ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​សង្កេតការណ៍៖​ ​បក្ស​កាន់​អំណាច​ចាយលុយ​ជាង​​ ២៤លាន​ដុល្លារសម្រាប់​ការ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់


 ក្រុមអ្នកសង្កេតការណ៍បោះឆ្នោត​នាថ្ងៃទី​ ២៤​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៧​ បាន​វាយតម្លៃ​ចុងក្រោយ​ថា​ ការបោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ នៅមិន​ទាន់​សេរី​ និត​យុត្តិធម៌​ពេញ​លេញ។ (ហ៊ុល​ រស្មី/VOA)
ក្រុមអ្នកសង្កេតការណ៍បោះឆ្នោត​នាថ្ងៃទី​ ២៤​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៧​ បាន​វាយតម្លៃ​ចុងក្រោយ​ថា​ ការបោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ នៅមិន​ទាន់​សេរី​ និត​យុត្តិធម៌​ពេញ​លេញ។ (ហ៊ុល​ រស្មី/VOA)

«ប៉ុន្តែ​បែរ​ជា​បក្ស​នយោបាយ​មួយ​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ ដែល​គេ​ហៅថា​ មាន​បន្ទប់​ [ស្ថាន​ការណ៍] ​ចាត់​ទុក​ថា​ មិន​ទាន់​សេរី​ទេ។ ​អីចឹង​​ទេ​ ខ្ញុំ​ចាត់​ទុក​ថា​ ភាព​សេរី​របស់​គេ​គឺ​ពេល​ដែល​គេ​ដើរ​ចូល​ផ្ទះ​នាយករដ្ឋ​មន្ត្រី​ ឬ​ក៏​សម្លាប់​នាយក​រដ្ឋមន្ត្រី​នៅ​ហ្នឹង​កន្លែង​ អា​ហ្នឹង​សេរី​ហើយ»

បន្ទប់​ស្ថាន​ការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ដែល​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា​ បាន​រក​ឃើញ​ថា​ គណបក្ស​កាន់​អំណាច​បាន​ចំណាយ​ប្រាក់​ប្រមាណ​ ២៤​លាន​ដុល្លារ​អាមេរិក​ ​សម្រាប់​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧​ ខណៈ​ដែល​គណបក្ស​ប្រឆាំង​ និង​បក្ស​នយោបាយ​ផ្សេងៗ​ទៀត​ ក៏​បាន​បង្កើន​ថវិកា​ក្នុង​ការ​ឃោសនា​នេះ​ផង​ដែរ។​

ថ្លែង​ក្នុង​បន្ទប់​ស្ថានការណ៍​ ដែល​បាន​រៀបចំឡើង​នៅ​ទី​ស្នាក់​ការ​របស់​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​គឺ​ខុមហ្វ្រែល​ (Comfrel)​ ​កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ ​លោកសៀន ប៊ុនរិទ្ធ​ ​មន្ត្រី​អង្កេត​របស់​អង្គការ​ខុមហ្រ្វែល​ បាន​ឲ្យ​ដឹង​ថា​ គណបក្ស​ចំនួន​បួន​គឺ ​គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ៊្វុនស៊ីនប៉ិច​ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​ បាន​បង្កើន​ការ​ចំណាយ​របស់​ខ្លួន​សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់។​

បង្ហាញ​របស់​លោក​សៀន ប៊ុនរិទ្ធបាន​ឲ្យដឹង​ថា​ ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចំណាយ​ ក្នុង​មួយ​ឃុំ​ប្រមាណ​១៥.០០០​ដុល្លារ​អាមេរិក​ ហើយ​ជា​ទូទៅ​គណបក្ស​កាន់​អំណាចនេះបាន​ចំណាយ​ប្រមាណ​ ២៤​លាន​ដុល្លារ​អាមេរិក​សម្រាប់​សកម្ម​ភាព​ឃោសនា​គោល​នយោបាយ​របស់​គណបក្ស។​

«បួន​គណបក្ស​ហ្នឹង​យើង​ឃើញ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​គាត់​នៅ​តែ​ចំណាយ​ខ្ពស់​ច្រើន​ជាង​គេ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៧​ហ្នឹង។​ បើ​យើង​គិត​តែ​មួយ​ឃុំ​វិញ​ គាត់​ចំណាយ​ខ្ទង់​ប្រមាណ​ជា​ ១៥.០០០​ដុល្លារ​ ខណៈ​ដែល​គណបក្ស​សង្គ្រោះជាតិ​ចំណាយ​ប្រហែល​ជា​៣.៥០០​ដុល្លារ​ទេ​ អា​ហ្នឹង​បើ​យើង​គិត​ជា​ឃុំ​ បាទ»។​

លោក​សៀន ប៊ុនរិទ្ធ​ថ្លែង​បន្ត​ថា៖

«ប៉ុន្តែ​បើ​សិន​បើយើង​មើល​ជាទូទៅ​វិញ​ យើង​ឃើញ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ចំណាយ​ប្រមាណ​ជា​២៤​លាន​ដុល្លារសម្រាប់​ការ​បោះឆ្នោត​ទាំងមូល​ការ​ឃោស​នា​ហ្នឹង​ ខណៈ​ដែល​សង្គ្រោះ​ជាតិ​ចំណាយ​ត្រឹម​តែ​ ៥,៦​លាន​ដុល្លារ​ប៉ុណ្ណោះ»។​

បទបង្ហាញ​របស់​អ្នក​សង្កេត​ការណ៍​រូប​នេះ​បាន​ឲ្យ​ដឹងថា​ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ហ៊ុន សែនបាន​បង្កើន​ការ​ចំណាយ​របស់​ខ្លួន​ពី​ប្រមាណ​ ៩.០០០​ដុល្លារ​ក្នុង​មួយ​ឃុំ​ក្នុង​ការ​ឃោសនា​នៅ​ឆ្នាំ២០១២​ មក​ដល់​ ១៥.០០០​ដុល្លារ​ក្នុង​ការ​ឃោស​នានៅ​ឆ្នាំ​ ២០១៧​ក្នុង​មួយ​ឃុំ។​

រី​ឯ​គណបក្ស​ប្រឆាំង​ដឹកនាំ​ដោយ​លោកកឹម សុខាបាន​បង្កើន​ការ​ចំណាយ​ពី​១.៨០០​ដុល្លារ​ក្នុង​មួយ​ឃុំ​ទៅ​លើ​ការ​ឃោសនា​នៅ​ឆ្នាំ​២០១២​ មក​ដល់​៣.៥០០​ដុល្លារ​ទៅ​លើ​ការ​ឃោសនា​ក្នុង​មួយ​ឃុំ​នៅ​ឆ្នាំ២០១៧។

គណបក្ស​តូចៗ​ពីរ​ផ្សេង​ទៀត​គឺ​ គណបក្ស​ហ៊្វុនស៊ីនប៉ិច​ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​ក៏​បាន​បង្កើន​ការ​ចំណាយ​របស់​ខ្លួន​តិចតួច​លើ​ការ​ឃោសនា។​ គណបក្ស​ហ៊្វុនស៊ីនប៉ិច​របស់​ព្រះ​អង្គ​ម្ចាស់​នរោត្តម​រណឫទ្ធិ​បាន​បង្កើនការចំណាយ​ពី​២០០​ដុល្លារ​នៅឆ្នាំ២០១២ មក​៥០០​ដុល្លារ​នៅឆ្នាំ​២០១៧ ​ហើយ​សម្រាប់​ការ​បោះឆ្នោត​ទាំងមូល​ ​គណបក្ស​នេះ​ចំណាយ​ប្រមាណ​៤៥០.០០០​ដុល្លារ។ ​យើង​មិនមាន​តួលេខ​ការ​ចាយ​វាយ​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​របស់​លោក​ ខឹម​ វាសនា​នៅ​ឆ្នាំ​២០១២​នោះ​ទេ​ តែ​ក្នុង​ឆ្នាំ​២០១៧​គណបក្ស​នេះ​បាន​ចំណាយ​ ៩០០​ដុល្លារ​លើ​ការ​ឃោសនាក្នុង​មួយ​ឃុំ​ ​ហើយ​សម្រាប់​ការ​បោះឆ្នោត​ទាំងមូល​ គណបក្ស​នេះ​បាន​ចំណាយ​ប្រមាណ​៧៧០.០០០​ដុល្លារ។​ ​

រូបឯកសារ៖ ក្រុម​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត បាន​ប្រមូល និង​រាប់​សន្លឹក​ឆ្នោត នៅ​ការិយាល័យ​បោះឆ្នោតក្នុងអនុវិទ្យាល័យសោ ហឺ​ ក្នុងសង្កាត់ស្វាយប៉ោ ក្រុង​បាត់ដំបង នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០១៧។ (អ៊ិត សូធឿត/VOA)
រូបឯកសារ៖ ក្រុម​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត បាន​ប្រមូល និង​រាប់​សន្លឹក​ឆ្នោត នៅ​ការិយាល័យ​បោះឆ្នោតក្នុងអនុវិទ្យាល័យសោ ហឺ​ ក្នុងសង្កាត់ស្វាយប៉ោ ក្រុង​បាត់ដំបង នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០១៧។ (អ៊ិត សូធឿត/VOA)

លោក​សៀន ប៊ុនរិទ្ធ​បាន​ពន្យល់​ថា​ ការ​គណនា​ចំណាយ​របស់​គណបក្ស​នយោបាយ​នីមួយៗ​នេះ​ គឺ​ធ្វើ​ឡើង​ដោយផ្អែក​លើ​ការអង្កេត និង​សាកសួរ​ព័ត៌មាន​ពី​ការ​ចំណាយ​របស់​គណបក្ស​នយោបាយ​ចំនួន​បួន​ក្នុង​ឃុំ-សង្កាត់​ចំនួន​ប្រាំបួនក្នុង​បី​រាជធានី ​ខេត្ត ជាមួយ​ការ​គណនា​ខ្ទង់​ចំណាយ​សម្រាប់​ការ​បោះឆ្នោត​ទាំង​មូល​ ដោយ​យក​ខ្ទង់​ចំណាយ​សម្រាប់​មួយ​ឃុំ​សង្កាត់​ គុណ​នឹង​ចំនួន​ឃុំ​សង្កាត់​ដែល​គណបក្ស​ឈរ​ឈ្មោះ។​ លោក​ថា ការ​គណនា​ធ្វើឡើង​ដោយ​ផ្អែក​លើ​សកម្មភាព​សំខាន់ៗ​ចំនួន​ប្រាំគឺ​ការ​ហែ​ក្បួន​ឃោសនា​ ការ​ជួប​ប្រជុំ​ ការ​បិទ​រូបភាព​ ស្លាកសញ្ញា​គណបក្ស​ ការ​ផ្សព្វ​ផ្សាយ​តាម​ឧបករណ៍​បំពង​សំឡេង និង​ការ​ចែក​ខិត​បណ្ណ។

ក្នុង​បទ​បង្ហាញ​របស់​លោក​ លោក​ប៊ុនរិទ្ធ​បាន​ឲ្យ​ដឹង​ថា​ បក្ស​កាន់​អំណាច​បាន​ថវិកា​ឃោសនា​ពី​ថ្នាក់​ខេត្ត ​រាជធានី បក្ស​ប្រឆាំង​បាន​មក​ពី​ថ្នាក់​ខេត្ត​រាជធានី​ និង​អ្នកគាំទ្រ ​ចំណែក​បក្ស​រាជា​និយម​ហ៊្វុនស៊ីនប៉ិច​បាន​មក​ពី​ថ្នាក់​ខេត្ត​ រាជធានី​ និង​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​បាន​មក​ពី​អ្នក​គាំទ្រ។​

ការ​បោះឆ្នោត​ជ្រើសរើស​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ជាង​១២.០០០​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​ការ​បង្ហាញ​នូវ​ការ​ប្រជែង​គ្នា​រវាង​គណបក្ស​នយោបាយ​ពីរ​ធំៗ​គឺ​ គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណ​បក្ស​សង្គ្រោះ​ជាតិ​ ខណៈ​ដែល​មាន​ការ​គំរាម​កំហែង​អំពី​សង្គ្រាម​ស៊ីវិល​ និង​ការ​បង្រ្កាប​ទៅ​លើ​ការ​ខ្វែង​គំនិត​ខាង​នយោបាយ ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ដែល​នឹង​មក​ដល់​នៅ​ពាក់​កណ្តាល​ឆ្នាំ​ក្រោយ​នេះ។​

លោក​សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ប្រាប់​ VOA ​កាល​ពីថ្ងៃ​អាទិត្យ​កន្លង​ទៅ​ថា​ ក្រុម​ការងារ​នៅ​តាម​ឃុំ​សង្កាត់​នីមួយៗ​ជា​ប្រភព​ថវិកា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ សម្រាប់​ការ​ឃោសនា​នយោបាយ។ ​លោក​ថា​ រយៈ​ពេល​ឃោសនា​ដែល​បាន​កាត់​បន្ថយ​ពី​ចំនួន ២១​ថ្ងៃ​មក​នៅ​ត្រឹម​ ១៤​ថ្ងៃ​ និង​ការ​ហែ​ក្បូន​ធំៗ​តិចតួច​ មិន​អាច​ធ្វើ​ឲ្យ​គណបក្ស​នយោបាយ​នានា​ចាយ​លុយ​ច្រើន​នោះ​ទេ ​តួយ៉ាង​គឺ ​គណបក្ស​កាន់​អំណាច។​

«អីចឹងការ​វាយ​តម្លៃ​របស់​ជន​ណា​ទាំង​អស់​នោះ​ ឬ​ក្រុម​ជន​ណា​ដែល​ថា ​ចាយ​លើស​ហ្នឹង​ អា​ហ្នឹងគឺ​ថា​ ​ខ្លួនឯង​ហ្នឹង​បំផ្លើស​ការណ៍​ពិត​ហើយ!»​

រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ប្រាប់​ VOA Khmer​ អំពីលទ្ធផល​នៃការ​បោះឆ្នោត​ឃុំ-សង្កាត់ អណត្តិទី៤​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅរាជធានីភ្នំពេញ,​ ថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/ VOA)
រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ប្រាប់​ VOA Khmer​ អំពីលទ្ធផល​នៃការ​បោះឆ្នោត​ឃុំ-សង្កាត់ អណត្តិទី៤​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅរាជធានីភ្នំពេញ,​ ថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/ VOA)

យ៉ាងណា​ក៏​ដោយ​ លោក​យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ប្រាប់​ VOA ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ការ​រក​ឃើញ​ការ​ចំណាយ​របស់​អង្គការ​ Comfrel ​គឺ​ខុស​ពី​ការ​គណនា​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​រក​ឃើញ​ថា​ បេក្ខជន​គណបក្ស​ និង​សប្បុរស​ជន​ក្នុង​ និង​ក្រៅ​ប្រទេស​ជួយ​ថវិកា​ ដែល​ធ្វើ​ឲ្យ​គណបក្ស​ចាយ​ប្រមាណ​តែ​២​លាន​ដុល្លារ​សម្រាប់​ការ​ឃោសនា​នៅ​ទូទាំង​ប្រទេស។​

«គណបក្ស​មាន​ការ​គាំទ្រ​ច្រើន​ បេក្ខជន​គាត់​ក៏​បាន​លះបង់​ច្រើន។​ ទាំង​សប្បុរសជន​នៅ​ក្នុង​ប្រទេស​ និង​នៅ​ក្រៅ​ប្រទេស​ក៏​គាត់​បាន​ជួយ។​ ដូច្នេះ​យើង​ចំណាយ​ប្រមាណ​ជា ២​លាន​ដុល្លារ​ទូទាំង​ប្រទេស​ហ្នឹង​ គឺ​ខុស​តួលេខ​ពី​ Comfrel​ បន្តិច។ ​ខ្ញុំ​មិន​ដឹង​ Comfrel ​គាត់​គិតគូរ​តាម​រូប​មន្ត​ណា​ទេ​ ប៉ុន្តែ​ចំពោះ​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​តួលេខ​មាន​ ដែល​ខ្ញុំ​បាន​ធ្វើការ​ស្ទាប​ស្ទង់ និង​ប្រមូល​តួលេខ​ពី​តាម​បណ្តា​ខេត្ត​មក​ហ្នឹង​ គឺ​ប្រមាណ​ជា​២​លាន​ដុល្លារ»។​

រូបឯកសារ៖ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្រ្គោះជាតិ ផ្តល់​បទសម្ភាសន៍​ដល់VOA កាល​ពីថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)
រូបឯកសារ៖ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្រ្គោះជាតិ ផ្តល់​បទសម្ភាសន៍​ដល់VOA កាល​ពីថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

បន្ទប់​ស្ថាន​ការណ៍ កាល​ពី​ថ្ងៃ​សៅរ៍​ បាន​ឲ្យ​ដឹង​ថា​ បញ្ហា​មួយ​ចំនួន​បាន​កើត​ឡើង​មុន​ថ្ងៃ​បោះ​ឆ្នោត​ ដូច​ជា​ បរិយាកាស​ដែល​មាន​ការ​គាប​សង្កត់​ខាង​នយោបាយ​ ហិរញ្ញវត្ថុ​ឃោសនា​បោះ​ឆ្នោត​ និង​ការ​ប្រើ​ប្រាស់​ធនធាន​រដ្ឋ​ដែល​ខ្វះ​សមធម៌​ និង​តម្លាភាព​ ទីលាន​ប្រជែង​នយោបាយ​ (Level of Playing Field) ​ដែល​ខ្វះ​សមភាព​ និង​បទបញ្ញត្តិ​បដិវាទ​ខ្លះ​នៃ​ក្រប​ខណ្ឌ​ច្បាប់​បោះឆ្នោត​ និង​ច្បាប់​ស្តី​ពី​វិសោធនកម្ម​នៃ​ច្បាប់​គណបក្ស​នយោបាយ។​

សេចក្តី​ថ្លែង​ការណ៍​នេះបាន​បន្ត​ឲ្យ​ដឹង​ថា ​មាន​ការ​ខ្វះ​ឯករាជ្យ​ភាព​របស់​មន្ត្រី​តុលាការ​ និង​ការ​លំអៀង​នយោបាយ​នៃ​មន្ត្រី​ជាន់​ខ្ពស់​កង​កម្លាំង​ប្រដាប់​អាវុធ​ ដែល​ដាក់​សម្ពាធ​ដល់​សេរីភាព​បញ្ចេញ​មតិ និង​ការគំរាម​ដល់​សកម្មភាព​គណបក្ស​ប្រកួត​ប្រជែង​ និង​សមាគម​ ​សហជីព ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ ​ទាំងនេះ​នាំ​ឲ្យ​បរិយាកាស​សម្រាប់​ដំណើរ​ការ​បោះឆ្នោត​ស្ថិត​នៅ​ក្នុង​កម្រិត​រឹតត្បិត​សេរីភាព​ និង​ខ្វះ​យុត្តិធម៌​ពេញ​លេញ​នៅ​ឡើយ។​

ទាក់​ទិន​ហិរញ្ញវត្ថុ​របស់​គណបក្ស​នយោបាយ​ បន្ទប់​ស្ថាន​ការណ៍​ក៏បាន​ស្នើ​ឲ្យ​មាន​តម្លាភាព​នៃ​ហិរញ្ញវត្ថុ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​នយោបាយ។​

លោក​គល់ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ Comfrel​ ដែល​ជា​សមាជិក​ក្នុង​បន្ទប់​ស្ថាន​ការណ៍ថ្លែង​ថា៖​

«យើង​ព្យាយាម​ធ្វើ​ម៉េច​ជំរុញ​ឲ្យ​គណបក្ស​នយោបាយ​បើក​ចំហ។​ បើក​ចំហ​ការ​ចំណាយ​របស់​ខ្លួន​ ឲ្យ​ប្រជា​ពលរដ្ឋ​ដឹង​ដែរ។​ អា​ហ្នឹង​ជួយ​ឲ្យ​គាត់​បាន​ការ​ទុកចិត្ត​ពី​អ្នក​បោះឆ្នោត»។​

រូបឯកសារ៖ លោក គល់ បញ្ញា នាយកអង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ ខុមហ្រ្វែល COMFREL។
រូបឯកសារ៖ លោក គល់ បញ្ញា នាយកអង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ ខុមហ្រ្វែល COMFREL។

យ៉ាង​ណា​ក្តី​ នា​ថ្ងៃ​ចន្ទ​នេះ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​បាន​ប្រតិកម្ម​ទៅ​នឹង​របាយ​ការណ៍​របស់​បន្ទប់​ស្ថាន​ការណ៍​ ដែល​បាន​វាយ​តម្លៃ​ថា​ ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ថ្ងៃ​ទី​៤​ ខែ​មិថុនា​ ឆ្នាំ​២០១៧នេះ​ មិន​ទាន់​មាន​លក្ខណៈ​សេរី ​និង​យុត្តិធម៌​ពេញលេញ។​ លោក​ហ៊ុន សែន​បាន​ថ្លែង​ថា​ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោតថ្មី ​(គ.ជ.ប.)​បាន​ខិតខំ​បំពេញ​តួនាទី​របស់​ខ្លួន​បាន​ល្អ​ប្រសើរ​ តែ​នៅ​រង​ការ​ទិតៀន​ពី​គណបក្ស​នយោបាយ​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន។​

«ប៉ុន្តែ​បែរ​ជា​បក្ស​នយោបាយ​មួយ​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ ដែល​គេ​ហៅថា​ មាន​បន្ទប់​ [ស្ថាន​ការណ៍] ​ចាត់​ទុក​ថា​ មិន​ទាន់​សេរី​ទេ។ ​អីចឹងទេ​ ខ្ញុំ​ចាត់​ទុក​ថា​ ភាព​សេរី​របស់​គេ​គឺ​ពេល​ដែល​គេ​ដើរ​ចូល​ផ្ទះ​នាយករដ្ឋ​មន្ត្រី​ ឬ​ក៏​សម្លាប់​នាយក​រដ្ឋមន្ត្រី​នៅ​ហ្នឹង​កន្លែង​ អា​ហ្នឹង​សេរី​ហើយ»។​

លោក​ហ៊ុន សែន​បាន​ស្នើឲ្យ​ភាគី​ពាក់​ព័ន្ធ​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ទទួល​យក​លទ្ធផល​បោះ​ឆ្នោត​ដែល​ចេញ​ដោយ​គ.ជ.ប.​កាលពី​ថ្ងៃ​អាទិត្យ​ ដោយ​មិន​ត្រូវ​សម្តែង​ការ​មិនសុខ​ចិត្ត​ប្រឆាំង​នឹង​លទ្ធ​ផល​នោះ​ទេ។​

ដោយឡែក​ ក្រុម​អ្នក​សង្កេត​ការណ៍​របស់​បណ្ដាញ​អាស៊ី​ដើម្បីការ​បោះឆ្នោត​ដោយ​សេរី​ ហៅ​កាត់​ថា​ Anfrel ​ដែល​បាន​ឃ្លាំមើល​ដំណើរ​នៃ​ការបោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧​នេះ​ ​កាលពីដើម​ខែ​មិថុនាបាន​ស្នើ​ឱ្យ​ភាគី​ពាក់​ព័ន្ធ​ក្នុង​ការ​រៀប​ចំការ​បោះឆ្នោត​ ​បង្កើត​ក្រប​ខណ្ឌ​ច្បាប់​ ​ដើម្បី​ទប់​ស្កាត់​ការ​ទិញ​សន្លឹក​ឆ្នោត​ ​និងធ្វើ​ឲ្យ​មានតម្លាភាព​នៃ​ហិរញ្ញវត្ថុ​ ​សម្រាប់​ការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​នីមួយៗ៕

XS
SM
MD
LG