ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​បន្ត​បង្ក្រាប​អ្នក​ធ្វើ​យុទ្ធនាការ​«ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ»


រូបឯកសារ៖ អ្នកគាំទ្រ​អង្គការ​សិទ្ធិមនុស្ស​ត្រូវបាន​បង្ខំឲ្យ​ដើរ​ទៅ​មុខ ដោយ​ក្រុម​ប៉ូលិស​សណ្តាប់ធ្នាប់ ខណៈ​ដែល​ពួក​គេ​នាំ​គ្នា​ដើរ​ហែរ​ក្បួនប្រឆាំង​នឹង​ការ​ចោទប្រកាន់​លើ​សកម្មជន​សិទ្ធិមនុស្ស​ នៅ​ក្បែរ​គុកព្រៃស រាជធានី​ភ្នំពេញ កាលពី​ថ្ងៃច័ន្ទ ទី៩ ខែឧសភា ឆ្នាំ២០១៦។ (AP Photo/Heng Sinith)
រូបឯកសារ៖ អ្នកគាំទ្រ​អង្គការ​សិទ្ធិមនុស្ស​ត្រូវបាន​បង្ខំឲ្យ​ដើរ​ទៅ​មុខ ដោយ​ក្រុម​ប៉ូលិស​សណ្តាប់ធ្នាប់ ខណៈ​ដែល​ពួក​គេ​នាំ​គ្នា​ដើរ​ហែរ​ក្បួនប្រឆាំង​នឹង​ការ​ចោទប្រកាន់​លើ​សកម្មជន​សិទ្ធិមនុស្ស​ នៅ​ក្បែរ​គុកព្រៃស រាជធានី​ភ្នំពេញ កាលពី​ថ្ងៃច័ន្ទ ទី៩ ខែឧសភា ឆ្នាំ២០១៦។ (AP Photo/Heng Sinith)

ក្រុម​អ្នក​តវ៉ា​ដែល​រង​ការ​ឃាត់ខ្លួន​ ត្រូវ​បាន​ក្រុម​អ្នក​ឃ្លាំ​មើល​យុទ្ធនាការ​នេះ​ឲ្យដឹង​ថា​ ជា​សកម្មជន​ដី​ធ្លី​មក​ពី​សហគមន៍​បុរីកីឡា​ និង​សហគមន៍​ SOSនៅ​ពោធិ៍ចិនតុង រាជធានី​ភ្នំពេញ។

ក្រុម​អាជ្ញាធរ​ខណ្ឌ​ទួលគោក​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ បាន​ឃាត់​ខ្លួន​ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​«ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​»ចំនួន​៥​នាក់ ​បន្ទាប់​ពី​ពួកគេ​បាន​ប្រមូល​ផ្ដុំ​គ្នា​ដោយ​សន្តិវិធី​ក្នុង​ឈុត​ពណ៌ខ្មៅ​នៅ​ពី​មុខ​សាល​មហោស្រព​ចេនឡា ​ក្បែរ​ផ្សារ​ដើមគ រាជធានី​ភ្នំពេញ​ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​ចំនួន​៤នាក់ ​និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ម្នាក់។

ក្រុម​អ្នក​តវ៉ា​ដែល​រង​ការ​ឃាត់ខ្លួន​ ត្រូវ​បាន​ក្រុម​អ្នក​ឃ្លាំ​មើល​យុទ្ធនាការ​នេះ​ឲ្យដឹង​ថា​ ជា​សកម្មជន​ដី​ធ្លី​មក​ពី​សហគមន៍​បុរីកីឡា​ និង​សហគមន៍​ SOSនៅ​ពោធិ៍ចិនតុង រាជធានី​ភ្នំពេញ។

អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​នោះ​ រួម​មាន​អ្នកស្រី​ ច្រាយ នីម អ្នកស្រី​ អឹម​ ស្រី​ទូច អ្នកស្រី​ ងូវ ណារី អ្នកស្រី ​ភោគ សុភីន និង​យាយ ​ស្រីន។

អ្នកស្រី​ ងូវ ណារី បាន​រៀប​រាប់​ប្រាប់​ VOA ​ពី​បន្ទប់​សាកសួរ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក​ថា​ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ឃាត់​ខ្លួន​ទាំង​៥​នាក់​នោះ​ មាន​តែ​មនុស្ស​បី​នាក់​ប៉ុណ្ណោះ​ ដែល​បាន​សម្រេច​ចិត្ត​ផ្ដិត​មេដៃ​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​«ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ»។

ប៉ុន្តែ​ អ្នកស្រី​អះអាង​ថា​ អ្នកស្រី​នឹង​នៅ​តែ​បន្ត​តវ៉ា​ បើ​ទោះ​ជា​រូប​អ្នកស្រី​ផ្ទាល់​យល់​ព្រម​ផ្ដិត​មេដៃ​ យល់​ព្រម​ជាមួយ​អាជ្ញាធរ​ថា​ នឹង​បញ្ឈប់​សកម្មភាព​បែប​នេះ​រួច​ហើយ​ក៏​ដោយ។

«អូ! សរសេរ​កំណត់​ហេតុ​ហើយ គ្រាន់​តែ​ថា​ គេ​ទាមទារ​ឲ្យ​សរសេរ​កំណត់​ហេតុទាមទារ​ឲ្យ​យើង​ផ្ដិត​ឈប់​តវ៉ា​អី​អញ្ចឹង​ណា។ប៉ុន្តែ​ពួក​ខ្ញុំ​ផ្ដិត​ខ្លះ​នៅ​ខ្លះ​ ហើយ​ខ្ញុំ​ ងូវ ណារី​ ខ្ញុំ​សរសេរ​ដាក់​ថា​ ខ្ញុំ​តវ៉ា​ទៀត។ ខ្ញុំ​អត់​ឈប់​ទេ លុះត្រាតែ​ដោះលែង​សង្គម​ស៊ីវិល​ និង​ដោះស្រាយ​ផ្ទះសម្បែង​ពួក​ខ្ញុំ»។

លោក​ ជិន ប៊ុនធឿន អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​ VOA ​ថា ការ​ឃាត់ខ្លួន​អ្នក​តវ៉ា​ទាំងនេះ ​មិន​មែន​ជា​ការ​ចាប់​ឃុំខ្លួន​ទេ ពោល​គឺ​វា​ជា​ការ​ហៅ​សាកសួរ​ពាក់​ព័ន្ធ​នឹង​ការ​ជួបជុំ​ដែល​លោក​បញ្ជាក់​ថា គ្មាន​ការ​ដឹង​ឮ​ពី​អាជ្ញាធរ។

«គ្រាន់​តែ​អញ្ជើញ​គាត់​ទៅ​សាក​សួរ​ ពាក់​ព័ន្ធ​នឹង​ការ​ជួប​ជុំ​គាត់​កាលពី​ព្រឹកមិញ។ ​ការ​ពិត​ទៅ ការ​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​មាន​ពី​ណា​ទៅ​ហាម​ មិន​អញ្ចឹង។​ យើង​មាន​ទីលាន​ប្រជាធិបតេយ្យ​មួយ​តើ​សម្រាប់​ពួកគាត់។ ​ប៉ុន្តែ​ប្រជាពលរដ្ឋ​ទាំង​អស់​បែរ​ជា​អត់​បាន​ទៅ​ជួបជុំ​នៅ​ទីលាន បែរ​ជា​ទៅ​ជួបជុំ​នៅ​ទី​សាធារណៈ​ទៅ​វិញ»។

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ដដែល​នេះ​ មាន​ការ​ស្លៀកពាក់​ពណ៌ខ្មៅ​នៅ​តាម​សហគមន៍​ដី​ធ្លី​មួយ​ចំនួន​ទៀត​ដូចជា​សហគមន៍​បឹងកក់​ជា​ដើម។

ទោះ​បី​ជា​មិន​មាន​ការ​ដើរ​តវ៉ា​នៅ​ទី​សាធារណៈ​ណាមួយ​ក៏ដោយ បើ​តាម​អ្នកស្រី​ ទេព វន្នី​ អ្នក​តំណាង​សហគមន៍​បឹងកក់ ​បាន​ឲ្យ​ដឹង​ថា​ មាន​កងកម្លាំង​សមត្ថកិច្ច​រាប់​សិប​នាក់ ​ដើរ​ល្បាត​សហគមន៍​បឹងកក់ ​តាំង​ពី​ព្រលឹម​ដោយ​ចាំ​ឃ្លាំ​មើល​ មិន​ឲ្យ​មាន​ការ​ដើរ​តវ៉ា​ទៅ​ក្រៅ​សហគមន៍។

«ខាង​បឹង​កក់​ អត់​មាន​ ប្រទូសរ៉ាយ ​ឬក៏​ហិង្សា​អី​ទេ ព្រោះ​ថា​ ពួក​យើង​ធ្វើ​នៅ​ទីតាំង​សហគមន៍​ ព្រោះ​អី​យើង​ដឹង​ថា​ បើ​យើង​ទៅ​ក៏​យើង​ទៅ​អត់​រួច​ ដោយសារ​តែ​ព្រលឹម​ឡើង​មិន​ទាន់​ទេ​ គឺ​ខាង​កម្លាំង​សមត្ថកិច្ច​ ស្នងការ​ក្រុង ប៉ូលិស​ខណ្ឌ​ដូនពេញ​ គាត់​ដាក់​បិទ​គ្រប់​ច្រកល្ហក​ជុំ​វិញ​តំបន់​បឹងកក់​ហ្នឹង​ទៀត ហ៊ុម​ជិត។ ជាពិសេស​វិញទៀត ​យើង​ឃើញ​ថា​ មាន​ប៉ូលិស​សង្កាត់​ប៉ូលិស​ស្នងការ​ក្រុង​ ក៏​គាត់​មក​ជិះ​តាម​ឃ្លាំ​មើល​ផ្ទះ​យើង​មួយៗ​ដែរ»។

តែ​ទោះ​ជា​យ៉ាងណា​ក្ដី ​លោក​ ជិន ប៊ុនធឿន​ អ្នក​នាំ​ពាក្យ​សាលាក្រុង​បន្ថែម​ថា ​ការ​ជួប​ជុំ​នេះ​ មិន​បាន​ជម្រាប​អាជ្ញាធរ​ឲ្យ​ដឹង​អំពី​គោល​បំណង​ទុក​ជាមុន​ទេ។

«គាត់​ជួបជុំគ្នា​កាន់​បដា ដើម្បី​ស្នើ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស​អីៗ​ ហែហូរ ដូច​បាន​ដឹង​អញ្ចឹង​អី​បាទ! មួយវិញទៀត​ គាត់​ជួប​ជុំ​គាត់ ​អត់​មាន​ឲ្យ​អាជ្ញាធរ​អី​ដឹង​ទេ។ គាត់​ជួបជុំ​នេះ​សុំ​ច្បាប់​គេ​អី​បន្តិច​ទៅ​ ស្រប​តាម​ច្បាប់​បាតុកម្ម​អី​អញ្ចឹង​ទៅ គ្មាន​អ្នកណា​គេ​ទៅ ឃាត់​អីគាត់។​ ហើយ​វា​អត់​សំខាន់​អា​រឿង​គាត់​ពាក់​អាវ​ខ្មៅ ​មិន​អាវ​ខ្មៅ​ទេ។ វា​សំខាន់​គឺ​គាត់​មាន​កាន់​បដា។ អញ្ចឹង​ពាក់​ព័ន្ធ​កាន់​បដា​បួន​ផ្ទាំង​ហ្នឹង​ដែល​មាន​ខ្លឹមសារ​ថា​គោរព​សិទ្ធិមនុស្ស​ ដោះលែង​អ្នក​ការពារ​សិទ្ធិ​នៅ​កម្ពុជា​នេះ។ អានេះ វា​មាន​បញ្ហា​ខ្លះ​ពាក់ព័ន្ធ»។

កាលពី​ថ្ងៃ​ទី៨ ខែឧសភា​កន្លង​ទៅ ក្រសួង​មហាផ្ទៃ​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​ចោទ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ថា ​បាន​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្ដាញ​ផ្សព្វផ្សាយ​ ដែល​មាន​លក្ខណៈ​ញុះញង់ ​និង​បំផុស​ឲ្យ​មាន​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ​នេះ ដើម្បី​ទាមទារ​ឲ្យ​ការ​ដោះលែង​«ជនល្មើស​មួយ​ចំនួន»​ដែល​ត្រូវ​តុលាការ​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន​កាលពី​ពេល​កន្លង​មក។

យុទ្ធនាការ​ស្លៀក​ពាក់​ខោអាវ​ខ្មៅ​នេះ​ មាន​គោល​ដៅ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​៤នាក់​នៃ​សមាគម​អាដហុក​ និង​មន្ត្រី​គ.ជ.ប​ម្នាក់​ទៀត ដែល​កំពុង​ជាប់​ឃុំឃាំង។

មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង​៤នាក់​នេះ​ រួម​មាន​ លោក​ នី​ សុខា​ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគ​អាដហុក​ លោក​ យី សុខសាន​ និង​លោក​ ណៃ វង់ដា​ ដែល​អ្នក​ទាំងពីរ​ ជា​អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​នេះ​ និង​លោក​ស្រី​ លឹម​ មុន្នី ​មន្ត្រី​ស៊ើបអង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​នេះ​ដែរ ហើយ​នឹង​មន្ត្រី​គ.ជ.​ប​ គឺ​លោក​ នី ចរិយា​ ដែល​ជា​អគ្គលេខាធិការ​រង​ម្នាក់​នៃ​គ.ជ​.ប។

កាល​ពី​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​មុន ​ក៏​មាន​ការ​ចាប់​ឃាត់​ខ្លួន​បណ្ដោះអាសន្ន​មន្ត្រី​សិទ្ធិមនុស្ស​មក​ពី​សមាគម​ធាងតោ្នត​ និង​អង្គការ​លីកាដូ ​និង​តំណាង​សហគមន៍​បុរីកីឡា​ និង​សហគមន៍​បឹងកក់​សរុប​ចំនួន​៨នាក់​ផងដែរ មុន​ពេល​ពួក​គេ​ត្រូវ​បាន​ដោះលែង​វិញ​ក្នុង​ថ្ងៃ​ដដែល​នោះ៕

XS
SM
MD
LG