ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូបាម៉ា​ធ្វើ​ទស្សនកិច្ច​នៅ​អាហ្សង់ទីន​ មួយ​ថ្ងៃ​មុន​ខួប​រដ្ឋ​ប្រហារ​នៅ​ក្នុង​ប្រទេស​នោះ


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា និង​ប្រធានាធិបតី​អាហ្សង់ទីន​ Mauricio Macri ជួប​គ្នា​នៅ​ឯ​វិមាន​រដ្ឋាភិបាល​ ក្នុង​ទីក្រុង Buenos Aires ប្រទេស​អាហ្សង់ទីន​ នៅ​ថ្ងៃ​ទី​២៣ ខែ​មិនា ឆ្នាំ​២០១៦។​
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា និង​ប្រធានាធិបតី​អាហ្សង់ទីន​ Mauricio Macri ជួប​គ្នា​នៅ​ឯ​វិមាន​រដ្ឋាភិបាល​ ក្នុង​ទីក្រុង Buenos Aires ប្រទេស​អាហ្សង់ទីន​ នៅ​ថ្ងៃ​ទី​២៣ ខែ​មិនា ឆ្នាំ​២០១៦។​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក បារ៉ាក់ អូបាម៉ា បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​អាហ្សង់ទីន (Argentina) ​ហើយ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​នៅ​ក្នុង​ប្រទេស​នោះ។​

ដំណើរ​ទស្សនកិច្ច​របស់​លោក​ អូបាម៉ា​ នេះ​ គឺ​ជា​សញ្ញា​បង្ហាញ​ពី​ទំនាក់ទំនង​ដ៏​កក់ក្តៅ​រវាង​អាមេរិក​ជាមួយ​ប្រទេស​ ដែល​មាន​បញ្ហា​ខាង​សេដ្ឋកិច្ច​មួយ​នេះ។​ ប៉ុន្តែ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក​រូប​នេះ​ ក៏​គាប់​ជួន​ចំ​ខួប​លើក​ទី​៤០​នៃ​ការ​ធ្វើ​រដ្ឋប្រហារ​មួយ ដែល​សហរដ្ឋ​អាមេរិក​បាន​គាំទ្រ។

លោក​ប្រធានាធិបតី​ អូបាម៉ា បាន​ទៅ​ដល់​ទីក្រុង​ Buenos Aires ពេល​រំលង​អាធ្រាត្រ​ ម៉ោង​ក្នុង​ស្រុក​ ក្រោយ​ពី​ទស្សនកិច្ច​របស់​លោក​ជា​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​ប្រទេស​គុយបា។​

ស្ត្រី​ទី​១​ គឺ​លោកស្រី Michelle Obama ព្រម​ទាំង​កូនស្រី​ទាំង​ពីរ​និង​ម្តាយ​របស់​លោកស្រី​ Michelle ផង​ដែរ​ ក៏​នៅ​ជាមួយ​លោក​ប្រធានាធិបតី​អូបាម៉ា​ដែរ។​

លោក អូបាម៉ា គ្រោង​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​ថ្មី​របស់​អាហ្សង់ទីន​ គឺ​លោក Mauricio Macri ​នៅ​ថ្ងៃ​ពុធ​នេះ។

លោក Mauricio Macri បាន​បង្ហាញ​សញ្ញា​ថា​ លោក​ចង់​ឲ្យ​មាន​ទំនាក់​ទំនង​សេដ្ឋកិច្ច​កាន់​តែ​រឹងមាំ​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ប្រទេស​ដែល​មាន​ទីផ្សារ​សេរី​ដទៃ​ទៀត។​

នៅ​ថ្ងៃ​ពុធ​នេះ​ មេដឹកនាំ​ទាំង​ពីរ​គ្រោង​នឹង​ថ្លែង​នៅ​ឯ​ពិធី​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ថ្នាក់​រដ្ឋ​មួយ។

ប៉ុន្តែ​ទស្សនកិច្ច​របស់​លោក​ អូបាម៉ា ក៏​គាប់​ជួន​ចំខួប​លើក​ទី​៤០​នៃ​ការ​ចាប់​ផ្តើម​របប​យោធា​ផ្តាច់ការ​ដ៏​ឃោរឃៅ​ក្នុង​ប្រទេស​អាហ្សង់ទីន​ ដែល​បាន​ធ្វើ​ឲ្យ​បាត់​ខ្លួន​និង​ស្លាប់​ប្រជាជន​ប្រមាណ​៣ម៉ឺន​នាក់។​

នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​ លោក អូបាម៉ា គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​បូជនីយដ្ឋាន​មួយ​ ដើម្បី​រំលឹក​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​ទាំង​នោះ៕

XS
SM
MD
LG