ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកសង្កេតការណ៍៖ ការបដិសេធ​របស់​ចិន​អំពី​ខ្សែ​បន្ទាត់​កណ្តាល​មិន​ផ្លូវការ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ធ្វើឲ្យ​មាន​ភាពតានតឹង​ដែល​មិន​ចាំបាច់


រូបឯកសារ៖ យន្តហោះ​ទម្លាក់​គ្រាប់បែក H-6 របស់​កងទ័ពអាកាស​រំដោះ​ប្រជាជន​ចិន ដែល​បំពាក់​ដោយ​មីស៊ីល​សម្រាប់​បាញ់​ទៅ​លើ​នាវា YJ-12 ត្រូវបាន​គេ​ឃើញ​កំពុង​ហោះហើរ​នៅក្បែរ​តំបន់​ដែល​កំណត់​អត្តសញ្ញាណ​ការពារ​ដែន​អាកាស​តៃវ៉ាន់ ដែល​នៅ​ក្បែរ​កោះតៃវ៉ាន់​កាលពី​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០២០។

ការ​គោរព​ខ្សែ​បន្ទាត់​កណ្តាលដែល​បង្កើត​ឡើង​ដោយ​ឧត្តម​សេនីយ៍​សហ​រដ្ឋ​អាមេរិក ​បាន​ធ្វើ​ឲ្យ​មាន​ការ​បន្ធូរ​បន្ថយ​ភាព​តានតឹង​រវាង​កោះ​តៃវ៉ាន់ ​និង​ចិន​ដីគោក។​ ក៏ប៉ុន្តែ ​កាល​ពីពេល​ថ្មី​ៗ​នេះ​ រដ្ឋាភិបាល​ចិន​ បាន​ច្រាន​ចោល​ខ្សែ​បន្ទាត់​កណ្តាល​នោះ​ ដោយ​ចាត់ទុក​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ខ្លួន។ ​

ចិន​មិន​បាន​បង្ហាញ​សញ្ញា​បន្ធូរបន្ថយ​ការ​បំភិត​បំភ័យ​ខាង​យោធា​របស់​ខ្លួន​ប្រឆាំង​នឹង​កោះ​តៃវ៉ាន់ទេ កាលពី​ថ្ងៃ​ច័ន្ទ​ ទី២៨ ​ខែ​កញ្ញា ​បន្ទាប់ពី​មាន​សេចក្តី​រាយ​ការណ៍​ថា​ យន្តហោះ​ដឹក​ជញ្ជូន​យោធា​របស់​ចិន​ហោះនៅ​ជិត​ដែនអាកាស​របស់​កោះ​នោះ​ដែល​ចិន​ចាត់ទុក​ជា​ខេត្ត​ក្បត់។

របាយ​ការណ៍​នោះ​បាន​បញ្ជាក់​ទៀត​ថា ​យន្តហោះ​នោះ ​បាន​ហោះ​ពី​លើ​តំបន់​ការពារ​អត្តសញ្ញាណ​ដែន​អាកាស​របស់​កោះ​តៃវ៉ាន់​ ឬ ADIZ ​ក៏ប៉ុន្តែ ​មិន​បាន​ឆ្លង​កាត់​អ្វី​ដែលជា​ខ្សែបន្ទាត់​កណ្តាល​ច្រក​សមុទ្រ​តៃវ៉ាន់​ ដែល​បាន​បែងចែក​ចិន​ដីគោក​ពី​កោះ​តៃវ៉ាន់​ដែល​គ្រប់គ្រង​ដោយ​ខ្លួន​ឯង​ទេ។ មិន​មាន​អត្ថាធិប្បាយ​ពី​មន្ត្រី​ការពារជាតិ​តៃវ៉ាន់​ស្តីពី​ការ​លុក​លុយ​ដែល​បាន​ត្រូវ​បាន​រាយការណ៍​នេះទេ។​

ចិន កាល​ពីពេល​ថ្មីៗ​នេះ ​បាន​បង្កើន​សកម្មភាព​ខាង​យោធា​នៅ​ជុំវិញកោះ​តៃវ៉ាន់ រួម​មាន​ការហោះ​ហើរ​របស់​យន្តហោះ​ចំបាំង​ឆ្លង​កាត់​ព្រំដែន​ ដែល​រដ្ឋាភិបាល​ក្រុង​តៃប៉ិ ចាត់ទុក​ជា​«និមិត្តរូប​នៃ​ការ​រារាំង​ការ​ប្រឈម​មុខ​ខាង​យោធា​ជាមួយ​ចិន​ដីគោក»។

ទោះជាយ៉ាងនោះ​ក៏ដោយ​ មន្ត្រី​តៃវ៉ាន់​ម្នាក់​បាន​ប្រាប់​ចិន«ឲ្យ​ដក​ខ្លួន»។ ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឥឡូវនេះ​ និយាយ​ថា ​ខ្សែ​បន្ទាត់​នោះ​ មិន​មាន​ទេ ​ពីព្រោះ​ចិន​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយនៃ​ដែនដី​របស់​ខ្លួន។​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​បាន​លុបចោល​ការ​ប្រើ​កម្លាំង​ដើម្បី​បង្រួប​បង្រួម​កោះ​តៃវ៉ាន់​ជាមួយ​ចិន​ដីគោក​នោះ​ទេ។​

អ្នក​វិភាគ​ព្រមាន​ថា​ ការ​ឆ្លងកាត់ ​និង​ការ​ហោះហើររបស់យន្តហោះ​យោធា​ម្តង​ហើយ​ម្តង​ទៀតរបស់​ចិន ​នឹង​មិនចំណេញ​អ្វីទេ គឺ​បាន​ត្រឹម​តែ​រងការរិះគន់​ប៉ុណ្ណោះ ​ខណៈ​ចិន​ដែល​បង្កើន​ការតាន​តឹង​មិន​ចាំបាច់​នៅក្នុង​តំបន់។​

លោក ​Drew Thompson ​ជា​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៅឯ​សាលា​គោល​នយោបាយ​សាធារណៈ​ Lee Kuan Yew ​នៅ​សាកល​វិទ្យាល័យ​ជាតិ​សិង្ហបូរី​បានប្រាប់ ​VOA​ ក្នុង​សារ​លាយ​លក្ខណ៍​អក្សរ​កាលពី​ថ្ងៃច័ន្ទ​សប្តាហ៍​មុន​ថា៖​ «ខ្សែ​បន្ទាត់​កណ្តាល​តៃវ៉ាន់​ជា​យន្តការ​ប្រកប​ដោយស្ថិរភាព​មួយ​ក្នុង​ទំនាក់​ទំនង​យោធា​ឆ្លង​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ដែល​ភាគី​ចិន​ដី​គោក​បាន​ទុក​ជាមោឃៈ​ដោយ​ឯកតោ​ភា គី​ធ្វើ​ឲ្យ​ស្ថានភាព​សន្តិសុខ​ក្នុង​តំបន់​កាន់តែ​អាក្រក់​ឡើង»។​

ខ្សែ​បន្ទាត់​មិន​ផ្លូវការ​ ដែល​មាន​សេចក្តី​រាយការណ៍​ថា​ បាន​គូស​នៅ​ក្នុង​ទសវត្សរ៍​១៩៥០​ ដោយ​ឧត្តម​សេនីយ៍​សហ​រដ្ឋ​អាមេរិក​លោក Benjamin Davis ​ដើម្បី​បំបែក​ភាគី​ទាំង​២​នៅ​ក្នុង​ជម្លោះ​នោះ បាន​ទទួល​ជោគ​ជ័យ​រាប់​ទសវត្សរ៍​នៅ​ក្នុង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ឧបទ្ទវហេតុ​ជាមួយ​ចិន​ដីគោក​ ហើយ​កោះ​តៃវ៉ាន់​គោរព​បន្ទាត់​គំនូស​នោះ។​

ក៏ប៉ុន្តែ​ លោក Wang Wenbin ​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​ បាន​និយាយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា៖​ «មិន​មាន​ខ្សែ​បន្ទាត់​កណ្តាល​បែប​នេះ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ទេ»​ បន្ទាប់​ពី​យោធា​ចិន ​បាន​បញ្ជូន​យន្តហោះ​ចំបាំង​ និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ចូល​ក្នុង​ដែន​អាកាស​តៃវ៉ាន់​ និង​ឆ្លង​កាត់​ខ្សែ​បន្ទាត់​កណ្តាល​ ដើម្បី​បង្ហាញ​ជំហរ​ប្រឆាំង​ដំណើរ​ទស្សន​កិច្ច​ទៅកាន់​កោះ​តៃវ៉ាន់​កាលពី​ដើមខែ​មុន​ដោយ​លោក ​Keith Krach​ អនុ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក។ ​លោក​ ជា​មន្ត្រីសហរដ្ឋ​អាមេរិក​ជាន់​ខ្ពស់​បំផុត​មកពីក្រសួង​ការបរទេស​ទៅ​បំពេញ​ទស្សនកិច្ច​ក្រុង​តៃប៉ិ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​នេះ។​

នៅ​ពេល​ដែល​តៃវ៉ាន់ បាន​ធ្វើ​ការ​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង​រាប់​ទសវត្សរ៍​ ​ហើយ​បាន​ចាត់​ទុក​ខ្លួន​ឯង​ជា​រដ្ឋ​អធិបតេយ្យ​ ​និងឯករាជ្យ​នោះ​ រដ្ឋមន្ត្រី​ការបរទេសរបស់​តៃវ៉ាន់​លោក Joseph Wu ​បាន​ធ្វើ​ការឆ្លើយ​តប​ខ្លាំងៗ​ ដោយ​បាន​ប្រាប់​ចិន​«ឲ្យ​ដកថយ​និង​ងាក​ទៅគោរព​បទដ្ឋាន​អន្តរជាតិ​ស៊ីវិល​វិញ»។​

ដោយ​បាន​ហៅ​អត្ថាធិប្បាយ​របស់​លោក​ Wang ថា«ស្មើ​នឹង​ការ​បំផ្លាញ​ការ​រក្សា​ស្ថិរភាពនៅ​ដដែល»​នោះ​ ​លោក Wu បាន​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​ថ្កោលទោស​អ្វី​ដែល​លោក​បាន​ហៅ​ថា​«ពាក្យ​សម្តី​និង​អំពើ​បង្ករគ្រោះថ្នាក់និង​ការ​គំរាម​កំហែង​សន្តិភាព​ដោយ​ប្រទេសចិន»។​

លោក Shen Dingli ​ជា​សាស្ត្រាចារ្យ​ទំនាក់​ទំនង​អន្តរជាតិ​នៅឯ​សាកលវិទ្យាល័យ​ Fudan ​ក្នុង​ទីក្រុង​សៀងហៃ​ បាន​ការពារ​ជំហរ​របស់​ចិន ​ដោយ​និយាយ​ថា ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​ដែល​បាន​យល់ព្រមទទួល​ស្គាល់ខ្សែ​បន្ទាន់​បែប​នេះ​ទេ ​ហើយ​មិន​មាន​កាតព្វកិច្ច​គោរព​ព្រំដែន​ដែល​គូស​វាស​ដោយ​សហ​រដ្ឋ​អាមេរិក​នោះ​ទេ។​

លោក​បាន​និយាយ​ទៀត​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​មាន​ជម្រើស​ក្រៅពីការ​ឆ្លើយ​តប​ដោយ​ការបង្កើន​សកម្មភាព​យោធា​កាលពីពេល​ថ្មីៗ​នេះ​ ដែល​លោក​និយាយ​ថា​ ជា​មធ្យោបាយ​បង្ហាញការមិន​សប្បាយ​ចិត្ត​របស់​ចិន​អំពី​ការបង្កើន​ការផ្លាស់​ប្តូរ​មន្ត្រី​ពាក់​កណ្តាល​ផ្លូវការរបស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ជាមួយ​តៃវ៉ាន់ ​ដែលជា​ការរំលោភ​គោល​ការណ៍​ប្រទេស​ចិន​តែ​មួយ។

ការ​ព្រមាន​ដល់​សហ​រដ្ឋ​អាមេរិក​

លោក​ Shen ​បាន​ប្រាប់ ​VOA ​កាលពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​មុន​តាម​ទូរស័ព្ទ​ថា៖ ​«ចិន​ដីគោក​ត្រូវ​តែ​បញ្ជូន​ការព្រមាន​ថា៖ ​សហរដ្ឋ​អាមេរិកបាន​រំលោភ​ម្តង​ហើយ​ម្តង​ទៀត​នូវ​អ្វី​ដែល​សហ​រដ្ឋ​អាមេរិក​ បាន​យល់ព្រម​ជាមួយ​ចិន​នៅពេល​ដែល​បង្កើត​ចំណង​ទាក់ទង​ការទូត។ ​យើង​មិន​មាន​បំណង​ទាក់ទិន​ក្នុង​សង្គ្រាម​ជាមួយ​អាមេរិក​ទេ។ ​ក៏ប៉ុន្តែ​ យើង​ចាំបាច់​ត្រូវ​ព្រមាន​សហ​រដ្ឋ​អាមេរិក​ថា៖ ​ប្រសិនបើ​សហ​រដ្ឋ​អាមេរិក​បន្ត​ធ្វើ​អ្វី​ដែល​ស.រ.អា.​កំពុង​ធ្វើ​ វា​នឹង​ហាក់​ដូចជា​ធ្វើ​ឲ្យ​លោកស្រី​ប្រធានាធិបតី​ Tsai Ing-wen ​និង​ពួក​ទាមទារ​បំបែក​រដ្ឋ​របស់​កោះ​តៃវ៉ាន់​គាំទ្រ​ឯករាជ្យ​ភាព ​ហ៊ាន​កាន់​តែខ្លាំង​ឡើង ​ដែល​អាច​ក្លាយ​ជា​ការ​ព្រហើន​ឥត​កោត​ក្រែង​ដើម្បី​ប្រកាស​ឯករាជ្យ»។

តើកោះតៃវ៉ាន់​ នឹង​ធ្វើ​ដូច្នេះ​ទេ​?

ដោយ​ប្រទេស​ចិន​ឥឡូវ​នេះ​ កំពុង​បដិសេធ​ខ្សែបន្ទាត់​កណ្តាល​នោះ ​អ្នក​វិភាគ​ខ្លះលើក​ឡើង​ថា​ ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ញញើត តៃវ៉ាន់​គួរតែ​ធ្វើ​ដូច្នេះ។​

អ្នក​វិភាគ​ផ្សេង​ទៀត​ជឿ​ថា ​ការ​តប​ត​នឹង​មិន​បាន​ផល​ល្អ​ដល់​តៃវ៉ាន់​ទេ ​តែ​នឹង​ធ្វើ​ឲ្យ​មាន​ការ​តានតឹង​កាន់តែ​ខ្លាំង​ឡើង។​

លោក ​Oh Ei Sun ​ជាអ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​វិទ្យាស្ថាន​កិច្ច​ការ​អន្តរជាតិ​ក្នុង​ប្រទេស​សិង្ហបូរី​និយាយ​ថា៖​ «នេះ​ជាស្ថាន​ហៀប​នឹង​មាន​គ្រោះថ្នាក់។ ​ការណ៍​នេះ​អាស្រ័យ​ថា​ តើ​ភាគី​ទាំង២​ ត្រូវ​ដោះស្រាយ​យ៉ាង​ដូចម្តេច​អំពី​ការ​ទាមទារ​អធិបតេយ្យ​ភាព​របស់​ខ្លួន​ និង​ប្រឆាំង​មិន​ឲ្យមាន​អធិបតេយ្យភាព​នោះ»។​

ទាំង​លោក ​Oh ​និង​លោក ​Thompson ​បាន​យល់ស្រប​គ្នា​ថា ​ការបង្កហេតុ​ដោយយោធា​របស់​ចិន​ មាន​ផលប៉ះពាល់​តិចតួច​ជា​យូយារ​ណាស់​មក​ហើយ ​ក្នុង​ការ​បំភិត​បំភ័យ​ពលរដ្ឋ​តៃវ៉ាន់។​

លោក ​Thompson និ​យាយ​ថា៖​ «ពលរដ្ឋ​តៃវ៉ាន់​ បាន​រស់នៅ​ក្រោម​ស្រមោល​នៃ​ការ​វាយ​ប្រហារ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ អស់​រាប់​ជំនាន់​មក​ហើយ​ ដូច្នេះ​ការ​បង្កើន​ការ​យាម​ល្បាតដោយ​កងទ័ព​អាកាស​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន ​ទំនងជា​នឹង​ផ្លាស់ប្តូរ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​របស់​សាធារណ​ជន​ដល់​លទ្ធិ​ប្រជា​ធិបតេយ្យ​ ឬ​មតិ​សាធារណជន​ ដែល​នៅពេល​បច្ចុប្បន្ន​នេះ មិនចង់​បាន​ការ​បង្រួប​បង្រួម​ជាមួយ​ចិន​ដីគោក​ដែល​អនុវត្ត​លទ្ធិផ្តាច់ការ​នោះ​ទេ»។​

អំឡុងពេល​មាន​ការបង្ករហេតុ​ដោយ​យោធា​របស់​ចិន ​ការស្ទង់​មតិ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​សប្តាហ៍​មុន ​បាន​បង្ហាញ​ថា ​ពលរដ្ឋ​ចំនួន​៨៦​ភាគរយ​នៅ​កោះតៃវ៉ាន់ បាន​កំណត់​អត្ត​សញ្ញាណ​ខ្លួន​ឯង​ថា​ ជាជនជាតិ​តៃវ៉ាន់ជាជាង​ជនជាតិ​ចិន៕​

ប្រែសម្រួល​ដោយ​លោក ​ជឹង ប៉ូជីន

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG