ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

FBI៖​ អ្នក​បាញ់​ប្រហារ​នៅ​កាលី​ហ្វរញ៉ាទទួល​មនោគមវិជ្ជា​ជ្រុលនិយម


មនុស្ស​ម្នា​បួងសួង​នៅ​ឯ​បូជនីយដ្ឋាន​បណ្តោះ​អាសន្ន​ដែល​ធ្វើ​ឡើង​ដើម្បី​រឭកដល់​ជន​រងគ្រោះ​ដែល​ត្រូវបាន​សម្លាប់​​ក្នុង​ការ​វាយប្រហារ​កាលពីថ្ងៃពុធ​សប្តាហ៍​មុន។

ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ​ ឬ​ FBI​ របស់​អាមេរិក​និយាយ​ថា ​អាជ្ញាធរ​ជឿ​ថា ជន​សង្ស័យ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​បាន​បាញ់​សម្លាប់​រង្គាល​នៅ​ក្រុង​ San Bernardino ​រដ្ឋ​កាលី​ហ្វរញ៉ា​ កាល​ពី​សប្តាហ៍​មុន​នោះ ​បាន​ទទួល​ឥទ្ធិពល​មនោគម​វិជ្ជា​ជ្រុលនិយម​ «មួយ​រយៈ​ពេល​មក​ហើយ»។ ​FBI ​និយាយ​ថា មាន​ភស្តុតាង​បញ្ជាក់​ថា ពួកគេ​ទាំង​ពីរ​នាក់​បាន​រៀបចំ​ការ​វាយ​ប្រហារ​ដ៏​ផ្តាច់​ផ្តិល​ជីវិត​នោះ​ ទុក​ជា​មុន​រួច​ស្រេច​ទៅ​ហើយ។

លោក​ David Bowdich​ នាយក​រង​ទីភ្នាក់ងារ​ FBI ​ទទួល​បន្ទុក​បេសកម្ម​នៅក្រុង​Los Angeles បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ​ថា ជន​សង្ស័យ​នៃ​ការ​បាញ់​ប្រហារ​នោះ​ដែល​ប្តី​ឈ្មោះ ​Syed Rizwan Farook កើត​នៅ​សហរដ្ឋ​អាមេរិក និង​ប្រពន្ធ​ឈ្មោះ Tashfeen Malik ជនជាតិ​ប៉ាគីស្ថាន​នោះ បាន​ចូលរួម​នៅក្នុង​ការ​សម​តម្រង់​គោលដៅ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពេល​បើក​ការ​វាយ​ប្រហារ​នោះ។

លោក​ David Bowdich ​និយាយ​ថា ​FBI​ នៅ​កំពុង​ស៊ើប​អង្កេត​ថា​តើ​ប្តីប្រពន្ធ​មួយ​គូរ​នោះ បាន​រៀបចំ​ផែន​ការ​វាយ​ប្រហារ​នេះ​តាំង​ពី​ពេល​ណា​មក។ ប៉ុន្តែ​លោក​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ​ នៅ​មិន​ទាន់​មាន​ភស្តុតាង​បញ្ជាក់​ថា ប្តី​ប្រពន្ធនោះ​គឺជា​ផ្នែក​មួយ​នៃ​ផែនការ​វាយ​ប្រហារ​ពី​បរទេស​ណាមួយនៅឡើយ​ទេ។ ​

លោក David Bowdich​ និយាយ​ថា ក្រុម​អ្នក​ស៊ើប​អង្កេត​កំពុង​ព្យាយាម​កំណត់ ថា​តើ​អ្នក​បាញ់​ប្រហារ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​នោះ ទទួល​មនោគមវិជ្ជា​ជ្រុលនិយម​ពី​នរណា​គេ នៅ​ពេលណា ហើយ​ដោយ​របៀប​ណា៕

XS
SM
MD
LG