លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា មានប្រសាសន៍ថា នាពេលថ្មីៗនេះ មន្រ្តីស៊ើបការសម្ងាត់ និងមន្រ្តីប្រយុទ្ធប្រឆាំងនឹងភេរវកម្មពុំមានព័ត៌មានជាក់លាក់ និងអាចជឿបានណាមួយអំពីសក្តានុពលនៃការវាយប្រហារទៅលើសហរដ្ឋអាមេរិកនោះទេ។
លោកប្រធានាធិបតីព្យាយាមធានាជាថ្មីម្តងទៀតដល់ប្រជាជនអាមេរិកាំងទាំងអស់អំពីហានិភ័យសន្តិសុខនានាក្នុងប្រទេស បន្ទាប់ពីមានការវាយប្រហារធំៗនៅក្នុងទីក្រុងប៉ារីសកាលពីខែវិច្ឆិកា និងនៅទីក្រុង San Bernardinoរដ្ឋ California កាលពីដើមខែនេះ។
ដោយថ្លែងនៅក្នុងមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ក្នុងតំបន់ McLean រដ្ឋ Virginia កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតី Obama បានប្រាប់ដល់ពលរដ្ឋអាមេរិកាំងទាំងអស់ ខណៈដែលប្រជាជនភាគច្រើនចាប់ផ្តើមធ្វើដំណើរសម្រាប់ថ្ងៃឈប់សម្រាក និងរៀបចំខ្លួនដើម្បីទទួលភ្ញៀវនៅថ្ងៃចូលឆ្នាំថ្មីថា ពួកគេគួរតែចងចាំថា យើងមានអ្នកស្នេហាជាតិជាច្រើនដែលកំពុងតែធ្វើការគ្រប់ពេលទាំងអស់ដើម្បីការពារពួកគេ។
មុនពេលបើកសន្និសីទកាសែតនេះ លោកប្រធានាធិបតីអូបាម៉ាបានជួបជាមួយនឹងក្រុមរក្សាសន្តិសុខជាតិរបស់លោកនៅក្នុងមជ្ឈមណ្ឌលនោះ ដែលលោកទទួលបានព័ត៌មានថ្មីបន្ថែមអំពីលទ្ធផលនៃការអង្កេតទៅលើការសម្លាប់រង្គាលនៅទីក្រុង San Bernardino និងកិច្ចខិតខំប្រឹងប្រែងក្នុងការការពារនូវការវាយប្រហារភេរវកម្មនានាទាំងនៅក្នុង និងក្រៅប្រទេស៕