ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​អូបាម៉ា​ស្វះស្វែង​ត្រួស​ត្រាយ​ផ្លូវ​ចម្ងាយ​ឆ្ងាយ​សម្រាប់​លំនឹង​អាមេរិក​ឡើង​វិញ​នៅ​អាស៊ីប៉ាស៊ីហ្វិក


លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ ចុះ​តាម​ជណ្តើរ​ពី​យន្តហោះ​ Air Force One ខណៈ​ពេល​ដែល​លោក​អញ្ជើញ​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ Palm Springs នៅរដ្ឋ​កាលីហ្វ័រញ៉ា ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក បារ៉ាក់​ អូបាម៉ា​ (Barack Obama) នឹង​ស្វះស្វែង​ធ្វើ​ឲ្យ​មាន​លំនឹង​នូវ​តួនាទី​ដឹកនាំ​របស់​អាមេរិក​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ នៅ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត​ នៅ​ពេល​ដែល​លោក​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ស្វាគមន៍​មេដឹកនាំ​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ឬ​អាស៊ាន​ទាំង​១០​ប្រទេស​ នៅ​ឯ​រមណីយដ្ឋាន​ Sunnylands ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា។

របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ច័ន្ទ​និង​ថ្ងៃ​អង្គារ​ នឹង​មិន​សូវ​ផ្លូវ​ការ​ដូច​កិច្ច​ប្រជុំ​កំពូល​ផ្សេង ទៀត​ទេ​ នៅ​ឯ​ទី​កន្លែង​លំហែ​កាយ​ដ៏​គួរ​ឲ្យ​ចាប់​ចិត្ត​នេះ។

ប៉ុន្តែ​មេដឹកនាំ​ទាំង​នេះ​នឹង​ដោះស្រាយ​បញ្ហា​ដ៏​តឹងតែង​និង​ស្មុគស្មាញ​ជា​ច្រើន​ ដែល​សំខាន់​សម្រាប់​ការ​ធ្វើ​ឲ្យ​មាន​លំនឹង​ឡើង​វិញ​របស់​សហរដ្ឋ​អាមេរិក​នៅ​តំបន់​អាស៊ី ប៉ាស៊ីហ្វិក។

សេតវិមាន​មើល​ឃើញ​ការ​ចូល​ប្រឡូក​របស់​អាមេរិក​ទៅ​ក្នុង​តំបន់​នេះ​ ថា​មាន​សារៈ​សំខាន់​ចំពោះ​វឌ្ឍនភាព​និង​សន្តិសុខ​ក្នុង​ពេល​អនាគត​របស់​សហរដ្ឋ​អាមេរិក។

តំបន់​ដ៏​ស្វាហាប់​និង​មាន​ភាពចម្រុះ​នេះ​ កំពុង​ពើប​ប្រសព្វ​នឹង​កំណើន​សេដ្ឋកិច្ច​ដ៏​លឿន​ខ្លាំង​និង​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​ផង​ដែរ​ ដោយ​ប្រទេស​នីមួយៗ​មាន​សក្ដានុពល​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​ដល់​បញ្ហា​សេដ្ឋកិច្ច​និង​សន្តិសុខ​សកលលោក។

មន្ត្រី​រដ្ឋាភិបាល​អាមេរិក​បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នេះ​ លោក អូបាម៉ា សង្ឃឹម​ថា​ នឹង​បង្កើត​ផែនការ​ការងារ​មួយ​សម្រាប់​ឆ្នាំ​ចុង​ក្រោយ​នៃ​អាណត្តិ​របស់​លោក​ ដើម្បី​បង្កើន​កិច្ច​ប្រឹងប្រែង​បន្ថែម​ទៀត ក្នុង​ការ​ធ្វើ​ឲ្យ​មាន​លំនឹង​ឡើង​វិញ​នៅ​ក្នុង​តំបន់​នេះ​ ហើយ​ក៏​ផ្ញើ​សារ​មួយដល់​រដ្ឋាភិបាល​អាណត្តិ​ក្រោយៗ​ទៀតថា គេ​ចាំបាច់​ត្រូវ​ការ​ ការ​ចូល​ប្រឡូក​ក្នុង​កម្រិត​កំពូល​ដូចគ្នា​នេះ ដើម្បី​ឲ្យ​អាមេរិក​ធានា​និង​រក្សា​បាន​នូវ​តួនាទី​របស់​ខ្លួនជា​អ្នកដឹកនាំ។

ផែនការ​ការ​ងារ​នោះ​ ត្រូវ​គេ​រំពឹង​ថា​នឹង​រួមបញ្ចូល​ទំនាក់ទំនង​កាន់​តែ​ជិតស្និទ្ធ​រវាង​ភាគី​ទាំង​ពីរ​ ស្តី​ពី​ជំនួញ​និង​ពាណិជ្ជកម្ម​ ចំណង​ទាក់​ទង​គ្នា​រវាង​ប្រជាជន​នឹង​ប្រជាជន​កាន់​តែ​ច្រើន​ឡើង​ និង​សហប្រតិបត្តិការ​បន្ថែម​ទៀត​លើ​កិច្ច​ការ​ប្រឆាំង​អំពើ​ជ្រុល​និយម​ដ៏​ហិង្សា​ ហើយ​នឹង​ការ​បង្កើត​លក្ខន្តិក​និង​គោលការណ៍​នានា​ ដើម្បី​តម្រង់​ផ្លូវ​ប្រជាជាតិ​នានា​ទាក់ទង​នឹង​បញ្ហា​ផ្សេងៗ៕

XS
SM
MD
LG