អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា (Barack Obama) កាលពីថ្ងៃព្រហស្បតិ៍ បានថ្លែងសុន្ទរកថាដ៏ខ្លាំងក្លាមួយនៅពិធីបុណ្យសពលោក John Lewis អ្នកតំណាងរាស្ត្រដែលជានិមិត្តរូបនៃសិទ្ធិពលរដ្ឋរបស់សហរដ្ឋអាមេរិក ដោយលោកអូបាម៉ាបានធ្វើការវាយប្រហារមិនចំៗចំពោះលោកប្រធានាធិបតីដូណាល់ត្រាំ ថាបានធ្វើឲ្យខូចខាតដល់កេរ្តិ៍ដំណែលចំពោះសិទ្ធិពលរដ្ឋអាមេរិកស្បែកខ្មៅរបស់លោក Lewis។
ពិធីបុណ្យសពលោក Lewis ដែលបានដើរតួសំខាន់នៅក្នុងការជំរុញច្បាប់សិទ្ធិបោះឆ្នោតកាលពីឆ្នាំ១៩៦៥ ត្រូវបានធ្វើឡើងក្នុងថ្ងៃតែមួយដែលលោកប្រធានាធិបតីត្រាំ បានសរសេរសារតាម Twitterលើកឡើងនូវគំនិតអំពីការពន្យារការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី៣ ខែវិច្ឆិកា។ លោកត្រាំក៏បានរិះគន់ការបោះឆ្នោតផ្ញើតាមប្រៃសណីយ៍ដែលនេះអ្នកជំនាញថាជាយុទ្ធសាស្ត្រដើម្បីមិនលើកទឹកចិត្តឲ្យទៅបោះឆ្នោត។
អ្នកនាំពាក្យម្នាក់នៃយុទ្ធនាការរកសំឡេងឆ្នោតរបស់លោក ត្រាំ លោក Hogan Gidley បានពន្យល់ថា លោកប្រធានាធិបតី គ្រាន់តែចោទសួរអំពីភាពច្របូលច្របល់ដែលពួកគណបក្សប្រជាធិបតេយ្យបានបង្កើតឡើង នៅពេលដែលពួកគេទទូចចង់ឲ្យមានការបោះឆ្នោតផ្ញើរតាមប្រៃសណីយ៍ទូទាំងប្រទេសតែប៉ុណ្ណោះ។ ពួកគេចង់ប្រើប្រាស់វីរ៉ុសកូរ៉ូណា ជាវិធីដើម្បីដាក់ឲ្យមានការបោះឆ្នោតតាមប្រៃសណីយ៍ទូទាំងប្រទេស ទោះជាអ្នកចុះឈ្មោះបោះឆ្នោតចង់ឬមិនចង់នោះ។
លោកអូបាម៉ាថ្លែងថា ឥឡូវនេះពលរដ្ឋអាមេរិកស្បែកខ្មៅអាចបោះឆ្នោតបានហើយ ប៉ុន្តែថា «មានអ្នកកំពុងកាន់អំណាចធ្វើអ្វីៗគ្រប់យ៉ាងដើម្បីមិនលើកទឹកចិត្តឲ្យពលរដ្ឋទៅបោះឆ្នោតទេ»។
លោកអូបាម៉ាក៏បានសំដៅយោងទៅវិធានការដើម្បីធ្វើឲ្យអន់ថយដល់សេវាតាមប្រៃសណីយ៍ដែលចាំបាច់សម្រាប់ឲ្យពលរដ្ឋអាចចូលរួមការបោះឆ្នោតបានដោយមិនប្រថុយនឹងការឆ្លងជំងឺនៅការិយាល័យបោះឆ្នោត។
ពិធីបុណ្យសពលោក John Lewis កាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងAtlanta ក៏មានការចូលរួមពីលោកអតីតប្រធានាធិបតីGeorge W. Bush ពីគណបក្សសាធារណរដ្ឋនិងលោកអតីតប្រធានាធិបតីBill Clinton ពីគណបក្សប្រជាធិបតេយ្យ៕