ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សុខា​ភិ​បាល​កម្ពុជា​អំពាវនាវ​ឲ្យ​ប្រុង​ប្រយ័ត្ន​នឹង​បារី​អេឡិច​ត្រូ​និច​ដែល​អាច​ប៉ះ​ពាល់​សុខភាព


រូបឯកសារ៖ បុរស​ម្នាក់​ជក់​បារី​អេឡិច​ត្រូនិច vape។
រូបឯកសារ៖ បុរស​ម្នាក់​ជក់​បារី​អេឡិច​ត្រូនិច vape។

ក្រសួង​សុខាភិ​បាល​កម្ពុជា​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​ផលិត​ផល​បារី​អេឡិច​ត្រូ​និច​ ផលិត​ផល​ស៊ី​ហ្សា និង​ផលិត​ផល​មួយ​ចំនួន​ទៀត ដែល​អាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​សុខភាព និង​បង្ក​គ្រោះ​ថ្នាក់​ដល់​សង្គម។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួងសុខា​ភិ​បាល​កម្ពុជា កាល​ពី​ថ្ងៃ​៣​ ខែ​កុម្ភៈ ឆ្នាំ​២០២៤។

សេចក្តី​ប្រកាស​ព័ត៌​មានបង្ហាញ​ថា​កន្លង​មក​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​ហាម​ឃាត់​ការ​នាំ​ចូល​ ការ​ជួញ​ដូរ ការ​ធ្វើ​អាជីវ​កម្ម​ និង​ការ​ប្រើ​ប្រាស់​បារី​អេឡិច​ត្រូនិច​ (E-cigarette) ផលិត​ផល​ស៊ី​ហ្សា (SHISHA) និង​ផលិត​ផល​អេចឈ៍​ ធី​ ភី (Heated Tobacco Product) ដោយ​សារ​ផលិត​ផល​ទាំង​នេះ​បង្ក​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​សុខភាព​ និង​បណ្តាល​ឱ្យ​អ្នក​ប្រើ​ប្រាស់​ងាយ​ទទួល​ការ​ញៀន​ដោយ​សារ​ធាតុ​ញៀន​ផ្សេង​ទៀត។ ក្រសួង​បញ្ជាក់​ថា​បារី​អេឡិច​ត្រូនិច​មាន​រូប​រាង ​ទំហំ​ និង​ឈ្មោះ​ច្រើន​ប្រភេទ​ដូច​ជា​ E-cigs, Mods, Vape pens ហើយ​ទូទៅ​ត្រូវ​បាន​ស្គាល់​ថា​ វ៉េបភីង​ (Vaping)។ ចំហាយ​បារី​អេឡិច​ត្រូ​និច​ផ្ទុក​នូវ​សារ​ធាតុ​នីកូទីន​ ហើយ​សារ​ធាតុ​នេះ​មាន​គ្រោះ​ថ្នាក់​ទៅ​លើ​អ្នក​ប្រើ​ប្រាស់​ដូច​ជា​ បង្ក​ឱ្យ​មាន​ភាព​ញៀន​ខ្លាំង​ មាន​គ្រោះ​ថ្នាក់​ដល់​គភ៌ ប៉ះ​ពាល់​ដល់​ខួរ​ក្បាល​កុមារ​និង​ក្មេង​ជំទង់​ មាន​ហានិភ័យ​ដល់​ការ​អភិ​វឌ្ឍ​ខួរ​ក្បាល​ និង​បណ្តាល​ឱ្យ​មាន​ជំងឺ​មហារីក​ពេល​ដែល​សារធាតុ​ល្អិតៗ​ជ្រាប​ចូល​ក្នុង​សួត។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​សុខាភិបាល ផលិត​ផល​ស៊ី​ហ្សា​ ឬ​ខ្សៀរ​ទឹក មាន​ច្រើន​បែប​ និង​មាន​បរិមាណ​ជាតិ​ពុល​ខ្លាំង​ដែល​បណ្តាល​ឱ្យ​មាន​ជំងឺ ដូច​ជា​ជំងឺ​ផ្លូវ​ដង្ហើម​ ជំងឺ​បេះ​ដូង​ ជំងឺ​ធ្មេញ​ ទារក​កើត​មិន​គ្រប់​ខែ​ រលាក​ច្រមុះ​ ជំងឺ​មហារីក​សួត ក្រពះ​ និង​ប្លោក​នោម​ជា​ដើម។ ចំណែក​ផលិត​ផល​ អេចឈ៍ ធី​ ភី ជា​ថ្នាំ​ជក់​ មាន​ច្រើន​បែប​ ប្រើ​ជំនួស​ផលិត​ផល​ថ្នាំ​ជក់​ធម្មតា ដោយ​បន្ថែម​នូវ​សារ​ធាតុ​ក្រអូប និង​ផ្ទុក​នូវ​សារ​ធាតុ​នីកូទីន​ដែល​បង្ក​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព​ដូច​បារី​អេឡិច​ត្រូ​និច​ដែរ។

ក្រសួង​សុខា​ភិ​បាល​បង្ហាញ​ការ​ព្រួយ​បារម្ភ និង​អំពាវ​នាវ​ដល់​យុវជន និង​ពល​រដ្ឋ​កុំ​សាក​ល្បង​សូម្បី​តែ​ម្តង​នូវ​ផលិត​ផល​ខាង​លើ ​ព្រោះ​មាន​ជន​ឆ្លៀត​ឱកាស​បាន​ផ្សព្វ​ផ្សាយ​លក់​បារី​អេឡិច​ត្រូនិច​ ស៊ី​ហ្សា និង​ផលិត​ផល​ អេចឈ៍​ ធី ភី តាម​រយៈ​បណ្តាញ​សង្គម​ថា​ជា​ឧបករណ៍​ផ្តាច់​ការ​ជក់​បារី​ និង​ថា​ជា​ផលិត​ផល​ដែល​មាន​សុវត្ថិ​ភាព​ជាង​បារី​ធម្មតា​ ផ្ទុយ​ទៅ​វិញ​វា​មាន​ផល​ប៉ះ​ពាល់​ដល់​សុខភាព​ និង​បង្ក​គ្រោះ​ថ្នាក់​ដល់​សង្គម។

គួរ​រំឭក​ថា​បារី​អេឡិច​ត្រូ​និច​ទទួល​បាន​ប្រជា​ប្រិយ​ភាព ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ ជា​ពិសេស​ក្នុង​ស្រទាប់​យុវជន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG