កិច្ចខំប្រឹងប្រែងរបស់លោកប្រធានាធិបតីអូបាម៉ាដើម្បីការពារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំមួយសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក បានប្រឈមនូវការសាកល្បងដ៏សំខាន់មួយនៅថ្ងៃសុក្រនេះ នៅពេលដែលសភាតំណាងរាស្រ្ត ធ្វើការបោះឆ្នោតថាតើគួរបន្តអំណាចនៃការចរចាទៅឲ្យសេតវិមានដែរឬទេ។
គេមិនទាន់ដឹងច្បាស់នៅឡើយថាតើសេចក្តីព្រាងច្បាប់នោះ មានការគាំទ្រគ្រប់គ្រាន់ពីសមាជិកគណបក្សប្រជាធិបតេយ្យឯទៀតរបស់លោកប្រធានាធិបតីអូបាម៉ាដែរឬទេ ដែលពួកគេភាគច្រើនមានការព្រួយកង្វល់ពីកិច្ចព្រមព្រៀងភាពជាដៃគូឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកឬ TPP ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដែលនឹងបញ្ជូនជនអាមេរិកាំងជាច្រើនទៅធ្វើការនៅក្រៅប្រទេស ហើយបង្កឲ្យប៉ះពាល់ដល់បរិស្ថាន។
ពួកគណបក្សសាធារណរដ្ឋជាទូទៅ គាំទ្រកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបែបនេះ ក៏ប៉ុន្តែពួកគេជាច្រើននៅក្នុងគណបក្ស មានការស្ទាក់ស្ទើរក្នុងការដើរតួនាទីនៅក្នុងការផ្តល់ឲ្យលោកប្រធានាធិបតីអូបាម៉ានូវអ្វីដែលត្រូវបានគេមើលឃើញថា ជាការសម្រេចជោគជ័យខាងនយោបាយដ៏សំខាន់មួយ ជាពិសេសមុនពេលបោះឆ្នោតឆ្នាំ២០១៦។
សេចក្តីព្រាងច្បាប់ដែលអនុម័តឲ្យបានឆាប់ ដែលគេស្គាល់ថាជាអាជ្ញាធរលើកស្ទួយពាណិជ្ជកម្មឬ TPA នឹងអនុញ្ញាតឲ្យសេតវិមានធ្វើការចរចាអំពីកតិការសញ្ញាពាណិជ្ជកម្មអាស៊ីដែលមានប្រទេស១២ និងកតិការសញ្ញាផ្សេងទៀតដូចគ្នាដោយមិនឲ្យសភាធ្វើការផ្លាស់ប្តូរកិច្ចព្រមព្រៀងនោះ នៅពេលដែលពួកគេ ធ្វើការយល់ព្រមឬក៏ច្រានចោល៕