ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​អូបាម៉ា​ថា​ឯកោនិយម​របស់​អាមេរិក​មិនមែន​ជា​ជម្រើស​ទេ


លោក​​បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ថ្លែង​នៅ​ពិធី​ចែក​សញ្ញាប័ត្រ​នៅ​​បណ្ឌិតសភា​យោធា​សហរដ្ឋ​អាមេរិក​​នៅ​ West Point រដ្ឋ​ញូវយ៉ក កាល​ពី​ថ្ងៃ​ពុធ ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៤។
លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់ អូបាម៉ា (Barack Obama) មាន​ប្រសាសន៍​ថា ឯកោនិយមរបស់​អាមេរិកាំង (American Isolationism) ​មិនមែន​ជា​ជម្រើស​ទេ ​ក៏ប៉ុន្តែ​មិនមែន​គ្រប់​បញ្ហា​ទាំងអស់​ត្រូវ​ការ​ដំណោះ​ស្រាយ​ខាង​យោធា​ដែរ​ទេ។

​លោក​ប្រធានា​ធិបតី​អូបាម៉ា​បាន​ប្រើ​ប្រាស់សន្ទរកថា​នៅ​ក្នុង​ពេល​ចែក​សញ្ញាប័ត្រ​កាល​ពីថ្ងៃពុធ​នៅ​បណ្ឌិតសភា​យោធា​សហរដ្ឋ​អាមេរិក​ (West Point) ដើម្បី​ថ្លែង​ទស្សនៈ​គោល​នយោបាយ​ការបរទេសរបស់​លោកសម្រាប់​ឆ្នាំ​បញ្ចប់​នៃ​ការ​កាន់តំណែង​របស់​លោក។ (ចុច​អានឬ​ទស្សនា​សុន្ទរកថា​ទាំង​ស្រុង)

លោក​ប្រធានាធិបតី ​បាន​មាន​ប្រសាសន៍​ថា ​ភេរវកម្ម​នៅ​តែ​ជា​ការ​គំរាម​ដោយ​ផ្ទាល់ខ្លាំង​បំផុត​ដល់​សន្តិសុខ​អាមេរិក​ ​ហើយ​លោក​ប្រធានា​ធិប​តី ​បាន​អំពាវនាវដល់​ប្រទេស​ជា​ដៃ​គូ​នានាដែលនៅ​ទី​នោះ​បណ្តាញ​ភេរវកម្ម ​ស្វះស្វែង​បោះ​ទី​តាំង។ លោក ​បាន​សង្កត់​ថា ​សហរដ្ឋ​អាមេរិក ​មិន​គួរ​សុំ​ការ​អនុញ្ញាតិ​ដើម្បី​ការពារ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ឬ​មាតុភូមិ​របស់​ខ្លួន។​

លោក​ប្រធានា​ធិបតី​ ​បាន​មាន​ប្រសាសន៍​ថា៖ «ក្នុង​កាលៈទេសៈ​បែប​នេះ ​យើង​មិន​គួរ​ធ្វើ​សង្គ្រាម​តែ​ម្នាក់​ឯង​ទេ។ ​យើង​ត្រូវរួបរួម​សម្ព័ន្ធមិត្តនិង​ដៃគូ​ដើម្បីធ្វើ​សកម្មភាពរួម។ ​យើង​ត្រូវ​ពង្រីក​ឧករណ៍​របស់​យើង ​រួម​មាន​វិស័យ​ការទូត​និង​ការ​អភិវឌ្ឍ​ការ​ដាក់​ទណ្ឌកម្ម​និង​ការ​ធ្វើ​ឲ្យ​ឲ្យ​គេ​ឯកោ ​អនុវត្ត​ច្បាប់​អន្តរ​ជាតិ​ ​ហើយ​បើ​ចាំបាច់និង​ចង់​ឲ្យ​មាន​ប្រសិទ្ធភាព​ គឺ​ចំណាត់ការ​ខាង​យោធា​ជា​ពហុភាគី។ ​នៅ​ក្នុង​កាលៈ​ទេសៈ​បែប​នេះ ​យើង​ត្រូវ​ធ្វើ​ការ​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត ​ពីព្រោះ​តែ​ចំណាត់​ការ​រួម​ក្នុង​កាលៈទេសៈ​ទាំង​នេះ ​ទំនង​ជា​បាន​ទទួល​ជោគ​ជ័យ​កាន់​តែ​ខ្លាំង​ឡើង»។

លោក​ប្រធានាធិបតី​អូបាម៉ា ​បាន​ស្នើ​ថវិកា​៥.០០០​លាន​ដុល្លាដើម្បី​ជួយ​ប្រទេស​នានា​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​ ហើយ​នឹង​ពង្រីក​ថវិកា​សម្រាប់ការ​ស៊ើប​ការណ៍​សម្ងាត់​ ឈ្លប​យក​ការណ៍ ​កិច្ច​ប្រតិបត្តិការ​ពិសេស​និង​សកម្មភាព​ផ្សេងៗ​ទៀតរបស់​ក្រសួង​ការពារ​ប្រទេស។
លោក​អនុ​ប្រធានាធិបតី​ Joe Biden​ ថ្លែង​សុន្ទរកថា​ក្នុង​ពីធី​ចែក​សញ្ញាប័ត្រ​នៅ​បណ្ឌិតសភា​កងទ័ព​អាកាស​ (U.S. Air Force Academy) នៅ​រដ្ឋColorado កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៤។
លោក​អនុ​ប្រធានាធិបតី​ Joe Biden​ ថ្លែង​សុន្ទរកថា​ក្នុង​ពីធី​ចែក​សញ្ញាប័ត្រ​នៅ​បណ្ឌិតសភា​កងទ័ព​អាកាស​ (U.S. Air Force Academy) នៅ​រដ្ឋColorado កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៤។
ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នេះ​ដែរ លោក​អនុ​ប្រធានាធិបតី​ Joe Biden​ បាន​ថ្លែង​សន្ទរកថា​មួយ​អំពី​គោល​នយោបាយ​បរទេស​នេះ​ដែរ​ ដោយ​លោក​បាន​ច្រាន​ចោល​សេចក្តី​ព្រួយបារម្ភ​អំពី​ការ​រីក​ចម្រើន​ឆាប់​រហ័ស​នៃ​កម្លាំង​សេដ្ខកិច្ច​របស់​ប្រទេស​ចិន។​

នៅ​ចំពោះ​មុខ​ក្រុម​និស្សិត​ដែល​ទទួល​សញ្ញាប័ត្រ​ពី​បណ្ឌិតសភា​កងទ័ព​អាកាស​ លោក​ Biden​ បាន​ថ្លែង​ថា​ប្រទេស​ចិន​ «មាន​និស្សិត​ទទួល​សញ្ញាប័ត្រ​ជា​វិស្វករ​និង​ជា​អ្នក​វិទ្យាសាស្រ្ត​ចំនួន​៦​ទៅ​៨​ដង​ច្រើន​ជាង​សហរដ្ឋ​អាមេរិក»។

ប៉ុន្តែ​លោក​ថ្លែង​ជា​អាទិ​ថា​ «ខ្ញុំ​សុំ​ឲ្យ​អស់​លោក​ឆ្លើយ​មក​ខ្ញុំ​វិញ​ថា​ តើ​លោក​អាច​រាប់​គម្រោងណា​មួយ​ ការ​ផ្លាស់​ប្តូរ​ណា​មួយ​ និង​ផលិតផល​ណា​មួយ​ដែល​មាន​បញ្ចូល​ឬ​ប្រឌិត​តាម​របៀប​ថ្មី​ (innovation) ដែល​បាន​លេច​ចេញ​មក​ពី​ប្រទេស​ចិន​បាន​ទេ?»។​

លោក​ Biden​ បាន​ថ្លែង​យោង​ទៅ​រក​ទសវត្សរ៍​១៩៩០​ នៅ​ពេល​ដែល​លោក​ថ្លែង​ថា​មាន​មនុស្ស​ជា​ច្រើន​នាក់​ក្នុង​សហរដ្ឋ​អាមេរិក​ មាន​ការ​ភ័យ​ខ្លាច​ថា​ប្រទេស​ជប៉ុន​នឹង​មាន​ការ​ជឿនលឿន​លើស​អាមេរិក៕
XS
SM
MD
LG