim Risch បាន​ថ្លែង​ថា៖ «ករណី​លោក​ Forden ​នេះ​គឺជា​រឿង​ធ្វេស​ប្រហែស​យ៉ាង​ច្បាស់លាស់។ លោក​មិនបាន​ធ្វើតាម​ការ​ទទួល​ខុស​ត្រូវ​ដ៏មាន​សារៈសំខាន់​ជាមូលដ្ឋាន​ស្ទើរ​តែ​ទាំងស្រុង​របស់​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​ក្នុង​ក្រសួង​ការបរទេស។ លោក​ត្រូវ​ផ្តល់​ជំនឿ​ទុកចិត្ត​ក្នុងការ​ការពារ​សិទ្ធិ​ក្រុម​អ្នក​ការទូត​អាមេរិក​ក្នុង​ប្រទេសចិន តែ​លោក​បាន​បរាជ័យ»។

លោក Risch បានបន្ថែមថា៖ «ការណ៍​នេះ​ជាផ្នែក​មួយ​នៃ​ទម្រង់​ដ៏ធំ ដែល​រដ្ឋាភិបាល​អាមេរិក​កំពុង​អត់ទ្រាំ​នឹង​ទង្វើ​កាន់តែ​អាក្រក់​ឡើង​និង​ការ​យាយី​ចំពោះ​អ្នក​ការទូត​អាមេរិក​ ដែល​ប្រព្រឹត្ត​ដោយ​រដ្ឋាភិបាល​និង​ស្ថាប័ន​សន្តិសុខ​ចិន។ នេះគឺ​ជារឿង​មិន​អាច​ទទួល​យក​បាន​ទេ»។

មិនមែន​សមាជិក​ព្រឹទ្ធសភា​ទាំងអស់​ជំទាស់​នោះទេ។ លោក Ben Cardin សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាធិបតេយ្យ​មកពី​រដ្ឋ​មែរីលែន (Maryland) និងជាប្រធាន​គណៈ​កម្មាធិការ​ការបរទេស​នៃព្រឹទ្ធសភា​អាមេរិក ​បាន​ថ្លែង​ក្នុង​ពិធី​បើក​ការ​ធ្វើ​សក្ខីកម្ម​មន្ត្រី​ជាន់ខ្ពស់​ក្រសួងការ​បរទេស​អាមេរិក​ទាំង​ ៥ រូប​ រួម​ទាំង​លោក ​Robert Forden​ នោះថា​ សហរដ្ឋ​អាមេរិក​ត្រូវការ​មន្ត្រី​មាន​សមត្ថភាព​ដូចជា​លោក Robert Forden​ ដើម្បី​ដោះស្រាយ​បញ្ហា​លទ្ធិប្រជាធិបតេយ្យ​និងបញ្ហា​ឥទ្ធិពលចិន​ដែល​កំពុង​ប្រឈម​នៅ​កម្ពុជា​ ដោយ​គ្មាន​ការ​ជំទាស់។

លោក​ Cardin ថ្លែងថា៖ «លោក Forden​ ប្រទេស​កម្ពុជា​បច្ចប្បន្ននេះ​ឃើញ​ថា​មាន​ដំណើរការ​ប្រជាធិបតេយ្យ​ដើរ​ថយ​ក្រោយ​ឡើងវិញ​ជាច្រើន​ទសវត្សរ៍។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ស្ថាប័ន​កម្ពុជា​ចុះខ្សោយនិង​ធ្វើ​ឲ្យមាន​គ្រោះថ្នាក់​ដល់​សិទ្ធិមនុស្ស។ រឿង​នេះ​ធ្វើឲ្យ​សមត្ថភាព​កម្ពុជា​មាន​កម្រិត​ក្នុងការ​ដើរ​តួនាទី​ជាវិជ្ជមាន​ក្នុង​តំបន់​អាស៊ាន​និង​ក្នុង​អង្គការ​ស្ថាប័ន​ផ្សេងៗ​នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ ហើយ​ក៏បាន​បើកដៃ​យ៉ាង​ទូលំ​ទូលាយ​ឲ្យ​រដ្ឋាភិបាល​ចិន​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ពន្ធ​ស៊ីវិល​និង​យោធា​កម្ពុជា​ផង​ដែរ»។

រូបឯកសារ៖ ប្រធានគណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន និង​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហេង សំរិន និង​នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចូលរួមពិធីខួប​បង្កើតបក្សលើកទី៤៥ នៅភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។
រូបឯកសារ៖ ប្រធានគណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន និង​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហេង សំរិន និង​នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចូលរួមពិធីខួប​បង្កើតបក្សលើកទី៤៥ នៅភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​យោង​ទៅ​លើការ​រំលាយ​គណបក្ស​ជំទាស់​គឺ​គណបក្ស​សង្គ្រោះ​ជាតិ មុន​ការ​បោះឆ្នោត​មុន​ឆ្នាំ ២០១៨ ​ការ​ចាប់​ឃុំឃាំង​មេដឹកនាំ​និងមន្ត្រី​បក្ស​ជំទាស់​ ការ​បំបាត់​សិទ្ធិសេរីភាព​ក្នុងការ​ធ្វើ​នយោបាយ​និង​បន្ត​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​នៃ​ក្រុម​មេដឹកនាំ​ជាច្រើន​រូប ​រួម​ទាំងការ​ចោទ​ប្រកាន់​រឿង​ការ​អនុញាត​ឲ្យចិន​សង់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​ឲ្យ​កម្ពុជា​នៅ​រាមដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ច្រានចោល​ជាច្រើន​លើក​ជាច្រើន​សារ​ និងការ​ចូល​មក​បណ្តាក់​ទុន​យ៉ាង​គំហុក​របស់​ចិន​កាលពី​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះជា​ដើម។

លោក Robert Forden បាន​ប្តេជ្ញា​ក្នុង​ពេល​ផ្តល់​សក្ខីកម្ម​ក្នុង​ការ​ធ្វើ​កិច្ចការ​ជួយ​ពលរដ្ឋ​កម្ពុជា​ផ្នែក​លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋនិង​បញ្ហា​ចិន​នៅ​កម្ពុជា ​ដែលលោក​បាន​បង្ហាញ​និង​ដឹង​ជាមុន​ពី​ឥទ្ធិពល​ចិន​នៅ​កម្ពុជា​។

លោក​ Forden បាន​ថ្លែងថា៖ «ប្រសិន​បើទទួល​បាន​ការ​អនុម័តជា​ផ្លូវការ​ ខ្ញុំ​នឹង​ធ្វើការ​ជាមួយ​សភា​យ៉ាង​ជិតស្និទ្ធ​ដើម្បីធ្វើ​ឱ្យ​មាន​ការរីក​ចម្រើន​ផលប្រយោជន៍​សហរដ្ឋ​អាមេរិក​ក្នុង​ប្រទេស​កម្ពុជា។ ខ្ញុំនឹង​គាំទ្រ​ប្រជាជន​កម្ពុជា​ចំពោះ​ក្តីប្រាថ្នា​របស់​ពួកគេ​ដែល​ចង់បាន​ឯករាជ្យ​ពិតប្រាកដ​ ប្រទេស​ដែល​មាន​វិបុលភាព​ ដែល​គោរព​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ គោរព​សិទ្ធិមនុស្ស​ និង​នីតិរដ្ឋ»។

លោក​បន្ថែម​ថា៖​ «ខ្ញុំមាន​ជំនឿ​ថា​ អ្នកដឹកនាំ​ជំនាន់​ថ្មី​របស់​កម្ពុជា​ ផ្តល់​ឱកាស​ដើម្បី​កែលម្អ​ជំហរ​អន្តរជាតិ​របស់​ប្រទេស រួមទាំង​ការ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្ស​ពិតប្រាកដ​ឡើងវិញ​ បញ្ឈប់ការ​កាត់ទោស​ដោយ​ហេតុផល​នយោបាយ​ និង​អនុញ្ញាត​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​បើក​ដំណើរការ​ឡើងវិញ​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក។ ប្រសិន​បើ​បាន​ទទួល​ការអនុម័ត ​ខ្ញុំ​នឹង​ធ្វើ​ការ​ជំរុញ​ការ​គោរព​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ ពហុបក្ស ​ជាចំណុច​ស្នូល​នៃ​ការងារ​របស់​ខ្ញុំ»។

ម្យ៉ាងវិញ​ទៀតនៅក្នុង​ការឆ្លើយតប​នឹង​ការ​ដេញដោល​និង​ការ​ថ្លែង​ការពារ​គោល​ជំហរ​របស់​លោក​ចំពោះ​បញ្ហា​ឥទ្ធិពលចិន​នៅ​កម្ពុជា​ លោក Robert Forden ​បាន​បញ្ជាក់​ថា៖ «សហរដ្ឋ​អាមេរិក​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ចេតនា​ លក្ខណៈ​និង​វិសាលភាព​នៃការ​សាងសង់​នៅ​មូលដ្ឋាន​ទ័ពជើង​ទឹករាម ​ក៏ដូច​ជាតួនាទី​ដែល​យោធា​ចិន​ កំពុង​ដើរតួ​ក្នុង​ដំណើរការ​នេះ​ និង​ក្នុង​ការ​ប្រើប្រាស់​កន្លែង​នេះនាពេល​អនាគត។ សហរដ្ឋ​អាមេរិក​នឹង​បន្ត​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​រក្សា​និង​ការពារ​អធិបតេយ្យភាព​របស់​កម្ពុជា»។

ទោះជា​យ៉ាងណាក្តី ​លោក Robert Forden បាន​លើក​ឡើង​ដែរ​ថា ​ផលប្រយោជន៍​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា​គឺ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ប្រកប​ដោយ​ផលិតភាព​លើ​បញ្ហា​សំខាន់ៗ​មួយ​ចំនួន។ ក្នុង​នោះ​មាន​ដូចជា​ ការអនុវត្ត​ច្បាប់​ ការ​ការពារ​កុមារ​ ការអប់រំ ​ការ​អភិរក្ស​វប្បធម៌​ សុខភាព​សាធារណៈ និង​ការរុក​រក​អដ្ឋិធាតុ​ទាហាន​អាមេរិក​បាត់ខ្លួន POW/MIA និងកិច្ចការ​ជាច្រើន​រួមគ្នា​លើ​បញ្ហា​តំបន់​ និង​ពិភពលោក​ ដូចជា​កិច្ចសហ​ប្រតិបត្តិការ​អាស៊ានដ៏​ពេញលេញ​ ភាពជា​ដៃគូ​មេគង្គ-សហរដ្ឋអាមេរិក​ ការ​ថ្កោលទោស​ចំពោះការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ និងការ​អនុវត្ត​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ពាក់ព័ន្ធ​នឹង​កូរ៉េ​ខាងជើង។

លោក​ Forden បាន​សង្កត់​ធ្ងន់​ថា​ សហរដ្ឋ​អាមេរិក​ជាដៃគូ​របស់​ពលរដ្ឋ​កម្ពុជា​យូរ​មក​ហើយ​។​ សហរដ្ឋ​អាមេរិក​ស្វះស្វែង​ធ្វើ​កិច្ចការ​ជាមួយ​រដ្ឋាភិបាល​ថ្មី​ដើម្បីធ្វើ​ឲ្យរីកចម្រើន​ចំពោះ​ទស្សន​វិស័យរួម​ដើម្បី​ប្រែ​ក្លាយតំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ ឲ្យ​សេរី​ បើក​ចំហរ ​មាន​វិបុលភាព​និង​សន្តិសុខ។

គិត​មកត្រឹម​ថ្ងៃ​ទី ៧ ​ខែមីនា ​ឆ្នាំ ២០២៤​ ការ​ជ្រើសតាំង​លោក​ Robert Forden ឱ្យ​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ត្រូវ​បានពន្យា​រ​ពេល​តែងតាំង​ជាផ្លូវការ​ពី​ព្រឹទ្ធសភា​រយៈពេល​ ៥២៤ ​ថ្ងៃមក​ហើយ ​ដោយសារ​មាន​ការ​ជំទាស់​ដ៏ចម្រូង​ចម្រាស​។ ការណ៍នេះ​បាន​ទុក​ពេល​ដល់​លោក​ W. Patrick Murphy នៅបន្ត​តំណែង​ជា​ឯកអគ្គរដ្ឋទូត​រហូត​ដល់​សព្វ​ថ្ងៃ។

តាម​នីតិវិធី​ ការ​ជ្រើស​តាំង​មន្ត្រី​ក្នុង​មុខ​តំណែង​សំខាន់ៗ​ក្នុង​រដ្ឋការ​អាមេរិកាំង​ ទោះជា​ប្រធានាធិបតី​ជ្រើស​តាំង​រួច​មែន​ក្តី ក៏​វា​ត្រូវ​ឆ្លងកាត់​ការ​អនុម័ត​យល់​ព្រម​ពី​ព្រឹទ្ធសភា​ទាំងមូល​ដោយ​ឆ្លងកាត់គណៈ​កម្មាធិការ​កិច្ចការ​បរទេស​របស់​ព្រឹទ្ធសភា​អាមេរិកជាមុន​សិន។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​ម្នាក់​ពុំបាន​ឆ្លើយ​សំណួរ​លម្អិត​ពី​វីអូអេ​ទេ ដោយ​ជំរុញ​ឲ្យសួរ​ទៅ​កាន់​សេតវិមាន​វិញ​ តែ​អ្នក​នាំពាក្យ​រូបនេះ​បាន​ថ្លែង​ប្រាប់​វីអូអេ​តាមអ៊ីម៉ែលថា៖ «សវនាការ​ផ្តល់​សក្ខីកម្ម​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​ព្រឹទ្ធសភា​អាមេរិក ​គឺជា​ផ្នែកមួយ​នៃ​ដំណើរការ​តែងតាំង​ផ្តល់​សេចក្តី​ទុកចិត្ត​លោក ​Robert Forden​។ ហើយ​បើសិន​ជា​គណៈកម្មាធិការ​ព្រឹទ្ធសភា​យល់​ព្រម​អនុម័ត​លើការ​ជ្រើសតាំង​លោក​ Robert Forden​ នោះ​ដំណើរការ​នេះ​នឹង​បញ្ជូន​ទៅ​កាន់​ព្រឹទ្ធសភា​ពេញ​អង្គ​ទៀត»។

កាលពីថ្ងៃទី ២០ ​ខែមីនាកន្លងទៅ គណៈ​កម្មាធិការ​ការបរទេស​នៃព្រឹទ្ធសភា​អាមេរិក បានបោះឆ្នោត​គាំទ្រ​បេក្ខភាព​របស់លោក Robert Forden ដោយសំឡេងគាំទ្រ ១១ ទល់១០ ហើយព្រឹទ្ធសភា​ពេញអង្គនឹង​ត្រូវបោះឆ្នោត​ដើម្បីអនុម័ត​លើការតែងតាំងនេះដោយសំឡេងភាគច្រើន។ គេមិនទាន់​ដឹងថា​តើព្រឹទ្ធសភា​ទាំងមូល​នឹងធ្វើការបោះឆ្នោត​លើការតែងតាំង​លោកនៅពេលណា​នៅឡើយទេ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG